កម្ពុជា​​​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១០នាក់ទៀត

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​មន្ទីរសុខាភិបាល​បាន​យក​សំណាក​មកពី​រាជធានី​ភ្នំពេញ និង​ប្រទេស​ថៃ។​ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

ក្រសួងសុខាភិបាល ឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ចូលក្នុងសហគមន៍ និង​នាំចូលថ្មី​ចំនួន ១០​នាក់ ក្រោយ​ពី​ជិត ២ខែមកនេះ មិន​មាន​អ្នក​ឆ្លង។

សេច​ក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ២០២២ ឱ្យដឹងថា អ្នក​ជំងឺ​កូវីដ-១៩ ទាំង ១០​​នាក់ ​ដែល​ក្រសួង​រក​ឃើញ​កាល​ពី​ថ្ងៃ​ម្សិលមិញ ក្នុង​នោះ​ករណី​ឆ្លង​ចូលសហ​គមន៍ ៨នាក់ និងករណីនាំចូល  ២នាក់ ខណៈអ្នកជាសះស្បើយ និងស្លាប់ ដោយសារជំងឺនេះ មិនមានឡើយ។

អគ្គនាយក​បច្ចេកទេស​នៃក្រសួងសុខាភិបាល​ លោក ហុក គឹមចេង មានប្រសាសន៍ថា វិធានការរបស់ក្រសួងនោះ គឺការក្រើនរំលឹកឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការ​ពារ​ជំងឺ​កូវីដ-១៩ ដោយសារជំងឺនេះ មិនទាន់បាត់ទៅវិញនៅឡើយ។

លោកថា៖ «ការចាក់ដូសជំរុញ ដើម្បីពង្រឹងប្រព័ន្ធភាព​សុំា​របស់​យើង ហើយ​នឹង​កាត់​បន្ថយ​ក្នុង​ករណីដែលមានឆ្លងហើយ យើងមិនធ្លាក់ខ្លួនឈឺជាអ្នកធ្ងន់ធ្ងរ ដូចយើងឃើញពេលបច្ចុប្បន្ន គឺដោយសារ​ភាពសុំាក្នុងសហគមន៍ ដែលបាន​មកពីការ​ចាក់​វ៉ាក់​សាំង​ហ្នឹង គឺ​មាន​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​យើង ក្នុង​ការ​បើក​សេដ្ឋ​កិច្ច សង្គមឡើងវិញ។ អ៊ីចឹងយើង បន្តអប់រំ ជំរុញឱ្យប្រជាពល​រដ្ឋ អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ជំរុញសហការនៅលើរឿងហ្នឹង»។

តាមរយៈសារពិសេសជាសំឡេង​មួយ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោកនាយករដ្ឋ​​មន្ត្រី ហ៊ុន សែន ថ្លែង​ថា រយៈពេល ៥១ថ្ងៃកន្លងមក​នេះ កម្ពុជា​មិនបានរកឃើញអ្នកឆ្លង និងស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​ឡើយ។ ប៉ុន្តែកាលពីថ្ងៃ​អង្គារ​ម្សិល​មិញ លោក​ថា ក្រសួង​សុខា​ភិ​បាល បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចូល​ក្នុងសហគមន៍ជាថ្មីទៀត តាមរយៈការធ្វើតេស្តម៉ាស៊ីន PCR មួយចំនួន ក្នុង​នោះមាន​ អ្នកធ្វើ​តេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទចេញទៅក្រៅ​ប្រទេស និង​មួយ​ចំនួន​ទៀត ជា​អ្នក​ដែល​បានវិលត្រឡប់ពីក្រៅប្រទេសមកក្នុងប្រទេសវិញ។

ករណី​នេះ ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជំរុញឱ្យក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធតាម​ដាន​ចំពោះ​ករណី​នេះ ដើម្បី​បញ្ចៀសកា​រ​រីករាលដាលដ៏ធ្ងន់ធ្ងរ ដែលអាចកើតឡើងជាយថា​ហេតុ​នៅ​ពេល​ខាង​មុខ។ លោក​ក៏បាន​អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ដោយបន្តអនុវត្ត​វិធាន​ការ​សុខាភិ​បាល និង​ប្រញាប់ទៅទទួលវ៉ាក់សាំងដូសជំរុញ បើសិនជាមិនទាន់បានចាក់​វ៉ាក់សាំងគ្រប់គ្រាន់នោះ។

លោកថា៖ «យើងបានរកឃើញអ្នកដែល​ឆ្លងក្នុងសហគមន៍តាមរយៈការធ្វើតេស្ត PCR មួយចំនួន អ្នកធ្វើតេស្ត PCR សម្រាប់ទម្រង់បែបបទចេញទៅក្រៅប្រទេសមួយចំនួន និងមួយចំនួនទៀត គឺអ្នកដែលបានវិលត្រឡប់ពីក្រៅ​ប្រទេស​ចូលក្នុងប្រទេសវិញ។ នេះជាការបញ្ជាក់ដោយ​ម៉ាស៊ីនPCR ​ដែល​យើង​បាន​ធ្វើ​សម្រាប់​អ្នក​ឆ្លង​ក្នុងសហ​គមន៍ អ្នក​មក​ពី​ក្រៅប្រទេស និង​អ្នកធ្វើវិញ្ញាបនប័ត្រ​សម្រាប់​ការ​ចេញទៅក្រៅប្រទេស។ ទន្ទឹ​ម​នេះ ​​ខ្ញុំ​ព្រះករុណា បាន​ទទួល​ព័ត៌​មាន​ថា នៅតាម​ទីកន្លែងមួយ​ចំនួន ក្នុងការធ្វើតេស្តរហ័សក៏ឃើញវិជ្ជមាននៃកូវីដ-១៩»។

ទោះបីជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាស​ថា កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ ចូល​ក្នុង​សហគមន៍ជាថ្មីក៏ដោយ ប៉ុន្តែលោក​មិនបាន​បញ្ជាក់​ថា​រក​ឃើញនៅ​ទីតាំង​ណា​ខ្លះ​នោះ​ទេ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍​ថា បើសិនជា​ប្រពលរដ្ឋ​ខ្វះការ​ប្រុងប្រយ័ត្ន និងមិនបានចាក់វ៉ាក់សាំងដូសជំរុញ ដើម្បី​ការ​ពារ​ទេ លទ្ធភាព​នៃ​ការឆ្លងជំងឺ​កូវីដ-​១៩ ចូល​សហគមន៍​អាច​កើត​ឡើង​ជា​ថ្មី​ទៀត  ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ប្រកប​អាជីវកម្ម ឬមុខរបររបស់ប្រជាពលរដ្ឋ។

លោកបន្ត​ថា ក្រសួងសុខាភិបាល គួរធ្វើការអប់រំ និងផ្សព្វផ្សាយអំពីការឆ្លងជំងឺកូវីដ-១៩​ចូលក្នុង​សហគមន៍​ឱ្យ​បាន​ទូលំ​ទូលាយ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ដែល​សង្ស័យ​ថា​ខ្លួន​ឆ្លង​​​កូវីដ-១៩ ទៅធ្វើតេស្ត ដើម្បីបញ្ជៀសការឆ្លងចូលសហគមន៍ទ្រង់ទ្រាយ​ធំ។

លោកថា៖ «បើសិនជាយើងមិនគិតគូរ​វិធានការ​ទាំង​អស់​នឹង​ទេ វា​មានករណីប្រឈមដែរ។ មួយ​វិញ​ទៀត ក្រសួងសុខាភិបាលគួរតែបង្ហាញព៏ត៌មានថ្មីៗ ដើម្បី​ឱ្យលោកបានដឹងថា ការឆ្លងវា​យ៉ាង​ម៉េច​ខ្លះ ហើយ​តើ​មាន​ករណី​ឆ្លង​របៀប​ណា​ខ្លះ មាន​ករណី​ឆ្លង​ប៉ុន្មាន ឆ្លង​ពីណាពីណី  ហើយ​ឆ្លង​ពី​សហគមន៍​របៀប​ម៉េច? បើ​ប្រជាពលរដ្ឋដឹងព័ត៌មានទាំងអស់ហ្នឹង វាងាយស្រួលសម្រាប់​ប្រជាពលរដ្ឋក្នុងការបង្ការនឹងការពារកូវីដ-១៩ ហ្នឹង»។

បើតាមសេចក្ដីប្រកាស​របស់​ក្រសួង គិត​​​មក​ដល់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកឆ្លង​ជំងឺ​កូវីដ-១៩​​​​នៅ​កម្ពុជា មានចំនួន ១៣៦ ២៧២នាក់ ក្នុង​នោះ អ្នក​បាន​ជា​សះស្បើយ​មាន​ចំនួន ១៣៣ ២០៦​​​នាក់ និង​ស្លាប់​ចំនួន ៣ ០៥៦នាក់។ ចំណែកករណីឆ្លងចូលសហគមន៍វិញ ក្រសួងថា កើន​ដល់​ចំនួន ១៤ ៤៦៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ