ប្រធានាធិបតី​អ៊ុយក្រែន​ស្នើ​ដល់​ក្រុមប្រទេស G7 ឱ្យ​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​បន្ថែមទៀត​លើ​រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) អំឡុងពេលប្រជុំជាមួយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ហៅថា G7 ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Володимир Зеленський )

មន្រ្តីក្នុងតំបន់ [អឺរ៉ុប] មួយរូបបានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នៅថ្ងៃចន្ទនេះ បានស្នើដល់ថ្នាក់ដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ឱ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងបន្ថែមទៀតលើប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ប្រភពដដែលបន្ថែមថា ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានឆ្លៀតឱកាសស្នើដល់ក្រុមប្រទេសទាំងនោះឱ្យមានការផ្ដល់នូវប្រព័ន្ធការពារប្រឆាំងយន្ត​ហោះ និង​ការ​ធានាសន្តិសុខបន្ថែមទៀតដល់ប្រទេសខ្លួនផងដែរ។

ថ្លែងតាមរយៈប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំកំពូលមួយដែលធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានស្នើសុំជំនួយក្នុងការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន និងជំនួយក្នុងការកសាងប្រទេសឡើងវិញផងដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែនកាលពីពេលកន្លងទៅ ធ្លាប់នាំចេញគ្រាប់ធញ្ញជាតិរហូតដល់៦លានតោនក្នុងមួយ​ខែ មុនពេលដែលរុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយ​ធំ​កាលពីខែកុម្ភៈ។ ទោះជាយ៉ាងណា បរិមាណនេះបានធ្លាក់ចុះមកនៅត្រឹមប្រមាណជា១លានតោនប៉ុណ្ណោះនាពេលបច្ចុប្បន្ន។

ទាក់ទិននឹង​ករណី​នេះ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បានព្រមានកាលពីពេលកន្លងទៅថា មនុស្សរាប់លាននាក់អាចនឹងធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន ដោយសារតែការបិទកំពង់ផែសមុទ្រ​ខ្មៅរបស់អ៊ុយក្រែនដោយរុស្ស៊ី។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់ពីរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំមកលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ