កូដករ​ណាហ្គា​វើលដ៍​នឹង​​ធ្វើ​កូដកម្ម​បន្ត​ទៀត​ដើម្បី​ទាមទារ​ឱ្យ​ថៅ​កែ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)​

ក្រុមកូដករណាហ្គាវើលដ៍អះអាងថា ពួកគេនឹង​ធ្វើកូដកម្មដោយអហិង្សាជាថ្មីទៀត ​  ទោះដឹងថាត្រូវប្រឈមជាមួយសមត្ថកិច្ចក្តី ដើម្បីទាមទារឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជំរុញទៅថៅកែក្រុមហ៊ុន​ល្បែងមួយនេះឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារតាមផ្លូវច្បាប់។

កូដករណាហ្គាវើលដ៍ កញ្ញា អៀន គន្ធា មានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា រយៈពេលជិតកន្លះខែកន្លងមកនេះ ដែលពួកគាត់បានយកញត្តិដាក់ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា ឱ្យជួយ​អន្តរាគមន៍ដោះស្រាយវិវាទការងារជាមួយថៅកែកាស៊ីណូណាហ្គាតាមផ្លូវច្បាប់​​ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ មិនទាន់មានការឆ្លើយតបជាវិជ្ជមានណាមួយនៅឡើយ។

ករណីនេះ កញ្ញាបញ្ជាក់ថា ពួកគាត់នៅបន្តចេញធ្វើកូដកម្មបែបអហិង្សាជាថ្មីទៀតនៅដើមសប្តាហ៍ក្រោយនេះ   ដើម្បីទាមទារឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជំរុញទៅថៅកែក្រុមហ៊ុនឱ្យពន្លឿនដោះស្រាយបញ្ចប់វិវាទការងារជូនកម្មករឱ្យបានឆាប់។

កញ្ញានិយាយថា៖ «ខាងរដ្ឋាភិបាល និងរដ្ឋសភាមិនទាន់ឆ្លើយតបញត្តិពួកយើងទេបង។ បើគេអត់ឆ្លើយតប ពួកខ្ញុំនៅតែបន្តធ្វើកូដកម្មនៅដើមសប្តាហ៍ក្រោយទៀត…និយាយរួមលែងខ្លាចរងហិង្សាជាមួយសមត្ថកិច្ចហើយ វាស៊ាំហើយ។ គេវាយទាត់ធាក់រាល់ថ្ងៃហើយ បើយើងអត់ធ្វើទេ គេអត់អើពើទេ បើយើងធ្វើសកម្មភាពទៅបានមហាជនគេឃើញខ្លះ»។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និយាយថា រយៈពេលជាង៦ខែមក​​ហើយ ដែល​កូដករណាហ្គា​វើលដ៍បានធ្វើកូដកម្មតវ៉ាទាម​ទារ​រក​ដំណោះស្រាយ​​ ក្រោយ​ថៅកែ​បាន​បញ្ឈប់​ពួកគេ​​ទាំង​​​​អយុត្តិ​ធម៌ និង​​មិនអនុ​លោម​តាម​​ច្បាប់។ កញ្ញាបន្ថែម​​​ថា ការជួប​ចរចាចំនួន ១២លើករវាង​តំណាង​កូដករ តំណាងសហជីព និង​តំណាងក្រុមហ៊ុន ក្រោមការ​សម្រប​សម្រួល​របស់​ក្រសួងការងារ ក៏នៅតែពុំទាន់មានលទ្ធផលជាវិជ្ជមាន​នៅឡើយ។  ​ករណីនេះកញ្ញាថា ពួកគេនៅតែទទូចសុំឱ្យ​រដ្ឋាភិបាល និងរដ្ឋសភា ជួយពន្លឿនការដោះស្រាយវិវាទការងារមួយនេះ​ឱ្យ​បាន​ឆាប់។

កញ្ញាបន្ថែមថា បើរដ្ឋាភិបាល​ មិនជួយជំរុញទៅថៅកែក្រុមហ៊ុនពន្លឿនដោះស្រាយបញ្ចប់វិវាទការងារជូនកម្មករឱ្យបានឆាប់ទេ នោះពួកគេនៅតែបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយ។

កញ្ញាបញ្ជាក់ដូច្នេះថា៖ «បើតាមព័ត៌មានដែលនាងខ្ញុំទទួលបានពីក្រុមកម្មករដែលពួកគាត់បានប្រជុំពិភាក្សាគ្នា គឺពួកគាត់នឹងធ្វើការតស៊ូមតិមិនថាមធ្យោបាយណាទេ រហូតមានដំណោះស្រាយ»។

មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គង់ ចំរើន មានប្រសាសន៍ថា ចំពោះញត្តិដែលក្រុមកូដកម្មដាក់មកខុទ្ទកាល័យនាយករដ្ឋមន្ត្រីកន្លងមកនេះ គាត់បានបញ្ជូនទៅថ្នាក់លើហើយ​ប៉ុន្តែលោកថា រាល់ការសម្រេចយ៉ាងណានោះ អាស្រ័យលើថ្នាក់ដឹកនាំ។

លោកមានប្រសាសន៍ថា៖ «យើងបានទទួលពាក្យគាត់ហើយ។ លើកក្រោយនេះយើងបានទទួលលិខិតបន្ថែមរបស់ពួកគាត់ទៀត  ហើយខ្ញុំបានរាយការណ៍ជូនទៅថ្នាក់លើអស់ហើយ។ បើថ្នាក់ដឹកនាំសម្រេចថាម៉េច យើងនឹងរាយការណ៍ជូនទៅពួកគាត់វិញ»។

យ៉ាងណាក៏ដោយលោក គង់ ចំរើន ទទូចទៅក្រុមកូដករទាំងអស់មានការអត់ធ្មត់ និងគោរពតាមសេចក្តីសម្រេចរបស់តុលាការ ដោយកុំបន្តធ្វើកូដកម្មខុសច្បាប់បន្តទៀត។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក  លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ជម្លោះរវាងក្រុមកូដករ និងក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសបន្លាយជាច្រើនខែមកហើយ។ ករណីនេះ លោកថា បើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធមិនជំរុញ ឬអន្តរាគមន៍ទៅក្រុមហ៊ុនពន្លឿនដោះស្រាយជូនក្រុមកូដករទេ  នឹងបង្កផលប៉ះពាល់កាន់​តែ​​ខ្លាំង​ដល់ជីវភាពរបស់​​កូដករ និងមុខមាត់រដ្ឋាភិបាលជាដើម។

លោកមានប្រសាសន៍ថា៖ «ថ្នាក់ដឹកនាំមិនគួរព្រងើយកន្តើយទុកបញ្ហាបណ្តែតបណ្តោយឱ្យមានអូសបន្លាយពេលយូរបែបហ្នឹងដែរ។ យើងយកគោលការណ៍ច្បាប់ គោរពសិទ្ធិដល់កម្មករ និងក្រុមកូដករ ដើម្បីបញ្ចប់វិវាទហ្នឹងទៅ វានឹងបញ្ចប់ហើយ។ ប៉ុន្តែបើសិនជានៅតែបណ្តែតបណ្តោយបែបនេះ យើងមានការព្រួយបារម្ភមានបញ្ហាផ្សេងៗ ដូចជា មានហិង្សាផ្សេងៗកើតមានឡើងលើកម្មករជាមួយក្រុមសមត្ថកិច្ចទប់ស្កាត់ខាងកូដករបន្តទៀត»។

បើតាមក្រុមកូដករ ញត្តិដែលពួកគេបានដាក់កាលពីថ្ងៃទី​២០ ខែមិថុនា មានខ្លឹមសារស្នើ​​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋសភា ជួយ​អន្តរាគមន៍ដោះស្រាយវិវាទការងារចំនួន៣ចំណុច ក្នុងនោះ ស្នើ​ឱ្យជួយជំរុញទៅក្រុមហ៊ុនទទួលយ​កកូដករដែលនៅសេស​សល់​ប្រមាណ២០០នាក់ចូលធ្វើការ​វិញ និង​ទូទាត់សំណង​​ឱ្យ​បាន​ត្រឹម​ត្រូវតាមផ្លូវច្បាប់ ព្រមទាំងស្នើសុំឱ្យមានការទម្លាក់បទចោទទៅលើ​ថ្នាក់ដឹកនាំ និង​សមាជិកសហជីពទាំង ១៥នាក់វិញ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះបានកើតឡើងអស់រយៈ​ពេល​ជាង១ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​នេះបាន​បញ្ឈប់​បុគ្គលិក​ចំនួន​១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូ​វីដ-១៩។ ប៉ុន្តែសម្រាប់កូដករ និងសហជីពដែលធ្វើការងារលើវិស័យនេះមើលឃើញថា ការបញ្ឈប់បុគ្គលិកជាទ្រង់ទ្រាយធំនោះ គឺក្រុមហ៊ុនណាហ្គាវើលដ៍មានចេតនាលុបបំបាត់សហជីពដែលហ៊ានការពារសិទ្ធិកម្មករក្នុងក្រុមហ៊ុនច្រើនជាងបញ្ហាហិរញ្ញវត្ថុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ