សង្គម​ស៊ីវិល​ស្នើ​​រដ្ឋាភិបាល​បង្កើន​ឆន្ទៈ​នយោបាយ​ម៉ឺង​ម៉ាត់ ជំរុញ​ឱ្យ​​ស្ត្រី​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​នយោ​បាយ

សង្គមស៊ីវិល ទាមទារឱ្យប្រមុខរដ្ឋាភិបាលបង្កើនឆន្ទៈនយោបាយ និង​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការជំរុញ​ឱ្យ​ស្ត្រីបា​ន​ចូល​រួម​ប្រឡូក​ក្នុង​កិច្ច​ការ​ដឹកនាំ​នយោបាយ ដើម្បីឱ្យស៊ីសង្វាក់ទៅនឹងការដែលតែងតែលើក​ឡើងថា ផ្តល់ឱកាសដល់ស្ត្រី ខណៈពួកគេ​​អះអាងថា វត្តមានស្ត្រីចូលរួមក្នុងកិច្ចការ​នយោ​បាយ​​នៅតែ​មាន​តិច​តួច​នៅ​ឡើយ។

ការ​លើក​ឡើង​នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន​របស់​ក្រុម​សង្គម​ស៊ីវិល​ ដូចជា ខុម​ហ្វ្រែល អង្គ​ការសីល​ការ​កម្ពុជា ហ្គេត​ស៊ី និងដៃគូមួយចំនួន​ទៀត អំពី​លទ្ធផល​អង្កេត​ចំនួន​បេក្ខជន​ស្រ្តី និង​ស្រ្តី​ជាប់ឆ្នោត​ជា​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី៥ ឆ្នាំ​២០២២ នៅថ្ងៃទី​៣០ ខែមិថុនានេះ។

អ្នក​សម្របសម្រួលកម្មវិធីអប់រំ និង​យេនឌ័រ​នៃគណៈកម្មាធិការដើម្បី​ការ​បោះ​ឆ្នោត ដោយ​សេរី និង​​យុត្តិធម៌​នៅ​កម្ពុជា (Comfrel) អ្នកស្រី សឺន​កេត សិរីលក្ខណ៍ ថ្លែង​ថា គម្លាតរវាងបុរស និងស្ត្រី នៅតែមាន​ទំហំ​ធំ ខណៈ​រឿងនេះ​នៅ​តែ​ជា​កង្វល់ ដែលទាមទារឱ្យមានការគិតគូរបន្ថែម។

អ្នក​ស្រីថា រដ្ឋាភិបាល​ក្នុងនាមជាអ្នកដឹកនាំត្រូវតែមានការប្តេជ្ញាខ្ពស់ បង្កើន​ឆន្ទៈ​នយោ​បាយ គាំទ្រ​ស្ត្រី ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បីធ្វើយ៉ាងណាជំរុញសមភាពយេនឌ័រ ក្នុងនោះ​មាន​ដូចជា​ធ្វើវិសោធនកម្ម​ច្បាប់ស្តីពី​ការ​បោះឆ្នោត ដើម្បីឱ្យស្ត្រីបានចូលរួមក្នុងកិច្ចការដឹកនាំ និងបេក្ខភាពឈរឈ្មោះក្នុងបក្សនយោ​បាយ​ជាដើម។ ក្រៅពីនោះ ត្រូវតែប្រាកដថា ពួកគេទទួលបានសិទ្ធិអំណាចពេញលេញ ក្រោយបានកាន់តំណែង ដោយគ្មានការរើសអើង ឬប្រកាន់ភេទ។

មន្ត្រីសង្គមស៊ីវិលរូបនេះថា ជាក់ស្តែង ឱ្យតែជិតដល់ការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជាមេដឹកនាំបក្សកាន់អំណាចតែងតែស្នើ និង​ប្រកាសទៅបក្សនយោបាយឱ្យដាក់ស្ត្រីឱ្យបានច្រើននៅលេខ​រៀង​ចន្លោះពីទី១ ដល់ទី៣ ដោយថាធ្វើយ៉ាងណា​​ឱ្យ​​មានបរិមាណស្ត្រីចូលរួមកុះករ ប៉ុន្តែជាក់ស្តែង​បក្ស​កាន់​អំណាច​មួយ​នេះ​មានចំនួនស្ត្រីឈរឈ្មោះត្រឹមជាង ២០%ប៉ុណ្ណោះ។

អ្នកស្រីថា ដើម្បីឱ្យការប្តេជ្ញា និងការអនុវត្តស៊ីសង្វាក់គ្នាទៅនឹងការប្រកាសនោះ​ លុះណាតែរដ្ឋាភិបាល​មាន​​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ។

អ្នកស្រីថា៖ «អាហ្នឹងវាត្រូវការការប្តេជ្ញាចិត្តខ្ពស់របស់អ្នកដឹកនាំ កាល​ណានិ​យាយ​ហើយ ត្រូវជំរុញធ្វើឱ្យ​បាន​​អនុវត្តន៍ឱ្យបាន។ ប៉ុន្តែជាក់ស្តែង​គណបក្សទាំងអស់ហ្នឹង ជាពិសេសគណបក្សផ្ទាល់របស់ខ្លួនដែលជា​អ្នកកាន់អំណាចក្នុងរដ្ឋាភិបាលហ្នឹង ដាក់ចំនួនស្ត្រីតិច​បានតែ ២០% ជាង។ ចុះបើគាត់ដាក់ឱ្យច្រើនជាង​ហ្នឹង​ទៅ ស្រ្តីក៏បានច្រើន ជាប់ឆ្នោតច្រើន។ អីចឹង​វាត្រូវការការប្តេជ្ញាចិត្តរបស់ខ្លួន​ខ្លាំងណាស់ ទោះបីតាម​រយៈ​ពាក្យសម្តីក្តី តាមរយៈគោលនយោបាយជាលាយលក្ខណ៍អក្សរក្តី តាមរយៈច្បាប់ក្តី»។

ពលរដ្ឋ​មក​ពី​ខេត្ត​មណ្ឌល​គិរី ដែល​បាន​ចូលរួមក្នុងសន្និសីទសារព័ត៌មាននោះដែរ លោក តាយ សុភ័ណ្ឌ យល់ថា ការ​ចូលរួម​របស់ស្ត្រីក្នុង​សកម្ម​ភាព​​នយោ​បាយ​ ជា​រឿង​ចាំ​បាច់​មួយ​ ព្រោះពួកគេជាចំណែកមួយជួយជំរុញឱ្យមានការអភិវឌ្ឍ។ យ៉ាងណា យុវជនវ័យ ២០ឆ្នាំ​​រូបនេះថា ដើម្បីឱ្យ​ស្រ្តី​មានឱកាសចូលរួមដឹកនាំ ដូចដែលប្រមុខរដ្ឋាភិបាលអះអាងពីការចង់ឃើញមានវត្តមានស្ត្រីក្នុងកិច្ចការនយោបាយបាននោះ លុះត្រាតែមានការផ្តល់ឱកាសដល់​ស្ត្រីឱ្យ​បានច្រើន​ និង​មានភាពសាំនឹងបរិបទនានា។

លោកថា៖ «បើ [ថ្នាក់ដឹកនាំ] គ្រាន់តែមានប្រសាសន៍ [ថាផ្តល់ឱកាសឱ្យស្ត្រី] តែមិនបានអនុវត្តន៍ ត្រង់ចំណុចនេះអាចប៉ះពាល់ដល់ស្ថាប័ន ឬគណបក្សរបស់គាត់។ […] ក្នុងប្រទេសមួយរីកចម្រើន លុះត្រាមានវត្តមានស្ត្រីចូលរួមក្នុងសកម្មភាពនយោបាយ ឬមួយចលនាអីផ្សេង ព្រោះស្ត្រីក៏ជាកម្លាំងចលករអភិវឌ្ឍមាតុភូមិ»។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក ឈឹម ផល​វរុណ ចាត់ទុកការលើកឡើងរបស់អង្គការសង្គមស៊ីវិលថា ជា​ការបញ្ចេញមតិឱ្យតែពិរោះស្តាប់ ដោយ​គ្មានការទទួលខុសត្រូវ។ លោកថា វាមិនមែនជាហេតុ​ផល​ដែល​គណបក្សត្រូវរុញឱ្យនារីឈរ​ឈ្មោះទេ ពោល​គឺ​អាស្រ័យលើការស្ម័គ្រចិត្ត និងស្ថានភាពរបស់នារី ហើយនិងគោលនយោបាយ​នារី និងយេនឌ័រ ទើបជារឿងសំខាន់។

លោកថា៖ «សម្រាប់ខ្ញុំ អង្គការ NGOs និយាយដដែលៗ ដូចគេជាប់ឌីស ឯរឿងការដាក់បេក្ខភាពជាស្រ្តី ឬ​ក៏​ជា​បុរស ឬក៏ចំនួនស្រី្ត វាជារឿងជាក់ស្តែងផ្ទៃក្នុងគណបក្សនីមួយៗ គេចេះចាត់ចែងហើយ។ មិនមែនសំដៅ​ទៅលើតួលេខបេក្ខនារីច្រើនទេ សំដៅសំខាន់ថាតើអ្នកដែលឈរឈ្មោះទាំងអស់ហ្នឹង​ជាប្រុស​ក៏ដោយ ជាស្រីក៏ដោយ តើអនុវត្តន៍គោលនយោបាយនៃការលើកស្ទួយនារី និងលើកស្ទួយយេនឌ័រ បានមានប្រសិទ្ធភាពកម្រិតណា? នេះជារឿងសំខាន់»។

បើតាមសង្គមស៊ីវិល ចំនួនស្ត្រីជាប់​ជា​មេឃុំ​ចៅសង្កាត់នៅក្នុងអាណត្តិទី៥នេះ មានចំនួន ១៧៣នាក់ (១០,៥%) ពោលគឺកើនឡើង ៣២នាក់ (ឬស្មើ​២%) បើធៀបនឹងអាណត្តិទី៤ ឆ្នាំ​២០១៧ ដែលមានចំនួន ១៤១នាក់ ស្មើនឹង ៨,៥% (ចុងអាណត្តិ)។ ស្ត្រីជាប់ជាក្រុមប្រឹក្សាឃុំ​សង្កាត់ មានចំនួន ២ ៥៦២នាក់​ ស្មើនឹង២២% នៃចំនួនក្រុមប្រឹក្សាឃុំ​សង្កាត់សរុប ១១ ៦២២នាក់។

បើធៀបនឹង​អាណត្តិទី៤ ឆ្នាំ២០១៧ ស្ត្រីជាប់ឆ្នោតមានភាគរយប្រហាក់ប្រហែល​គ្នា ២១,៨% (២ ៥២២នាក់) នៅ​ចុងអាណត្តិទី៤ និង២២% (២ ៥៦២នាក់) នៅ​អាណត្តិទី៥ ឆ្នាំ២០២២នេះ។ ចំណែក​ឯ​ភាគរយ​សរុប​នៃ​ស្ត្រី និង​បុរស​ជាប់​ឆ្នោត មាន​គម្លាត​យេន​ឌ័រ​ខ្លាំង គឺ​ស្ត្រីជាប់​ឆ្នោត ២២% និងបុរស​ជាប់​ឆ្នោត ៧៨%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ