ស៊ើបអង្កេត៖ ក្រុមស្ត្រី​លេចធ្លោ​ក្នុង​ការ​ទាមទារ​យុត្តិធម៌​សង្គម ប្រឈម​ការ​បៀតបៀន​និង​រង​ហិង្សា​ពី​សមត្ថកិច្ច

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់រារាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)​

របាយការណ៍នៃដំណើររឿង

បើទោះបីជានៅក្នុងផែនការជាតិ គោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាអាទិភាពក្នុងការយកចិត្តទុកដាក់និងគាំពារទៅលើស្ត្រី ក្មេងស្រីគ្រប់រូប ដោយបញ្ចៀសឱ្យបាននូវទម្រង់ហិង្សាគ្រប់ប្រភេទទៅលើពួកគេ​ ហើយច្បាប់នឹងការពារពួកគេដោយស្មើភាពគ្នាដោយគ្មានការរើសអើងក៏ដោយ ក៏ប៉ុន្តែស្ត្រីមួយចំនួន ពិសេសក្រុមស្ត្រីជួរមុខក្នុងការតតាំងរឿងអយុត្តិធម៌សង្គមនានា នៅតែត្រូវបានគេរកឃើញថា ប្រឈមអំពើហិង្សា ការបៀតបៀន ការប្រមាថមាក់ងាយ ជាដើម​ តែការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តល្មើសទាំងនោះត្រូវបានក្រុមស្ត្រីរងគ្រោះ​អះអាងថាគ្មានប្រសិទ្ធភាពឡើយ។ 

របាយការណ៍​ជាតិ​ស្ដីពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩​ ដែល​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ២០២១ បានឱ្យដឹងថា  គិត​ត្រឹម​ឆ្នាំ​២០១៩​ កម្ពុជា​មាន​ប្រជាជន​សរុប​ជាង​១៥,៥​លាន​នាក់​ និង​មាន​អត្រា​កំណើន​ប្រជាជន​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ចំនួន១,៤%​។ 

ចំណែកលទ្ធផលជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ កម្ពុជាមានចំនួនប្រជាជនសរុប១៥,៥លាននាក់ ក្នុងនោះ ប្រុសចំនួនជាង៧,៥លាននាក់ និងស្រីចំនួន៧,៩លាននាក់។ ប្រៀបធៀបនឹងលទ្ធផលជំរឿនកាលពីឆ្នាំ២០០៨ ប្រជាជនកម្ពុជាបានកើនឡើងចំនួន២,២លាននាក់។

ក្នុងរបាយការណ៍របស់សមាគមអាដហុកបានបង្ហាញថា កន្លងមក កងកម្លាំងសន្តិសុខ និងសមត្ថកិច្ចខ្លះស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល បានរំលោភសិទ្ធិមនុស្សលើស្ត្រីក្នុងឆ្នាំ២០២១ មានចំនួន៣១ករណី ខណៈ៦ខែឆ្នាំ២០២២នេះ ការរំលោភសិទ្ធិស្ត្រីមានចំនួន១៦ករណីផងដែរ។

ក្នុងរបាយការណ៍ដដែលផ្ដោតតែបញ្ហាស្ត្រីរងគ្រោះដោយសារជម្លោះដីធ្លី នយោបាយ បរិស្ថាន និងវិស័យការងារ ជាដើម។ 

ដោយឡែក របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ ដល់​ឆ្នាំ២០២១ «ក្រុមស្ត្រីថ្ងៃសុក្រ» ដែលត្រូវជាភរិយារបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានចេញតវ៉ានៅមុខតុលាការទាមទារឱ្យដោះលែងស្វាមីចេញពីពន្ធនាគារ បានរងអំពើហិង្សាពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច រួមមាន ដេញវាយចំនួន៣ដង, រុញច្រានចំនួន១១ដង, ទាត់ធាក់ចំនួន៤ដង, ចាប់ហែកបដាពីដៃបណ្ដាលឱ្យពួកគេដួលចំនួន១ដង និងបាញ់អាល់កុលដាក់ភ្នែកចំនួន១ដង។

របាយការណ៍ដដែលបន្តថា រីឯសហជីពនិងសមាជិកជាស្ត្រីនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលចេញតវ៉ាទាមទារ​ឱ្យក្រុមហ៊ុនដោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុន ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅពន្ធនាគារចំនួន១១នាក់ នៅចុងខែធ្នូ ឆ្នាំ២០២១ ក្នុងនោះមានស្ត្រីចំនួន៩នាក់។ 

ក្រោយមក នៅខែមករា ដល់ថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២ កូដករជាស្ត្រីចំនួនជិត២០០នាក់ ត្រូវបានកងកម្លាំងសន្តិសុខ និងអាជ្ញាធរខ្លះស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល រុញ អូស សែងដាក់រថយន្តក្រុង យកទៅមណ្ឌលចត្តាឡីស័ក និងឃុំខ្លួនក្នុងស្ថានភាពគួរឱ្យសង្វេគ គ្មានកន្លែងសមរម្យ មិនមានទឹកប្រើប្រាស់ ហើយអាជ្ញាធរបង្ខំឱ្យពួកគេចុះហត្ថលេខាសន្យាឈប់ធ្វើកូដកម្ម ឬបង់ប្រាក់ពិន័យ២លានរៀលជាថ្នូរនឹងការដោះលែងវិញ ប៉ុន្តែក្រុមកូដករមិនព្រមនោះទេ។ កូដករជាស្រ្តីខ្លះទៀតក៏ត្រូវបានអាជ្ញាធរបន្លំចាប់ច្របាច់ដោះទៀតផង។

កាលពីខែមិថុនា ឆ្នាំ២០២០ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញរបាយការណ៍និយាយពី «ប្រទេសកម្ពុជា ក្រោមការពិនិត្យឡើងវិញនៃអនុសញ្ញាស៊ី-ដ៖ ស្ត្រីក្នុងការទទួលបានយុត្តិធម៌នៅកម្ពុជា»។ របាយការណ៍នេះបានបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាតែងរងការរិះគន់ថា គ្មានប្រសិទ្ធភាព កម្សោយ និងខ្វះឯករាជ្យភាព។ 

កាលពីខែតុលា ឆ្នាំ២០២១ អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) បានចេញរបាយការណ៍មួយដោយបានផ្ដល់ចំណាត់ថ្នាក់ជាប្រទេសមាន​នីតិរដ្ឋទាបបំផុត ដោយទទួលបានលេខ១៣៨ ក្នុងចំណោមប្រទេសចំនួន១៣៩ លើពិភពលោក។ ចំណាត់ថ្នាក់នេះបង្ហាញថា សន្ទស្សន៍នីតិរដ្ឋកម្ពុជា គឺល្អ​ជាងប្រទេសវ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ។​

ការផ្ដល់ចំណាត់ថ្នាក់នេះ គឺធ្វើឡើងតាមរយៈការសិក្សានិងវាយតម្លៃដោយផ្អែកលើសូចនាករ ៨ចំណុច រួមមាន ដែនកំ​ណត់អំណាច​រដ្ឋាភិបា​ល ការលុប​បំបាត់អំពើ​ពុក​រលួយ រដ្ឋាភិបាល​បើកទូលាយ សិទ្ធិ​ជាមូលដ្ឋាន សណ្ដាប់ធ្នាប់​និងសន្តិសុ​ខ ការអ​នុវត្តបទប្បញ្ញត្តិ យុ​ត្តិធម៌ស៊ីវិល និងយុត្តិធម៌​ព្រហ្ម​ទណ្ឌ។

ចំណាត់ថ្នាក់នីតិរដ្ឋអាក្រក់នេះបង្កើតឱ្យមានឧបសគ្គជាច្រើនចំពោះការបំពេញសិទ្ធិរបស់ស្ត្រី ​ពិសេសស្ត្រីជួរមុខដែលហ៊ានចេញមុខទាមទារនូវយុត្តិធម៌ ចំពោះភាពអយុត្តិធម៌ទាំងឡាយដែលកើតឡើងទៅសហគមន៍ពួកគាត់ កន្លែងការងារ និងក្រុមគ្រួសាររបស់ពួកគាត់ ជាដើម។ 

ឧបសគ្គធ្វើឱ្យស្ត្រីលំបាកក្នុងការទទួលបានយុត្តិធម៌ ដោយសារតែច្បាប់ដែលបង្កើតឡើងដើម្បីការពារស្ត្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ មានលក្ខណៈមិនទាន់គ្រប់គ្រាន់និងច្បាស់លាស់នៅឡើយ។ ច្បាប់មិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការដោះស្រាយភាពស្មុគស្មាញ និងវិធីផ្សេងៗដែលស្ត្រីទទួលរងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងមិនមានច្បាប់ច្បាស់លាស់ក្នុងប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ការរើសអើងទៅលើយេនឌ័រនៅឡើយនោះទេ។

បញ្ហាប្រឈមរបស់ក្រុមស្ត្រីដែលរងអំពើហិង្សា និងការបៀតបៀនពីសំណាក់អាជ្ញាធរ

យើងនឹងយកករណីសិក្សាពីបញ្ហាប្រឈមមួយចំនួនរបស់ស្ត្រីដែលកំពុងតែកើតមានក្នុងសង្គម ដូចជា ស្ត្រីប្រឡូកក្នុងវិស័យការងារ, ស្ត្រីការពារធនធានធម្មជាតិ បរិស្ថាន, ស្ត្រីសហគមន៍ដីធ្លី, ស្ត្រីដែលជាភរិយាសកម្មជនបក្សនយោបាយ និងស្ត្រីដែលទទួលរងនូវភាពអយុត្តិធម៌ក្នុងសង្គមផ្សេងទៀតមកបង្ហាញ។ បញ្ហាប្រឈមទាំងនោះ ដូចជា ពួកគេទទួលរងការរំលោភសិទ្ធិ ការប្រើហិង្សា និងរងការបៀតបៀនពីសំណាក់កងកម្លាំងសន្តិសុខ និងអាជ្ញាធរ អំឡុងពេលពួកគេចេញតវ៉ាទាមទាររកយុត្តិធម៌សង្គម។

វ័យ៣២ឆ្នាំ កញ្ញា សៀក បញ្ញា ជាកូដករក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ បាននិយាយថា គាត់ធ្វើការងារនៅក្រុមហ៊ុនប្រហែលជា១០ឆ្នាំមកហើយ ដោយកញ្ញាសង្កេតឃើញថា ថៅកែតែងតែរឹតត្បិតសេរីភាពកម្មករដែលចេញមុខទាមទារលក្ខខណ្ឌការងារ និងចូលរួមជាមួយសហជីព។

កញ្ញាបន្តថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នោះ បានអូសបន្លាយរយៈពេល​​ជិត១ឆ្នាំ​មក​ហើយ ក្រោយពេលដែលក្រុមហ៊ុននេះបានប្រកាសបញ្ឈប់បុគ្គលិកចំនួន១​ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០​០​នាក់ ដោយលើកហេតុផលថា ជួបវិបត្តិ​ហិរញ្ញ​វត្ថុដោយសារតែបញ្ហាជំ​ងឺកូវីដ-១៩។

ប៉ុន្តែកញ្ញា សៀក បញ្ញា មើលឃើញថា ការ​​បញ្ឈប់បុគ្គលិកដ៏ច្រើននេះ​ជាចេតនារបស់និយោជក ដើម្បី​បំបិទ​មិន​ឱ្យមានសហជីព​នៅក្នុងក្រុមហ៊ុន ពីព្រោះនៅក្នុងចំណោមបុគ្គលិកជាង១ ០០០នាក់ដែលបាន​បញ្ឈប់​នោះ មាន៣៦៥នាក់ ជាមេដឹកនាំ ​និងជាប្រតិភូ សមាជិកសហជីព។​

ក្រោយពីបញ្ឈប់បុគ្គលិក ក្រុមកូដករដែលភាគច្រើនជាស្ត្រី បានចេញធ្វើកូដកម្មដោយអហិង្សា ដើម្បីទាមទារឱ្យមានយុត្តិធម៌ក្នុងសង្គម តែត្រូវបានកងកម្លាំងសន្តិសុខខណ្ឌ និងកងកម្លាំងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន ដោយឡែកសមត្ថកិច្ចខ្លះទៀតស្លៀកពាក់ស៊ីវិល យកខែល ឬយករបាំងដាក់ជាបារ៉ាស់នៅតាមច្រកផ្លូវក្បែរតំបន់ដែលមានជម្លោះ ដើម្បីទប់ស្កាត់មិនឱ្យក្រុមកូដករដើរហែក្បួន ឬជួបជុំគ្នានៅមុខក្រុមហ៊ុនឬមុខស្ថាប័នរដ្ឋនោះទេ។ ស្របពេលជាមួយគ្នានោះ មេដឹកនាំនិងសកម្មជនសហជីព ១១នាក់ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួននៅពន្ធនាគារ និង៤នាក់ទៀតត្រូវបានតុលាការចេញដីកាកោះឱ្យចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញាថា ពួកកងកម្លាំងសន្តិសុខខណ្ឌ ឬកងកម្លាំងសមត្ថកិច្ចទាំងនោះ ថែមទាំងនាំគ្នារារាំង និងប្រើហិង្សា បៀតបៀនលើកម្មករ ឬកូដករដែលជាស្ត្រី តាមរយៈរូបភាពចាប់បោចសក់ ចាប់ទាញដៃ ស្ត្រីមានផ្ទៃពោះ (មានគភ៌) និងរុញច្រានបោកខ្ទប់នឹងផ្លូវថ្នល់ ឬចាប់បោះចូលក្នុងរថយន្តក្រុង រួចដឹកយកទៅទម្លាក់ចោលនៅមណ្ឌលចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កញ្ញា សៀក បញ្ញា ជាកូដករក្រុមហ៊ុន ណាហ្គាវើលដ៍។
កញ្ញា សៀក បញ្ញា ជាកូដករក្រុមហ៊ុន ណាហ្គាវើលដ៍។ (ហេង វិចិត្រ)

កញ្ញានិយាយថា៖ «សម្រាប់ខ្ញុំផ្ទាល់ មួយរយៈចុងក្រោយនេះ ខ្ញុំត្រូវបានអាជ្ញាធរវាយ។ ខ្ញុំមិនដឹងថា គាត់មានចេតនាឬមិនមានចេតនាទេ ប៉ុន្តែរាល់ពេលដែលពួកខ្ញុំចេញទៅធ្វើកូដកម្ម ពួកគាត់ចាប់ទាញ ទោះបីជាពួកខ្ញុំដើរដល់លើឡាន គាត់ចាប់ទាញកន្រ្តាក់យើងចុះពីលើឡានវាយ។ សម្រាប់ខ្ញុំ ចំកន្លែងលើទ្រូង ខ្ញុំបានទៅពិនិត្យសុខភាពដែរ ពេទ្យថាខ្ញុំគ្រាំក្នុង ខ្ញុំផ្អាកចូលរួមកូដកម្មប្រហែលកន្លះខែដែរ»។ ​ 

កូដករមួយរូបទៀតមានវ័យ៣០ឆ្នាំ កញ្ញា រឿន ម៉ុម ម៉ារីណែត អះអាងថា ​ធ្វើការនៅក្រុមហ៊ុនណាហ្គារយៈពេល១០ឆ្នាំមកហើយ។ គាត់ក៏ជាស្ត្រីម្នាក់ដែលរងការប្រើហិង្សា និងបៀតបៀនរាងកាយ [ទាត់ចំប្រដាប់ភេទ និងយកកែងដៃប៉ះដើមទ្រូង] ពីកងកម្លាំងសន្តិសុខខណ្ឌ និងកងកម្លាំងសមត្ថកិច្ចខ្លះស្លៀកឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល ខណៈជាង៥ខែកន្លងទៅនេះ គាត់និងក្រុមកូដកររាប់រយនាក់បន្តចេញតវ៉ានៅក្បែរក្រុមហ៊ុនស្ទើរជារៀងរាល់ថ្ងៃ ដើម្បីទាមទារឱ្យថៅកែដោះស្រាយបញ្ចប់វិវាទជូនកម្មករ។

ប៉ុន្តែកញ្ញាបង្ហាញការសោកស្តាយ ដែលកងកម្លាំងសន្តិសុខ និងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាននិងស៊ីវិលមួយចំនួនប្រព្រឹត្តអំពើអសីលធម៌បែបនេះមកលើពួកគាត់ជាស្ត្រី ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ ខណៈពួកគាត់គ្រាន់តែចេញធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារប្រសើរតែប៉ុណ្ណោះ។

កញ្ញា រឿន ម៉ុម ម៉ារីណែត កូដករក្រុមហ៊ុន ណាហ្គាវើលដ៍។
កញ្ញា រឿន ម៉ុម ម៉ារីណែត កូដករក្រុមហ៊ុន ណាហ្គាវើលដ៍។ (ហេង វិចិត្រ)

កញ្ញានិយាយដូច្នេះថា៖ «សម្រាប់ខ្ញុំ នៅថ្ងៃទី៩ ខែ៣ ធ្ងន់ធ្ងរខ្លាំង ព្រោះនៅជាប់ស្នាមកនៅឡើយទេ។ ហើយអាវរបស់នាងខ្ញុំគឺសើយឡើងដល់ជិតអាវក្នុងតែម្តង គាត់អត់ខ្វល់ទេ គឺសើយម៉េច សើយទៅ។ សម្រាប់ថ្ងៃទី២៥ ខែ៣វិញ គឺមានជនស៊ីវិលមួយដែលគាត់មានឋានៈខ្ពស់ដែរ គាត់បំពានខ្លាំងមែនទែន គឺគាត់ឡើងមកវាយខ្ញុំដល់លើឡាន គឺមកទះកំផ្លៀងខ្ញុំ! ហើយមុនឡើងមកវាយខ្ញុំដល់លើឡាន គឺមានជនស៊ីវិលម្នាក់ទៀតគាត់យកជើងធាក់ចំប្រដាប់ភេទរបស់នាងខ្ញុំ»។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែលទើប​ចេញ​ពីពន្ធនាគារដោយសារការការពារសិទ្ធិកម្មករ មានប្រសាសន៍​​ថា ពួកគាត់​បាន​រង់​ចាំកិច្ចចរចា​ដោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុនប្រមាណ៩ខែម​ក​ហើយ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ មិនទាន់មានដំណោះស្រាយនៅឡើយ។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។
កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។ (ហេង វិចិត្រ)

កញ្ញាបញ្ជាក់ថា ក្រៅពីមិនមានដំណោះស្រាយ សមត្ថកិច្ចដែលលម្អៀងទៅក្រុមហ៊ុន បានព្យាយាមធ្វើទុក្ខបុកម្នេញលើក្រុមកូដករតាមរយៈសារគំរាមកំហែង ប្រើហិង្សា បៀតបៀនរាងកាយស្ត្រី និងចាប់​គាត់ដាក់ពន្ធនាគារយ៉ាងកំរោលផងដែរ។

កញ្ញាមានប្រសាសន៍ថា៖ «នៅថ្ងៃ៤មករា​ ឆ្នាំ២០២២ ខ្ញុំទៅ [ក្បែរក្រុមហ៊ុនណាហ្គាវើលដ៍] ដៃទទេ ក្នុងគោលបំណងបង្ហាញខ្លួនឱ្យអាជ្ញាធរចាប់ ព្រោះយើងដឹងថា យើងមានដីកាតាមចាប់ខ្លួនហើយ។ យើងក៏មិនចង់ប្រកែកឬក៏តដៃដែរ ប៉ុន្តែឃើញស្ថានភាព យើងឃើញវីដេអូទាំងអស់គ្នាពីការប្រើប្រាស់កម្លាំងហួសហេតុពីមនុស្សប្រុសដែលអត់មានឯកសណ្ឋាន រាប់ទៅមិនក្រោម១០នាក់ទេ មកចាប់នាងខ្ញុំប៉ផាប់ពភីង មានយកដៃកៀបក ហើយមានអ្នកយកកែងដៃផ្ទុចបំពង់កនាងខ្ញុំ ហើយចាប់ទាញចូលក្នុងឡានដោយមិនបង្ហាញដីកា ជារូបភាពហិង្សាឃោរឃៅមែនទែនពីសំណាក់អាជ្ញាធរ»។

បើគេក្រឡេកទៅមើលទិដ្ឋភាពទូទៅរបស់«ក្រុមស្ត្រីថ្ងៃសុក្រ»ជិត១០នាក់ ត្រូវជាភរិយារបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់ក៏ជួបបញ្ហាប្រឈមច្រើន ដូចជា រងការធ្វើទុក្ខបុកម្នេញពីសំណាក់កងកម្លាំងសន្តិសុខខណ្ឌ និងអាជ្ញាធរស្លៀកពាក់ឯកសណ្ឋាន និងស្លៀកពាក់ស៊ីវិលមួយចំនួន។ ក្រុមអាជ្ញាធរទាំងនោះតែងតែចេញមករារាំងពួកគាត់មិនឱ្យចេញតវ៉ានៅមុខតុលាការ ឬនៅមុខស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យមួយចំនួនដើម្បីទាមទាររកយុត្តិធម៌ជូនស្វាមី ដោយសារពួកគាត់ជាប់ពន្ធនាគារទាំងអយុត្តិធម៌  ពាក់ព័ន្ធនឹងគម្រោងដំណើរវិលត្រលប់របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកស្រី ព្រំ ចន្ថា ជាភរិយារបស់លោក កាក់ កុម្ភារ ដែល​ជាសកម្មជនគណបក្សសង្គ្រោះជាតិ​ បាននិយាយរៀបរាប់ថា ស្វាមីរបស់គាត់ និងសកម្មជននយោបាយផ្សេងទៀត កំពុង​ជាប់ពន្ធនាគារព្រៃស ដោយតុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំ ៨​ខែ កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ 

ចំណែកអ្នកខ្លះទៀតកំពុងត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារ ដើម្បីរង់ចាំសវនាការជិត២ឆ្នាំមក​ហើយ​ ក្រោមបទចោទប្រកាន់ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធ​គម្រោង​​ដំណើរវិលត្រលប់របស់លោក សម រង្ស៊ី ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

ដោយសារតែមិនមានដំណោះស្រាយ អ្នកស្រីនិងភរិយារបស់សកម្មជនគណបក្សសង្គ្រោះជាតិ​ដទៃទៀត នៅតែធ្វើយុទ្ធនាការស្ត្រីថ្ងៃសុក្រ ដើម្បីតស៊ូមតិ ទាមទាររកយុត្តិធម៌ជូនស្វាមីពួកគាត់ឱ្យមានសេរីភាពវិញ ពីព្រោះពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។ 

អ្នកស្រីអះអាងថា នៅ​ពេលពួកគាត់ធ្វើបាតុកម្មទាមទាររកយុត្តិធម៌ជូនស្វាមីនៅមុខសាលាដំបូងរាជធានីភ្នំពេញ ចំថ្ងៃដែលតុលាការសវនាការជម្រះក្តីស្វាមី ពួកគាត់ក៏ត្រូវបានកងកម្លាំងសន្តិសុខខណ្ឌ៧មករា ចេញមករារាំង និងកងកម្លាំងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល បានរុញច្រាននិងចាប់បោកពួកគាត់ខ្ទប់នឹងផ្លូវថ្នល់បណ្តាលឱ្យរងរបួសផងដែរ។

ភរិយាលោក កាក់ កុម្ភារ សកម្មជនគណបក្សសង្គ្រោះដែលតុលាការបានរំលាយ គឺអ្នកស្រី ព្រំ ចាន់ថា (អាវយឺតសដៃវែង ដួលទៅនឹងដី) អំឡុងពេលមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមកាត់ទោសប្ដីអ្នកស្រីដាក់ពន្ធនាគារ៦ឆ្នាំ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
ភរិយាលោក កាក់ កុម្ភារ សកម្មជនគណបក្សសង្គ្រោះដែលតុលាការបានរំលាយ គឺអ្នកស្រី ព្រំ ចាន់ថា (អាវយឺតសដៃវែង ដួលទៅនឹងដី) អំឡុងពេលមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមកាត់ទោសប្ដីអ្នកស្រីដាក់ពន្ធនាគារ៦ឆ្នាំ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អ្នកស្រីនិយាយថា៖ «ពួកខ្ញុំមានការវាយធ្វើបាប ដូចជាការច្រាន មិនត្រឹមតែប៉ុណ្ណោះទេ ដូចជានៅមុខតុលាការ គេចាប់នាងខ្ញុំបោះពីរណាំងដែកធ្លាក់មកត្រូវចង្កេះ។ រយៈពេលជិត២ខែ ជង្គង់ខ្ញុំដួលត្រូវប៉ង់សឺម៉ង់ជង្គង់ ឥលូវនៅតែឈឺ! ពេលណាយើងត្រូវត្រជាក់ ឈឺ! ពេលណាយើងដើរច្រើន ក៏ឈឺ។ 

អ្នកស្រីបន្ថែម៖ «ថាកាលពីថ្ងៃ១៧ ប្តីបងស្រី ញឹម សារ៉េត ត្រូវបានតុលាការប្រកាសសាលក្រម គេអូសខ្ញុំក្រឡិតជើង ហើមរយៈពេលជិត២ខែ ឥលូវក៏មិនទាន់បាត់ឈឺដែរ។ គ្រប់រូបភាពទាំងអស់ដែលពួកគាត់[អាជ្ញាធរ]ធ្វើបាបខ្ញុំ ទាំងអាជ្ញាធរ ក៏ដូចជាប្រជាការពារទាំងអស់ មិនថាខណ្ឌដូនពេញ ខណ្ឌ៧មករា គឺ[ធ្វើបាបពួកយើង]ធ្ងន់ធ្ងរជាងគេតែម្តង»។

ភរិយា​អតីតជំទប់ទី១ ឃុំចន្ទ្រា ខេត្តស្វាយរៀង ​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ​រំលាយ​ អ្នកស្រី អ៊ុក ចន្ធី និយាយថា ដើមចមដែលនាំឱ្យគាត់ចេញធ្វើបាតុកម្ម និងយកញត្តិដាក់ទៅស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ និងជាប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីស្នើសុំឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលដោះលែងស្វាមីគាត់ឱ្យមានសេរីភាពវិញ។

ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ នាពេលកន្លងមក នៅពេលក្រុមស្ត្រីចេញទៅតវ៉ា ដើម្បីទាមទាររកយុត្តិធម៌ឱ្យស្វាមី ត្រូវបានកងកម្លាំងសន្តិសុខខណ្ឌ និងកងកម្លាំងសមត្ថកិច្ចមួយចំនួនចេញមករារាំងពួកគាត់ និងប្រើហិង្សាលើគាត់បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

អ្នកស្រីនិយាយថា៖ «ខ្ញុំលើកទី១ របួសធ្ងន់ធ្ងរដែរ នៅក្បែរស្ថានទូតអង់គ្លេស ពេលហ្នឹងគាត់[សន្តិសុខខណ្ឌ]បោកខ្ញុំខ្ទប់នឹងដី ប៉ះពាល់ចង្កេះខ្ញុំ ព្យាបាលផង ពាក់ខ្សែក្រវាត់រហូតដល់១ខែជាងទើបបាត់ឈឺ។ លើកក្រោយទៀត នៅមុខតុលាការ គាត់អូសនាងខ្ញុំបណ្ដាលឱ្យដាច់ជង្គង់សម្រាក៤ទៅ៥ថ្ងៃដែរ ទម្រាំដើររួច។ មកលើកក្រោយទៀត ថ្ងៃខ្លាំងមែនទែន ថ្ងៃប្រកាសសាលក្រមគ្រួសាររបស់ខ្ញុំ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ពេលហ្នឹងខ្លាំងមែនទែន គាត់អូសដាច់រលាត់ដៃហូរឈាមខ្លាំង»។

ចំណែកក្រុមស្ត្រី​ស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ និងបញ្ហាព្រំដែន ដែលធ្លាប់ជាប់ពន្ធនាគារ បាននិយាយប្រហាក់ប្រហែលថា ពួកគាត់តែងតែចេញមុខឈឺឆ្អាលរឿងអយុត្តិធម៌ក្នុងសង្គម ដើម្បីជួយការពារទ្រព្យសម្បត្តិរបស់ជាតិដែលនៅសេសសល់ឱ្យបាននៅគង់វង្សសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ។ 

ដើមចមដែលនាំឱ្យសមត្ថកិច្ចចាប់ខ្លួនពួកគេដាក់ពន្ធនាគារកាលពីអំឡុងឆ្នាំ២០២០ ពាក់ព័ន្ធនឹង​បទ «ញុះញង់​​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​​សន្តិសុខ​​សង្គម» នៃសំណុំរឿងលោក រ៉ុង ឈុន ដែលចុះទៅពិនិត្យ​ព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលខែកក្កដា ឆ្នាំ២០២០។

ក្រោយពីសមត្ថកិច្ចចាប់ខ្លួនលោក រ៉ុង ឈុន សកម្មជនបរិស្ថានជិត១០នាក់ក៏ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនជាបន្តបន្ទាប់ ដោយសារពួកគេប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យតុលាការទម្លាក់បទចោទលើលោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ជាអតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដោយថា លោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

អតីតយុវជនខ្មែរថាវរៈ និងបច្ចុប្បន្នជាសកម្មជនរបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ កញ្ញា សូ មេត្តា និយាយថា គាត់ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅ​​ខណ្ឌ​ច្បារ​អំពៅ ហើយ​បញ្ជូន​ទៅ​តុលាការ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ «ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម»។ ការ​ចាប់​ខ្លួន​នេះ ​ក្រោយ​ពេល​នាង ​និង​យុវជន​ដទៃ​ទៀត ព្យាយាម​ប្រមូល​ផ្ដុំ​គ្នា​​តវ៉ា​សម្ដែង​មតិនៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្នុង​ខណ្ឌ​ឫស្សីកែវ នៅឆ្នាំ២០២០ ស្របពេលដែលគាត់ទាមទារឱ្យតុលាការដោះលែងលោក រ៉ុង ឈុន។ 

​កញ្ញា សូ មេត្តា អះអាងថា ​កាលណោះ គម្រោង​នេះ​ត្រូវបាន​បរាជ័យ​ ដោយសារ​មានការ​រារាំងពីកងកម្លាំងសន្តិសុខខណ្ឌ កងកម្លាំងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល ព្រមទាំងឆ្លៀតឱកាសបៀតបៀនរាងកាយ ហើយការរុញច្រានគាត់បណ្ដាលឱ្យដួលបោកនឹងថ្នល់នៅមុខសាលាដំបូងរាជធានីភ្នំពេញ ជាដើម។

កញ្ញា សូ មេត្តា ក្រោយចេញពីមណ្ឌលអប់រំកែប្រែទី២ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។
កញ្ញា សូ មេត្តា ក្រោយចេញពីមណ្ឌលអប់រំកែប្រែទី២ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

កញ្ញានិយាយថា៖ «កន្លងមកមានច្រើនមែនទែន មានខាងអាជ្ញាធរគាត់ជេរប្រមាថពួកយើងជាយុវតី ហៅសុទ្ធតែ “មី ហង” ឬក៏ទាត់ជើងយើងត្រូវរបួស។ ហើយយុវតីផ្សេងៗត្រូវបានអាជ្ញាធរបៀតបៀនកេរ្តិ៍ខ្មាសរបស់គាត់។ ហើយមួយទៀតបានគំរាមកំហែងអាយុជីវិតគ្រួសារនាងខ្ញុំទៀត»។

កញ្ញាបន្ថែមថា៖ «ហើយមួយទៀត អាជ្ញាធរបានចាប់ពួកយើងដាក់ពន្ធនាគារជាង១០ខែដោយអយុត្តិធម៌បំផុត ដោយយើងគ្រាន់តែសម្ដែងមតិការពារអ្នកដែលលះបង់ពេលវេលាដើម្បីជាតិប៉ុណ្ណោះ ពួកគាត់ចាប់ពួកយើងដាក់គុក នេះជារូបភាពបំពានលើសិទ្ធិរបស់ស្ត្រី បំពានមកលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។

ជាអតីត​គ្រូបង្រៀនផ្នែកគំនូរនៅសាកលវិទ្យាល័យមួយ​ក្នុងខេត្តបាត់ដំបង និងជាសកម្មជនការពារបរិស្ថាន ដែលត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ កញ្ញា​ ឈឿន ដារ៉ាវី បាននិយាយថា គាត់តែងតែចេញមុខតស៊ូមតិបែបអហិង្សា ដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពលទ្ធិប្រជាធិបតេយ្យ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋស្លូតត្រង់។

កញ្ញា ដារ៉ាវី អះអាងថា ជារឿយៗ ត្រូវបានកម្លាំងសន្តិសុខខណ្ឌ សមត្ថកិច្ចដែលស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល បានចេញមករារាំង រុញច្រាន និងចាប់ពួកគាត់បោកខ្ទប់ជាមួយនឹងផ្លូវថ្នល់ទាំងអយុត្តិធម៌ទៅវិញ។ 

កញ្ញា​ ឈឿន ដារ៉ាវី ជាអតីត​គ្រូបង្រៀនផ្នែកគំនូរនៅសាកលវិទ្យាល័យមួយ​ក្នុងខេត្តបាត់ដំបង និងជាសកម្មជនការពារបរិស្ថាន។
កញ្ញា​ ឈឿន ដារ៉ាវី ជាអតីត​គ្រូបង្រៀនផ្នែកគំនូរនៅសាកលវិទ្យាល័យមួយ​ក្នុងខេត្តបាត់ដំបង និងជាសកម្មជនការពារបរិស្ថាន។ (ហេង វិចិត្រ)

អ្នកស្រីនិយាយថា៖ «មិនត្រឹមតែប្រើហិង្សា លួចជាន់ជើង ឬរុញច្រានប្រើកម្លាំងធ្ងន់ៗលើស្ត្រីទេ គឺមានសន្តិសុខខ្លះ គាត់បន្លំចាប់រូបរាងកាយគ្នាដែលជាក្មេងស្រីទៅទៀត…នាងខ្ញុំ ពេលច្របូកច្របល់ខ្លាំងទៅ អត់ដឹងខ្លួនទេ តែក៏មានប្អូនស្រីប្រតិកម្មខ្លាំងមែនទែន ពេលដែលអាជ្ញាធរប៉ះទ្រូងគាត់»។

បើគេពិនិត្យលើរឿងដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង ដែលត្រូវបានឧកញ្ញា និងអ្នកដែលមានអំណាចក្នុងជួររដ្ឋាភិបាលទន្ទ្រានយកពីពលរដ្ឋមានរាប់ពាន់គ្រួសារ ចាប់ពីឆ្នាំ២០០៦ រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០២២​នេះ មិនទាន់មានដំណោះស្រាយនៅឡើយ។

វ័យ៤៦ឆ្នាំ អ្នកស្រី ផាវ ញ៉ើង រស់នៅភូមិព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង និយាយរៀបរាប់ទាំងទឹកភ្នែកហូរកាត់ថ្ពាល់ថា ពួកគាត់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់, ក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ និងក្រុមហ៊ុនយូញៀន (Union) ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៦ និងឆ្នាំ២០០៩ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២២នេះ។ 

អ្នកស្រីថា វិវាទទាំងនោះនៅមិនទាន់មានដំណោះស្រាយសមស្របនៅឡើយ​ ខណៈបច្ចុប្បន្ន រូបគាត់កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការពាក់ព័ន្ធនឹងបទចោទ «បរិហារ​បង្កាច់​កេរិ៍្ត និងបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»​ ទៅតាមបណ្ដឹង​របស់​​​ឧកញ៉ា ហេង ហ៊ុយ ថែមទៀតផង។

អ្នកស្រីបន្តថា ចាប់ពីពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុនទាំងបីនោះ ពួកគាត់ ជាពិសេសស្ត្រី តែងតែចេញមុខតវ៉ា និងយកញត្តិទៅដាក់នៅតាមស្ថាប័នរបស់រដ្ឋ រួមមាន រដ្ឋបាលខេត្ត, ដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដាក់ទៅរដ្ឋសភា ព្រឹទ្ធសភា ជាដើម ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយជូនពួកគាត់ដែរ ប៉ុន្តែនៅតែមិនមានដំណោះស្រាយឡើយ។

អំឡុងពេលពួកគាត់ឡើងយកញត្តិដាក់នៅតាមស្ថាប័នរដ្ឋទាំងនោះ ត្រូវបានកងកម្លាំងសន្តិសុខខណ្ឌ និងអាជ្ញាធរខ្លះស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល ចុះរារាំងនិងបង្កហិង្សាលើស្ត្រីផ្សេងទៀត និងរូបគាត់ផ្ទាល់ត្រូវចំទ្រូងបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរថែមទៀតផង។

អ្នកស្រីនិយាយថា៖ «នៅពេលដែលខ្ញុំធ្វើទុក្ខម្តងៗ ធ្វើឱ្យខ្ញុំចុកទ្រូង ធ្ងន់ទ្រូង ដូចគេដំ! ពេលខ្លះក្អកមកចេញឈាម នៅពេលខ្ញុំហាត់ប្រាណឬធ្វើការធ្ងន់អត់បាន។ ការគិតច្រើនក៏មិនកើតដែរ ឈឺក្បាលពីក្រោយ នៅពេលដែលគេរុញច្រាន ខ្ញុំដួលផ្ងារក្រោយ ប៉ះពាល់ក្បាល យើងអត់មានលុយព្យាបាល។ វានៅតែរ៉ាំរ៉ៃ ចុកទ្រូងនេះ។ បើសិនជាយើងពិបាកចិត្ត ចុកទ្រូងមួយអាទិត្យផ្ទួនៗគ្នា ធ្វើឱ្យយើងដេកអត់កើត ហូបអត់កើត»។

មិនខុសគ្នានេះដែរ តំណាងសហគមន៍ឡពាង ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  អ្នកស្រី អ៊ុំ សុភី ដែលកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ពាក់ព័ន្ធនឹងបទ «សមគំនិតធ្វើឱ្យខូចខាតដោយចេតនា» ដោយសារអ្នកស្រីតស៊ូតវ៉ារឿងវិវាទដីធ្លីជាមួយក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាននិយាយថា ពួកគាត់រាប់រយគ្រួសាររងគ្រោះដោយសារក្រុមហ៊ុន KDC ទន្ទ្រានយកដីរបស់ពួកគាត់ រហូតមកដល់ពេលបច្ចុប្បន្ននេះ ពួកគាត់មិនទាន់ទទួលបានដំណោះស្រាយសមរម្យនៅឡើយ។

ផ្ទុយទៅវិញ អ្នកស្រីបញ្ជាក់ថា នៅពេលក្រុមស្ត្រីចេញយកញត្តិដាក់នៅស្ថាប័នរដ្ឋនៅក្នុងខេត្ត-រាជធានី និងដាក់នៅស្ថានទូតប្រទេសប្រជាធិបតេយ្យទាំងនោះ ស្រាប់តែកងកម្លាំងសន្តិសុខ និងអាជ្ញាធរខ្លះស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល ចេញមករារាំង និងរុញច្រាន ចាប់បោកពួកគាត់ជាស្ត្រីខ្ទប់នឹងដីបណ្ដាលឱ្យរងរបួស ជាដើម។

អ្នកស្រីបញ្ជាក់ថា ក្រោយពីបង្កហិង្សាលើពួកគាត់ មិនឃើញមានថ្នាក់ដឹកនាំឬក្រសួង ជាពិសេសក្រសួងកិច្ចការនារី ចេញមកជួយអន្តរាគមន៍ដោះស្រាយជួយស្ត្រីដែលរងអំពើហិង្សា ឬរងការបៀតបៀនពីសំណាក់ជនល្មើសនោះទេ​។ អ្នកស្រីស្នើទៅរដ្ឋាភិបាលជួយដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋដែលរងគ្រោះ និងចាប់ជនល្មើសផ្តន្ទាទោសតាមច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យមានរឿងបែបនេះកើតឡើងបន្តទៀត ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ (ហេង វិចិត្រ)

អ្នកស្រីស្នើដូច្នេះថា៖ «ពួកខ្ញុំជាស្ត្រី ការងារច្រើន ទាំងការងារផ្ទះ ទាំងតវ៉ាទាមទារដីធ្លី ពួកយើងចង់បានតែដីធ្លីមកវិញ។ មកទល់ពេលនេះ គាត់អត់ដោះស្រាយឱ្យពួកខ្ញុំទេ។ អ៊ីចឹងជីវភាពពួកខ្ញុំអត់មានអ្វីប្រសើរឡើងទេ មានតែលំបាកទៅ កាន់តែលំបាកទៅ ការងារក៏អត់មានធ្វើ ជីវភាពពួកខ្ញុំអត់មានអ្វីប្រសើរឡើងទេ មានតែក្រទៅៗទេ។ ហើយខ្លួនខ្ញុំផ្ទាល់ ក៏គេប្រើអំពើហិង្សាមកលើពួកខ្ញុំដែរ វាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំជាស្ត្រី»។

និយាយជារួម ក្រុមស្ត្រីរងគ្រោះទាំងនោះផ្ញើសារទៅកាន់រដ្ឋាភិបាល និងថ្នាក់ដឹកនាំក្នុងស្ថាប័នរដ្ឋពាក់ព័ន្ធថា បើទោះបីជាកងកម្លាំងសន្តិសុខខណ្ឌ និងអាជ្ញាធរចុះរារាំងនិងបង្កហិង្សាលើគាត់ រួមទាំងស្ត្រីផ្សេងទៀត បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ឬចាប់ខ្លួនដាក់ពន្ធនាគារ ក៏ពួកគាត់មិនខ្លាចដែរ ហើយពួកគាត់នៅតែប្តេជ្ញាថានឹងបន្តតវ៉ារហូតទទួលបានយុត្តិធម៌។ 

ការឆ្លើយតបពី​រដ្ឋាភិបាលចំពោះការប្រើហិង្សានិងបៀតបៀនលើស្រ្តី

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានដាក់លិខិតស្នើសុំទៅស្ថាប័នរដ្ឋចំនួន៥ រួមមាន រដ្ឋបាលរាជធានីភ្នំពេញ, ក្រសួងមហាផ្ទៃ, ក្រសួងការងារ, ក្រសួងកិច្ចការនារី, រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីស្នើសុំសម្ភាសដែរ ប៉ុន្តែសំណើទាំងនោះត្រូវបានស្ថាប័នរដ្ឋខ្លះទាត់ចោល និងខ្លះទៀតមិនឆ្លើយតបមកវិញនោះទេ។

ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ដើមចមដែលធ្វើឱ្យកងកម្លាំងសន្តិសុខខណ្ឌ និងសមត្ថកិច្ច ចុះទប់ស្កាត់ក្រុមអ្នកតវ៉ានៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយសារតែពួកគេចេញតវ៉ាដោយមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យមានចលាចលក្នុងសង្គម និងបង្កើតជារូបភាពទម្លាក់កំហុសដាក់អាជ្ញាធរនិងកងកម្លាំងសន្តិសុខ ​ថាបានប្រើហិង្សានិងបៀតបៀនលើពួកគេទៅវិញ ។

លោកមានប្រសាសន៍ថា៖ «សមត្ថកិច្ចបានហៅពួកគាត់ឡើងលើរថយន្ត មិនឱ្យធ្វើការជួបជុំគ្នាធ្វើបាតុកម្មខុសច្បាប់ គឺគាត់តែងតែបង្កើតជារូបភាព មានអ្នកសម្ដែង មានអ្នកចាំថត ដើម្បីបង្កើតជារូបភាព ប៉ុន្តែជាក់ស្តែង សមត្ថកិច្ចយើង គឺអត់ដែលមានបានទៅប៉ះពាល់ ឬក៏ធ្វើអ្វីដែលខុសច្បាប់ទេ»។

លោកបន្ថែមថា៖ «សុទ្ធតែជាផែនការមួយអាក្រក់ ដើម្បីទម្លាក់កំហុសមកលើសមត្ថកិច្ច ស្របពេលដែលសមត្ថកិច្ចយើងអនុវត្តតាមតួនាទី ភារកិច្ច និងច្បាប់ទាំងអស់»

ស្រដៀងគ្នានេះដែរ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្រុមស្ត្រីដែលតែងតែចេញមុខតវ៉ានៅតាមដងផ្លូវមួយចំនួនកន្លងមកនោះ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ទើបក្រុមសន្តិសុខខណ្ឌ រួមទាំងសមត្ថកិច្ច ចុះទប់ស្កាត់កុំឱ្យមានរឿងបែបនេះកើតឡើងបន្តទៀត ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា ប្រសិនបើ​ក្រុមអ្នកតវ៉ាទាំងនោះអះអាងថា ពួកគេរងនូវភាពអយុត្តិធម៌សង្គម គឺពួកគាត់ត្រូវទៅពឹងពាក់មេធាវី ដើម្បីជួយការពារក្តីជូនពួកគាត់តាមផ្លូវច្បាប់ ជាជាងចេញតវ៉ានាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

លោកមានប្រសាសន៍ថា៖ «ដំណើរការយុត្តិធម៌ គឺស្ថិតនៅក្នុងសាលាវិនិច្ឆយក្តី [តុលាការ] ដែលមានច្បាប់ទម្លាប់តតាំង មានមេធាវី។ ដូច្នេះ មានតែមេធាវីទេ ដែលតតាំងស្វែងរកនូវអ្វីទៅដែលជាអង្គហេតុ ដើម្បីដោះបន្ទុកពីការចោទប្រកាន់របស់តុលាការ ដែលឆ្លើយតបនឹងអង្គច្បាប់។ នេះគេតតាំងនៅសង្គមប្រជាធិបតេយ្យ គេធ្វើអ៊ីចឹង! គេអត់តតាំងនៅតាមចិញ្ចើមថ្នល់អ៊ីចឹងទេ វាអត់បានប្រយោជន៍អ្វីទេ»។

ការអនុវត្តច្បាប់មានភាពលម្អៀងទៅលើអ្នកមានលុយនិងមានអំណាច

នៅក្នុងសេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ បានចែងក្នុងមាត្រា៧ ថាមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ គ្មានការរើសអើង និងមានសិទ្ធិទទួលបានការការពារពីច្បាប់ស្មើៗគ្នាដោយគ្មានការរើសអើង។ បន្ថែមពីនេះ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការការពារស្មើៗគ្នាប្រឆាំងនឹងការរើសអើងណាដែលរំលោភលើសេចក្តីប្រកាសនេះ ព្រមទាំងប្រឆាំងនឹងការញុះញង់ឱ្យមានការរើសអើង។

ចំណែកមាត្រា៨, ១៩ និងមាត្រា២៣ នៃសេចក្តីប្រកាសជាសកលដដែល ចែងថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ។ មនុស្សគ្រប់រូបមានសិទ្ធិធ្វើការងារ ជ្រើសរើសការងារដោយសេរី និងមានសិទ្ធិបង្កើតនិងចូលរួមសហជីព ដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួន ហើយមានសិទ្ធិរកដំណោះស្រាយជាក់ស្តែងនៅចំពោះមុខសាលាជម្រះក្តីជាតិដែលមានសមត្ថកិច្ច ចំពោះអំពើទាំងឡាយណាដែលរំលោភសិទ្ធិមូលដ្ឋានរបស់ខ្លួនដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ ឬដោយច្បាប់។

អនុសញ្ញាស្តីពី ការលុបលំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ ក្នុងមាត្រា១ បានកំណត់ពាក្យ «ការរើសអើងប្រឆាំងស្ត្រីភេទ» សំដៅដល់ការប្រកាន់ បែងចែក ការផាត់ចេញ ឬការរឹតត្បិតផ្អែកលើភេទដែលមានអានុភាព ឬមានបំណងធ្វើឱ្យខូចខាត ឬធ្វើឱ្យមោឃភាពនូវការទទួលស្គាល់ អាស្រ័យផល ផ្អែកលើមូលដ្ឋានសមភាពរវាងបុរសនិងស្ត្រី នូវសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ក្នុងវិស័យនយោបាយ ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឬក្នុងវិស័យដទៃទៀត។

មាត្រា២នៃអនុសញ្ញានេះបានចែងថា រដ្ឋភាគីផ្តន្ទាទោសការរើសអើងប្រឆាំងស្ត្រីភេទក្នុងគ្រប់ទម្រង់ ព្រមព្រៀងគ្នាអនុវត្តគោលនយោបាយតាមមធ្យោបាយសមស្រប និងដោយឥតពន្យារពេល ដើម្បីឈានទៅលុបបំបាត់ការរើសអើងប្រឆាំងស្ត្រីភេទ។ លើសពីនេះ បង្កើតកិច្ចការពារសិទ្ធិរបស់ស្ត្រីតាមផ្លូវច្បាប់ ផ្អែកលើមូលដ្ឋានសមភាពជាមួយបុរស ប្រឆាំងការរើសអើងលើស្ត្រីតាមរយៈសាលាជម្រះក្តីជាតិដែលមានសមត្ថកិច្ច និងស្ថាប័នសាធារណៈដទៃទៀត។ ជាងនេះទៀត ហាមទប់មិនឱ្យធ្វើអំពើឬការអនុវត្តដែលមានលក្ខណៈរើសអើងប្រឆាំងនឹងស្ត្រី និងធានាថា អាជ្ញាធរ និងស្ថាប័នសាធារណៈធ្វើសកម្មភាពស្របតាមកាតព្វកិច្ចនេះ។

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម។ 

យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ បានចែងចំពោះជនដែលបានប្រព្រឹត្តបទហិង្សាដោយចេតនា ត្រូវបានកំណត់ និងបែងចែកខុសៗគ្នាតាមរូបភាពនៃអំពើ និងទំហំព្យសនកម្ម (ការខូចខាត) ដូចខាងក្រោម​ ៖

  • មាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ចែងថា បទហិង្សាដោយចេតនា គឺជាអំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល។
  • មាត្រា២១៨ និងមាត្រា២១៩ នៃក្រមដដែល បានចែងពីស្ថានទម្ងន់ទោស កាលបើអំពើហិង្សានេះប្រព្រឹត្តដោយមានការគិតទុកជាមុន ប្រើដោយអាវុធ គំរាមកំហែងនឹងអាវុធ មានមនុស្សច្រើនក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត ប្រព្រឹត្តលើបុគ្គលទន់ខ្សោយ មានជំងឺ ពិការភាព និងទៅលើនារីមានគភ៌ ជាដើម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល។

ផែនការយុទ្ធសាស្ត្រដើម្បីជំរុញការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនៃ «គោលការណ៍នារីរតនៈទី៥» របស់ក្រសួងកិច្ចការនារី បានបង្ហាញនៅក្នុងចក្ខុវិស័យរបស់ខ្លួនថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្មើភាពគ្នាស្របតាមច្បាប់ ជាពិសេសស្ត្រី និងក្មេងស្រី ទទួលបានសុវត្ថិភាពផ្ទាល់ខ្លួន។ លើសពីនេះ ជំរុញឱ្យស្ត្រី​ចូលរួមយ៉ាងពេញលេញនៅក្នុងកិច្ចការសង្គម មានភាពអង់អាច និងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិតនិងគ្រប់វិស័យដោយស្មើគ្នាជាមួយបុរស ដើម្បីធានាបាននូវភាពម្ចាស់ការខ្លួនឯង និងមានសុខុមាលភាពពេញលេញក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។

ក្រសួងកិច្ចការនារី មានបេសកកម្មក្នុងការដឹកនាំភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងដំណើរឆ្ពោះទៅសម្រេចសមភាពយេនឌ័រ និងលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី និងក្មេងស្រី គ្រប់រូបភាពនៅក្នុងសង្គម តាមរយៈការបញ្ជ្រាបយេនឌ័រ ការអនុវត្តច្បាប់ ហើយក្រសួងត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី ជាដើម ។ 

ចំណែកកិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី មានគោលបំណងលើកកម្ពស់ការពារសិទ្ធិ និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រីនិងក្មេងស្រីដែលស្ថិតនៅក្នុងក្រុមងាយរងគ្រោះ ព្រមទាំងបង្កើនការផ្តល់សេវាដល់ស្ត្រីនិងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា។ ក្រសួងកិច្ចការនារី បន្តដឹកនាំនិងសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងផ្នែកឯកជន ក្នុងការតាក់តែងនិងអនុវត្តផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៣   ឆ្នាំ២០១៩-២០២៣។

រីឯក្នុងគោលការណ៍នារីរតនៈទី៥ ក៏ផ្តោតលើអាទិភាពសំខាន់ៗ ដូចជា ជំរុញការបញ្ជា្របយេនឌ័រទៅក្នុងដំណើរការតាក់តែងអនុវត្តច្បប់ និងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ស​ម្របសម្រួល និងជំរុញអនុវត្តផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ២០១៩-២០២៣ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានអំពើហិង្សាលើស្ត្រីនិងកុមារផងដែរ។

ទោះបីជាមានច្បាប់ចែងដាក់ទោសទណ្ឌលើជនល្មើសយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលអនុវត្តជាក់ស្តែង ក្រុមស្ត្រីដែលចេញមុខតវ៉ាទាមទាររឿងអយុត្តិធម៌សង្គម រួមមាន ស្ត្រីថ្ងៃសុក្រ ក្រុមស្ត្រីការពារបរិស្ថាន និងក្រុមស្ត្រីកូដករណាហ្គាវើលដ៍ ជាដើម ពួកគាត់រងការបៀតបៀនពីសំណាក់កងកម្លាំងសន្តិសុខខណ្ឌ និងអាជ្ញាធរជាច្រើនលើកច្រើនសា ប៉ុន្តែមិនឃើញស្ថាប័នអនុវត្តច្បាប់ផ្តន្ទាទោសលើជនដែលបង្កហិង្សាលើស្ត្រីនោះទេ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោកស្រី អ៊ូ ទេពផល្លីន លើកឡើងថា នៅលើបណ្ដាញសង្គមរូបភាពស្ត្រីដែលរងអំពើហិង្សា និងការបៀតបៀន ពីកងកម្លាំងសន្តិសុខខណ្ឌ និងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល ត្រូវបានគេបង្ហោះជាហូរហែ។ 

ក្រោយមក ក្រុមអង្គការសង្គមស៊ីវិលក៏បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការច្បាប់លើជនបង្កដែរ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឃើញមានវិធានការច្បាប់លើជនបង្កទាំងនោះឡើយ។

លោកស្រីបញ្ជាក់ថា ការអនុវត្តច្បាប់នៅកម្ពុជាហាក់ទំនោរទៅអ្នកមានលុយនិងមានអំណាច កាន់តែបង្កើននូវឥទ្ធិពលឱ្យជនបង្កប្រព្រឹត្តអំពើហិង្សានិងបៀតបៀនលើកូដករបន្តទៀត ។

លោកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា។
លោកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា។ (ហេង វិចិត្រ)

លោកស្រីមានប្រសាសន៍ថា៖ «នៅពេលដែលកម្មករនិយោជិតប្រើប្រាស់សិទ្ធិខ្លួនឯង គឺបែរជារងគំនាបពីស្ថាប័នរដ្ឋមួយទៀត ដែលយើងឃើញរូបភាពយ៉ាងច្បាស់ថា និយោជករកស៊ីធម្មតា ប៉ុន្តែកម្មករនិយោជិត នៅពេលដែលគាត់ប្រើប្រាស់សិទ្ធិ ត្រូវជាប់គុកផង អ្នកតំណាងជាប់គុកផង អ្នកមានផ្ទៃពោះត្រូវបានគេបិទបាំងមិនឱ្យប្រើបន្ទប់ទឹក។ អ៊ីចឹងគម្លាតដែលអ្នករំលោភសិទ្ធិកម្មករ ហើយអ្នកជួយឱ្យក្រុមហ៊ុនបន្តរំលោភបំពានសិទ្ធិបន្តទៅទៀត គឺអាជ្ញាធរហ្នឹងហើយ មិនគួរធ្វើបែបហ្នឹងទេ»។

ការផ្ដល់អនុសាសន៍កែលម្អជុំវិញភាពមិនប្រក្រតីលើស្ត្រី

អង្គការសង្គមស៊ីវិល សហគមន៍ និងសមាគមចំនួន៧២ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយលើកពីករណីក្រុមកូដករណាហ្គាវើលដ៍ថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានហេតុការណ៍នៅក្នុងវីដេអូមួយដែលអាជ្ញាធរបានប្រើប្រាស់ភាសាអាសគ្រាមដោយមិនសមរម្យ ទៅលើកូដករម្នាក់ ព្រមទាំងបានគំរាមរំលោភបំពានផ្លូវភេទលើរូបនាងផងដែរ។ ក្រោយមក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បុរសជាអាជ្ញាធរ​ម្នាក់បានចាប់និងច្របាច់សុដន់របស់ស្ត្រីជាកូដករម្នាក់ ខណៈដែលនាងកំពុងត្រូវបានបង្ខំឱ្យចូលក្នុងរថយន្តក្រុង។ បន្ទាប់មកទៀត នៅថ្ងៃទី២២ ខែមីនា កូដករជាស្ត្រីម្នាក់ត្រូវបានអាជ្ញាធរដាល់ចំភ្នែក នៅពេលដែលអាជ្ញាធររុញច្រានយ៉ាងហិង្សាបង្ខំឱ្យកូដករចូលក្នុងរថយន្តក្រុងជាដើម។ 

បើទោះបីជាមានច្បាប់ជាតិ សន្ធិសញ្ញា ឬកតិកាសញ្ញាអន្តរជាតិ និងគោលការណ៍នារីរតនៈ ដែលបង្កើតឡើងសម្រាប់ការងារប្រយោជន៍ដល់ស្ត្រីដែលរងអំពើហិង្សា ឬបៀតបៀនពីសំណាក់កងកម្លាំងសន្តិសុខ និងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិលមួយចំនួនក៏ដោយ ក៏ការអនុវត្តច្បាប់នៅមិនទាន់ឃើញមានតម្លាភាពនៅឡើយ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅថា ​សង់ត្រាល់ លោក​ ឃុន ថារ៉ូ ​មានប្រសាសន៍ថា នៅក្នុងវិស័យការងារ ដង់ស៊ីតេស្ត្រីភាគច្រើនមានដល់ទៅ ៨៥% និងបុរស ១៥% ធ្វើការនៅក្នុងរោងចក្រជាង១ពាន់រោងចក្រនៅទូទាំងប្រទេស ដែលមានកម្មករនិយោជិតសរុប​ជាង១លាននាក់។

លោក ឃុន ថារ៉ូ បញ្ជាក់ថា អនុសញ្ញាអង្គការពលកម្មអន្តរជាតិផ្នែកការងារ (១៩០) ដែលជាអនុសញ្ញាស្នូលមួយបានកំណត់និយមន័យនៃទម្រង់ហិង្សាផ្អែកលើយេនឌ័រដូច្នេះថា ការបញ្ឈប់កម្មករទ្រង់ទ្រាយធំ ការរើសអើងសហជីពដែលជាស្ត្រី​ ការបញ្ឈប់ថ្នាក់ដឹកនាំសហជីពដែលមិនត្រូវបានអនុវត្តតាមផ្លូវច្បាប់ ការជេរប្រមាថ ស្ដោះទឹកមាត់ ការជះទឹក និងការបង្ខំកម្មករឱ្យធ្វើការថែមម៉ោង ជាដើម។

ប្រភពដដែលជំរុញទៅរដ្ឋាភិបាលសហការជាមួយនឹងដៃគូពាក់ព័ន្ធ ជាពិសេសសង្គមស៊ីវិលដែលធ្វើការងារទាក់ទងនឹងស្ត្រី រួមទាំងពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាពរវាងថៅកែនិងកម្មករ ទើបទប់ស្កាត់អំពើហិង្សាលើស្ត្រីបានប្រសិទ្ធភាពខ្ពស់។

លោក​ ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅថា ​សង់ត្រាល់។
លោក​ ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅថា ​សង់ត្រាល់។ (ហេង វិចិត្រ)

លោកមានប្រសាសន៍ថា៖ «យើងឃើញថា នៅកន្លែងការងារ និយោជកគាត់អត់ដែលប្រឈមនឹងទោសទណ្ឌផ្នែករដ្ឋបាល ឬក៏ករណីទទួលបន្ទុកក្នុងរឿងរដ្ឋប្បវេណីទេ ឬព្រហ្មទណ្ឌអ្វីទេ។ អ៊ីចឹងសំខាន់ណាស់ដែលក្រសួងពាក់ព័ន្ធ គាត់ត្រូវពិនិត្យពិចារណានៅក្នុងការពិនិត្យមើលផ្លូវបង្ហាញទៅ ឬក៏ក្របខណ្ឌគតិយុត្តណាមួយដើម្បីចែងជាក់លាក់ទៅនឹងលក្ខខណ្ឌក្នុងការទប់ស្កាត់ ហើយនិងយន្តការក្នុងការដោះស្រាយនៅលើអំពើហិង្សា ផ្អែកលើយេនឌ័រនៅកន្លែងការងារ»។  

លោកបន្ថែមថា៖ «អ៊ីចឹងបើយើងមានយន្តការជាក់លាក់ យើងមានយន្តការនៅក្នុងការតាមដានត្រួតពិនិត្យ មានការចូលរួមពីអង្គការសង្គមស៊ីវិល មានយន្តការនៅក្នុងការដាក់បណ្ដឹងប្រឆាំងទៅនឹងអ្នកដែលបានប្រព្រឹត្តឱ្យមានភាពច្បាស់លាស់ ហើយយន្តការទាំងឡាយណាដែលឱ្យមានការចូលរួមពីភាគីពាក់ព័​ន្ធ ខ្ញុំគិតថា យើងនឹងអាចលុបបំបាត់នូវវប្បធម៌មួយដែលកើតឡើងចំពោះស្ត្រី។ អ៊ីចឹងហើយបានថាការផ្តល់សច្ចាប័នទៅដល់អនុសញ្ញា១៩០ របស់អង្គការពលកម្មអ​ន្តរជាតិនេះ សំខាន់ណាស់សម្រាប់ឱ្យរដ្ឋាភិបាលពិនិត្យមើលក្របខណ្ឌគោលនយោបាយ​ ដើម្បីតាក់តែងនៅក្នុងយន្តការឈានទៅដល់ការលុបបំបាត់ទម្រង់ហិង្សាផ្អែកលើយេនឌ័រនៅកន្លែងការងារ»។

នាយិកាប្រតិបត្តិ​នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា លោកស្រី​ អេង ចាន់ឌី មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ លោកស្រីសង្កេតឃើញថា រដ្ឋាភិបាលចាប់ផ្តើមបើកទូលាយច្រើនក្នុងការសហការ​ជាមួយសង្គមស៊ីវិលនិងដៃគូពាក់ព័ន្ធ លើការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីឱ្យស្ត្រីមានឱកាសចូលរួមអភិវឌ្ឍន៍ក្នុងសហគមន៍និងសង្គមជាតិ។

ប៉ុន្តែមួយរយៈចុងក្រោយនេះ លោកស្រីបង្ហាញការសោកស្តាយនៅពេលដែលស្ត្រីមួយចំនួន ដូចជា កម្មករក្រុមហ៊ុនណាហ្គាវើលដ៍ សកម្មជនដីធ្លី នយោបាយ និងបរិស្ថាន តែងតែនៅជួរមុខតស៊ូមតិបែបអហិង្សាតាមប្រព័ន្ធអនឡាញ ឬដើរហែក្បួនលើដងផ្លូវតវ៉ាទាមទាររកយុត្តិធម៌។ ប៉ុន្តែកងកម្លាំងសន្តិសុខ និងអាជ្ញាធរខ្លះ ចេញមករារាំងឬបង្កហិង្សា បៀតបៀនលើរាងកាយស្ត្រី ហើយក្រសួងពាក់ព័ន្ធរបស់រដ្ឋ ជាពិសេសក្រសួងកិច្ចការនារី មិនដែលចេញសេចក្តីថ្លែងការណ៍ ឬចេញជួយរកដំណោះស្រាយជូនពួកគេនោះឡើយ។ 

លោកស្រីបន្តថា នៅពេលដែលមានភស្តុតាងបញ្ជាក់ច្បាស់ថា ជនល្មើសបានបង្កហិង្សានិងបៀតបៀនលើស្ត្រីដែលចេញតវ៉ារឿងអយុត្តិធម៌ក្នុងសង្គមដែរ ប៉ុន្តែស្ថាប័នអនុវត្តច្បាប់មិនបានចាត់វិធានការលើជនដែលប្រព្រឹត្តនោះទេ។ ករណីនេះនឹងធ្វើឱ្យជនរងគ្រោះកាន់តែរងនូវភាពអយុត្តិធម៌ថែមមួយកម្រិតទៀត។

លោកស្រីបន្ថែមថា៖ «ជាការពិត មិនមែនមានតែនៅកម្ពុជាទេ នៅកន្លែងណាក៏ដោយ ប្រសិនបើប្រព័ន្ធច្បាប់មួយ មានច្បាប់ហើយ ហើយអនុវត្តតាមស្តង់ដារពីរ មានន័យថា ប្រជាជនដែលមានភាពក្រីក្រ ឬអ្នកដែលអត់មានអំណាច ទើបអនុវត្តទៅនឹងច្បាប់ហ្នឹង [ក្រមព្រហ្មទណ្ឌ] ហើយអ្នកមានអំណាច [ធ្វើខុស]ហើយអត់អនុវត្តទាក់ទងនឹងច្បាប់ហ្នឹង ធ្វើឱ្យច្បាប់ហ្នឹងអត់មានតម្លៃទេ! បើអត់មានតម្លៃ ប្រជាពលរដ្ឋនឹងទទួលរងគ្រោះនៃអំពើហិង្សាកាន់តែកើនឡើង»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់​សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង​​ សែនករុណា បង្ហាញការសោកស្តាយលើការអនុវត្តតួនាទីរបស់រដ្ឋាភិបាលនិងស្ថាប័នរដ្ឋពាក់ព័ន្ធ ដោយមិនសូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនស្ត្រីដែលរងគ្រោះឱ្យបានល្អប្រសើរនៅឡើយ។

ករណីនេះ លោកថា បើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនៅតែបណ្ដែតបណ្ដោយ ហើយមិនដោះស្រាយជូនស្ត្រីរងគ្រោះទាំងនោះទេ នឹងធ្វើឱ្យកម្ពុជាកាន់តែរងសម្ពាធពីសហគមន៍អន្តរជាតិបន្ថែមទៀត។

លោកបន្ថែមថា៖ «ខាងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ក៏ដូចជាបណ្ដាប្រទេសលោកសេរី សហគមន៍អន្តរជាតិដែលគេតាមដានហ្នឹង ក៏គេមើលទៅលើបញ្ហារំលោភលើសិទ្ធិមនុស្សទាំងអស់នេះដែរ។ អ៊ីចឹងបានយើងឃើញថា កន្លងមកមានសម្ពាធនានាពីខាងសហគមន៍អន្តរជាតិ ដែលគេនៅតែមើលឃើញថា បញ្ហារំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែកើតមានឡើងដដែល»។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព សង្កេតឃើញថា អំពើហិង្សាលើស្ត្រីដែលជាអ្នកចេញមុខតវ៉ាទាមទារសិទ្ធិស្របតាមច្បាប់ជាតិនិងអន្តរជាតិ ប៉ុន្តែជារឿយៗ ត្រូវបានអាជ្ញាធររារាំង រឹតត្បិតសេរីភាព គំរាមកំហែង និងបង្កហិង្សា បៀតបៀនលើស្ត្រីធ្វើឱ្យប្រាសចាកពីគោលការណ៍និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ។

ករណីនេះ លោកស្រីថា បើរដ្ឋាភិបាលមិនចាប់ជនបង្កដាក់ពន្ធនាគារទេ នាំឱ្យមានវប្បធម៌និទណ្ឌភាពនៅកម្ពុជា ហើយធ្វើឱ្យពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល។

នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសពាក់ព័ន្ធករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។
នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសពាក់ព័ន្ធករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

លោកស្រីមានប្រសាសន៍ថា៖ «ចំពោះករណីហិង្សាជាច្រើន ដូចករណីស្ត្រីថ្ងៃសុក្រ ដូចមានករណីមួយរុញខ្ទប់គាត់ទៅនឹងថ្នល់រហូតដល់គាត់របួស ដូចករណីដែលមានការរាយការណ៍ថា មានការបៀតបៀនទៅលើស្ត្រីជាកូដករមកពីសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ជាដើម ហើយមិនត្រូវបានអើពើនោះ វាក្លាយទៅជាការបំពានជាលក្ខណៈប្រព័ន្ធមួយ ដែលវាបង្កទៅជាវប្បធម៌និទណ្ឌភាព ជនល្មើសមិនត្រូវបាននាំមកកាត់ទោស»។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា ​លោកស្រី អ៊ូ ទេពផល្លីន លើកឡើងថា ក្រសួងកិច្ចការនារី ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីរបស់ខ្លួនឱ្យមានតម្លាភាព ឯករាជ្យភាព ដើម្បីជួយសង្គ្រោះស្ត្រីដែលរងអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខ និងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល ដើម្បីស្តារមុខមាត់រដ្ឋាភិបាលឡើងវិញ។

លោកស្រីស្នើដូច្នេះថា៖ «ខ្ញុំមើលឃើញថា ក្រសួងកិច្ចការនារី មានតែដាវ តែអត់មានដង គឺមានន័យថា មានតែក្រសួង ប៉ុន្តែអត់មានអំណាចក្នុងការប្រើប្រាស់តួនាទីឱ្យបានពេញលេញ។ អ៊ីចឹងកន្លែងហ្នឹងដែលធ្វើឱ្យគាត់នៅតែមានសេចក្តីភ័យខ្លាចត្រង់ថា បើសិនជាគាត់ប្រើតួនាទីដោយសុចរិតភាព គាត់អាចមានបញ្ហាចំពោះស្ថាប័នរបស់គាត់ដែរ»។

លោកស្រីបន្ថែមថា៖ «ប៉ុន្តែគ្រាន់តែថាឈរលើគោលការណ៍នូវសុចរិតភាពរបស់ខ្លួន ទោះបីជាមានឧបសគ្គអ្វីក៏ដោយ គឺយើងត្រូវនិយាយការពិត ថ្លែងការពិត ហើយស្នើសុំ ព្រោះការស្នើសុំរបស់គាត់ គឺជាការស្រោចស្រង់នូវប្រព័ន្ធយុត្តិធម៌ឱ្យប្រសើរឡើង ហើយក៏ជាការជួយស្តារមុខមាត់ទៅដល់ប្រមុខរដ្ឋាភិបាលដែរ ប៉ុន្តែបើសិនជាគាត់បារម្ភថាខ្លាចប៉ះពាល់ដល់ខ្លួនពួកគាត់ ធ្វើឱ្យយើងនៅក្នុងសង្គមទាំងអស់គ្នា បង្កបរិយាកាសអយុត្តិធម៌តជំនាន់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ