រដ្ឋាភិបាលអង់គ្លេស បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា ប្រទេសរបស់ខ្លួននឹងផ្តល់ជំនួយផ្នែកយោធាក្នុងទំហំទឹកប្រាក់ចំនួន ១ពាន់លានផោន ឬស្មើប្រមាណ ១,២ពាន់លានដុល្លារអាមរិក បន្ថែមទៀត ដល់អ៊ុយក្រែន ខណៈប្រទេសនេះបច្ចុប្បន្នត្រូវការយ៉ាងតិចណាស់ ៥ពាន់លានដុល្លារក្នុងមួយខែសម្រាប់វិស័យការពាររបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រភពដដែលបន្តថា ជំនួយដែលនឹងត្រូវផ្ដល់ជូននេះ គឺផ្ដោតសំខាន់លើការបង្កើនសមត្ថភាពការពាររបស់អ៊ុយក្រែន ដែលរួមមានទាំងប្រព័ន្ធការពារដែនអាកាស យន្តហោះគ្មានមនុស្សបើក គ្រឿងបរិក្ខារយោធាអេឡិចត្រូនិចទំនើបៗ និងសម្ភារៈសម្រាប់ទាហានអ៊ុយក្រែនប្រើប្រាស់ផងដែរ។
ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ក៏បានឱ្យដឹងផងដែរថា៖ «អាវុធ បរិក្ខារ និងការហ្វឹកហ្វឺនផ្នែកយោធាដែលផ្ដល់ជូនដោយចក្រភពអង់គ្លេសគឺកំពុងតែផ្លាស់ប្តូរការការពាររបស់អ៊ុយក្រែន ដើម្បីតទល់នឹងសង្រ្គាមឈ្លានពានមួយនេះ»។
លោកបន្ថែមថា៖ «យើងនឹងបន្តឈរជាមួយប្រជាជនអ៊ុយក្រែនដើម្បីធានាឱ្យបានថា សកម្មភាពរបស់លោកពូទីននឹងបរាជ័យក្នុងប្រទេសអ៊ុយក្រែន»។
មុនជំនួយលើកនេះ ចក្រភពអង់គ្លេសកាលពីខែឧសភាកន្លងទៅ ក៏ធ្លាប់ប្រកាសផ្តល់ជំនួយផ្នែកយោធា និងជំនួយផ្សេងៗទៀតក្នុងទំហំទឹកប្រាក់ចំនួន ១,៣ពាន់លានផោន ដល់អ៊ុយក្រែនផងដែរ ដែលបានធ្វើឱ្យការផ្ដល់ជំនួយសរុបរបស់ប្រទេសនេះដល់អ៊ុយក្រែន បានឈានដល់ទំហំទឹកប្រាក់ចំនួន ៣,៨ ពាន់លានផោនហើយនៅឆ្នាំនេះ។
ជាមួយគ្នានេះ ប្រទេសអង់គ្លេស បច្ចុប្បន្នក៏បាននិងកំពុងចាប់ផ្តើមផ្ដល់ការហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែនក្នុងប្រទេសរបស់ខ្លួនផងដែរ ដែលមានសក្តានុពលក្នុងការបណ្តុះបណ្តាលទាហានរហូតដល់ទៅចំនួន ១ម៉ឺននាក់ ជារៀងរាល់៤ខែម្ដង។
គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់សប្តាហ៍ទី១៨ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។
ទាក់ទិននឹងករណីនេះ ចក្រភពអង់គ្លេស បានខិតខំធ្វើសកម្មភាពជាច្រើន ក្នុងការឆ្លើយតបជាអន្តរជាតិចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលរួមមានការផ្តល់ជំនួយផ្នែកយោធា ការជំរុញឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតលើរុស្ស៊ី និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ៕









