សមត្ថកិច្ច​ខេត្តព្រះសីហនុ បញ្ជូន​ជនជាតិខ្មែរ​៦នាក់​បន្ថែម​ទៀត​ទៅ​តុលាការ​ពាក់ព័ន្ធ​ជួញដូរ​អាវុធ​ខុសច្បាប់

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហកាជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ ស្នងការដ្ឋាននគរបាលខេត្តរតនគីរី បង្រ្កាបករណីផ្ទុះអាវុធបណ្ដាលឱ្យរងរបួសមន្ត្រីនគរបាលក្រុងព្រះសីហនុម្នាក់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានជនសង្ស័យចំនួន៦នាក់។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានបញ្ជូនជនជាតិខ្មែរចំនួន៦នាក់បន្ថែមទៀតទៅតុលាការកាលពីថ្ងៃ​សៅរ៍ ពាក់​ព័ន្ធ​នឹង​ការ​កែ​ច្នៃនិង​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់​ជាង​៤០ដើមនៅក្នុងខេត្តនេះ។

ការឃាត់ខ្លួនជនជាតិខ្មែរ​​​ទាំង៦នាក់ធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ​៣ ឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ចំនួន៣​នាក់ កាល​ពី​ថ្ងៃទី​១៥ ខែ​មិថុនា ពាក់​ព័ន្ធ​នឹង​ករ​ណីប្រើប្រាស់អាវុធខុសច្បាប់ ហើយ​បាញ់​ប្រហារ​មួយ បណ្ដាល​ឱ្យបុរស​ជាជនជាតិចិនម្នាក់រងរបួស។

ករណីនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា​ ថាក្រោយពីមានករណីបាញ់ប្រហារកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងមកនេះ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងកំណត់មុខសញ្ញារហូតឃាត់ខ្លួនអ្នកពាក់ព័ន្ធដែលជាជនជាតិខ្មែរ៦នាក់ រួមទាំងដកហូតអាវុធពិត១១ដើម ក្នុងនោះមានកាំភ្លើងខ្លី៩ដើម និងកាំភ្លើង​ប្រភេទ​វែង​២​ដើម ខណៈអាវុធកែច្នៃ សមត្ថកិច្ច​បាន​រក​ឃើញ​៣១​ដើម រួម​ទាំង​សម្ភារផ្សេងទៀត មាន​បំពង់ខ្ទប់សំឡេងកាំភ្លើងសម្រាប់បាញ់មិនឱ្យឮសំឡេងចំនួន២០បំពង់ និងគ្រាប់កាំភ្លើងមួយចំនួនទៀត។ 

ក្រោយពីឃាត់ខ្លួនជនជាតិខ្មែរទាំង៦នាក់នោះ សមត្ថកិច្ចបានបញ្ជូន​ពួក​គេ​ទៅតុ​លាការ​កាល​ពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ដើម្បី​ឱ្យតុលាការចាត់វិធានការច្បាប់បន្ត ខណៈគូកនផ្សេងៗទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាយកមកអនុវត្តតាមនីតិវិធីច្បាប់ផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងបានធ្វើការស្រាវជ្រាវការចរាចរ ការចែកចាយ កាន់កាប់អាវុធខុសច្បាប់ គឺយើងបង្ក្រាបបានមនុស្ស៦នាក់ ដែលជាជនជាតិខ្មែរថែមទៀត ហើយយើងបញ្ជូនទៅតុលាការម្សិលមិញ​ហើយ»។

វីអូឌី នៅមិនទាន់អាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះពីអ្នកនាំពាក្យ​សាលាដំបូងខេត្តព្រះសីហនុ លោក លី ចាន់ដារ៉ា បានទេ នៅព្រឹកថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិ​វៀតណាមចំនួន៣នាក់ ករណី​ពួក​គេ​បាញ់​ប្រហារ និង​បង្ករបួសស្នាមលើមន្ត្រីនគរបាលក្រុងព្រះសីហនុមួយរូប។ ជាមួយគ្នានោះ នៅថ្ងៃទី១៤ ខែមិថុនាដដែលនោះ សមត្ថកិច្ចបានចាប់ខ្លួន​បុរសជា​ជនជាតិចិន​ចំនួន៣នាក់ផ្សេង​ទៀត​ដែល​បាន​​ចាប់​ជំរិត​មិត្ត​ភក្តិរបស់ខ្លួន​​ដែល​ជា​ជន​ជាតិចិនដូចគ្នា ដើម្បី​ទារ​ប្រាក់​១,២​លានដុ​ល្លារ​អាមេរិក​ពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការដោះលែងវិញ។ បន្ទាប់មក ចៅក្រម​ស៊ើប​សួរសាលាដំបូង​ខេត្ត​បានសម្រេច​ចោទប្រកាន់ពួកគេពីបទ «គំរាមកំហែងថានឹងសម្លាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»

​ដោយសារក្តីបារម្ភចំពោះបញ្ហា​​ទាសភាព ឧក្រិដ្ឋកម្ម ការចាប់ជំរិតជាដើមនោះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន៣៦ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ​​អំពាវនាវឱ្យរដ្ឋាភិបាល​លុបបំបាត់​​រាល់ទម្រង់បទល្មើសទាំងនេះ ដើម្បីធានាសន្តិសុខ ស្ថិរភាពសង្គម និងកិត្តិ​យស​​កម្ពុជា។ ​

ការស្នើនោះ ក្រោយពេលក្រុមអង្គការសង្គមស៊ីវិលទាំងនោះរកឃើញថា មានមនុស្ស​រាប់ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់នៅ​ក្នុង​ស្ថានភាព​ទាំងអស់​នេះ។ ពួកគេត្រូវ​បាន​ចាប់ជំរិត លក់ ជួញដូរ ឬត្រូវ​បាន​បោកបញ្ឆោត​ឱ្យ​ទទួល​បានការ​ងារ​នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែនៅពេល​មកដល់​កម្ពុជា ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​បរិវេណ​អគារ​ធំៗ និង​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ ដែល​ជា​ញឹក​ញាប់​​ជា​ការងារ​ទាក់ទង​នឹង​ប្រតិបត្តិ​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ