អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា ការរឹតត្បិតសេរីភាពសារព័ត៌មាន តាមរយៈអាជ្ញាធរបានបណ្ដេញអ្នកសារព័ត៌មាន និងបង្ខំឱ្យពួកគេលុបរូបភាពឬវីដេអូដែលថតបាន នៅពេលអ្នកទាំងនោះចុះរាយការណ៍ផ្ទាល់នៅទីតាំងសាធារណៈ គឺជាការរំលោភបំពានធ្ងន់ធ្ងរទៅលើសេរីភាពអ្នកសារព័ត៌មាន។
ការបង្ហាញកង្វល់នេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានបណ្ដេញអ្នកសារព័ត៌មានវីអូឌី (VOD) និងអ្នកសារព័ត៌មានផ្សេងទៀត ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលផង ចេញពីកន្លែងកូដកម្មណាហ្គាវើលដ៍ កាលពីម្សិលមិញ។ លើសពីនេះ កម្លាំងសន្តិសុខខណ្ឌក៏បានគំរាមកំហែង និងបង្ខំឱ្យអ្នកសារព័ត៌មានវីអូឌីលុបរូបភាពនិងវីដេអូសកម្មភាពអាជ្ញាធរនៅទីសាធារណៈនោះ ស្របពេលការរឹតត្បិតបែបនេះមិនមែនជាលើកទី១ទេដែលបានកើតឡើងលើអ្នកសារព័ត៌មានវីអូឌី។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ចាត់ទុកសកម្មភាពសមត្ថកិច្ចបណ្តេញអ្នកសារព័ត៌មានចេញពីកន្លែងយកព័ត៌មានកូដករណាហ្គា និងបង្ខំឱ្យអ្នកសារព័ត៌មានលុបវីដេអូទិដ្ឋភាពសមត្ថកិច្ចនៅទីតាំងតវ៉ាជាសាធារណៈ ថាជាការអនុវត្តមិនត្រឹមត្រូវ។ លោកបន្តថា អាជ្ញាធរថ្នាក់ក្រោមប្រតិបត្តិតួនាទីមិនស៊ីចង្វាក់នឹងគោលការណ៍ថ្នាក់លើឡើយ។ លោកថា សកម្មភាពនេះបង្ហាញថា សមត្ថកិច្ចមូលដ្ឋានទាំងនោះខ្វះការយល់ដឹងទូលំទូលាយពីភារកិច្ចនិងសិទ្ធិរបស់អ្នកសារព័ត៌មាន។
យ៉ាងណា អ្នកជំនាញផ្នែកសារព័ត៌មានរូបនេះយល់ថា ហេតុផលអាចមកពីសមត្ថកិច្ចថ្នាក់ក្រោមទាំងនោះមិនបានដឹងថា អ្នកសារព័ត៌មានអាចធ្វើអ្វីបានខ្លះ ហើយមួយទៀត គឺពួកគេដឹងពីតួនាទីហើយ ប៉ុន្តែនៅតែបំពាន។
លោកថា៖ «អ្នកសារព័ត៌មាន នៅពេលដែលគាត់ចុះទៅយកព័ត៌មានហ្នឹង គឺគាត់តែងតែមានបណ្ណសម្គាល់ខ្លួន ដែលបណ្ណសម្គាល់ហ្នឹងចេញដោយស្ថាប័ន ចេញដោយក្រសួងព័ត៌មានអ៊ីចឹងទៅទៀត។ នៅពេលដែលប្រើប្រាស់បណ្ណសម្គាល់ខ្លួន ហើយទៅយកព័ត៌មាននៅទីសាធារណៈ ត្រូវបានហាមឃាត់ រឹតត្បិតម្តងហើយម្តងទៀតបែបនេះ វាជាការរំលោភបំពានធ្ងន់ធ្ងរទៅដល់ការអនុវត្តសេរីភាពរបស់អ្នកសារព័ត៌មាន ហើយនិងបង្ហាញអំពីការគំរាមកំហែងដែរទៅដល់ការអនុវត្តតួនាទីនិងភារកិច្ចរបស់អ្នកសារព័ត៌មាន»។
បើតាមលោក ណុប វី ដើម្បីដោះស្រាយបញ្ហានេះ មានតែមន្ត្រីថ្នាក់លើបើកការអប់រំ បណ្តុះបណ្តាល ឱ្យថ្នាក់ក្រោមយល់ដឹងពីសិទ្ធិ តួនាទី ភារកិច្ចរបស់ខ្លួនឯងផ្ទាល់ និងអ្នកសារព័ត៌មានឱ្យច្បាស់ ចៀសវាងការរំខានដល់ការងារអ្នកសារព័ត៌មាន។ លោកបន្ថែមថា តាមច្បាប់ គឺអ្នកសារព័ត៌មានអាចថតនៅទីសាធារណៈបាន ដោយមិនចាំបាច់សុំការអនុញ្ញាតពីនរណាឡើយ លុះត្រាកន្លែងឯកជន។
លោកថា ការដែលសមត្ថកិច្ចព្យាយាមគំរាមកំហែងអ្នកសារព័ត៌មានតាមគ្រប់រូបភាព នឹងជះឥទ្ធិពលមិនល្អ ហើយជាការបន្ទុចបង្អាក់ដល់ការផ្តល់ព័ត៌មានជូនសាធារណជន ព្រមទាំងផ្ទុយពីគោលនយោបាយរដ្ឋាភិបាល។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា ចាត់ទុកការដែលអាជ្ញាធររំខានការងារអ្នកសារព័ត៌មានថា ជាការមិនយល់ពីតួនាទីរបស់អ្នកសារព័ត៌មាន។ លោកថា តាមពិត មន្ត្រីថ្នាក់លើបានយល់ហើយ តែថ្នាក់ក្រោមមិនទាន់យល់ពីតួនាទីរបស់ខ្លួន។ ហេតុនេះ ទើបក្រសួងព័ត៌មានជំរុញឱ្យមានការជួបជជែកតាមវេទិកានានាដើម្បីឱ្យយល់ពីគ្នា។
បើតាមលោក ប៉ែន បូណា អាជ្ញាធរអាចបារម្ភពីការថតផ្សាយរូបភាពរបស់គាត់ដែលកំពុងប៉ះទង្គិចជាមួយក្រុមកូដករ ទើបព្យាយាមរឹតត្បិតអ្នកសារព័ត៌មានមិនឱ្យថត។
បែបនេះក្តី លោកថា អ្នកសារព័ត៌មានគួរវៃឆ្លាត មានវិធីថតរូប ដោយកុំទៅកៀកពេក ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងត្រូវមានទម្លាប់សហការជាមួយអាជ្ញាធរ។
លោកថា៖ «ការថតរូបភាពយកព័ត៌មានអីដែលកើតនៅជាទីសាធារណៈហ្នឹង ជាទូទៅ អ្នកសារព័ត៌មានយើងអាចថតយកបាន ពីព្រោះវានៅក្នុងទីសាធារណៈ ដែលមិនស្ថិតនៅក្នុងកន្លែងគេហាមឃាត់។ ដូច្នេះ យើងមានសិទ្ធិក្នុងការថតរូប ផ្តិតយកព័ត៌មានបាន។ ប៉ុន្តែជួនកាល អាជ្ញាធរសមត្ថកិច្ចខ្លះ លោកមិនទាន់បានយល់អំពីសិទ្ធិទាំងអស់ហ្នឹង ហើយគាត់ក៏មានការចេញសកម្មភាពអីមួយឬវិធានការអីមួយដែលគាត់ជ្រុល និយាយទៅ គាត់អត់ចង់ឱ្យមានផ្សាយរូបភាពហ្នឹង។ ហើយអ៊ីចឹងទេ បានជាកន្លងទៅ ឃើញមានគាត់ហាមឃាត់ ឬក៏គាត់មិនអនុញ្ញាត»។
ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ទទួលស្គាល់ថា សមត្ថកិច្ចថ្នាក់ក្រោមមួយចំនួនពិតជាមិនបានយល់ដឹងពីតួនាទីរបស់ខ្លួន ហើយបានអនុវត្តប្រាសចាកពីភារកិច្ច។ បញ្ហានេះ លោកថា ទាមទារឱ្យក្រសួងព័ត៌មានជជែកជាមួយក្រសួងមហាផ្ទៃ សមត្ថកិច្ច និងស្ថាប័នមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយឱ្យពួកគេបានយល់ និងដើម្បីកុំឱ្យសមត្ថកិច្ចមួយចំនួនរឹតបន្តឹងខុសគោលការណ៍ចំពោះអ្នកសារព័ត៌មានតទៅទៀត។
លោកថា៖ «ខ្ញុំបានជជែកការងារនេះដែរ ប្រហែលជាអាចថា សមត្ថកិច្ចថ្នាក់ក្រោមអីគាត់អត់បានយល់ដឹងអំពីបញ្ហាហ្នឹងដែរ។ អ៊ីចឹងខ្ញុំមានគំនិតដែរ ប៉ុន្តែមិនទាន់បានសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីអនុវត្តនៅឡើយទេ។ អ៊ីចឹងប្រហែលជាយើងថ្នាក់ដឹកនាំនៅតាមអង្គភាពមួយៗ គាត់ពិបាកដោះស្រាយ ឬជួនកាលគាត់មានបញ្ហាចែកមិនដាច់រវាងអ្នកសារព័ត៌មាន ឬក៏ជាមួយប្រជាពលរដ្ឋចូលតវ៉ាអ៊ីចឹង។ អ៊ីចឹងប្រហែលជាខ្ញុំទាមទារឱ្យមានជា Tools [ការកំណត់អត្តសញ្ញាណ] ជាអី ចេញដោយក្រសួង សម្រាប់បញ្ជាក់ថា អ្នកដែលចូលទៅយកព័ត៌មាននៅក្នុងទីតាំងទាំងអស់ហ្នឹងត្រូវតែមានអីដែលគេអាចមើលពីចម្ងាយទៅដឹងបានអ៊ីចឹង»។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បដិសេធការលើកឡើង ដែលថាអាជ្ញាធរខណ្ឌរឹតត្បិត មិនឱ្យអ្នកសារព័ត៌មានផ្តិតយកទិដ្ឋភាពទូទៅនៅកន្លែងកូដកម្មណាហ្គា។ លោកថា មិនមានការរឹតត្បិតព័ត៌មានអ្វីទេ លើកលែងតែរង្វង់ប្រតិបត្តិការកំពុងបំពេញការងារ គឺអាជ្ញាធរបារម្ភថាមានបាតុភាពណាមួយដែលមិនអាចដឹងមុនកើតឡើងជាយថាហេតុប៉ុណ្ណោះ។
លោកថា៖ «មិនមានការរឹតត្បិតព័ត៌មានអ្វីទេ លើកលែងតែរង្វង់ប្រតិបត្តិការកំពុងបំពេញការងារក៏ដោយ ខ្លាចមានបាតុភាពណាមួយដែលមិនអាចដឹងមុនកើតឡើងប៉ះពារជាយថាហេតុតែប៉ុណ្ណោះ។ ហើយនេះក៏ជាភារកិច្ចរបស់ពួកគាត់ ដើម្បីរក្សាសុវត្ថិភាពជូនអ្នកទាំងអស់គ្នាតែប៉ុណ្ណោះ។ គួរកុំចូលជិតរង្វង់ដែនប្រតិបត្តិការការងារ អាចថតពីចម្ងាយ ព្រោះកាមេរ៉ាសម័យនេះថតបានល្អៗណាស់។ ណាមួយរឿងសុវត្ថិភាពយើងខ្លួនឯង»។
អ្នកសារព័ត៌មានសេរីដែលធ្លាប់ចុះយកព័ត៌មានអំពីសកម្មភាពធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកនាង កាន់ វិច្ឆិកា លើកឡើងថា ជាទូទៅ សន្តិសុខដែលចាំឃ្លាំមើលនៅទីតាំងតវ៉ានោះ តែងតែរឹតត្បិតមិនឱ្យអ្នកសារព័ត៌មានបានផ្តិតយករូបភាពទេ។ ជាក់ស្តែង អ្នកនាងផ្ទាល់ តែងតែរងការបណ្តេញចេញ យកអាល់កុលបាញ់លើកាម៉េរា និងរំខានតាមរូបភាពផ្សេងៗទៀត ដោយអាជ្ញាធរមិនបានបញ្ជាក់ពីហេតុផលនោះឡើយ។
អ្នកនាង កាន់ វិច្ឆិកា យល់ថា អាជ្ញាធរនៅតែអនុវត្តលើសពីច្បាប់ និងលើសពីអ្វីដែលថ្នាក់លើបញ្ជា ខណៈអ្នកសារព័ត៌មានមានសិទ្ធិផ្តិតយក ប៉ុន្តែសន្តិសុខនៅខណ្ឌដូនពេញ តែងតែហាមឃាត់ និងរំលោភសិទ្ធិ។ យ៉ាងណា អ្នកនាងថា ការរំលោភសិទ្ធិ រិតត្បិតនេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសារព័ត៌មានរួចទៅហើយ។
អ្នកនាងថា៖ «សាលារាជធានី ឬមួយក៏អាជ្ញាធរថ្នាក់លើអីជាដើមហ្នឹង គួរតែមានការប្រមូលផ្តុំពួកគាត់ ឫក៏ហៅប្រជុំគ្នា ឬក៏យ៉ាងហោចណាស់ក៏មានការបញ្ជា ឬក៏លិខិតអីណាមួយបញ្ជាក់ប្រាប់ពួកគាត់ថា គួរតែមានការអនុវត្តយ៉ាងម៉េចជាមួយអ្នកសារព័ត៌មាន។ ឬក៏អាចប្រាប់ពួកគាត់ថា កុំរារាំង ឬក៏កុំឃាត់អ្នកសារព័ត៌មាន ដូចអ្វីដែលពួកគាត់បាននិងកំពុងធ្វើ គឺត្រូវតែធានាថា អ្នកសារព័ត៌មានអាចទៅយកព័ត៌មានប្រកបដោយសិទ្ធិនិងសេរីភាពពេញលេញ ហើយមិនមានការហាមឃាត់ មិនមានការបង្ខំឱ្យលុបរូបភាពឬក៏វីដេអូអីជាដើម»៕