UPDATED៖ ក្រុមស្ត្រីថ្ងៃសុក្រ ស្នើ​សហភាពអឺរ៉ុប​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ស្វាមី​ខ្លួន​ដែល​កំពុង​ជាប់ឃុំ

ក្រុមស្ត្រីថ្ងៃសុក្រ ប៉ះទង្គិចជាមួយសន្តិសុខខណ្ឌដូនពេញ អំឡុងពេលពួកគេប្រមូលផ្ដុំគ្នាដាក់ញត្តិសុំអន្តរាគមន៍ពីសហភាពអឺរ៉ុបលើករណីតុលាការផ្ដន្ទាទោសសាច់ញាតិដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលបានរំលាយ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុម​ភរិយា​សកម្មជនគណបក្សសង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ​​ បាន​នាំគ្នា​ទៅ​ដាក់​ញត្តិ​នៅ​​​សហភាព​​​អឺរ៉ុប​ នៅថ្ងៃសុក្រនេះ ដើម្បី​ស្នើ​ស្ថាប័ន​នេះ ជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា​​​ឱ្យ​ដោះ​លែង​​ក្រុម​​គ្រួសារ​​របស់​​​​ពួក​​គាត់ដែលកំពុងជាប់ឃុំ​ បន្ទាប់​ពី​​តុលាការ​កាត់ទោស​ឱ្យជាប់​ពន្ធនា​គារ​​នាពេល​ថ្មីៗនេះ។

ស្ត្រីថ្ងៃសុក្រ ដែលជាភរិយា​សកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ អ្នកស្រី ព្រំ ចាន់​ថា បានឱ្យដឹងថា ការដែល​ពួកគាត់​ទៅ​ដាក់ញត្តិនៅសហភាពអឺរ៉ុបនេះ ដោយ​សារ​​តែ​តុលាការ​កាត់ទោស​ស្វាមីរបស់គាត់ និង​អ្នកគាំទ្របក្សប្រឆាំងផ្សេងទៀតទាំងអយុត្តិធម៌។

អ្នកស្រីបន្ត​ថា៖ «ខ្ញុំសង្ឃឹមមុតមាំចំពោះ EU​ គាត់ជាប្រទេសដែលគោរពច្បាប់​​ សិទ្ធិមនុស្ស ប្រជាធិបតេយ្យពិតប្រាកដ គាត់នឹងអាចរកដំណោះស្រាយឱ្យពួកខ្ញុំ មិនមែនថាទៅគាបសង្កត់ឱ្យមានដំណោះស្រាយសម្រាប់អ្វីដែល​យើង​ចង់​បាន។​ គាត់​បន្តនីតិវិធីធ្វើយ៉ាងណា​​ក៏ដោយ ដើម្បី​​ជំរុញទៅរដ្ឋាភិបាល ជំនួបជាមួយរដ្ឋាភិបាល ឬ​ឧប​នាយក​​រដ្ឋ​មន្ត្រី ស ខេង ដើម្បីជំរុញឱ្យគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ​​ និងដោះលែងពួកគាត់មកវិញ»។

បើតាមអ្នកស្រី ព្រំ ចាន់ថា តំណាងសហភាពអឺរ៉ុបបាន​ទទួលយកញត្តិរបស់ពួកគាត់​ហើយ និង​បាន​​សន្យាថានឹងបញ្ជូនញត្តិ​នេះទៅ​លោកស្រី​ឯក​អគ្គរាជទូត​សហភាព​អឺរ៉ុប ដើម្បី​ឱ្យ​លោកស្រី​ដោះ​ស្រាយ​បញ្ហា​នេះ។

យ៉ាងណា អំឡុង​ពេលនៃ​ការដាក់ញត្តិនោះ​ក៏មានការ​ប៉ះទង្គិចគ្នាដោយ​ពាក្យសម្តី និងការ​រុញច្រាន​គ្នា​រវាង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ ជាមួយក្រុម​​ស្ត្រីថ្ងៃសុក្រ ក្រោយពីស្ត្រីទាំងនោះ​ព្យាយាម​លើក​បដា និង​រូប​ភាព​កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិក និងលោក អៀ ចាន់ណា សកម្មជន​គណបក្សសង្គ្រោះជាតិ​ដែលតុលាការ​រំលាយ​។

សន្តិសុខខណ្ឌដូនពេញ ចុះរារាំងក្រុមស្ត្រីថ្ងៃសុក្រ  មិនឱ្យលើកបដា អំឡុងពេលពួកគេប្រមូលផ្ដុំគ្នាដាក់ញត្តិសុំអន្តរាគមន៍ពីសហភាពអឺរ៉ុបលើករណីតុលាការផ្ដន្ទាទោសសាច់ញាតិដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
សន្តិសុខខណ្ឌដូនពេញ ចុះរារាំងក្រុមស្ត្រីថ្ងៃសុក្រ មិនឱ្យលើកបដា អំឡុងពេលពួកគេប្រមូលផ្ដុំគ្នាដាក់ញត្តិសុំអន្តរាគមន៍ពីសហភាពអឺរ៉ុបលើករណីតុលាការផ្ដន្ទាទោសសាច់ញាតិដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អ្នកស្រី សេង ចាន់ថន ភរិយា​លោក ស៊ុន ធន់ សកម្មជន​គណបក្សសង្គ្រោះជាតិ​ដែលតុលាការ​បាន​រំលាយ បាន​លើកឡើង​ដែរថា​ បើ​សិន​ជាគ្រួសារ​ពួកគាត់​​​មិនទទួលរងភាព​អយុត្តិធម៌ទេ នោះ​​ពួក​គាត់​ក៏​មិននាំគ្នាដើរដាក់​ញត្តិ​នៅតា​ម​បណ្ដាស្ថាន​ទូតនិង​ស្ថាប័ន​ផ្សេងៗ​ ដែលពេលខ្លះក៏ត្រូវ​ប្រឈម​នឹង​ការ​រុញច្រាននិងប៉ះពាក្យ​សម្ដីគ្នា​​ជាមួយ​ក្រុម​សន្តិសុខខណ្ឌ​​​ផងដែរ​។  

អ្នកស្រីបង្ហាញ​ការ​ខក​ចិត្ត ដែល​ក្រុម​សន្តិសុខខណ្ឌដូនពេញ មិនអនុញ្ញាតឱ្យពួក​គាត់​លើកបដា​​នៅ​ទីសាធារណៈបែបនេះ។ ប៉ុន្តែក្រុមសន្តិសុខខណ្ឌដូនពេញ បានបញ្ជាក់ថា ការ​រារាំងមិនឱ្យលើកបដានេះ ដោយសារតែប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ខណៈសំណុំរឿងនេះស្ថិត​ក្នុង​ដៃ​តុលាការ។​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការបន្តដាក់ញត្តិរបស់ក្រុមស្ត្រីសុក្រ ថា​ពាក់​ព័ន្ធនឹងរឿងនយោបាយ។

លោកថា៖ «គាត់ដាក់ទៅណាក៏ដោយ មិនអាចជួយអីបានដែរ វាមិនមែនជាមធ្យោបាយផ្លូវ​ច្បាប់ក្នុង​ការការ​ពារ​ជនជាប់​ចោទ។ អ៊ីចឹងអ្វីដែលគាត់ធ្វើនេះ គ្រាន់តែជារូបនយោបាយតែប៉ុណ្ណឹងទេ ប៉ុន្តែទិដ្ឋភាពផ្លូវច្បាប់ វាអត់មានឥទ្ធិពលអី្វមកលើតុលាការកម្ពុជានោះទេ»។

ប្រធាន​សមាគម​ការ​ពា​​​រសិទ្ធិ​មនុស្សអាដហុក​ លោក នី​ សុខា ​មានប្រសាសន៍ថា ការនាំគ្នារកកិច្ចអន្តរាគមន៍ពីបណ្តា​ប្រទេសលោកសេរីរបស់ក្រុមស្ត្រីថ្ងៃសុក្រ ដោយសារ​ប្រទេសទាំងនេះជា​​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លោក​បន្ត​ថា បើសិនជារដ្ឋាភិបាលនិងតុលា​ការ​នៅ​តែមិ​ន​ទម្លាក់​ចោលបទចោទប្រកាន់ និងដោះលែងសកម្មជននយោបាយទៀត នោះ​កម្ពុជា​អាចនឹងទទួលរងសម្ពាធ​ពីស​ហគមន៍​អន្តរជាតិ​នា​ពេល​ខាង​មុខ​នេះ។

លោកថា៖ «អ៊ីចឹង​ចង់​មិន​ចង់ អ្នក​ទាំង​អស់​ហ្នឹងគឺត្រូវតែយក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ជំរុញ​​រដ្ឋាភិបាល ធ្វើ​ម៉េចដើម្បីដោះ​​ស្រាយ​​បន្ធូរបន្ថយស្ថានការណ៍នយោបាយ។ យើងដឹង​កិច្ចការងាររបស់ទូតកន្លងមក ក៏គេបានជួបជាមួយរដ្ឋាភិបាល ជួបជាមួយគណបក្សប្រឆាំង ដើ​ម្បីធ្វើយ៉ាងណាជំរុញឱ្យរៀបចំដំណើរការបោះឆ្នោត សម្រួលបរិយាកាសនយោ​បាយ​ផ្សេងៗ។ រឿង​ទាំង​អស់​ហ្នឹង គឺ​ជា​ប់​ពាក់ព័ន្ធអ្នកដែលត្រូវបានគេចាប់ឃុំខ្លួនដោយរឿងនយោបាយ»។

កាលពីពេល​កន្លង​មក ក្រុមស្ត្រីថ្ងៃសុក្រ ក៏​បាន​នាំ​គ្នា​រកកិច្ចអន្តរាគមន៍ពីប្រទេសលោកសេរីមួយ​​ចំនួន​ប្រចាំនៅ​កម្ពុជាផងដែរ​ ដើម្បីឱ្យជួយជំរុញទៅរដ្ឋាភិបាលនិងតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់និងដោះលែងគ្រួសាររបស់ពួកគេឱ្យមានសេរីភាពវិញ។

សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយកាលពីឆ្នាំ២០១៧ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរវិលត្រលប់របស់លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសមេដឹកនាំ និងអ្នកគាំទ្របក្សប្រឆាំងដែលតុលាការ​បានរំលាយ​ រួមទាំង​កញ្ញា​ សេង ធារី មេធាវីខ្មែរ​អាមេរិក ដាក់ពន្ធនាគារ​ចន្លោះពី៣ឆ្នាំទៅ៨ឆ្នាំ។

បន្ទាប់ពីមានការ​កាត់ទោស​ក្រុម​បក្សជំទាស់ក្នុងទ្រង់ទ្រាយធំចំនួន៤៣នាក់​នេះ អ្នកជំនា​ញ​សិ​ទ្ធិមនុស្សនៅ​អង្គ​ការសហប្រជាជាតិ​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បាន​ស្នើរ​ដ្ឋាភិបាល​កម្ពុ​ជាពិនិត្យឡើ​ង​វិញ​​លើ​ករ​ណីនេះ ដោ​​​​យ​ស​ម្អា​​​ងថា​ វិ​​​ធាននោះមិនបានភ្ជាប់កាតព្វកិច្ចនៃការគោរព​សិទ្ធិមនុស្ស​​​អ​ន្តរ​ជា​តិ និងលំហ​នយោបាយ​ពហុ​បក្ស​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ