កម្ពុជា​បាន​រក​ឃើញ​អ្ន​កឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ក្នុ​ង​សហគមន៍​ជាថ្មី​ទៀត

សកម្មភាពមន្ត្រីសុខាភិបាល និងកូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនដែលនឹងត្រូវបញ្ជូនទៅកន្លែងព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីធ្វើតេស្តសំណាកនៅបរិវេណមជ្ឈមណ្ឌលកម្សាន្តកោះពេជ្ររួច នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។ (Michael Dickison/VOD)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាសពីការ​​រក​ឃើញ​ជំងឺ​កូវីដ-១៩​ ឆ្លង​ចូល​សហគមន៍ ជាថ្មី​ទៀត កាលពីថ្ងៃ​ម្សិល​មិញ ក្រោយកម្ពុជា មិនមានករណីឆ្លងថ្មី និង​អ្នកស្លាប់ដោយសារជំងឺនេះ​ជិត២ខែមកហើយ។

តាមរយៈសារពិសេសជាសំឡេង​មួយ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែងថា រយៈពេល ៥១ថ្ងៃកន្លងមក​នេះ កម្ពុជាមិនបានរកឃើញអ្នកឆ្លង និងស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​ឡើយ។ ប៉ុន្តែកាលពីថ្ងៃ​អង្គារ​ម្សិល​មិញ លោក​ថា ក្រសួង​សុខា​ភិ​បាល បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចូល​ក្នុងសហគមន៍ជាថ្មីទៀត តាមរយៈការធ្វើតេស្តម៉ាស៊ីន PCR មួយចំនួន ក្នុងនោះ អ្នកធ្វើ​តេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេស និងមួយចំនួនទៀត ជាអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសមកក្នុងប្រទេសវិញ។

ករណីនេះ ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជំរុញឱ្យក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធតាម​ដាន​ចំពោះ​ករណី​នេះ ដើម្បី​បញ្ចៀសកា​រ​រីករាលដាលដ៏ធ្ងន់ធ្ងរ ដែលអាចកើតឡើងជាយថា​ហេតុ​នៅ​ពេល​ខាង​មុខ។ លោក​ក៏បាន​អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ដោយបន្តអនុវត្ត​វិធាន​ការ​សុខាភិ​បាល និង​ប្រញាប់ទៅទទួលវ៉ាក់សាំងដូសជំរុញ បើសិនជាមិនទាន់បានចាក់​វ៉ាក់សាំងគ្រប់គ្រាន់នោះ។

លោកថា៖ «យើងបានរកឃើញអ្នកដែល​ឆ្លងក្នុងសហគមន៍តាមរយៈការធ្វើតេស្ត PCR មួយចំនួន អ្នកធ្វើតេស្ត PCR សម្រាប់ទម្រង់បែបបទចេញទៅក្រៅប្រទេសមួយចំនួន និងមួយចំនួនទៀត គឺអ្នកដែលបានវិលត្រឡប់ពីក្រៅ​ប្រទេស​ចូលក្នុងប្រទេសវិញ។ នេះជាការបញ្ជាក់ដោយ​ម៉ាស៊ីនPCR ​ដែល​យើង​បាន​ធ្វើ​សម្រាប់​អ្នក​ឆ្លង​ក្នុងសហ​គមន៍ អ្នក​មក​ពី​ក្រៅប្រទេស និង​អ្នកធ្វើវិញ្ញាបនប័ត្រ​សម្រាប់​ការ​ចេញទៅក្រៅប្រទេស។ ទន្ទឹ​ម​នេះ ​​ខ្ញុំ​ព្រះករុណា បាន​ទទួល​ព័ត៌​មាន​ថា នៅតាម​ទីកន្លែងមួយ​ចំនួន ក្នុងការធ្វើតេស្តរហ័សក៏ឃើញវិជ្ជមាននៃកូវីដ១៩»។

ទោះបីជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាស​ថា កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩ ចូល​ក្នុង​សហគមន៍ជាថ្មីក៏ដោយ ប៉ុន្តែលោក​មិនបាន​បញ្ជាក់​ថា​រក​ឃើញនៅ​ទីតាំង​ណា​ខ្លះ​នោះ​ទេ។ បើតាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល គិតមកដល់ថ្ងៃម្សិលមិញ គឺមានរយៈពេល៥១ថ្ងៃ​ហើយ​ ដែលកម្ពុជាមិនមានករណីឆ្លងថ្មី និងអ្នកស្លាប់បន្ថែមដោយសារ​ជំងឺកូវីដ-១៩។ ក្រសួង​​បញ្ជាក់​ថា គិត​​មកដល់ពេល​នេះ អ្នកឆ្លង​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា មានចំនួន ១៣៦ ២៦២នាក់ ក្នុង​នោះបាន​ជា​សះស្បើយ​ចំនួន ១៣៣ ២០៦​​នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ