ពលរដ្ឋ​៧គ្រួសារ​នៅ​ខេត្តកំពត ចោទ​នគរបាល​ម្នាក់​ថា​រំលោភ​យក​ដីស្រែ​របស់​ពួកគាត់

ដីនៅតំបន់មួយកន្លែង (ត្រង់ចំណុចមានកង់ឡាន) ត្រូវបានពលរដ្ឋម្នាក់អះអាងថា មន្ត្រីម្នាក់ចាក់ដីបិទផ្លូវលើដីរបស់គាត់ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋចំនួន៧គ្រួសារ រស់នៅភូមិ​ត្រពាំង​កញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត បានចោទ​មន្រ្តីនគរបាលម្នាក់ថាបាន​រំលោភយកដីស្រែរបស់ពួកគាត់ជិត១ហិកតាដើម្បីសាងសង់ផ្ទះ និងហាមពួកគាត់មិនឱ្យ​ចូលធ្វើស្រែលើដីរបស់ពួកគាត់។

ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងកញ្ឆែត លោក ផាត រដ្ឋា បានឱ្យដឹងនៅថ្ងៃសុក្រនេះថា មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ ភួង ម៉ារិណ ​បាន​ចាក់ដី​សម្រាប់​សាងសង់ផ្ទះនៅលើ​ដីចំណី​ថ្នល់ និងក្បាលដីស្រែរបស់ពួកគាត់ ដែលមានទំហំជិត១ហិកតា ចាប់តាំងពីឆ្នាំ២០២០មក ហើយបច្ចុប្បន្ន​​ មន្ត្រីរូប​នោះ​ថែមទាំង​បានរារាំងពួកគាត់​មិនឱ្យ​ចូល​ធ្វើស្រែលើដីរបស់ពួកគាត់ថែមទៀត។

លោកបន្ត​ថា កាលពីថ្ងៃម្សិលមិញ នៅពេលដែលរូបគាត់ទៅមើលដីរបស់គាត់ដែលកំពុងមានវិវាទនេះ ក៏ស្រាប់តែមន្ត្រីរូបនោះបានចោទរូបគាត់ថាទៅបំផ្លាញផលដំណាំរបស់ខ្លួន​ថែមទៀត។

លោកថា៖ «គេអ​ត់​ឱ្យ​ចូល គេថា​ខ្ញុំហ្នឹង​ទៅ​បំផ្លាញ​ផល​ដំណាំរ​បស់​គេ។ តាម​ពិត ដីរបស់​ខ្ញុំ​​សោះ តែ​គាត់​អត់​មាន​ដី​ទេ ហើយ​ដីដែលចាក់ដីថ្មីៗមិនមែនជារបស់គាត់ទេ តែគាត់រំលោភយកទៀត។ ពេលយូរៗទៅ គាត់យកទាំងអស់ហ្មង»។

ពលរដ្ឋ​ម្នាក់ទៀត អ្នកស្រី ឯម សុភ័ន ដែលមាន​វិវាទដីធ្លីជាមួយមន្ត្រីនគរបាល​នោះដែរ បានឱ្យ​ដឹងថា ដីរបស់ពួកគាត់មានការ​ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ហើយ​ពួកគាត់​ក៏បានប្តឹងករណីនេះទៅកាន់អាជ្ញាធរ​ខេត្តឱ្យជួយដោះស្រាយផងដែរ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយនៅឡើយ​។

អ្នកស្រីថា៖ «ពេលគេដូរចៅហ្វាយ​ខេត្ត ក៏​ឯកឧត្ដម ម៉ៅ ធនិន មក! ​តែគេថា​ចាំ​បន្តិច​ដោះស្រាយៗ។ នៅ​តែរាល់​ថ្ងៃ​ហ្នឹង ខ្ញុំ​ដាក់​ទៅ​ស្រុក​បួនដប់​ដង​ នៅ​តែអត់​សម្រេច […] អ៊ីចឹង​ខ្ញុំចង់​ថា ​នៅ​លើ​លោក​នេះ​អត់​មានយុត្តិ​ធម៌​អី​ទេ»។​​

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីមេឃុំ​កំពង់សំរោង លោក ជាវ នាង និងមន្ត្រីនគរបាល​ លោក ភួង ម៉ារិណ ដែលរងការចោទនោះបានទេ នៅថ្ងៃនេះ។

ចំណែក មេប៉ុស្ដិ៍ឃុំកំពង់សំរោង លោក ចាប់ ឌុល បានលើកឡើងថា លោក ភួង ម៉ារិណ បានមក​រស់​នៅ​លើដីចំណីផ្លូវ​អស់​រយៈ​ពេល​២ឆ្នាំមកហើយ ខណៈដែលអាជ្ញាធរភូមិឃុំអនុញ្ញាត​ឱ្យលោករស់នៅ ដោយ​សារតែគាត់​មិនមានដីធ្វើផ្ទះ។

លោកថា៖ «នគរបាលហ្នឹងមករស់នៅ២ឆ្នាំហើយ យើងមិនអនុញ្ញាត​ឱ្យនៅទេ តែបើគាត់ជាមន្រ្តីប៉ូលិសដែរ អ៊ីចឹងខាងភូមិខាងអីចេះតែយោគយល់ គាត់អត់មានដីនៅដែរ»។

មន្រ្តីសម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្សនៃ​​អង្គការ​លីកាដូ​ប្រចាំ​ខេត្តកំពត លោក ប៉ែន វុទ្ធា បានលើកឡើងថា ​ក្នុងនាមជាមន្រ្តីរាជការដែលរស់នៅលើដីចំណីផ្លូវ និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋទៅរស់នៅឬអាស្រ័យផលដីរបស់ពួកគេ គឺជារឿងដែលមិនសមស្របនោះទេ​ ហើយអាជ្ញាធរ​មូល​ដ្ឋាន​គួរតែដោះស្រាយឱ្យបានឆាប់រហ័សលើករណីនេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាចចូលទៅអាស្រ័យ​ផល​លើដីរបស់ខ្លួនដូចដើមវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ