ក្រុមប្រទេស G7 ប្រាប់​ចិន​ឱ្យ​ដាក់​សម្ពាធ​លើ​រុស្ស៊ី ដើម្បី​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយក្រែន

លោកប្រធានាធិបតីរុស្ស៊ី ពូទីន និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងជំនួបមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។ (ក្រសួងការបរទេសចិន/ fmprc.gov.cn)

ថ្នាក់ដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) កាលពីថ្ងៃអង្គារម្សិលមិញ បាន​ជំរុញដល់​ប្រទេសចិនឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន​ជាមួយរុស្ស៊ី ដើម្បីជំរុញឱ្យប្រទេសមួយនេះបញ្ឈប់ការឈ្លានពាន​របស់ខ្លួនលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ជាមួយគ្នានេះ ក្រុមប្រទេសទាំងនោះក៏បានអំពាវនាវឱ្យប្រទេសចិន​ដាក់សម្ពាធលើប្រទេសរុស្ស៊ី ដើម្បីឱ្យប្រទេសមួយនេះដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌផងដែរ។

ទោះជាយ៉ាងណា ប្រទេសចិនបានធ្វើការឆ្លើយតបថា ការដាក់ទណ្ឌកម្មនានាលើរុស្ស៊ី គឺមិនអាចដោះស្រាយ​វិបត្តិនៅអ៊ុយក្រែនបានឡើយ ខណៈខ្លួនក៏បានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ​ដែលធ្វើឡើងនៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ Zhao Lijian បានលើកឡើងថា៖ «ក្រុមប្រទេស G7 គឺមានត្រឹមតែ១០ភាគរយនៃចំនួនប្រជាជនសរុបនៅក្នុងពិភពលោកតែប៉ុណ្ណោះ។ ដូច្នេះហើយ ពួកគេគ្មានសិទ្ធិអ្វីដែលត្រូវមកតំណាងឱ្យពិភពលោក ឬក៏គិតថាស្តង់ដាររបស់ពួកគេត្រូវតែអនុវត្តចំពោះពិភពលោកទាំងមូលនោះទេ»។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានព្រមានលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងអំឡុងជំនួបតាមរយៈប្រព័ន្ធវីដេអូមួយ អំពីផលវិបាកដែលចិនអាច​នឹងទទួល​បាន ប្រសិនបើប្រទេសមួយនេះ​ផ្ដល់ការគាំទ្រណាមួយ​ ដើម្បីជួយឱ្យរុស្ស៊ីរួចផុតពីផលប៉ះពាល់នៃ​ទណ្ឌកម្មរបស់​លោក​ខាង​លិច ឬផ្តល់ជំនួយផ្នែកយោធាជាដើមនោះ។

ទោះជាយ៉ាងណា ប្រទេសចិនបានបដិសេធម្ដងហើយម្ដងទៀត​នូវផែនការបែបនេះ ក្នុងនោះ ខ្លួនក៏ធ្លាប់ច្រាន​ចោលការ​អះអាង​របស់​មន្ត្រី​អាមេរិក ​ដែល​ថា ​រុស្ស៊ី​បានព្យាយាមស្វះ​ស្វែងរក​ជំនួយ​យោធាពីខ្លួន​នៅ​​អ៊ុយ​ក្រែនផង​ដែរ​ និង​បាន​ចោទ​អាមេរិក​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​ធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ