អធិការបតីអាល្លឺម៉ង់៖ សម្ព័ន្ធមិត្ត​ណា​តូនឹងផ្ដល់​​សព្វា​វុធ​ឱ្យ​អ៊ុយ​ក្រែន​​តាម​​តម្រូវ​ការ​ចាំបាច់

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឱ្យដឹងនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅថ្ងៃពុធនេះថា សម្ព័ន្ធមិត្តទាំងឡាយរបស់អង្គការណាតូ (NATO) ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្គត់ផ្គង់សព្វាវុធគ្រប់ប្រភេទ​តាម​តម្រូវ​ការ​ចាំបាច់​ដល់អ៊ុយក្រែន ដើម្បីជួយឱ្យប្រទេសនេះ អាចតទល់​នឹង​សង្គ្រាម​ឈ្លានពានរបស់​រុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលថ្ងៃទី២ របស់អង្គការយោធាណាតូ អធិការ​បតី​អាល្លឺម៉ង់រូប​នេះ​លើក​ឡើង​ថា៖ «វាគឺជារឿងដ៏ល្អក្នុងការដែលមានប្រទេសជាច្រើន ចូលរួមចំណែក និងផ្ដល់ការគាំទ្រដើម្បីជួយឱ្យអ៊ុយក្រែនអាចការពារខ្លួនបាន តាមរយៈការផ្តល់ជាមធ្យោបាយហិរញ្ញវត្ថុ ជំនួយមនុស្សធម៌ រួម​ទាំង​ការផ្តល់អាវុធនានាដែលអ៊ុយក្រែនត្រូវការជាចាំបាច់ផងដែរ»។

លោកបន្ថែមថា៖ «តាមរយៈសារនេះ គឺយើងចង់បញ្ជាក់ឱ្យបានច្បាស់ថា យើង​នឹងបន្តធ្វើដូច្នេះ [ជួយគាំទ្រអ៊ុយក្រែន] និងធ្វើឱ្យបាន​ខ្លាំង​ក្លា ដើម្បីជួយឱ្យអ៊ុយក្រែនអាចការពារខ្លួនពួកគេបាន»។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនមកលើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទោះជាយ៉ាងណា លោក Olaf Scholz ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា រុស្ស៊ីនឹងមិនឈ្នះសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនឡើយ ហើយលោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ក៏មិនអាចកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយសម្រាប់អ៊ុយក្រែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ