សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតមកពីគណបក្សចំនួន៣ក្នុងឃុំតែមួយប្ដេជ្ញាធ្វើការរួមគ្នា

លោក ជឿន ណាស៊ី សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតជាជំទប់ទី២ ក្នុងឃុំសាគ្រាម មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ (ហ្វេសប៊ុក៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន)

សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតមកពីគណបក្សចំនួន៣ដែលទទួលបានអាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ក្នុងឃុំមួយនៅខេត្តកំពង់ធំ ប្ដេជ្ញាធ្វើការរួមគ្នាដើម្បីបម្រើពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ។​​​

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ ទទួលបានតំណែងជាមេឃុំ ខណៈ​គណបក្សភ្លើងទៀន មាន២អាសនៈ បានតំណែងជាជំទប់ទី១ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន២អាសនៈ ទទួលតំណែងជាជំទប់ទី២។​

សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតជាជំទប់ទី២ ក្នុងឃុំសាគ្រាម មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ជឿន ណាស៊ី ប្រាប់វីអូឌីថា លោកប្ដេជ្ញាចិត្តធ្វើការជាមួយសមាជិកក្រុមប្រឹក្សាមកពីគណបក្សពីរផ្សេងទៀតដែលមានអាសនៈក្នុងអាណត្តិថ្មីនេះ ដើម្បីបម្រើនិងដោះស្រាយបញ្ហាជូនពលរដ្ឋដោយស្មារតីយុត្ដិធម៌ ហើយលោកស្នើដល់គ្រប់គណបក្សនយោបាយក្នុងឃុំនេះគិតពីផលប្រយោជន៍រួមជាធំ។

លោកថា៖ «បងមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះការសហការរួមគ្នាជាមួយនឹងគ្រប់គណបក្សនយោបាយ ធ្វើយ៉ាងណាឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋលើទឹកដីសាគ្រាម ជាពិសេសវិស័យកសិកម្ម»។

លោក ជឿន ណាស៊ី ដែលធ្លាប់ជាជំទប់ទី២ម្ដងរួចហើយ កាលពីឆ្នាំ២០១៧ នៃគណបក្សដដែលនេះ ​ឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងឃុំសាគ្រាម នៅអាណត្តិទី៥នេះ មានសំឡេងចម្រុះមកពីគណបក្សផ្សេងគ្នាចំនួន៣។ លោកបន្ដថា ក្រុមប្រឹក្សាឃុំសង្កាត់នេះនឹងមានតុល្យភាពសំឡេង ហើយលោកជឿជាក់ថា លោកមេឃុំជាប់ឆ្នោតអាណត្តិថ្មីនេះនឹងទទួលយកមតិយោបល់ពីគណបក្សដទៃ ដើម្បីធ្វើការពិចារណាឱ្យបានល្អិតល្អន់ជាមុន។

លោកបន្ថែមថា ការដែលពលរដ្ឋក្នុងឃុំនេះបង្កើតឱ្យមានសំឡេងមកពីគណបក្សចម្រុះបែបនេះ ក៏ជាការឆ្លុះបញ្ចាំងពីមតិយោបល់រួម ហើយទាមទារឱ្យមានសំំឡេងពីគណបក្សផ្សេងទៀត ដើម្បីសម្រេចការធ្វើផែនការឱ្យត្រូវប្រយោជន៍ប្រជាជន និងកែលម្អការដឹកនាំឃុំសង្កាត់ក្នុងរយៈកាល៥ឆ្នាំនេះផងដែរ។

ជាមួយគ្នានេះដែរ លោក ជឿន ណាស៊ី សង្កេតឃើញថា ពលរដ្ឋក្នុងឃុំសាគ្រាមនេះមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នេះ ​ដោយពលរដ្ឋមិនបណ្ដោយឱ្យមេឃុំដែលមកពីគណបក្សណាមួយធ្វើអ្វីតាមអំពើចិត្តនោះទេ។​ ជាក់ស្ដែង នៅអាណត្តិទី៥នេះ សំឡេងមកពីគណបក្សផ្សេងទៀតក្រៅពីបក្សឈ្នះឆ្នោតលើសពី៥០ភាគរយ។

ក្នុងន័យនេះ លោកថា រាល់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់នៅអាណត្តិថ្មីនេះ ត្រូវមានការឆ្លុះបញ្ចាំងពីគណបក្សភ្លើងទៀន និងគណបក្សប្រជាធិតេយ្យមូលដ្ឋាន ដែលទទួលបានអាសនៈជាជំទប់ទី១ និងជំទប់ទី២។

លោកបញ្ជាក់ថា៖ «​​សំឡេងដែលមានប៉ូលនយោបាយ៣ នៅក្នុងសាលាឃុំហ្នឹង ជាប៉ូលនយោបាយដែលធ្វើឱ្យមានតុល្យភាព មិនអាចធ្វើឱ្យលោកមេឃុំហ្នឹងជិះសេះលែងដៃបានតាមអំពើចិត្តដូចកន្លងមកទេ»។

លោក ទុន ស៊ី បេក្ខភាពជំទប់ទី១ នៃគណបក្សភ្លើងទៀន ក្នុងឃុំដដែលនេះ បានប្រាប់វីអូឌីថា នៅពេលប្រកាសចូលធ្វើការក្នុងក្រុមប្រឹក្សាឃុំសង្កាត់ជាផ្លូវការ លោកនឹងព្យាយាមធ្វើការសហការក្នុងការដឹកនាំឃុំសង្កាត់នេះឱ្យកាន់តែមានដំណើរការល្អ និងជួយពលរដ្ឋនៅទីនោះឱ្យមានការរីកចម្រើន។

បក្សភ្លើងទៀន ទទួលបាន២អាសនៈក្នុងឃុំសាគ្រាម នៅអាណត្តិនេះ លោក ទុន ស៊ី លើកឡើងថា ជារឿងល្អដែលមានសំឡេងច្រើនពីគណបក្សទទួលបានអាសនៈការបោះឆ្នោតឃុំសង្កាត់នេះ។ តែយ៉ាងណា លោកថា ត្រូវមានការសហការគ្នាយ៉ាងយកចិត្តទុកដាក់​ និងតម្រូវឱ្យគណបក្សផ្សេងទៀតរួបរួមគ្នាក្នុងការកសាងឃុំនេះឱ្យបានល្អ។

លោកថា៖ «រួបរួមគ្នាក្នុងការកសាងឃុំ កសាងភូមិឱ្យមានការរីកចម្រើន គឺជាអនុសាសន៍មួយ គឺមានមតិស្រុះស្រួលគ្នា។ បើមិនស្រុះស្រួលគ្នា ក៏វាពិបាកដែរ»។

មេឃុំអាណត្តិចាស់ និងជាមេឃុំជាប់ឆ្នោតថ្មីនៃគណបក្សប្រជាជនកម្ពុជាក្នុងឃុំសាគ្រាមនេះ លោក ចាន់ សុផល បានប្រាប់វីអូឌីថា លោកក៏មានការប្ដេជ្ញាចិត្តថានឹងបម្រើប្រជាពលរដ្ឋដោយអនុវត្តតាមគោលនយោបាយរបស់គណបក្សដែលបានដាក់ចេញកាលពីអំឡុងពេលឃោសនាបោះឆ្នោតកន្លងទៅដែរ។

លោក ចាន់ សុផល បេក្ខជនមេឃុំដែលនឹងប្រកាសជាផ្លូវការនាពេលខាងមុខនេះ​ បានឱ្យដឹងថា កាលពីអាណត្តិចាស់កន្លងទៅ លោកបានធ្វើការសហការនិងពិគ្រោះពិភាក្សាជាមួយគណបក្សដទៃ ដើម្បីបម្រើប្រជាពលរដ្ឋ។ ស្របគ្នានេះដែរ សម្រាប់អាណត្តិថ្មីនេះ លោកក៏នឹងបន្ដធ្វើការជាមួយគណបក្សដទៃ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

លោកថា៖ «​សូម្បីចេញពីគណបក្សនយោបាយណាក៏ដោយ យើងត្រូវសហការគ្នាធ្វើតាមរាជរដ្ឋាភិបាល អត់មានទៅបែងចែកគណបក្សអីទៀត។ យើងដឹកនាំរួមគ្នាទាំងអស់»។

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា យល់ឃើញថា ការដែលមានគណបក្សចម្រុះក្នុងក្រុមប្រឹក្សាថ្នាក់ឃុំសង្កាត់នេះ អាចបង្កើននូវយន្ដការក្នុងការត្រួតពិនិត្យជាងមុន ដោយសារមានសមាសភាពចូលរួមពីគណបក្សផ្សេង ជាមតិយោបល់ និងជាធាតុចូលសម្រាប់ការអនុវត្តផែនការឃុំសង្កាត់។

ប៉ុន្ដែទោះជាយ៉ាងណា លោកបន្ដថា កន្លងមក យន្ដការនៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់ មិនទាន់មានតម្លាភាព ហើយក៏មិនទាន់មានសិទ្ធិអំណាចឱ្យពេញលេញតាមបែបប្រជាធិបតេយ្យនៅឡើយនោះទេ។

លោក ប៉ិច ពិសី លើកឡើងថា រដ្ឋាភិបាលគួរតែជំរុញយន្ដការនៃការអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាដោយផ្អែកលើគោលការណ៍អភិបាលកិច្ចល្អ ដើម្បីធានាថា ក្រុមប្រឹក្សាមានសិទ្ធិអំណាចនិងតួនាទីក្នុងការត្រួតពិនិត្យកិច្ចការក្នុងឃុំសង្កាត់នេះ។

លោកថា៖ «យើងពង្រឹងយន្ដការនៃការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ហើយសិទ្ធិអំណាចដែលមានចែងក្នុងច្បាប់ទាំងឡាយគួរតែមានការអនុវត្តជាក់ស្ដែងតែម្ដង កុំឱ្យមានការបំពារបំពានពីសំណាក់អ្នកអនុវត្តទៅលើតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ