អ្នកជំនាញអភិបាលកិច្ច រិះគន់ការបង្កើនចំនួនគណៈអភិបាលរាជធានី-ខេត្តនិងថ្នាក់ក្រោមជាតិថានឹងប៉ះពាល់ដល់ចំណាយចរន្ត

សាលាខេត្តកំពង់ឆ្នាំង។ (ហេង វិចិត្រ)

ក្រុមអ្នកជំនាញអភិបាលកិច្ច និងគោលនយោបាយ មើលឃើញថា ការបង្កើនគណៈអភិបាល​​រាជ​​ធា​​​​នី-ខេត្ត និងគណៈអភិបាលនៅថ្នាក់ក្រោមជាតិ ដែលមានចំនួនច្រើនជាងអាណត្តិមុនៗនោះ គឺជា​​យុទ្ធ​​​​សាស្រ្តនយោបាយច្រើនជាងប្រសិទ្ធភាពការងារ ហើយក៏នាំឱ្យការចំណាយ​​ចរន្តកាន់តែ​​មាន​​​ទំ​​​​​ហំធំ​ជាងមុនដែរ​ ខណៈចំណូលសេដ្ឋកិច្ចជាតិស្ថិតក្នុងកម្រិតដែលមិនទាន់សមាមាត្រទៅនឹង​​​តួលេខដែលរដ្ឋាភិបាលបានបង្កើនចំនួននេះនៅឡើយ។

នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ឱ្យដឹងថា លោកមិនជំទាស់ទៅនឹង​​ការ​​កែ​​ទម្រង់គោលនយោបាយ ដែលរដ្ឋាភិបាលដាក់ចេញនៅពេល​​នេះនោះទេ ប៉ុន្តែការបង្កើនចំនួនគ​​​ណៈ​​​​អភិបា​​ល​​​​រាជធានី-ខេត្ត រហូតដល់ការបង្កើនគណៈអភិបាលនៅថ្នាក់ក្រោមជាតិបន្ថែ​​ម​​ទៀត​​នេះ វាប្រាកដណាស់នឹងជំរុញឱ្យការចំណាយថវិកាជាតិកាន់តែមានទំហំជាងមុន។

បើតាមលោក ប៉ិច ពិសី បើគេពិនិត្យទៅលើប្រសិទ្ធភាពការងារ ប្រហែលជាមិនអាចមាន​​ភាព​​ជឿន​​​លឿនប៉ុន្មានទេ ព្រោះចំនួនមន្រ្តីនៅតាមស្ថាប័នរដ្ឋបច្ចុប្បន្ននេះក៏មានចំនួនមិនតិច​​នោះ​​ដែរ​​។ ប៉ុ​​​ន្តែ​ពួកគេមានភាពមិនស្មោះត្រង់ លួចទៅធ្វើការងារក្រៅ ដោយទុកកន្លែងឱ្យនៅទំនេរ តែនៅអាច​​បើ​​ក​​ប្រាក់​បៀវត្សពីស្ថាប័នដែលខ្លួនកំពុងបំពេញការងារបានដដែល។

​​លោ​កបន្តថា៖ «នៅក្នុងតួលេខមន្រ្តីរាជការសរុបហ្នឹង មន្រ្តីដែលសកម្មហើយធ្វើការមានប្រសិទ្ធភាពហ្នឹងប្រហែលជានៅមានកម្រិត មានន័យថា មន្រ្តីមួយចំនួនលួចម៉ោងរដ្ឋ ហើយគាត់ទៅធ្វើការផ្សេង ប៉ុន្តែគាត់ទទួលប្រាក់ខែពេញ។ អ៊ីចឹងមានន័យថា យើងបច្ចុប្បន្ននេះ យើងប្រើប្រាស់សក្ដានុពលមន្រ្តី​​សាធារណៈហ្នឹងអត់គ្រប់ផងហ្នឹង។ អ៊ីចឹងយើងគួរតែបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់មន្រ្តីហ្នឹងឱ្យអស់សក្ដានុពល ហើយប្រើប្រាស់ពេលវេលាគាត់ឱ្យគ្រប់ ដើម្បីកុំឱ្យគាត់លួចបន្លំម៉ោងនិងពេល​​វេលាជាដើម »។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ សម្រេចបង្កើនគណៈអភិ​​បា​ល​​​​រាជធានី-ខេត្ត និងគណៈអភិបាលនៅថ្នាក់ក្រោមជាតិ មានក្រុង ស្រុក និងខណ្ឌបន្ថែម លើ​​គណៈ​​​អភិបាលដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន។

តាមសំណើរបស់ក្រសួងមហាផ្ទៃ រដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យមួយថ្មីទៀតនៅឆ្នាំ​២០​​២​​២​​​នេះ។ អនុក្រឹត្យថ្មីនេះ គណៈអភិបាលរាជធានីខេត្តកើនចំនួន១០០នាក់ ពី១៧៥ កាលពីអា​​ណត្តិមុន មក២៧៥នាក់សម្រាប់អាណត្តិថ្មីនេះ។ ដោយឡែក សម្រាប់គណៈអភិបាលក្រុង ស្រុក និងខណ្ឌ វិញ កើនចំនួន៤០៨នាក់ ពី១ ០២០នាក់កាលពីអាណត្តិមុន មក១ ៤២៨នាក់សម្រាប់អាណត្តិថ្មីនេះ។

សេចក្តីសម្រេចដដែលឱ្យដឹងថា សម្រាប់រាជធានីនិងខេត្ត គឺរដ្ឋាភិបាលបានបង្កើនអភិបាលរងរាជធានីនិងខេត្តចំនួន៤នាក់បន្ថែម លើតួនាទីជាអភិបាលរងដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នចំនួន៦នាក់។ ចំណែកគណៈអភិបាលនៅថ្នាក់ក្រោមជាតិ មានក្រុង ស្រុក និងខណ្ឌ គឺបានបង្កើន​អភិ​​បាល​​​​រងចំនួន២រូបបន្ថែមទៀត លើតួនាទីដែលមានស្រាប់ ជាអភិបាលរងចំនួន៤នាក់។ ការបង្កើនតួលេខជាអភិបាលរងនេះបានធ្វើឱ្យចំនួនអភិបាលរងសម្រាប់រាជធានីនិងខេត្ត មានកំណើនរហូតដល់១០នាក់ ខណៈដែលអភិបាលរងសម្រាប់ក្រុង ស្រុក និងខណ្ឌ មានចំនួន៦រូប។

វីអូឌី មិនអាចស្នើសុំការបំភ្លឺជុំវិញរឿងនេះបន្ថែមពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងលោក ព្រំ សុខា រដ្ឋមន្រ្តីនៃក្រសួងមុខងារសាធារណៈ បានទេ នៅថ្ងៃអង្គារនេះ។ ប៉ុន្តែនៅក្នុងការ​អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ កាលពីដើមខែមេសា ឆ្នាំ២០២២ គឺច្បាប់នេះមានភាពចាំបាច់ ដើម្បីជំរុញ​ឱ្យការបម្រើសេវាសាធារណៈកាន់តែកៀកនឹងមូលដ្ឋាន។

បើទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុនណា យល់ឃើញថា ការបង្កើនចំនួនអភិបាលរងបន្ថែមកាន់តែធំជាងមុននៅតាមស្ថាប័នរដ្ឋនេះ វាជាយុទ្ធសាស្រ្តខាងនយោបាយច្រើនជាងដើម្បីប្រសិទ្ធភាពការងារ។

បើតាមលោក វណ្ណ ប៊ុនណា ការសម្លឹងទៅលើគុណភាពការងារទំនងជាមិនសូវមានទេ ក្នុងពេលចំ​​នួនមន្រ្តីដែលស្រាប់ដូចសព្វថ្ងៃនេះ វាល្មមគ្រប់គ្រាន់ដែលអាចបម្រើសេវាសាធារណៈបានហើ​​យ​​​​។ ប៉ុន្តែអ្វីដែលជាយុទ្ធសាស្រ្តនោះ បើតាមលោក ប៊ុនណា គឺនេះជារបៀបដែលគណបក្សកាន់អំ​​ណា​ច រៀបចំឡើងដើម្បីគ្រប់គ្រងកម្រិតថ្នាក់រាជធានីខេត្ត រហូតដល់ព្រឹទ្ធសភា ឱ្យមានភាពរឹងមាំជា​ង​​មុនបន្ថែមទៀតប៉ុណ្ណោះ។

លោកបន្តថា៖ «ខ្ញុំមើលឃើញថា ទិដ្ឋភាពបែបនេះគឺជាការពង្រឹងកម្លាំងនយោបាយរបស់គណបក្សកាន់អំណាចច្រើនជាង ជាជាងផ្តល់សេវាកម្មសាធារណៈទៅដល់ប្រជាជន។ បើយើងឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង ប្រសិនបើធៀបនឹងបណ្តាប្រទេសផ្សេងៗ ប្រទេសដែលគេអភិវឌ្ឍមែនទែន គេមានមន្រ្តីគ្រប់គ្រងសេវារដ្ឋបាលសាធារណៈមានចំនួនតិច ប៉ុន្តែផ្តល់ប្រសិទ្ធភាពការងារឱ្យប្រជាព​ល​​​​រដ្ឋបានច្រើន។ ក្នុងកាលៈទេសៈបែបនេះ សម្រាប់កម្ពុជា ខ្ញុំគិតថា នេះគឺជាការពង្រឹងអំណាច និងជាការផ្តល់ប្រយោ​​ជន៍​​​​ទៅឱ្យសមាជិកគណបក្ស ដើម្បីឱ្យមានភាពស្មោះត្រង់ក្នុងការបម្រើគោលន​​យោ​​​​​បាយ​បក្ស ក៏ដូចជាបម្រើផលប្រយោជន៍បក្សក្នុងការបន្តការកាន់កាប់អំណាចតទៅមុខទៀត។ នេះគឺជាយុទ្ធសាស្រ្តដែលគណបក្សកាន់អំណាច គាត់ធ្វើមកជាយូរហើយ ទាក់ទងការបង្កើនចំនួនកៅអី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងស្រុក ខេត្ត ខណ្ឌ និងក្រសួងនានាផងដែរ »។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ចាត់ទុកថា ការលើកឡើងរបស់អ្នកជំ​​នា​ញផ្នែកអភិបាល​កិច្ចនិងគោលនយោបាយនេះ គឺវាគ្រាន់តែជាសិទ្ធិនៃការបញ្ចេញមតិប៉ុណ្ណោះ។ ប៉ុន្តែ​សិទ្ធិនេះ វាមិនអាចមានឥទ្ធិពលណាមួយដល់ការសម្រេចចិត្តរបស់គណបក្សនយោបាយដែលដឹកនាំរដ្ឋាភិបាលទេ។

លោកបន្តថា ប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផង ប្រាកដណាស់គឺមា​​ន​​​​របៀបដឹកនាំផ្សេងៗគ្នា នៅពេលណាមានអ្នកដឹកនាំថ្មីឡើងកាន់អំណាចបន្ត។ ក្នុងន័យនេះ គឺអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានលក្ខណៈនិងបែបបទខុសៗគ្នា។

លោកបន្តថា៖ «ការលើកឡើងវាជាសិទ្ធិសេរី និងជាការបញ្ចេញមតិរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែសេរីភាព​​ហ្នឹង គាត់អត់មានកាតព្វកិច្ចក្នុងការទទួលខុសត្រូវផងហ្នឹង។ ប៉ុន្តែសម្រាប់គណបក្សណាដែលគេឈ្នះដឹកនាំឃុំ ឬសង្កាត់ ឬដឹកនាំប្រទេសទាំងមូល គេមានទាំងសិទ្ធិ និងទាំងកាតព្វកិច្ច និងភារកិច្ចនៃការទទួលខុសត្រូវ។ អ៊ីចឹងវាមិនដូចគ្នាទេ បើដូចគ្នាដដែល យើងចាំបាច់មានពហុបក្សធ្វើអី »។

បើទោះជាបែបណា សម្រាប់លោក ប៉ិច ពិសី នៅតែយល់ឃើញថា ការបង្កើនចំនួនគណៈអភិបាលរាប់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនេះ វានឹងធ្វើឱ្យការចំណាយចរន្តកាន់តែរីកធំជាងមុន។ តែភាពចាំបាច់ដែលលោកមើលឃើញនៅពេលនេះ គឺរដ្ឋាភិបាលគួរបង្កើនចំណេះនិងជំនាញសម្រា​​ប់​តាមបែបថ្មី ទំនើប និងជឿនលឿន ចំពោះមន្រ្តីដែលមានស្រាប់ ទំនងជាមានប្រសិទ្ធភាពជាង​​។​

បើគេពិនិត្យអំពីថវិកាជាតិដែលកម្ពុជាត្រូវប្រើប្រាស់ទៅលើការចំណាយចរន្តសម្រាប់ឆ្នាំ២០២២នេះ រដ្ឋាភិបាលនៅតែត្រូវចាំបាច់ក្នុងការខ្ចីបុលពីបរទេស និងអង្គការដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើ​​ម្បី​​បំពេញភាពខ្វះខាតទៅលើចំណូលពន្ធ​​ដែលរដ្ឋរកបាន។ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០​​២​​១ គណៈរដ្ឋមន្រ្តីបានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញថា រដ្ឋាភិបាលត្រូវការខ្ចីបុលក្នុងទំហំទឹ​ក​​​​ប្រាក់ប្រមាណ២ ២០០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីមកបង្គ្រប់ភាពខ្វះខាត សម្រាប់គម្រោងថវិកាជាតិ ឆ្នាំ២០២២ ដែលមានជាង៨ពាន់លានដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ