កូដករ​ណាហ្គា​បន្ត​ធ្វើ​កូដកម្ម​ជា​ថ្មី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ តែ​ត្រូវ​អាជ្ញាធរ​រារាំង

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់រារាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)​

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់រារាំងនិងចាប់ដាក់រថយន្ត​ក្រុង។​

ក្រុមកូដករណាហ្គាវើលដ៍ បានចេញដំណើរពី​ផ្សារទំនើបអ៊ីអន១ ដោយចងក្រណាត់ខៀវនៅលើក្បាល និងក្នុងដៃមានកាន់បដា ទាមទារឱ្យមានដំណោះស្រាយវិវាទការងារ ហើយ​ពួកគេ​បាន​​ដើរ​​ឆ្ពោះទៅកាន់នាគបាញ់ទឹក ក្បែរទីតាំង​ក្រុមហ៊ុនល្បែងមួយនេះ​ ប៉ុន្តែត្រូវបាន​សមត្ថកិច្ច​រារាំង​ ដោយ​ដាក់កងកម្លាំង និងរនាំង មិន​ឱ្យកូដករធ្វើដំណើរទៅមុខបាន។

ក្នុងពេលជាមួយគ្នា សមត្ថកិច្ចមិនអនុញ្ញាតឱ្យកូដករ​ធ្វើ​សកម្មភា​ព​ស្រែក​តវ៉ា និងរារាំងមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានផ្តិតយករូបភាពកូដ​កម្ម និងមិនអនុញ្ញាតឱ្យមន្ត្រីសង្គមស៊ីវិល​ផ្នែកសិទ្ធិមនុស្សតាមដានកូដករ​នោះ​ទេ បើទោះជាសកម្មភាពកូដកម្មនេះកំពុងធ្វើនៅទីសាធារណៈក្តី។

វីអូឌី បានព្យាយាម​សុំការបញ្ជាក់ពី​ហេតុផល​ដែលមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានថតសកម្មភាពតវ៉ាទៅកាន់​ក្រុម​សមត្ថកិច្ចដែលឈរជើងនៅទីនោះ​ ប៉ុន្តែ​សមត្ថកិច្ច​មិនប្រាប់ពីមូលហេតុឡើយ។

គួរបញ្ជាក់ថា វិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៍ នេះបានកើតឡើងអស់រយៈ​ពេល​ជាង១ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន​១ ៣២៩នាក់ ក្នុងចំណោម​បុគ្គលិក​សរុបជាង​៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូ​វីដ-១៩។

ក្រុមកូដករ​ណាហ្គា​ បានផ្អាក​ធ្វើកូដកម្មកាលពីដើមខែ​មិថុនា ពោលគឺ​​មុនការបោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីទៅបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ និងបានចាប់ផ្តើម​ប្រមូល​ផ្តុំធ្វើកូដកម្មជាថ្មីទៀតនៅថ្ងៃចន្ទនេះ បន្ទាប់ពីពួកគេ​បាននាំគ្នាទៅដាក់ញត្តិ​នៅ​ខុទ្ទកា​ល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា កាលពីសប្តាហ៍មុន។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានប្រាប់វីអូឌីក្នុងពេលដាក់ញត្តិនោះ​ថា ការជួប​ចរចាជាង១០​ដងរវាង​តំណាង​កូដករ តំណាង​​សហជីព និង​​តំណាងក្រុមហ៊ុន ក្រោម​ការ​​សម្រប​​សម្រួល​​របស់​​ក្រសួងការងារ ក្រោយ​កូដករចេញធ្វើកូដកម្មរយៈពេល​៦ខែមក​នេះ គឺ​ពុំ​មានលទ្ធផល​ជាផ្លែផ្កានៅឡើយ​ ទើប​ពួក​គេ​សម្រេច​ចិត្ត​រក​ការ​អន្តរាគមន៍​ពីស្ថាប័ន​ពាក់ព័ន្ធនានា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ