លោក ហ៊ុន សែន បញ្ជា​ឱ្យ​បន្ត​ចាប់ខ្លួន​អ្នកបំភ្លៃ​ព័ត៌មាន​ករណី​ឆ្លង​កូវីដ-១៩

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​​លោកនាយ​ករដ្ឋម​ន្ត្រី ហ៊ុន​ សែន​ បានចេញបញ្ជា​ផ្ទាល់​មាត់​ឱ្យសម​ត្ថកិច្ចប​ន្ត​ចាប់ខ្លួន​អ្ន​កទាំងឡាយណា​ដែល​លោកថា​បានចែករំលែកព័ត៌មាន​បំពុល​សង្គម ជុំវិញ​ការ​កក្រើក​ឡើង​វិញ​នៃការ​ឆ្លង​ជំងឺ​កូវីដ-១៩នៅ​​កម្ពុជា ដើម្បីទប់ស្កាត់ភាពចលាចលក្នុងសង្គម ខណៈលោកបង្ហើបថា មាន​បុរសម្នាក់​ត្រូវបានសមត្ថកិច្ច​​ចាប់​ខ្លួន​ហើយ កា​លពីយប់មិញ​ នៅខេត្តត្បូងឃ្មុំ ជុំវិញបញ្ហានេះ។

​​ក្នុងទិវា​មច្ឆជាតិ​ ថ្ងៃទី១ កក្កដា ឆ្នាំ២០២២ ដែលធ្វើឡើងនៅខេត្ត​បន្ទាយមានជ័យ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា បុរស​ឈ្មោះ អ៊ូខុង នៅខេត្ត​ត្បូង​ឃ្មុំ ដែល​ធ្លាប់​ហែ​ឃោស​នា​ជាមួយ​​គណបក្ស​​ភ្លើង​​ទៀន ត្រូវ​សមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីយប់​មិញ​ ក្រោយពីលោកបានចេញបញ្ជាទាំង​យប់ទៅអគ្គស្នងការ​នគរបាលជាតិ ឱ្យ​ស្រា​​វជ្រា​វ​រកមុខ​សញ្ញានេះ។ លោក​ថា ពេលនេះ បុរសរូបនោះ សមត្ថកិច្ចកំពុងនាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ។

លោក​បញ្ជាក់​ថា ការ​ចេញ​បញ្ជា​ទាំង​យប់ឱ្យ​តាមចាប់នោះ ដោយសារ​តែ​បុរសរូបនោះបាន​ប្រើ​បណ្ដាញ​សង្គម​តីក​តុក (TikTok) បង្ហោះព័ត៌មាន​បំ​​ភ្លៃកា​រពិត ថាមា​នអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ដែលទើបនឹង​ឆ្លងឡើងវិញជាថ្មីទៀតនេះ ខណៈរលកចម្លងថ្មីនេះ កម្ពុជាមានត្រឹមករ​ណី​​ឆ្លង​តិចតួចប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ថា៖ «ផុសឡើងមួយ ចាប់មួយ! ផុសឡើងពីរ ចាប់ពីរ​! អត់មានទុកទេ! ព្រោះរឿងនេះអត់មានរឿង​លេងសើ​ច​​ទេ យើងអត់មានអ្នកជំងឺ [កូវីដ-១៩] សូម្បីតែមួយនាក់ឥលូវនេះ ហេតុ​អី​បានវាយករូបភាពនេះដែលម​​នុ​​ស្ស​ស្លាប់នៅខេត្តកោះកុង តាំងពី[យូរ​ហើយ​] បើយើងមិនចាប់ ទើបថាយើងមិនអនុវត្តច្បាប់»។

យ៉ាងណា លោកគូសបញ្ជាក់ថា ការចេញបទបញ្ជាបែបនេះជាវិធានការច្បាប់ ដើម្បីទប់ស្កាត់​ចលា​ចល​សង្គម មិនមែនរំលោភទៅលើសេរីភាពបញ្ចេញមតិនោះទេ។

លោកថា៖ «ថ្ងៃនេះចាំមើល​នឹងមាន​ប្រធាន​បទ ទាំង​អាVOD ទាំងអាស៊ីសេរី ទាំងVOA ទាំងប្រទេសនានា ថាលោក ហ៊ុន សែន ដាក់ចេញបទបញ្ជាឱ្យចាប់ខ្លួន​ បើធ្វើនាយករដ្ឋមន្ត្រីហើយ ព្រងើយកន្តើយ​ចំពោះមុខសភាព​ការណ៍បំ​ពុល​របៀប​នេះ មិនបាច់ធ្វើនាយករដ្ឋមន្ត្រីទេ»។

ជុំវិញបញ្ហានេះ លោកក៏បាន​អំពាវនាវឱ្យពលរដ្ឋកុំមានការភ័យស្លន់​ស្លោពី​រលក​ចម្លង​ថ្មីនៃការ​ឆ្លង​ជំងឺកូវីដ-១៩​នេះ តែ​ពលរដ្ឋ​ត្រូវ​ទៅ​ចាក់វ៉ាក់សំាងដូស​ជំរុញ ដើម្បី​បង្ការទប់ស្កាត់ជំងឺឆ្លងនេះ ដោយសម្អាងថា អត្រាឆ្លង​ប៉ុន្មានថ្ងៃមកនេះមានចំនួនតិចតួចប៉ុណ្ណោះ ហើយគ្មានអ្នកស្លាប់ទេ។

មួយ​វិញ​ទៀត លោក​បញ្ជាក់​ឡើង​វិញ​ថា ការ​ផ្តល់​វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ រដ្ឋាភិបាលនៅតែមិនគិ​​ត​​ថ្លៃ​ដដែល ទោះ​ការ​ផ្តល់​វ៉ាក់សាំងនេះ​ដល់ដូសទី១០ក្តី។

អ្ន​​កនាំពាក្យគណបក្សភ្លើងទៀន ​លោក ថាច់ សេដ្ឋា មិនអាច​ទាក់​ទង​ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បា​ន​ទេ​​​ នៅថ្ងៃសុក្រនេះ។

ក៏ប៉ុន្តែ បើតាមការបង្ហោះសារ​របស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំខេត្តត្បូងឃ្មុំ បានប​ញ្ជាក់​ថា លោក អ៊ូ​ខុង ជាអតីត​ភ្នាក់ងារអ្នកសង្កេតការណ៍បោះឆ្នោត​របស់គណបក្សនេះ នៅឃុំ​កណ្ដោល​ជ្រុំ ស្រុក​ពញា​ក្រែក ហើយគាត់​ត្រូវ​សមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ «ដោយមូលហេតុផុសវីដេអូក្នុងតីកតុក​ (TikTok) ថា​មាន​ក​រ​ណី​​មនុស្សស្លាប់ដោយសារកូវីដ-១៩»។

ប្រធាន​គ្រប់គ្រង​ទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ធ្វើច្បាប់ដើម្បី​ទប់​ស្កាត់​ការរី​​ក​រា​លដាលជំងឺកូវីដ-១៩ រួម​ទាំង​អនុ​ក្រឹត្យនានា​ មានភាពចម្រូងចម្រាស ជំរុញឱ្យ​មាន​​ការ​បក​ស្រាយ​ផ្សេង​គ្នា អំ​​ពី​ការអនុវត្តច្បាប់ និងសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ។

ដោយឡែក លោកថា ការ​អនុវត្តច្បាប់ពេលនេះ រហូតឈានទៅចាប់ខ្លួនមនុស្ស និង​ការព្រមានចាប់់ខ្លួន​បន្ថែម​ទៀតទៅ​​លើ​អ្នក​ដែល​បំពានច្បាប់នេះ នៅតែជាក្តីបារម្ភពីការបំពានសិទ្ធិ​ ប្រសិនបើអ្នកចែកចាយព័ត៌មាននោះមិ​ន​​​បា​​នយល់ដឹងថាព័ត៌មានដែលខ្លួនចែកចាយនោះជាព័ត៌មានក្លែងក្លាយ។

ក្នុងន័យ​នេះ លោក សំអាត ពន្យល់​ថា ក្រុមអង្គការសង្គមស៊ីវិល​ មិនគាំទ្របុគ្គលណាដែលមានចេតនា​ចង់បំ​​​ភ្លៃ​​​បញ្ហាសង្គមនោះទេ ក៏ប៉ុន្តែសង្គមស៊ីវិល​មាន​ការ​បារម្ភ​អំពីការរំលោភបំពានសិទ្ធិ បើអ្នកដែលត្រូ​វចាប់ខ្លួន​នោះខ្វះចំណេះដឹង ដើម្បីពិនិត្យមើលថាតើព័ត៌មានប្រភេទ​ណា​ជា​ព័ត៌មាន​ពិតឬ​ក្លែងក្លាយ។

លោកថា៖ «បុគ្គលណាមួយដែលគាត់​មាន​ចេតនាក្នុងការនិយាយព័ត៌មានមិនពិតឬក៏បំផ្លើស អាហ្នឹងយើងមិ​ន​គាំទ្រទេ។ ក៏ប៉ុន្តែប្រសិនបើបងប្អូន​ប្រជាពលរដ្ឋដែលគាត់មិនយល់ដឹង​ព័ត៌មាន​ពិត​ឬ​មិន​ពិត ហើយគាត់​ចែ​​កចាយ​ទៅ អាហ្នឹងហើយដែលយើងមានការព្រួយបារម្ភថា គាត់អាចប្រឈមមុខនឹងច្បាប់ដោយមិនដឹង​ខ្លួន»។

លោក អំ សំអាត ផ្តល់ជាទស្សនៈថា បញ្ហានេះ​ ទាំង​អាជ្ញាធរ និងសង្គមស៊ីវិលដែលជាដៃគូ គួរតែរួមគ្នាអប់រំប្រ​​ជា​ពលរដ្ឋឱ្យចេះប្រើប្រាស់បណ្ដាញសង្គមប្រកបដោយ​សីល​ធម៌និង​ក្រម​សីល​ធម៌ ព្រម​ទាំង​យល់​ដឹងថា​​​ព័ត៌មានណាពិតនិងព័ត៌មានណាមិនពិត មុនធ្វើការចែករំលែក ហើយអ្វីដែលសំខាន់នោះ ទាល់តែពួកគេ​​ទទួលបានព័ត៌មានគ្រប់គ្រាន់។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី យល់ថា ការចែករំលែកព័ត៌មានមិ​ន​​​​ពិតណាមួយ​មានចេតនាអាក្រក់ គឺ​ជាកំ​ហុស​ឆ្គង ក៏​ប៉ុន្តែចំណាត់ការ​ចាប់ខ្លួន​ជនណាម្នាក់ ចាំបាច់មានកា​រ​​ស៊ើប​អង្កេតមួយ​ដោយ​តម្លាភាពនិងយុត្តិធម៌ប្រកបដោយការជឿទុកចិត្ត។

លោក​បន្តថា ការបញ្ចេញសារព្រមាន​របស់​មេដឹកនាំរដ្ឋាភិបាលនេះ អាច​ជាសារគំរាម​ជាទូទៅ ប៉ុន្តែ​​បញ្ហា​នេះ​អាចជំរុញ​ឱ្យ​មានការព្រួយបារម្ភ​មួយ​ ខណៈ​អ្នកប្រើប្រាស់​បណ្តាញសង្គមនៅកម្ពុជាប្រមាណ៧០ភាគរយ មិនមានចំណេះដឹងឌីជីថល​កម្រិតមូលដ្ឋាននៅឡើយ។

លោកថា៖ «យើងយកចិត្តទុកដាក់ឱ្យបានខ្លាំងជាងនេះ នៅក្នុងការដាក់ចេញនូវសកម្មភាពបណ្ដុះបណ្ដាល​​​កា​​រ​​​យល់ដឹងដល់ពួកគាត់ឱ្យបានជាទូទៅ ដើម្បីធានាថា ប្រជាពលរដ្ឋយើងគាត់អាចចូលរួមក្នុងកិច្ចការស​ង្គ​ម​ ​​​ហើយផ្តល់នូវយោបល់រិះគន់ស្ថាបនាហ្នឹងបានកាន់តែប្រសើរនៅក្នុងសង្គមប្រជាធិបតេយ្យ»។

ក្នុងសិក្ខាសាលាស្តីពី​ «ការបង្កើត​ក្របខណ្ឌ និងយុទ្ធសាស្រ្ត អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងឌីជីថល​ថ្នាក់ជាតិ» កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ា​ន់ដេត បានលើកឡើងថា ​ប្រជាជន​កម្ពុជា​មិនដល់​៣០ភាគរយ​ទេ ដែល​មានចំណេះដឹងផ្នែក​ឌីជីថល ឬបច្ចេក​វិទ្យា​អេឡិចត្រូនិច​​កម្រិត​មូលដ្ឋាន ហើយ​ពលរដ្ឋប្រមាណ៧០ភាគរយទៀតគ្មានចំណេះដឹងមួ​យ​នេះឡើយ ​​ខណៈព័ត៌មាន​ក្លែងក្លាយ​កំពុង​​កើនឡើង​​និងគំរាមកំហែង​ដល់អ្នកប្រើប្រាស់​នាពេល​​បច្ចុ​ប្បន្ន​​។

លោកបានបញ្ជាក់ពេលនោះថា ប្រសិន​បើ​ពលរដ្ឋ​មាន​ចំណេះដឹងអំពី​​​​ប្រព័ន្ធផ្សព្វផ្សាយ​ ព័ត៌មាន​ និងឌីជីថល​កាន់​តែ​ច្រើន​​​ ​អាច​ធ្វើ​​ឱ្យពួកគាត់​មានលទ្ធភាព​គ្រប់គ្រាន់ក្នុងការ​ប្រើ​ប្រាស់ ចែក​រំលែក​​ប្រកប​ដោយ​​ការទទួល​ខុស​ត្រូវ ​រក្សា​បាន​​នូវ​​សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរ​ អត្តសញ្ញាណ ​វប្បធម៌ជាតិ និងទទួលបាន​នូវផលប្រយោជន៍​​ពីសង្គមឌីជីថលយ៉ាង​ពិតប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ