CCHR ស្នើ​រដ្ឋាភិបាល​ជាថ្មីទៀត​ស្វែងរក​អ្នកពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​លោកបណ្ឌិត កែម ឡី

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា ហៅកាត់ថា CCHR អំពាវទៅរដ្ឋាភិបាលជាថ្មីទៀត ឱ្យជំរុញទៅស្ថាប័នពាក់ព័ន្ធរបស់ខ្លួនត្រូវ​ស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មលើបណ្ឌិត កែម ឡី មកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ ខណៈអង្គការសង្គមស៊ីវិលមួយនេះនឹងរៀបចំរម្លឹកខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី ពេញមួយខែកក្កដា ខាងមុខនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែមិថុនា ម្សិលមិញ​ថា ស្ថាប័នក្រៅរដ្ឋាភិបាលមួយនេះ នឹងធ្វើពិធីប្រារព្ធខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី ពេញមួយខែកក្កដា​ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា​។

សេចក្ដីប្រកាសដដែលបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ជាឱកាសដែលសាធារណជនអាចចូលរួមប្រកួតប្រជែងកំណាព្យដើម្បីរម្លឹកដល់ការចងចាំលោកបណ្ឌិត កែម ឡី។ ដោយឡែក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា CCHR នឹងប្ដូរគម្របទំព័រហ្វេសប៊ុករបស់ស្ថាប័នខ្លួន ដោយដាក់រូបភាពលោកបណ្ឌិត កែម ឡី ជំនួស។ ថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកក្កដា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងបង្ហោះសម្រង់សម្តីរបស់លោកបណ្ឌិត កែម ឡី លើទំព័រហ្វេសប៊ុករបស់ខ្លួន។ ចំណែកនៅថ្ងៃទី៦ អង្គការសិទ្ធិមនុស្សមួយនេះនឹងរៀបចំពិធីសូត្រមន្ត រាប់បាត្រ ដើម្បីឧទ្ទិសរម្លឹកខួប៦ឆ្នាំ​នៃមរណភាពរបស់លោកបណ្ឌិត។

ជាមួយគ្នានេះ នៅថ្ងៃទី៩ ទី១០ និងពីថ្ងៃ១១ ដល់ថ្ងៃទី៣១ ខែកក្កដា CCHR នឹងចាក់ផ្សាយឡើងវិញនូវវីដេអូដែលមានចំណងជើងថា «កែម ឡី៖ ដំណើរជីវិតរបស់គាត់» និងបង្ហោះសារជាសំឡេងនៃការចងចាំពីសាធារណជន រួមទាំងបង្ហោះសម្រង់សម្ដីរស់លោកក្នុងទម្រង់ជាវីដេអូសំឡេងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ជាដើម។

នាយិកា​​ប្រតិបត្តិមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍បន្ថែមថា ដើមចមដែលនាំឱ្យស្ថាប័នរបស់ខ្លួនធ្វើពិធីរម្លឹកខួប៦ឆ្នាំ និងបង្ហោះសារជារូបភាព សំឡេង និងវីដេអូនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសារលោកបណ្ឌិត កែម ឡី ជាវីរជនដ៏ឆ្នើមរបស់កម្ពុជា។

លោកស្រីបន្តថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងអយុត្តិធម៌ ហើយមានតែឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ តែម្នាក់ប៉ុណ្ណោះដែលត្រូវបានផ្តន្ទាទោស ខណៈអ្នកពាក់ព័ន្ធមិនទាន់ត្រូវបានវែកមុខយកទៅផ្តន្ទាទោសនៅឡើយ។

ករណីនេះ លោកស្រីអំពាវនាវទៅរដ្ឋាភិបាលជំរុញទៅស្ថាប័នពាក់ព័ន្ធធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោស ដើម្បីផ្តល់យុត្តិធម៌ដល់លោកបណ្ឌិត កែម ឡី និងលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។

លោកស្រីអំពាវនាវដូច្នេះថា៖ «ករណីនេះនៅមានមន្ទិលជាច្រើនទៅតាមការសង្កេតការណ៍របស់សហគមន៍ជាតិ និងសហគមន៍អន្តរជាតិ។ យើងសង្ឃឹមថា រដ្ឋាភិបាលគួរតែបន្តស៊ើបអង្កេត ហើយគួរតែបង្កើតនូវគណៈកម្មការមួយដែលឯករាជ្យ ដើម្បីស្វះស្វែងរកយុត្តិធម៌ចំពោះករណីឃាតកម្មហ្នឹង ហើយការធ្វើបែបនេះ វាបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលុបបំបាត់នូវវប្បធម៌និទណ្ឌភាពផងដែរ»។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ​​លោក សាម អ៊ីន មានប្រសាសន៍ថា គណបក្សរបស់លោកគ្រោងរៀបចំ​រម្លឹកខួប៦ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅតាមវត្ត ប៉ុន្តែលោកមិនបានបញ្ជាក់ថាធ្វើនៅក្នុងវត្តណា ហើយមានអ្នកណាចូលរួមខ្លះ និងថ្ងៃជាក់លាក់នោះទេ។

លោកបន្តថា ដើមចមដែលនាំឱ្យគណបក្សនេះធ្វើពិធីរម្លឹកខួបឃាតកម្មលោកបណ្ឌិត កែម ឡី ដោយសារគាត់ជាបិតាស្ថាបនិករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ម្យ៉ាងទៀត នៅពេលលោកបណ្ឌិត​នៅរស់ គាត់ចង់ឃើញសង្គមមួយទទួលបានលទ្ធិប្រជាធិបតេយ្យនិងយុតិ្តធម៌ពិតប្រាកដ។

លោកមានប្រសាសន៍ថា៖ «លោកបណ្ឌិត កែម ឡី គាត់ចង់ឃើញមានយុត្តិធម៌សង្គម ចង់ឃើញប្រជាពលរដ្ឋខ្មែរមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិ ហើយកូនខ្មែរក្រីក្រ គាត់អាចមានសាលារៀន ចាស់ៗឈឺទៅ គាត់មានមន្ទីរពេទ្យព្យាបាលដោយមិនគិតថ្លៃ ជាដើម។ អាហ្នឹងហើយដែលលោកបណ្ឌិត កែម ឡី ចង់បានទាំងអស់ហ្នឹង ហើយយើងខំប្រឹងបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីឱ្យគំនិតកសាងយុត្តិធម៌សង្គមឱ្យវាក្លាយទៅជាការពិត»។

អ្នកនាំពាក្យ​​ក្រ​សួង​យុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា កម្ពុជាជាប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ បើសិនជាសង្គមស៊ីវិលចង់ឱ្យរដ្ឋាភិបាលជួយស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី លុះត្រាតែភាគីឬសាច់ញាតិជនរងគ្រោះមានភស្តុតាងបន្ថែមដាក់ទៅតុលាការតាមរយៈមេធាវីការពារក្តីជាដើម។

ប៉ុន្តែលោកថា បើសង្គមស៊ីវិលគ្រាន់តែលើកឡើងដោយមិនមានភស្តុតាងបង្ហាញច្បាស់ថាអ្នកពាក់ព័ន្ធជានរណាទេ នោះតុលាការមិនអាចវិនិច្ឆយបានទេ។ ផ្ទុយទៅវិញ លោកចាត់ទុកការលើកឡើងរបស់សង្គមស៊ីវិលទាំងនោះថា ធ្វើដើម្បីបំពេញមុខរបរនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។

លោកចាត់ទុកដូច្នេះថា៖ «មែនទែនទៅ យុត្តិធម៌តាមផ្លូវច្បាប់បានផ្តល់ឱ្យហើយ ជនដៃដល់ត្រូវបានរកឃើញនិងត្រូវបានផ្តន្ទាទោស។ បើសិនជាគាត់ថាយុត្តិធម៌មិនពិតប្រាកដទេ ហើយគាត់ថាជនដៃដល់មិនពិតប្រាកដទេ សុំឱ្យគាត់ធ្វើការសហការជាមួយសមត្ថកិច្ចក្នុងការឈានទៅរកជនដៃដល់ពិតប្រាកដ។ ប៉ុន្តែវាអត់មាន! អត់សហការ អត់មានភស្តុតាង ព័ត៌មានណារឹងមាំ ក្រៅពីការចោទប្រកាន់ អាហ្នឹងវាជារបរនយោបាយរបស់សង្គមស៊ីវិលមួយចំនួន មួយក្តាប់តូចនៅកម្ពុជា»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ ទាំងព្រឹកព្រលឹម។

ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កើតឡើងតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពេលលោកបានធ្វើអត្ថាធិប្បាយជុំវិញរបាយការណ៍មួយរបស់អង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានឈ្មោះថា «អាណាចក្រអាជីវកម្មត្រកូលហ៊ុននៅកម្ពុជា»

របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងច្រើននៅកម្ពុជា ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលបញ្ហានេះ លោកបណ្ឌិតយល់ឃើញពេលនោះថា នឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំឬ កាន់អំណាច។

អស់រយៈពេលជិត៦ឆ្នាំកន្លងមកនេះ ​​​ព្រឹត្តិការណ៍សម្លាប់លោកបណ្ឌិត កែម ឡី គឺមានតែឃាតករម្នាក់ប៉ុណ្ណោះឈ្មោះ អឿត អាង ហៅខ្លួនឯង «ជួប សម្លាប់» ដែលត្រូវបានចាប់ខ្លួន ហើយតុលាការបានផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិត។

មន្ត្រីតុលាការ និងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ធ្លាប់អះអាងថា សំណុំរឿងនេះត្រូវបានបែងចែកជាពីរ ដោយទីមួយ ករណី ជួប សម្លាប់ ដែល​តុលាការកាត់ទោសឱ្យជាប់គុកអស់មួយជីវិតនោះ ត្រូវបានបិទបញ្ចប់ និងករណីមួយទៀត គឺរកអ្នកពាក់ព័ន្ធជាមួយឃាតករ ជួប សម្លាប់។ ទោះបីជាយ៉ាងណា មកទល់ពេលនេះ មន្ត្រីជំនាញនៅមិនទាន់បង្ហាញលទ្ធផលស្រាវជ្រាវក្នុងសំណុំរឿងអ្នកពាក់ព័ន្ធនឹង ជួប សម្លាប់ ឡើយ ខណៈក្រុមគ្រួសារលោកបណ្ឌិត កែម ឡី និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន ​នៅតែទទូចរកយុត្តិធម៌ពិត ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ