រដ្ឋាភិបាលកម្ពុជាតាមរយៈអន្តរក្រសួងបានសម្រេចជាផ្លូវការក្នុងការកំណត់ប្រាក់សោធននិវត្តន៍ ឬប្រាក់ចូលនិវត្តន៍ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២២នេះទៅ ហើយអ្នកដែលទទួលបានប្រាក់ចូលនិវត្តន៍នេះ គឺទាំងបម្រើការងារនៅក្នុងវិស័យឯកជននិងរដ្ឋ ក្រោយដល់អាយុកំណត់ដោយច្បាប់។
នៅក្នុងសេចក្ដីប្រកាសរួមរវាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ បង្ហាញថា ចាប់ពីថ្ងៃទី១ ខែកក្កដានេះតទៅ រដ្ឋាភិបាលបានសម្រេចកំណត់ផ្ដល់ប្រាក់សោធនឬប្រាក់ចូលនិវត្តន៍ សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺសុទ្ធតែអាចមានសិទ្ធិទទួលបាននូវគោលការណ៍នេះដូចៗគ្នា។
បន្ថែមលើសេចក្តីប្រកាសព័ត៌មានរួមនេះ មន្រ្តីនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានប្រាប់វីអូឌីតាមបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃសុក្រនេះថា អ្នកដែលស្ថិតនៅក្រោមបញត្តិនៃច្បាប់ស្តីពីការងារនេះ គឺត្រូវបានកំណត់អ្នកធ្វើការក្នុងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកបម្រើការងារនៅតាមគ្រឹះស្ថានដទៃទៀត។
លោកបន្តថា៖ «បុគ្គលដែលស្ថិតនៅក្រោមបញ្ញត្តិនៃច្បាប់ស្តីពីការងារ [អ្នកធ្វើការវិស័យឯកជន អង្គការ និងគ្រឹះស្ថាន] ដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម នឹងទទួលបានប្រាក់សោធននិវត្តន៍ ប្រសិនជា៖ – បានចុះបញ្ជិកាផ្នែកប្រាក់សោធន – បានបង់ភាគទានយ៉ាងតិច១២ខែ – មានអាយុយ៉ាងតិច៦០ឆ្នាំ។ បុគ្គលដែលជាសមាជិក បសស ទោះជាផ្លាស់ប្តូរក្រុមហ៊ុន ក៏គាត់និងក្រុមហ៊ុនថ្មីអាចបង់ភាគទានបន្តបាន»។
ជុំវិញរឿងនេះ ក្រុមសហជីពដែលមានជំហរកណ្ដាល និងការពារផលប្រយោជន៍កម្មកនិយោជិត សារទរចំពោះសេចក្តីសម្រេចចិត្តនៅពេលនេះរបស់រដ្ឋាភិបាល។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ចាត់ទុកលទ្ធផលដែលរដ្ឋាភិបាលកំណត់យកថ្ងៃទី១ ខែកក្កដានេះ ជាការផ្តល់ប្រាក់សោធនសម្រាប់អ្នកដែលត្រូវចូលនិវត្តន៍ តាមគោលការណ៍របបសន្តិសុខសង្គម គឺជាស្មារតីនៃការតស៊ូមតិរបស់កម្មករក្នុងពេលកន្លងទៅ។
ចំណែកប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ក៏ពេញចិត្តដែរចំពោះសេចក្តីសម្រេចនៅពេលនេះរបស់រដ្ឋាភិបាល។ លោក ប៉ាវ ស៊ីណា ក៏ជាភាគីមួយធ្លាប់ចូលរួមដើម្បីលើកកម្ពស់ឱ្យមានយន្តការនេះ ចាត់ទុកថា វាជាជោគជ័យមួយដ៏ធំសម្រាប់វិស័យឯកជននិងគ្រឹះស្ថានផ្សេងទៀតដែលអាចមានលទ្ធផលទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការស៊ីវិលដែរ។
បើទោះបែបណា ប្រធានសម្ព័ន្ធសហជីពរូបនេះនៅតែយល់ឃើញថា សេចក្តីសម្រេចរួមនេះ វាគ្រាន់តែជំហានបឋមនៅឡើយប៉ុណ្ណោះដែលអាចកំណត់បានថា ផលប្រយោជន៍សម្រាប់អ្នកដែលបានបង់ភាគទានក្នុងកម្មវិធី បសស នោះ នឹងមិនអសារបង់ទេ។ លោកបន្តថា អ្វីដែលគេត្រូវដឹងឱ្យកាន់តែច្បាស់និងលម្អិតបន្ថែមទៀតនោះនៅត្រង់ថា តើគេត្រូវកំណត់លក្ខខណ្ឌបែបណាខ្លះដើម្បីអាចទទួលបានប្រាក់សោធននិវត្តន៍នេះ ក្រោយដល់អាយុដែលកំណត់ដោយច្បាប់ត្រូវចូលនិវត្តន៍។
លោកបន្តថា៖ «ខ្ញុំយល់ឃើញថា នេះជាសេចក្តីប្រកាសរួមស្តីពីការចាប់ផ្តើមអនុវត្ត។ ប៉ុន្តែដោយឡែក នៅមានច្បាប់មួយទៀត ហើយច្បាប់នោះនឹងត្រូវប្រជុំផ្សព្វផ្សាយ ដើម្បីឱ្យគ្រប់មជ្ឈដ្ឋានទូទៅបានដឹងនិងបានជ្រាបក្នុងការផ្តល់ប្រាក់ចូលនិវត្តន៍នេះ ថាតើនៅពេលដែលគាត់ដល់អាយុ៦០ឆ្នាំ តើគាត់ត្រូវទទួលបានប៉ុន្មានឬក៏កម្រិតរបៀបម៉េចនោះ គឺគេមានចែងនៅក្នុងច្បាប់ហ្នឹងឯងបាទ។ ច្បាប់នេះ វាមានច្រើនចំណុចដែរ ដូច្នេះ ខ្ញុំគិតថា អ្វីដែលក្រសួងចាប់ផ្តើមប្រកាសឱ្យអនុវត្តនេះ ជាការបង្ហាញថា រដ្ឋាភិបាលឬក៏ក្រសួងការងារចាប់ផ្តើមធ្វើហើយ។ ដោយឡែក បច្ចេកទេសនិងនីតិវិធីច្បាប់ក្នុងការផ្តល់ឬក្នុងការកាត់ប្រាក់ឈ្នួលរបៀបម៉េចនោះ ខ្ញុំគិតថា គេនឹងប្រកាសបន្ថែមទៀត»។
បើតាមលោក ហេង សួរ ដើម្បីប្រាកដថាពួកគេអាចទទួលបានប្រាក់ចូលនិវត្តន៍ ក្រោយអស់សមត្ថភាពបំពេញការងារ ឬដល់អាយុកំណត់ដោយច្បាប់ ត្រូវចូលនិវត្តន៍ លុះត្រាតែបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌ ដូចជា ស្ថាប័ននីមួយៗនោះបានចុះបញ្ជិកាផ្នែកប្រាក់សោធន បានបង់ភាគទានយ៉ាងតិច១២ខែ និងមានអាយុយ៉ាងតិច៦០ឆ្នាំ។ ដោយឡែក សម្រាប់ការកាត់ពន្ធលើប្រាក់បៀវត្សប្រចាំខែ មិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌនៃការបង់ភាគទានទេ។
ប្រភពដដែលបន្តថា ប្រសិនបើក្នុងករណីមាននិយោជិតណាម្នាក់ ឬអ្នកបម្រើការងារណាម្នាក់ ត្រូវផ្លាស់ប្តូរការងារច្រើនកន្លែងឬច្រើនស្ថាប័ន ក៏នៅតែអាចទទួលបានប្រាក់ចូលនិវត្តន៍បានដែរ។ ប៉ុន្តែត្រូវប្រាកដថា គ្រប់អង្គភាពដែលពួកគេត្រូវបម្រើការងារថ្មីនោះ ថៅកែបានបង់ភាគទាន២ភាគរយ និងបុគ្គលិកបង់២ភាគរយ ហើយបើអនុវត្តបានដូច្នេះ គឺនៅតែស្ថិតក្នុងគោលការណ៍ដែលត្រូវទទួលបានប្រាក់សោធននិវត្តន៍នេះដូចគ្នា។
លើសពីនេះទៀត លោក ហេង សួរ ឱ្យដឹងថា ប្រសិនបើក្នុងរយៈពេលនៃការបំពេញការងារនេះ ទាំងថៅកែនិងខ្លួនផ្ទាល់បានបង់ភាគទានត្រឹមត្រូវហើយដូច្នេះនៅពេលដល់អាយុ៦០ឆ្នាំ អាចស្នើសុំគោលការណ៍ប្រាក់ចូលនិវត្តន៍បាន៕