ចៅក្រម​សម្រេច​មិន​​​ឃុំ​ខ្លួន​លោក​ កឹម សុខា ឡើង​វិញទេ ប៉ុន្តែ​ព្រមានមិន​ឱ្យ​ធ្វើ​សកម្មភាព​លើស​បម្រាម​តុលាការ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេច​មិនឃុំខ្លួនលោក កឹម សុខា ជាបណ្តោះអាសន្នឡើងវិញទេ ដោយ​ត្រឹមចេញការ​​ព្រមានមិនឱ្យ​ធ្វើសកម្មភាពលើសបម្រាម​តុលាការ​ ក្រោយ​ព្រះរាជអាជ្ញា ស្នើឱ្យ​ឃុំ​ខ្លួន​លោក​​ កឹម សុខា ដោយចោទលោ​កថា បានធ្វើសកម្មភាពបំពានបម្រាម​របស់​តុលាការ។​

ក្នុង​សវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ​លើកទី៤៦ នាព្រឹកមិញនេះ ព្រះរាជអាជ្ញា​អមសាលាដំបូងរាជធានីភ្នំពេញ បានស្នើ​ទៅចៅក្រម​ជំនុំជម្រះ ឱ្យឃុំខ្លួន លោក កឹម សុខា ប្រធានបក្សប្រឆាំងដែលត្រូវបានតុលាការ​រំលាយឡើងវិញ ដោយ​ព្រះរាជអាជ្ញាចោទប្រកាន់​​​លោក កឹម សុខា ថា​បានបំពានបម្រាមរបស់តុលាការក្រោយលោក កឹម សុខា បាន​​ចុះជួប​អ្នកគាំទ្ររបស់ខ្លួន​កាលពីពេលកន្លងទៅ។

អ្នករាយការណ៍ព័ត៌មាន វីអូឌី ដែលកំពុងចូលរួមតាមដាន​យកព័ត៌មានក្នុងបន្ទប់សវនាការ បានឱ្យដឹងមុននេះបន្តិច​ថា ក្រោយ​ចៅក្រមជំនុំជម្រះ បាន​ទុកពេល​ឱ្យ​ភាគីទាំងសងខាង​ធ្វើសេចក្តីសន្និដ្ឋានចុងក្រោយរួច ចៅក្រមបានសម្រេចច្រានចោលសំណើ​របស់ព្រះរាជអាជ្ញា ដែលស្នើ​សុំឱ្យឃុំខ្លួនលោក កឹម សុខា ឡើងវិញ ដោយ​ត្រឹម​មានការ​ព្រមាន​ទៅលោក កឹម សុខា កុំឱ្យធ្វើសកម្មភាព​លើសពីបម្រាមរបស់តុលាការ។​

សហមេធាវីការពារក្តីឱ្យ លោក កឹម សុខា​ គឺលោក ផែង ហេង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន​នៅមុខសាលា​ដំបូង​រាជធានីភ្នំពេញថា សហមេធាវី គោរពតាមសេចក្តីសម្រេចរបស់តុលាការ​ ប៉ុន្តែលោកថា សកម្មភាពលោក កឹម សុខា ដែលចុះទៅតាមខេត្តនោះ គឺទៅក្នុងសកម្មភាពធម្ម​តា មិនមែន​ជាសកម្មភាពនយោបាយឡើយ។

លោកថា៖ «គាត់[លោក កឹម សុខា]ទៅបុណ្យទាន ទៅចូលរួម[មង្គល]ការ ទៅចូលប្រគេនចង្ហាន់ព្រះសង្ឃ ទៅជួបនៅតំបន់ទេសចរណ៍អី ហើយ​មានពលរដ្ឋ​បួនដប់នាក់មក​​ហូបជុំគ្នា មិន​​ជានេះទេ[មិនមែនជាសកម្មភាពនយោបាយ​ទេ] អីចឹងយើងពិបាកកំណត់ ហើយក្នុងច្បាប់​ស្តីពី​គណបក្ស​នយោបាយ ក៏មានកំណត់ថាស្អីជាសកម្មភាពនយោបាយ ស្អីមិនមែនជាសកម្មភាពនយោបាយនោះទេ»។

លោក កឹម សុខា ត្រូវបានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស » ចង់ផ្តួលរំលំរដ្ឋាភិបាលនិង​ធ្លាប់ត្រូវបានឃុំខ្លួន​នៅពន្ធនាគារ​ត្រពាំងផ្លុងខេត្តត្បូងឃ្មុំអស់ជាង​១ឆ្នាំ និងក្រោយមកបញ្ជូនទៅឃុំខ្លួននៅផ្ទះរបស់លោកដែលស្ថិតនៅខណ្ឌទួលគោករាជ​ធានី​ភ្នំពេញ​។ លោកត្រូវបាន​តុលាការបិទសិទ្ធិធ្វើនយោបាយប្រមាណ៤ឆ្នាំមកហើយ គិតចាប់ពីថ្ងៃចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧។

បើទោះជា លោក កឹម សុខា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះ​អាសន្ន ប៉ុន្តែ​លោកត្រូវបានដាក់​ឱ្យឋិតនៅក្រោមការ​ត្រួតពិនិត្យ​របស់​តុលាការដោយហាមមិនឱ្យ​ធ្វើសកម្ម​ភាព​មួយ​ចំនួនរួមមានមិនឱ្យធ្វើសកម្មភាពនយោបាយ ត្រូវបង្ហាញ​ខ្លួនរាល់ពេលមាន​ការ​កោះរបស់​តុលាការ និងហាម​មិនឱ្យធ្វើដំណើរចេញទៅក្រៅប្រទេស។

ទោះជាយ៉ាងណា នៅក្នុងសវនាការនាព្រឹកថ្ងៃពុធនេះព្រះរាជអាជ្ញាបានលើកឡើងថា លោក កឹម សុខា បានបំពាន​បំរាម​របស់តុលាការ​ បន្ទាប់ពីលោកបាន​ចុះ​ជួបសំណេះ​សំណាល​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​ កាលពីពេលថ្មីៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ