មន្ត្រីជាន់ខ្ពស់អាមេរិក៖ ប្រទេសចិននៅមិនទាន់ផ្ដល់ជំនួយយោធាដល់រុស្ស៊ីឡើយ

លោក វ្ល៉ាឌីមៀ ពូទីន ស្បថពេលចូលធ្វើជាប្រធានាធិបតីរុស្ស៊ី អំឡុងពេលពិធីសម្ពោធនៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ (REUTERS)

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍​ម្សិលមិញថា គិតរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក​នៅមិនទាន់សង្កេតឃើញករណីប្រទេសចិន​ផ្ដល់ឧបករណ៍យោធាដល់រុស្ស៊ី ឬធ្វើសកម្ម​ភាព​ណាមួយក្នុងការជួយឱ្យប្រទេសមួយនេះរួចផុតចេញពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្មឡើយ។

ជាមួយគ្នានេះ មន្ត្រីអាមេរិករូបនោះ​ក៏បាន​ព្រមានអំពីផលវិបាក រួមទាំងការដាក់ទណ្ឌកម្មដែលចិនអាចនឹង​ទទួល​បាន​ផង​ដែរ ប្រសិនបើប្រទេសមួយនេះផ្តល់​ការគាំទ្រជាសម្ភារដល់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី។

ទោះជាយ៉ាងណា ប្រភពដដែលបន្ថែមថា៖ «[គិតរហូតមកដល់ពេលនេះ] ពួកគេនៅមិនទាន់រកឃើញមានករណីផ្ដល់ការគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ចណាមួយពីប្រទេសចិនដល់រុស្ស៊ីនៅឡើយទេ»។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters មន្រ្តីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន មួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា៖ «ជារួម ប្រទេសចិនទាំងមូលនៅមិនទាន់ឃើញមានផ្តល់ការគាំទ្រជាសម្ភារ [ដល់រុស្ស៊ី] នោះទេ។»

មន្ត្រីដដែលបន្ថែមថា៖ «យើងមិនទាន់សង្កេតឃើញសាធារណរដ្ឋប្រជាមានិតចិន [PRC] ចូលរួមក្នុងសកម្មភាពណាមួយក្នុងការជួយឱ្យរុស្ស៊ីរួចផុតចេញពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្ម ឬផ្តល់ឧបករណ៍យោធាអ្វីឡើយ»។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទាក់ទិននឹងករណីនេះ ថ្នាក់ដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) កាលពីពេលថ្មីៗនេះ ក៏បានជំរុញដល់ប្រទេសចិនឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីឱ្យប្រទេសមួយនេះបញ្ឈប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនផងដែរ។

ទោះជាយ៉ាងណា ប្រទេសចិនបាន​ឆ្លើយតបថា ការដាក់ទណ្ឌកម្មនានាលើរុស្ស៊ី គឺមិនអាចដោះស្រាយវិបត្តិនៅអ៊ុយក្រែនបានឡើយ ខណៈខ្លួនក៏បានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ចំពោះការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ