លោក ស ខេង បារម្ភ​អន្តរជាតិ​ដាក់​ធនាគារជាតិ​កម្ពុជា​ក្នុង​បញ្ជីខ្មៅ​ដែល​ធ្វើ​ឱ្យ​ប្រឈម​ហានិភ័យ​ធំធេង

លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភខ្លាចអន្តរជាតិដាក់ធនាគារជាតិនៃកម្ពុជាក្នុងបញ្ជីខ្មៅ ជាហេតុធ្វើឱ្យ​ប្រឈមហានិភ័យធំធេងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ប្រសិនបើសមត្ថកិច្ចមិនស្រាវជ្រាវឱ្យដល់ឫសគល់ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះទេ។

ការបង្ហាញក្ដីបារម្ភរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ក្នុងឱកាសលោកចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា បញ្ហា​គ្រឿងញៀននេះ វាជាបញ្ហាមួយដែលផ្សារភ្ជាប់នឹងការអនុវត្តគោលការណ៍របស់អង្គការសហប្រជាជាតិ ទាក់ទង​ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម​ និងសម្អាតប្រាក់ ទប់ស្កាត់កុំឱ្យមានការរីកសាយអាវុធប្រល័យផងដែរ ស្របពេលដែលកម្ពុជាក៏ជាប្រទេសហត្ថលេខីក្នុងការប្រយុទ្ធប្រឆាំងអំពើទាំង​នេះ។ ​

លោកថា បទល្មើសគ្រឿងញៀនជាបទល្មើសមួយដែលក្រុមឧក្រិដ្ឋជនស្រូបយកប្រាក់កម្រៃ និងធនធានជាច្រើន ដើម្បីយកទៅបម្រើលើកិច្ចការផ្សេងៗទៀត ក្នុងនោះអាចយកទៅពង្រីកអាវុធមហាប្រល័យ ​ខណៈបច្ចុប្បន្ន កម្ពុជាត្រូវបានអន្តរជាតិដាក់ក្នុងបញ្ជីប្រផេះ ពាក់ព័ន្ធ​រឿងហិរញ្ញវត្ថុនៅធនាគារ។

លោក ស ខេង បញ្ជាក់ថា រឿងហិរញ្ញវត្ថុនេះជាដើមចមដែលធ្វើឱ្យអន្តរជាតិដាក់កម្ពុជាក្នុងបញ្ជីប្រផេះរហូតដល់បច្ចុប្បន្ន។ លោកបន្តថា ប្រសិនបើ​​កម្ពុជាមិនអាចដោះស្រាយបញ្ហានៃការលាងលុយកខ្វក់បានទេ ​អន្តរជាតិនឹងដាក់ធនាគារជាតិនៃកម្ពុជាក្នុងបញ្ជីខ្មៅ ដែលធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍មួយនេះប្រឈមហានិភ័យធំ សម្រាប់ផ្នែកសេដ្ឋកិច្ចនិងនយោបាយជាក់ជាមិនខាន។

ករណីនេះ លោកស្នើទៅសមត្ថកិច្ចស្រាវជ្រាវឱ្យដល់ឫសគល់នៃម្ចាស់ក្រុមហ៊ុន ដែលសមត្ថកិច្ចបានបង្រ្កាប និងរឹបអូសគ្រឿងញៀនបាន​។

លោកថា៖ «ម្ចាស់ក្រុមហ៊ុនមានរោងចក្រនៅណា មានដីធ្លីប៉ុន្មាន មានផ្ទះសម្បែង​ប៉ុន្មាន មានលុយកាក់ដាក់ធនាគារអីណាប៉ុន្មាន ព្រោះធនាគារយើងប្រហែសដែរ។ អ៊ីចឹងមានន័យថា ជួនអីអ្នករកស៊ីគ្រឿងញៀនបញ្ជូនលុយក្នុងធនាគារនេះ ដែលនាំឱ្យធនាគារប្រផេះ ហើយបើរឿងហ្នឹង រឿងបណ្ដោយទៀត ធនាគារនឹងទៅជាខ្មៅតែម្ដង។ បើធនាគារជាតិខ្មៅ ធនាគារទាំងអស់គឺខ្មៅទាំងអស់។ បើខ្មៅហើយ យើងប្រើលុយអត់បានទេ ពីមុនយើងធ្លាប់ប្រើមួយម៉ោងឬកន្លះម៉ោងបាន ចុះហត្ថលេខាលើសែកបើកយកលុយយើង ប៉ុន្តែឥលូវអត់។ គេមិនមែនហាមឃាត់យើងទេ ប៉ុន្តែយើងបើកអត់បាន គេត្រូវត្រួតពិនិត្យយ៉ាងហោចមួយអាទិត្យ មួយខែ ឬពីរខែ ដើម្បីដឹងពីប្រភពនៃថវិកានោះ វាត្រឹមត្រូវឬមិនត្រឹមត្រូវ នេះ​ហើយជាបញ្ហា»។

នាយកប្រតិបត្តិអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាស្ថិតនៅក្នុងបញ្ជីប្រផេះនៅឡើយ។ លោកថា បើទោះរដ្ឋាភិបាល​បានជំរុញការអនុវត្តច្បាប់ គោលការណ៍គតិយុត្ត ព្រមទាំងមានកិច្ចសហការរវាងវិស័យសាធារណៈនិងវិស័យឯកជនក្ដី ប៉ុន្តែកម្ពុជានៅមិនទាន់ងើបខ្លួនចេញរួចពីបញ្ជីប្រផេះនោះទេ។ 

លោកបន្តថា កន្លងមក អនុសាសន៍របស់លេខាធិការដ្ឋាន​​បោស​​សម្អាត​លុយ​កខ្វក់​អន្តរជាតិដែលបានដាក់ចេញ ​កម្ពុជាបានអនុវត្តមួយចំនួនហើយ ខណៈអនុសាសន៍មួយចំនួនទៀត កម្ពុជានៅមិនទាន់បានអនុវត្តនៅឡើយទេ។

លោក ពិសី បញ្ជាក់ថា កម្ពុជាអាចរួចផុតពីការដាក់ក្នុងបញ្ជីប្រផេះ និងមិនឱ្យធ្លាក់ចូលក្នុងបញ្ជីខ្មៅទៅបាន លុះត្រាតែកម្ពុជាអនុវត្តទៅតាមអនុសាសន៍របស់ក្រុមឃ្លាំមើលការលាងលុយកខ្វក់ពិភព​លោក (Fin​ancial  Action Task force​) ហៅកាត់ FATF ដែលបានដាក់ឱ្យកម្ពុជាអនុវត្តក្នុងការទប់ស្កាត់ការលាងលុយកខ្វក់។

លោកថា៖ «សម្រាប់កម្ពុជាជារឿងធំ បើសិនជាកម្ពុជាធ្លាក់ក្នុងបញ្ជីខ្មៅ[ទៀតព្រោះ]បញ្ជីប្រផេះធ្ងន់ធ្ងរទៅហើយ បើយើងធ្លាក់ក្នុងបញ្ជីខ្មៅទៀត យើងនឹងមានបញ្ហារង្គោះរង្គើទាក់ទងនឹងការវិនិយោគ​ទ្រង់ទ្រាយធំ។ ទី២ ការវេរលុយអន្តរជាតិចេញចូលកម្ពុជានឹងត្រូវបានគេរឹតត្បិត ដែលនាំឱ្យមានឧបសគ្គធំធេងក្នុងការធ្វើប្រតិបត្តិការ​វិនិយោគក្រៅប្រទេស ហើយការទាក់ទាញវិនិយោគ​មកកម្ពុជាក៏មានបញ្ហាធំ ដោយសារប្រទេសកម្ពុជាអាចត្រូវបានគេចាត់ទុកថាជាដែនដី​មួយដែលមានហានិភ័យខ្ពស់នៅក្នុងប្រតិបត្តិការលាងលុយកខ្វក់​ ឬហិរញ្ញប្បទានភេរវកម្ម»។

លេខាធិការដ្ឋាន​​បោស​​សម្អាត​លុយ​កខ្វក់​អន្តរជាតិ (Financial Action Task Force-FATF) កន្លង​មក​​ បាន​ដាក់​​ប្រទេស​​កម្ពុជា​​ចូល​ក្នុង​បញ្ជី​ប្រផេះ​របស់​​ខ្លួន សម្រាប់​តាមដាន​ការ​លាង​លុយ​កខ្វក់​ពី​លំហូរ​ហិរញ្ញវត្ថុ វិនិយោគ និង​ពាណិជ្ជកម្ម​ ចេញ​​និង​ចូល​ក្នុង​ប្រទេស​នេះ​។

អង្គការអន្តរជាតិមួយនេះបន្តថា​ ​បច្ចុប្បន្ន​ ប្រទេស​ចំនួន​​២ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ ​រួមមាន ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ដែល​ប្រទេស​ទាំង​ពីរ​នេះ​កំពុង​ត្រូវ​បាន​ពិភព​លោក​ហ៊ុមព័ទ្ធ​​សេដ្ឋ​កិច្ច​​ ខណៈ​ប្រទេស​​កម្ពុជា និង​ប្រទេស​៩​ទៀត ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​តាម​ដានថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ