ព្រះរាជអាជ្ញារងស្នើ​ចៅក្រមឃុំខ្លួនលោក​កឹម សុខា ឡើងវិញ ដោយ​ចោទ​លោក​ថា បំពាន​បម្រាម​តុលាការ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ព្រះរាជអាជ្ញារង​​នៃ​សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី​២៩ ខែមិថុនានេះ បាន​ស្នើ​ទៅ​​កាន់ចៅក្រម​​ជំនុំ​ជម្រះ​ ឱ្យ​​ឃុំខ្លួនលោក កឹម សុខា ជា​បណ្ដោះ​អាសន្ន​​ឡើងវិញ ដោយ​ព្រះរាជអាជ្ញាចោទប្រកាន់​លោក កឹម សុខា ថា​បានបំពានបម្រាម​របស់តុលាការ ក្រោយលោក កឹម សុខា បាន​​ចុះជួប​អ្នក​គាំទ្រ​របស់ខ្លួន​​កាលពីពេលកន្លងទៅ។

ការប្រកាស​ស្នើរបស់ព្រះរាជអាជ្ញារងនេះ ធ្វើឡើងក្នុងពេល​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញកំពុង​បើកសវនាការលើកទី៤៦ ជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា។

អ្នករាយការណ៍ព័ត៌មានវីអូឌី លោក ម៉ម មុនីរតន៍ ដែល​កំពុងចូលរួមតាម​ដាន​យកព័ត៌មានក្នុងបន្ទប់សវនាការ បានឱ្យដឹងមុននេះបន្តិច​ថា ចៅក្រម​កំពុង​ទុក​ពេលវេលា ៣០នាទី ដើម្បីឱ្យ​ភាគីទាំងសងខាងធ្វើសេចក្តីសន្និដ្ឋាន​​ចុងក្រោយ មុនពេលចៅក្រមធ្វើសេចក្តីសម្រេច​ថាត្រូវ​ឃុំឬមិនឃុំខ្លួន​លោក កឹម សុខា ជាថ្មីនោះ។

បើទោះជាលោក កឹម សុខា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះ​អាសន្ន ប៉ុន្តែ​លោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយហាម​មិនឱ្យ​ធ្វើសកម្ម​ភាព​មួយ​ចំនួន រួមមាន មិនឱ្យធ្វើសកម្មភាពនយោបាយ ត្រូវបង្ហាញ​ខ្លួនរាល់ពេលមាន​ការ​កោះរបស់​តុលាការ និងហាមមិន​ឱ្យធ្វើ​ដំណើរចេញទៅក្រៅប្រទេស។

ទោះជាយ៉ាងណា ព្រះរាជអាជ្ញារង បានលើកឡើងថា លោក កឹម សុខា បានបំពាន​បម្រាម​របស់តុលាការ​ បន្ទាប់ពី​មេបក្សប្រឆាំង​ដែលត្រូវបាន​តុលាការ​រំលាយរូបនេះ បានចុះ​ជួបសំណេះ​សំណាល​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​កាលពីពេលថ្មីៗនេះ។ 

លោក កឹម សុខា ត្រូវបានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល។ លោកត្រូវ​បាន​តុលាការបិទសិទ្ធិធ្វើ​នយោបាយ​ប្រមាណ៤ឆ្នាំមកហើយ គិតចាប់ពីថ្ងៃចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ