កូដករ​ណាហ្គា​ស្នើ​ជាថ្មី​ដល់​ស្ថាប័ន​រដ្ឋសភា​និង​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ

កូដករណាហ្គា​វើលដ៍ប្រមាណ​១០០​នាក់ ទៅតាមដានញត្តិរបស់ពួកគេដែល​បាន​ស្នើ​ដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នរដ្ឋសភា​ ព្រមទាំងស្នើជាថ្មីឱ្យពន្លឿន​ការ​​រក​ដំណោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កូដករណាហ្គា​វើលដ៍ប្រមាណ​១០០​នាក់ នៅព្រឹកថ្ងៃសុក្រ​នេះ បានទៅប្រមូលផ្ដុំគ្នា​នៅខុទ្ទ​កាល័យ​នាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីតាមដានញត្តិរបស់ពួកគេដែល​បាន​ស្នើ​ដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នមួយនេះ​ ព្រមទាំងស្នើជាថ្មីឱ្យពន្លឿន​ការ​​រក​ដំណោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានលើកឡើងថា កាលពីថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០២២ ក្រុមកូដករណាហ្គាវើលដ៍បានទៅដាក់​ញត្តិ​​នៅខុ​ទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា ដើម្បីសុំអន្តរាគមន៍ដោះស្រាយ​វិវាទការ​ងារ​​ឱ្យ​បាន​ឆាប់ ប៉ុន្តែ​គិត​​​មកដល់ព្រឹកថ្ងៃសុក្រ​​នេះ ពួកគាត់នៅមិនទាន់ទទួលបានការ​ឆ្លើយតបណាមួយ​ពីស្ថាប័នទាំង២នេះនៅឡើយ ទើបពួកគាត់នាំគ្នា​ទៅតាមដានញត្តិដែល​បាន​ញត្តិ​។

កញ្ញា​បន្តថា​ រយៈពេលជាង៦ខែមក​​ហើយដែល​កូដករណាហ្គា​វើលដ៍បានធ្វើកូដកម្មតវ៉ាទាម​ទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ ក្រោយ​ថៅកែ​បាន​បញ្ឈប់​ពួកគេ​​ទាំង​​​​អយុត្តិ​ធម៌ និង​​មិនអនុ​លោម​តាម​​ច្បាប់។ កញ្ញាបន្ថែម​​ថា ការជួប​ចរចាចំនួន១២ដងរវាង​តំណាង​កូដករ តំណាងសហជីព និង​តំណាងក្រុមហ៊ុន ក្រោមការ​សម្រប​សម្រួល​របស់​ក្រសួងការងារ ក៏នៅតែពុំទាន់មានលទ្ធផលជាវិជ្ជមាន​នៅឡើយ ដែលករណីនេះពួកគេនៅតែទទូចសុំឱ្យ​រដ្ឋាភិបាល និងរដ្ឋសភា ជួយពន្លឿនការដោះស្រាយ​ឱ្យ​បាន​ឆាប់។

បើតាមកញ្ញា ឈឹម ស៊ីថរ ការតាមដានញត្តិនៅព្រឹកនេះ ខាងខុទ្ទកាល័យ​នាយករដ្ឋមន្ត្រីគ្រាន់តែប្រាប់ថានឹង​ពាំនាំញត្តិនោះទៅថ្នាក់លើដើម្បីពិនិត្យ។

ចំណែកប្រធានផ្នែកជំនួយការនៃគណៈកម្មការទី១រដ្ឋសភា លោក ផាត់ សុផាន់ណា មាន​ប្រសាសន៍ថា ក្រោយរដ្ឋសភាបាន​ទទួលញត្តិរបស់ក្រុមកូដករកាលពីថ្ងៃទី២០ ខែមិថុនានោះ គណៈកម្មការទី១ បាន​ប្រជុំ និងផ្ញើលិខិត​ទៅស្ថាប័ន​ជំនាញ​ និង​​ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យ​ពិនិត្យលើសំណើរ​​បស់កូដករ​​ និងធ្វើការ​ដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ។

លោកថា៖ «ខាងគណៈកម្មការ ​[ទី១ នៃរដ្ឋសភា] បានបញ្ជូនលិខិត [ការ​ស្នើ​របស់កូដករ​] ហ្នឹង​​ទៅឯកឧត្តម ប៊ិន ឈិន! និង​មួយ​ទៀត គឺយើង​បានបញ្ជូន​ទៅឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ [លោក អ៊ិត សំហេង] បញ្ជូន​បានពីរករណីហ្នឹង […] ដូច្នេះ​បងប្អូន​កម្មករ​អាចទៅសួរនាំនៅក្រសួង ដែល​ខាងគណៈកម្មការ​បានបញ្ជូនទៅ»។

បើតាមក្រុមកូដករ ប្រសិនបើមិនមានដំណោះស្រាយ​ណាមួយ​ទេ ពួកគាត់នឹងបន្តការ​តស៊ូមតិនិងតវ៉ារហូត​ដល់មានដំណោះស្រាយ​សមរម្យសម្រាប់ពួកគាត់។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះបានកើតឡើងអស់រយៈ​ពេល​ជាង១ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​នេះបាន​បញ្ឈប់​បុគ្គលិក​ចំនួន​១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូ​វីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ