ក្រសួងមហាផ្ទៃ បានបញ្ចប់តំណែង និងបណ្តេញអនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីក្របខណ្ឌនគរបាលជាតិ ដោយសារមន្ត្រីរូបនោះ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីចុងខែមិថុនា ស្តីពីការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដែលវីអូឌីទើបទទួលបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចបណ្តេញ លោក សឿ សុថា អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រោមរូបភាពដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយសារមន្ត្រីរូបនោះ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។
ទោះជាយ៉ាណា ក្រសួងមិនបានបញ្ជាក់ពីមូលហេតុឱ្យបានលម្អិតពាក់ព័ន្ធនឹងការបណ្តេញមន្ត្រីនគរបាលជាតិចេញពីក្របខណ្ឌនេះនោះទេ ប៉ុន្តែសេចក្តីប្រកាសដដែលបញ្ជាក់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីថ្ងៃ ខែចុះហត្ថលេខាតទៅ។
ដោយឡែក កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដកហូតមុខតំណែង ឋានន្ដរសក្តិ និងបណ្ដេញមន្ដ្រីនគរបាលជាតិ លោក អ៊ុន សំអាត ដែលមានតួនាទីជានាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចេញពីក្របខណ្ឌ ក្រោមមូលហេតុល្មើសវិន័យរបស់កម្លាំងនគរបាលជាតិផងដែរ។
ចំណែកលោក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដកសក្តិនិងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយសារអធិការរូបនោះបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលទឹកដីកម្ពុជា ដោយគេចវេះពីការធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជាថៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំដដែល៕








