មេធាវី​របស់​លោក​ ​សុន​ ​ឆ័យ​ ​ថា​កូន​ក្តី​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​១២​ ខែ​កក្កដា​​តាម​បណ្តឹង​មន្ត្រី​ ​គ​.ជ​.ប​

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងថ្ងៃហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្តីឱ្យអនុប្រធានគណបក្សភ្លើងទៀន បានឱ្យដឹងថា កូនក្តីរបស់លោកនឹងចូលខ្លួនបំភ្លឺតាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកក្កដា នេះ តាមរយៈបណ្តឹងរបស់មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមបទចោទ «បរិហារកេរិ៍្តជាសាធារណៈ»។

លោក ជូង ជូងី មេធាវីការពារក្តីឱ្យអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ មានប្រសាសន៍ថា អគ្គលេខាធិការរងនៃ គ.ជ.ប លោក សោម សូរីដា និងអ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បានដាក់ពាក្យប្តឹង​កូនក្តីរបស់លោក មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ  ពាក់ព័ន្ធនឹងបទចោទ បរិហារកេរ្តិ៍​ជា​សាធារណៈ។

មេធាវីរូបនោះបញ្ជាក់ថា ​ លោក សុន ឆ័យ នឹងត្រឡប់ពីប្រទេសអូស្ត្រាលីមកដល់កម្ពុជាវិញនៅថ្ងៃអាទិត្យនេះ ដើម្បីត្រៀមខ្លួនចូលបំភ្លឺតាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកក្កដានេះ តាមបណ្តឹងរបស់មន្ត្រី គ.ជ.ប ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំនឹងការពារ[អមកូនក្តី]គាត់តាមការកោះហៅ ហើយនៅពេលដែលគាត់[សុន        ឆ័យ]ចូលទៅនឹងស្តាប់ការលើកឡើង និងការចោទប្រកាន់របស់ដើមបណ្តឹង ហើយនឹងឆ្លើយតបនឹងការចោទប្រកាន់ហ្នឹង» ។

ដោយឡែក សំណុំរឿងស្រដៀងគ្នា  ដែលលោក គី តិច ជាមេធាវីតំណាងឱ្យលោក សាយ ឈុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ប្តឹងលោក សុន ឆ័យ ទៅតុលាការដែរនោះ    គឺលោកនឹងទៅទទួលយកដីកាកោះពីតុលាការជាលើកទី២  នៅព្រឹកថ្ងៃចន្ទស្អែកនេះ  ដើម្បីដឹងពីថ្ងៃ ខែ ដែលត្រូវចូលបំភ្លឺ។ លោកបន្តថា      ​សំណុំរឿងនេះ លោកធ្លាប់សុំពន្យារពេលមិនឱ្យកូនក្តីចូលទៅបំភ្លឺកាលពីថ្ងៃ៣០ ខែមិថុនា ​ម្តងរួចមកហើយ  ដោយសារកូនក្តីជាប់រវល់បេសកកម្មនៅប្រទេសអូស្ត្រាលី។

នាយកប្រតិបត្តិអង្គការ​និចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា នៅក្នុងអាណត្តិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងមន្ត្រី គ.ជ.ប ដែលជាអាជ្ញាកណ្តាល ប្តឹងអនុប្រធានគណបក្សភ្លើងទៀន ជាសារគំរាមកំហែងដល់អ្នកនយោបាយផ្សេងៗទៀត​ កុំឱ្យរិះគន់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។

លោកផ្តល់ជាអនុសាសន៍ថា សំណុំរឿងនេះ គួរតែ គ.ជ.ប និងអ្នកនយោបាយយកបញ្ហាដាក់លើតុជជែកគ្នា ដោះស្រាយក្រៅប្រព័ន្ធតុលាការ  ជាជាងប្តឹងផ្តល់គ្នាឡើងទៅតុលាការបែបនេះ ដែល នឹងធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិរិះគន់ទៅវិញ  ហើយអ្នកដែលខាតប្រយោជន៍ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

លោកផ្តល់ជាអនុសាសន៍ថា៖ «កាលណា គ.ជ.ប ហើយគណបក្សនិងគណបក្ស ប្តឹងគ្នា គេហៅថាឈ្លោះគ្នាហើយតតាំងគ្នានៅតុលាការ ធ្វើឱ្យមេឃុំ ក្រុមប្រឹក្សាជាប់ឆ្នោតទី១ និងទី២ ដែលជាប់ឆ្នោត ពិបាកធ្វើការងារជាមួយគ្នា  និងធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ហើយអ្នកដែលខាតប្រយោជន៍ប្រជាពលរដ្ឋម្ចាស់ឆ្នោត»។

​កាលពីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប បាន​សម្រេច​ប្តឹង​លោក សុន ឆ័​​យ ជាផ្លូវការ​ ពី​បទ «បរិហារកេរិ៍្តជាសាធារណៈ» និង​ទាម​ទារ​​​ឱ្យ​​លោក សុន ឆ័យ ធ្វើលិខិត​សុំទោស គ.ជ.ប ជា​សាធារណៈ។ ការចេញមុខប្តឹង​​របស់ គ.ជ.ប នៅពេលនេះ គឺក្រោយពី​គណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បាន​ដាក់​​ពាក្យ​​បណ្តឹង​ទៅកាន់​តុលាការ​ប្រឆាំងលោក សុន ឆ័យ កាលពីថ្ងៃ​ទី​១៤ ខែ​មិថុនា ដោយទាមទារ​សំណង​ពី​អ្នកនយោបាយប្រ​​ឆាំង​​ចាស់វស្សារូបនេះ ចំនួន១លាន​​ដុល្លា​​រ​អាមេរិក ដោយយោងលើ​អង្គហេតុប្រហាក់ប្រហែល​ទៅ​​នឹង​​​បណ្តឹងរបស់ គ.ជ.ប នៅពេលនេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ