បក្ស​ក្រៅ​រដ្ឋាភិបាល​ខ្លះ​បន្ត​រកច្រកចេញ​បង្កើត​បក្ស​ធំ​មួយ​នៅ​មុន​ការបោះឆ្នោត​ឆ្នាំ២០២៣

ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាងគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលមួយចំនួនបានអះអាងជាថ្មីទៀតថា ពួកគេ​​កំ​​ពុង​​ស្វះ​ស្វែង​​រក​​ច្រកចេញ ដើម្បីបង្កើតទៅជាកម្លាំងអ្នកប្រជាធិបតេយ្យ ដោយជ្រកក្រោមឆ័ត្រមួយ​​ថ្មី​​ទៀត សម្រាប់​​​​ត្រៀ​​​​​​មប្រកួត​​ប្រជែងដណ្ដើមកៅអីក្នុងរដ្ឋសភាជាមួយគណបក្សកាន់អំណាច ក្នុង​​ពេល​​ឆាប់​​ៗ​​ខាង​​មុខ​​នេះ។

ប្រាប់វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បញ្ជាក់ថា ការរួម​កម្លាំង​គ្នាតាមរយៈ​ការបង្កើត​​គណ​​បក្សជាអ្នកប្រជាធិបតេយ្យតាមទម្រង់បែបថ្មីនេះ ត្រូវតែ​​ស​​ម្រេ​​ច​​​​​​​​ឱ្យបាននៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកដល់។ លោកបន្តថា គិតមកដល់ពេល​​នេះ មានគណបក្សនយោបាយចំនួន៣គណបក្សហើយបានព្រមព្រៀងគ្នាលើគោល​​ការណ៍មួយ​​ចំ​​នួន។

បើតាមលោក គង់ មុនីកា នៅមានគណបក្សនយោបាយផ្សេងទៀត ដូចជា គណបក្សភ្លើង​​ទៀន​​​​ ជាដើម កំពុងស្ថិតក្នុងជំហានដើម្បីបន្តពិគ្រោះយោបល់។ ប្រធានគណបក្សរូបនេះនៅតែ​​យ​​ល់​​​ឃើញថា បំណងនៃការរួបរួមគ្នាឱ្យទៅជាកម្លាំងអ្នកប្រជាធិបតេយ្យមួយដ៏ធំនេះ នឹងលេច​​ជា​​រូប​រាង នៅមុនការបោះឆ្នោតកើតឡើង។

លោកបន្តថា៖ «ជាគោលគំនិត យើងមានទស្សនៈប្រហាក់ប្រហែលគ្នា។ យើងគិតថា យើងអាចមានលទ្ធភាពក្នុងការរួបរួមគ្នាបាន។ ប៉ុន្តែពួកយើងនៅជជែកគ្នាឱ្យបានស៊ីជម្រៅបន្ថែមទៀតទៅលើគោលការណ៍និងជំហររួម»។

គេសង្កេតឃើញថា ការផ្ដួចផ្ដើមបង្កើតគណបក្សមួយថ្មី ដែលគណបក្សក្រៅរដ្ឋាភិបាលទាំងនោះចាត់​​ទុក​​ជា​​កម្លាំងអ្នកប្រជាធិបតេយ្យ គឺបានដំណើរការតាំងពីមុនការបោះឆ្នោតជ្រើស​​រើសក្រុម​​ប្រឹ​​ក្សា​​​​​ឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះមកម៉្លេះ។ ប៉ុន្តែចរន្តនេះនៅមិនទាន់អាចទម្លាយពី​​ភាព​​ជាប់​​គាំងនេះបាននៅឡើយ។

សម្រាប់​លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដែលជា​ភាគីមួយក្នុងចំណោម​​បក្ស​​​នយោបាយផ្សេងទៀតដែលស្ថិតនៅក្នុងគម្រោងនៃការរួបរួមនេះដែរ ឱ្យដឹងថា ភាពយឺត​​យ៉ាវ​​នេះ ដោយសារ​​ការ​​ព្យាយាមរករូបមន្តមួយឱ្យត្រូវធ្លុងគ្នាមិនទាន់ឃើញ។ បើទោះជាបែបណា សម្រា​​ប់​​​​គណបក្សរបស់លោកដែលជាអ្នកប្រជាធិបតេយ្យស្រាប់ មិនមានភាពស្មុគស្មាញច្រើនទេ ប្រសិន​​បើ​​សម្ព័ន្ធភាពថ្មីនេះមិនមែនជាបក្សនយោបាយដែលចំណុះឱ្យបក្សកាន់អំណាច។

មិនខុសគ្នាដែរ លោក អ៊ូ ច័ន្ទរ័ត្ន មានសុទិដ្ឋិនិយមថា ចរន្តនយោបាយថ្មីដែលរួមគ្នាពីក្រុម​​អ្នក​​ប្រ​ជា​​ធិប​តេយ្យនេះ នឹងកើតឡើងនៅមុនការបោះឆ្នោតជាតិខាងមុខនេះ។

លោកបន្តថា៖ «សម្រាប់គណបក្សកែទម្រង់កម្ពុជា យើងមានលក្ខខណ្ឌតែ២ទេ។ ទី១ យើងអត់ចូលរួម​​ជា​មួយគណបក្សណាដែលរណបជាមួយនឹងគណបក្សកាន់អំណាច ឬក៏ជ្រកក្រោមគណ​​បក្ស​​កាន់​​​​អំណាច។ អ៊ីចឹង ក្នុងន័យនេះមិនមែនថាប្រឆាំង មិនរណបអីទេ! ប៉ុន្តែថាប្រសិនបើនាំគ្នា​​ទៅ​ជ្រកក្រោម​​គណបក្សកាន់អំណាចដដែល យើងមិនបាច់ធ្វើទេ។ ចំណុចទី២ យើងសង្កត់ធ្ងន់រឿង​​លក្ខណៈប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្សហ្នឹង»។

សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្លាប់បញ្ជាក់ជំហរខ្លួនមិនទាន់ចង់​​រួបរួម​​ជ្រកក្រោមឆ័ត្រ​​តែមួយ​​នៅ​​ឡើយ​​ទេ ប៉ុន្តែគណបក្សក្រៅរដ្ឋាភិបាលមួយនេះរីករាយសហការជានិច្ច​ក្នុងកម្រិត​​ពហុ​​ភាគី សម្រាប់​​ទិសដៅ​​ប្រ​ជា​​ធិបតេយ្យជាមួយគណបក្សផ្សេងទៀតដែលមានកម្មវិធី​​នយោ​​បាយ​​​​​ប្រ​​ហាក់​​​​ប្រ​ហែលគ្នា។

គិតមកដល់ពេលនេះ លោក គង់ មុនីកា បង្ហាញថា មានគណបក្សចំនួន៣ហើយ ក្នុងនោះមាន​​គ​​ណ​​​​​​បក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម និងគណបក្សឆន្ទៈខ្មែរ បានផ្តល់សញ្ញាភ្លើងខៀវក្នុង​​​​​ការរួបរួម។ ដោយឡែក គណបក្សភ្លើងទៀន ក្រុមការងារនឹងរកមធ្យោបាយដើម្បី​​បានជួប​​ពិ​គ្រោះ​​​​យោបល់ ខណៈដែលគណបក្សខ្មែរស្រឡាញ់ជាតិនៅមានភាពស្ទាក់ស្ទើរនៅឡើយ។

ជុំវិញរឿងនេះ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថ្លែងថា គណបក្សចាស់វស្សា​​មួយ​​នេះបើកទ្វារស្វាគមន៍ជានិច្ចជាមួយអ្នកប្រជាធិបតេយ្យ។ លោកបន្តថា នៅចំពោះមុខនេះ គណ​​បក្ស​​​​ភ្លើងទៀនមិនទាន់បានគិតដល់ការរួបរួមកម្លាំងធំពីបក្សនយោបាយដទៃទៀត សម្រាប់​​បម្រើ​​ឱ្យ​​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះនៅឡើយទេ។

លោកបន្តថា៖ «យើងបើកចំហក្នុងការរួបរួមកម្លាំងអ្នកប្រជាធិបតេយ្យ។ យើងអត់មានការចង្អៀតចង្អល់អីទេ សម្រាប់គណបក្សភ្លើងទៀនរបស់យើង»។

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ​​២​០​២៣ ជាកាលបរិច្ឆេទបម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត សម្រាប់​​នីតិកាលទី៧​​។ ​​ក្រោ​​យ​​​​​មានកិច្ចព្រមព្រៀងនយោបាយ ប្រទេសកម្ពុជាឆ្លងកាត់​ការបោះឆ្នោតជ្រើស​​រើសតាំងតំ​ណា​​ង​​រាស្រ្ត​​​​​ជា​​លើក​ដំបូងរបស់ខ្លួនកាលពីឆ្នាំ១៩៩៣។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅគម្រោងនៃការរួបរួមកម្លាំង​​ន​​យោ​​បាយតាមបែបប្រជាធិបតេយ្យនេះថា វាមិនខុសទាស់អ្វីនឹងគោលការណ៍​​ច្បាប់ទេ។​​ មួយ​​វិញ​​ទៀត កម្លាំងនៃការប្រមូលផ្តុំនេះក៏មិនអាចធ្វើឱ្យគណបក្សកាន់អំណាចជាង៤០ឆ្នាំមកនេះភ័យ​​​​ព្រួយនោះដែរ។

លោកបន្តថា៖ «គណបក្សប្រជាជនមិនដែលមានការភ័យព្រួយម្តងណាទេ ទោះបីមានអ្នកវិភាគ​​ន​​យោ​​​​​បាយឬមិននយោបាយអី និយាយ​​យ៉ាងម៉េច និយាយទៅ​​។ គណបក្សប្រជាជនកម្ពុជា ​​គឺថាអត់​​មាន​​សតិអារម្មណ៍ណាមួយចង្អៀតចង្អល់ ឬមួយក៏មានការព្រួយបារម្ភ​​ពីការចងសម្ព័ន្ធភាព​​ជាមួយ​​គ្នា ឬក៏បញ្ចូលជាមួយគ្នាទេ»។

បើទោះបែបណា អ្នកសិក្សាពីគោលនយោបាយ និងសហគមន៍អន្តរជាតិ បានរិះគន់ថា ការដែល​​រដ្ឋា​​​​​​ភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សប្រឆាំងដ៏ធំ គឺគណបក្ស​​ស​​ង្រ្គោះ​​​​​​​​​​ជាតិ កាលពីចុងឆ្នាំ២០១៧ នោះក៏ព្រោះតែគណបក្សនេះព្រួយបារម្ភពីការចាញ់ឆ្នោត ស​​ម្រា​​​ប់​​​​​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ ខណៈដែលកម្លាំងនៃការគាំទ្រគណបក្សសង្រ្គោះជាតិមានការកើនឡើង។

សម្រាប់អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុនណា យល់ឃើញថា កម្លាំង​​នៃ​​កា​​រ​​រួបរួម​​គ្នានេះ បើសិនជាអាចកើតឡើងបានមែន ប្រហែលនឹងទទួលបាននូវការគាំទ្រ ប៉ុន្តែទំនងមិន​​ជា​​ខ្លាំ​ងក្លាប៉ុន្មានទេ ហើយបើនៅតែមិនអាចរួមគ្នាបានទៀត វាមិនខុសអីពីលទ្ធផលនៃការបោះឆ្នោត​​ឃុំ​​សង្កាត់​​ថ្មី​​​ៗ​​នោះឡើយ។

បើតាមអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយរូបនេះ ប្រសិនបើប៉ូលនយោបាយមួយ​នេះលេច​​ចេ​​ញ​​​​ជា​រូបរាងបានមែន ដូច្នេះនេះជារលក​​ន​យោ​​​​​​​​​បា​​យ​​​ថ្មីមួយទៀតនៅចន្លោះបក្សកាន់អំណាច បក្សភ្លើងទៀន ហើយក៏អាចទាក់​​ទាញកា​​រគាំ​ទ្រ​​​ដែរ​​។

លោកបន្តថា៖ «អ៊ីចឹងទេ ប្រសិនបើគណបក្សតូចៗទាំងអស់នេះ គាត់នៅតែដើរផ្លូវរៀងៗខ្លួន វាអត់​​មាន​​​​​លទ្ធ​ផលអីដែលខុសឆ្ងាយពីការបោះឆ្នោតកន្លងទៅទេ។ អ៊ីចឹងបើសិនជាគាត់រួមក​ម្លាំងគ្នា​បង្កើ​ត​​​​​​ទៅជាគណបក្សឬជាចលនាតែមួយ វាអាចធ្វើឱ្យគាត់ហ្នឹងមានសំឡេងខ្លះដែរ សម្រាប់​​ការ​បោះ​​ឆ្នោតឆ្នាំ២០២៣ខាងមុខហ្នឹង។ អ៊ីចឹងទេ ការរួបរួមគ្នានេះ វាជាប៉ូលថ្មីមួយរវាង​​គណបក្ស​កាន់​អំ​​ណាច និងគណបក្សភ្លើងទៀន ហើយក៏អាចធ្វើឱ្យប្រជាពលរដ្ឋពិចារណាខ្លះដែរ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់អះអាងថា ចាប់ពីពេលនេះទៅមុខ ជាពិសេសនៅ​ក្រោយ​​ការ​​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ រដ្ឋាភិបាលរបស់លោកនឹងលែងក្លាយជាគោលដៅនៃការវាយប្រហារថាជារដ្ឋាភិបាលឯកបក្សតទៅហើយ។ បើតាមលោក ហ៊ុន សែន នៅក្នុងរដ្ឋស​​ភា​ខាង​មុខនេះ នឹងមានបក្សនយោបាយចម្រុះចូលធ្វើការជាមួយនឹងគណបក្សប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ