មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ ជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសឱ្យកូនក្ដីរបស់ខ្លួនជាប់ពន្ធនាគារ៦ឆ្នាំ ក្រោមបទចោទ «ញុះញង់ និងរួមគំនិតក្បត់»។
មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី មានប្រសាសន៍ថា ក្រោយពីលោកបានទៅជួបកូនក្តីប្រហែល២ម៉ោងនៅពន្ធនាគារខេត្តព្រះវិហារ កាលពីសប្តាហ៍មុន គឺកញ្ញា សេង ធារី បានសម្រេចឱ្យរូបលោកដែលជាមេធារីការពារក្តី ប្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជាមេធាវី មើលឃើញថា គាត់អត់បានប្រព្រឹត្តអំពើរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមដូចការចោទប្រកាន់ទេ គោលបំណង [នៃការដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ] ឱ្យលើកលែងការចោទប្រកាន់ ដោះលែងគាត់វិញ»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ពន្យល់ថា តាមនីតិវិធីច្បាប់ កូនក្តីមានសិទ្ធិពឹងពាក់មេធាវីឱ្យជួយដាក់ពាក្យប្តឹងជំទាស់ទៅតុលាការជាន់ខ្ពស់ ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាប បើសិនជាគាត់យល់ឃើញថា ការសម្រេចនោះមិនមានតម្លាភាព។
ករណីនេះ លោកជំរុញទៅតុលាការជាន់ខ្ពស់ពិនិត្យឡើងវិញលើសេចក្តីសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ និងទម្លាក់ការចោទប្រកាន់លើកញ្ញា សេង ធារី ខណៈលោកយល់ថា សំណុំរឿងនេះកើតចេញពីរឿងនយោបាយច្រើនជាងរឿងបុគ្គល។
លោកមានប្រសាសន៍ថា៖ «កន្លងមក យើងដឹងហើយថា ទាំងសហគមន៍ជាតិ និងអន្តរជាតិ គេមើលឃើញថាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ អ៊ីចឹងខ្ញុំសង្ឃឹមថា សាលាឧទ្ធរណ៍លោកនឹងពិចារណាទៅលើករណីនេះ ហើយអាចនឹងលើកលែងការចោទប្រកាន់ចំពោះកញ្ញា សេង ធារី ពីព្រោះអ្វីដែលកញ្ញា សេង ធារី ធ្វើកន្លងមក យើងឃើញហើយថា សុទ្ធតែជានិមិត្តរូបនៃការទាមទារសេរីភាពនៅកម្ពុជាតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា កញ្ញា សេង ធារី ជាមេធាវីអាមេរិក ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃស (ម២) ភ្លាមៗ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមផ្តន្ទាទោសគាត់ដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់ និងញុះញង់»។
ក្រោយពីឃុំខ្លួននៅពន្ធនាគារព្រៃសបានមួយថ្ងៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារវិញ។
អ្នកនាំពាក្យអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ធ្លាប់ប្រាប់វីអូឌីថា ការដែលមន្ត្រីពន្ធនាគារហាមមេធាវីមិនឱ្យចូលជួបកញ្ញា សេង ធារី ក្នុងពន្ធនាគារព្រៃស នាពេលកន្លងមក និងបានបញ្ជូនទៅឃុំពន្ធនាគារខេត្តព្រះវិហារ ដោយសារបញ្ហាសន្តិសុខ និងក្តាប់បានព័ត៌មានថានឹងមានការត្រៀមធ្វើបាតុកម្មនៅមុខពន្ធនាគារ។
យ៉ាងណាក៏ដោយ ការចោទប្រកាន់និងកាត់ទោសលើកញ្ញា សេង ធារី និងមេដឹកនាំ រួមទាំងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយផ្សេងទៀត កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នោះ តុលាការសម្អាងថា កញ្ញា សេង ធារី បានបង្ហោះសារលើបណ្ដាញសង្គមគាំទ្រគម្រោងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង កាលពីអំឡុងឆ្នាំ២០១៩៕












