UPDATED៖ ចៅក្រម​សម្រេច​មិន​ឃុំ​ខ្លួន​លោក កឹម សុខា ប៉ុន្តែ​មិន​ឱ្យ​បំពាន​បម្រាម​តុលាការ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រោយចំណាយពេលសួរដេញដោលអស់រយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃពុធនេះ ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះសម្រេចមិនឃុំខ្លួនលោក កឹម សុខា បណ្ដោះអាសន្នឡើងវិញទេ ដោយ​ត្រឹមចេញ​សាល​​ក្រម​​​​​ព្រមានដាក់ក្នុងរបាយការណ៍របស់ក្រឡាបញ្ជី មិនឱ្យ​ធ្វើសកម្មភាពនយោបាយ ដែល​​តុ​លា​​ការ​​ចាត់​​ទុកថា មេបក្សប្រឆាំងរូបនេះបានអនុវត្តបំពានកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ។

លោក កូយ សៅ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២​​៩ ខែមិថុនានេះ បានសម្រេចផ្តល់សិទ្ធិសេរីភាពឱ្យលោក កឹម សុខា នៅក្រៅឃុំបណ្តោះ​​អាសន្ន​​ដ​​ដែល​​។ ប៉ុន្តែតុលាការបានកម្រិតសកម្មភាពមិនឱ្យលោក កឹម សុខា ធ្វើសកម្មភាពដូចសព្វមួយដង ដែល​តុលាការចាត់ទុកថា សកម្មភាពនោះវាជារូបភាពនយោបាយ ហើយថែមទាំង​​បានចេញ​​សាល​​​ក្រមដោយកំណត់ឱ្យក្រឡាបញ្ជីធ្វើរបាយការណ៍អំពីបម្រាមធ្វើនយោបាយ​​​។ ​​បន្ថែម​​ពី​​លើ​​នេះ លោ​​ក កូយ សៅ បញ្ជាក់ថា តុលាការនឹងបន្តត្រួតពិនិត្យពីសកម្មភាពរបស់លោក កឹម សុខា ទៀត ប្រ​​សិន​បើរកឃើញថា ជនជាប់ចោទនៅបន្តប្រព្រឹត្តកំហុសនេះ តុលាការ​នឹងចេញដីកា​​ឱ្យចាប់​​ខ្លួន​​តែ​​​ម្តង​។

ផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននៅខាងមុខតុលាការ នៅព្រឹកថ្ងៃពុធនេះ សហមេ​​ធា​​​​វីការពារសិទ្ធិឱ្យលោក កឹម សុខា​ គឺលោក ផែង ហេង ឱ្យដឹងថា មេធាវីការពារសិទ្ធិឱ្យ​​ជន​​​ជាប់​​ចោទគោរពតាមសេចក្តីសម្រេច​របស់តុលាការ​ ប៉ុន្តែសហមេធាវីយល់ឃើញថា សកម្មភាពលោក កឹម សុខា ដែលចុះទៅតាម​​ខេត្តនោះ វាគ្រាន់តែជាសកម្មភាពធម្ម​តាប៉ុណ្ណោះ មិនមែន​ជាសក​​ម្មភា​​ព​​នយោ​​បា​​​យ​​ឡើយ។

មេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក ផែង ហេង ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងសវនាការលោក កឹម សុខា ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
មេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក ផែង ហេង ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងសវនាការលោក កឹម សុខា ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកថា៖ «គាត់ [លោក កឹម សុខា] ទៅបុណ្យទាន ទៅចូលរួម[មង្គល]ការ ទៅចូលប្រគេនចង្ហាន់ព្រះសង្ឃ ទៅជួបនៅតំបន់ទេសចរណ៍អី ហើយ​មានពលរដ្ឋ​បួនដប់នាក់មក​​ហូបជុំគ្នា មិន​​ជានេះទេ[មិនមែនជាសកម្មភាពនយោបាយ​ទេ]។ អ៊ីចឹងយើងពិបាកកំណត់ ហើយក្នុងច្បាប់​ស្តីពី​គណបក្ស​នយោបាយក៏មានកំណត់ថាស្អីជាសកម្មភាពនយោបាយ ស្អីមិនមែនជាសកម្មភាពនយោបាយនោះទេ»។

សម្រាប់សវនាការលើកទី៤៦ នៅថ្ងៃពុធនេះ តុលាការមិនបានបើកការជំនុំជម្រះទៅ​​លើ​​​​​​​អង្គ​​សេច​​​ក្តី​​​អំពីអង្គហេតុ «ប្រទូសរ៉ាយ» បន្តពីសប្តាហ៍មុននោះទេ។ គេសង្កេតឃើញថា សម្រាប់សវនាការលើកនេះហាក់​​ចាប់ផ្តើមយឺតយ៉ា​​វ​​ជាង​​សវនាការដែលធ្លាប់មានកន្លងទៅ ដែល​​តុ​​លាការបានបន្ត​​អូសបន្លាយពេល​​វេ​​លារហូតដល់ម៉ោងជាង៩ ទើបចាប់ផ្តើមស​​វ​នាការ។ ជាធម្មតា សវនាការតែងប្រព្រឹត្តទៅ​​ចន្លោះ​​ម៉ោ​ង​​៨ជាងប៉ុណ្ណោះ។

ភ្លាមៗ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានចែកឯកសារឱ្យគ្រប់ភាគីពាក់ព័ន្ធនៅក្នុង​​សំ​​ណុំរឿងអំពីបណ្តឹងនិងសេចក្តីសន្និដ្ឋាន​​របស់តំណាងអយ្យការ ស្នើសុំឱ្យតុលាការ​​​ឃុំខ្លួន​ជន​​ជា​ប់ចោទ​​​​​​​បណ្តោះអា​​សន្ន​ឡើ​ង​​​​​វិញ ដោយរកឃើញថា លោក កឹម សុខា បាន​បំពាន​នឹង​​បម្រាម​​​តុលា​ការ​​។

មិន​​បង្អង់យូរ ប្រធានក្រុមប្រឹក្សាតម្រូវឱ្យព្រះរាជអាជ្ញារង លោក ប្លង់ សុផល ធ្វើការកំណត់សម្គាល់ទៅ​​លើបណ្តឹង​​របស់​​ខ្លួន។

តាមរយៈបណ្តឹងនេះ លោក ប្លង់ សុផល បង្ហាញថា យោងលើរបាយការណ៍​​ពីនគរបាល​​ប្រឆាំង​​ភេរ​វកម្មនៃក្រសួងមហាផ្ទៃ រកឃើញថាលោក កឹម សុខា បានជួបអតីតសហការីរបស់ខ្លួននៅខេត្ត​​កំ​ព​ត ខេត្តកំពង់ចាម ខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាដើម ក្នុងទិសដៅសួរសុខទុក្ខនិងពង្រឹង​​ស្មា​​រតីសម្រាប់សកម្មភាពនយោបាយ។

​ចំណែកសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទវិញ ក៏បានឡើងជំទាស់ម្តងជា​​ពីរដងថា សុំ​​ឱ្យ​​តុលា​ការ​ផ្អាកសវនាការ ដោយសារមិនមានពេលគ្រប់គ្រាន់ ដើម្បីពិនិត្យឯកសារ​​ដែលតុលា​​ការ​​បញ្ជូន​​មក ប៉ុន្តែត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះបដិសេធ និងបន្តឱ្យភាគីពាក់ព័ន្ធក្នុងរឿងក្តីបន្ត​​នី​​តិ​​​​​វិធីទៅមុខទៀត។

បើទោះជាបែបណា គេសង្កេតឃើញថា តុលាការបាន​ព្រមានចាប់ខ្លួនលោក កឹម សុខា ភ្លាមៗដែរ ប្រ​​សិន​​​បើ​​លោក អាង ឧត្តម ដែលជា​សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បន្តដើរចេញពីបន្ទប់​​ស​វ​​នា​​​​ការ និងមិនបន្ត​​នីតិវិធីជំនុំ​​​ជម្រះ​។ ជាបន្តបន្ទាប់មក​ រហូតដល់ពេលប្រកាសក្រម សហមេធាវី​​ការ​ពា​​រសិទ្ធិឱ្យលោក កឹម សុខា មានលោក ចាន់ ចេន និងលោក អាង ឧត្តម ត្រូវរងការ​​ព្រមាន​​​ជា​ច្រើន​​ដងពីតុលាការ ដោយសារការធ្វើសេចក្តីសន្និដ្ឋានរបស់ពួកគេ តុលាការយល់ឃើញថា ចាកឆ្ងាយពី​​នីតិ​វិធី និងច្រើនដៀមដាមនិងផ្លែផ្កាឱ្យភាគីម្ខាងទៀត។

សម្រាប់មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលឃ្លាំមើលសវនាការដោយផ្ទាល់ លោក យី សុខសាន្ត យល់ឃើញថា ការជម្រះក្តីព្រឹកមិញនេះ ប្រព្រឹត្តទៅដោយតក់ក្រហល់ ហើយមេធាវីការ​​ពារ​​សិទ្ធិ​​ឱ្យជនជាប់ចោទមិនមានពេលគ្រប់គ្រាន់ ដើម្បីពិនិត្យមើលសំ​​ណុំរឿងជាមុនថែម​​ទៀត​​ផង​​។ លោកបន្តថា បើទោះជាលោក កឹម សុខា អាចមានសេរីភាពបណ្តោះអាសន្ននៅពេលនេះ ប៉ុន្តែ​​ការដែលធ្វើឡើងដោយប្រញប់ប្រញាល់បែបនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការកម្រិត​​សិទ្ធិជនជាប់​​ចោ​​ទចង្អៀតហួសពីការស្មាន។

លោកបន្តថា៖ «មុនសវនាការលើក ប្រហែលតែ១នាទី ឬពីរនាទី ដូច្នេះពួកគាត់ [មេធាវីកា​រពារ​​សិទ្ធិ​​ឱ្យ​​លោក កឹម​ សុខា] អត់មានឱកាសក្នុងការពិភាក្សា ពួកគាត់អត់មានឱកាស​​ក្នុងការជជែក​​គ្នាជា​​​មួយ​កូន​​ក្តីរបស់គាត់ទេ។ អ៊ីចឹងហើយបានពួកគាត់ស្នើសុំឱ្យ​​លើកពេល ដើម្បីទុកពេលឱ្យពួក​​គាត់​​បាន​​ពិភាក្សាសិន ប៉ុន្តែបើទោះជាមានការស្នើសុំយ៉ាងណាក៏ដោយ ក៏លោកចៅក្រមជំនុំជម្រះមិន​​អនុញ្ញាត​ទេ សុខចិត្តព្រមានលើកទី១ លើកទី២» ។

លោក កឹម សុខា ត្រូវបានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស» ចង់ផ្តួល​រំ​​​លំរដ្ឋាភិបាល ​និង​ធ្លាប់ត្រូវបានឃុំខ្លួន​នៅពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់ជាង​១ឆ្នាំ និងក្រោ​យមកបញ្ជូនទៅឃុំខ្លួននៅផ្ទះរបស់លោកដែលស្ថិតនៅខណ្ឌទួលគោក រាជ​ធានី​ភ្នំពេញ​។ លោកត្រូវបាន​​តុលាការបិទសិទ្ធិធ្វើនយោបាយប្រមាណ៤ឆ្នាំមកហើយ គិតចាប់ពីថ្ងៃចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧។

បើទោះជាលោក កឹម សុខា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះ​អាសន្ន ប៉ុន្តែ​លោក​ត្រូវបានដាក់​ឱ្យស្ថិតនៅក្រោមការ​ត្រួតពិនិត្យ​របស់​តុលាការ ដោយហាមមិនឱ្យ​ធ្វើសកម្ម​ភាព​មួយ​ចំនួន រួមមាន មិនឱ្យធ្វើសកម្មភាពនយោបាយ ត្រូវបង្ហាញ​ខ្លួនរាល់ពេលមាន​ការ​កោះរបស់​តុ​​​លា​​​ការ និងហាម​មិនឱ្យធ្វើដំណើរចេញទៅក្រៅប្រទេស។

គេសង្កេតឃើញថា នៅនាទីចុងក្រោយនៃការសំណូមពរ លោក កឹម សុខា បានស្នើសុំតុលាការដើ​ម្បី​​​​​បានសិទ្ធិទៅព្យាបាលនៅក្រៅប្រទេស ដូចអ្វីដែលោកបានពិគ្រោះយោបល់ជាមួយលោក​​នា​​យ​​ក​​រដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីបុណ្យសពលោក ហ៊ុន ណេង ក្នុងខេត្តកំពង់ចាម។ ប៉ុន្តែសំ​​ណើសុំ​​របស់លោក កឹម សុខា នេះ តុលាការមិនបានលើកមកពិចារណាក្នុងពេលដែល​​ប្រកាស​​សាលក្រម​​នោះ​ទេ។

បើទោះបែបណា ក្នុងពេលប្រកាសសាលក្រម តុលាការចាត់ទុកថា សកម្មភាពរបស់លោក កឹម សុខា គឺ​​ជា​ការធ្វើនយោបាយ ប៉ុន្តែដោយសារការទទូចសុំពីមេធាវីទាំងបួនរូប រួមទាំងលោក កឹម សុខា ផង ថា​​ប្រ​​សិន​បើតុលាការរកឃើញថាខ្លួនបានប្រព្រឹត្តកំហុស ស្នើសុំឱ្យតុលាការព្រមានបានហើយ​​​។ ​​មួ​យ​​​វិញ​ទៀត ក្នុងនាមជាជនជាប់ចោទ លោក កឹម សុខា បានសន្យាថា លោកក៏នឹងមិន​​ប្រព្រឹត្ត​​ឱ្យ​​មាន​​កំ​​​​ហុស​ណាមួយទៀតទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ