សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញជាច្រើននាក់ បានបន្តដាក់រនាំងដើម្បីរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានចេញធ្វើកូដកម្មទាមទាររកដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន។
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ១០០នាក់ នាថ្ងៃអង្គារនេះ បានចេញធ្វើកូដកម្មជាថ្មីទៀត បើទោះបីរងការរុញច្រាន និងរារាំងពីសំណាក់អាជ្ញាធររាជធានីភ្នំពេញក៏ដោយ។
កូដករម្នាក់ក្នុងចំណោមកូដករជាង ១០០នាក់ បានប្រាប់អ្នកសារព័ត៌មាននៅជិតស្ថានទូតរុស្ស៊ី អំឡុងសមត្ថកិច្ចរារាំងពួកគេមិនឱ្យដើរទៅជិតក្រុមហ៊ុនថា សមត្ថកិច្ចមិនបានជួយសម្រួលផ្លូវ និងការពារពួកគាត់ទេ ហើយថែមទាំងប្រើប្រាស់អំពើហិង្សាលើពួកគាត់ទៀត។ កញ្ញាបង្ហាញការខកចិត្តដែលក្រុមសមត្ថកិច្ចជាបុរសប្រើប្រាស់ អំពើហិង្សា និងបន្តរារាំងពួកគាត់ទៅប្រមូលផ្ដុំតវ៉ានៅក្រុមហ៊ុន។
កញ្ញាបញ្ជាក់ថា ពួកគាត់បន្តចេញធ្វើកូដកម្មនេះ ដោយសារវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ មិនទាន់ត្រូវបានដោះស្រាយ បើទោះបីជាកន្លងមក ពួកគាត់បាននាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធឱ្យជួយក៏ដោយ។
កាលពីសប្តាហ៍មុន កូដករណាហ្គា បាននាំគ្នាដាក់ញត្តិទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីស្នើដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នមួយនេះ ជួយអន្តរាគមន៍រកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលអូសបន្លាយជាង១ឆ្នាំមកហើយ។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះ បានកើតឡើងក្រោយពេលដែលក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩៕












