សមត្ថកិច្ច​បន្ត​សហការ​ជាមួយ​ប៉ូលិស​អាំងទែប៉ូល ដើម្បី​ចាប់​មេខ្លោង​នាំ​គ្រឿងញៀន​ជាង​៣០០តោន​ចូល​កម្ពុជា

សមត្ថិកិច្ចអាវុធហត្ថឈរឈាមការពារសន្តិសុខក្នុងពិធីដុតកម្ទេចចោលគ្រឿងញៀនជាង៧តោន ស្ថិតនៅបណ្ដោយផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នៃទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននិងកំពុង​​បន្តកិច្ច​សហការ​ជាមួយ​ប៉ូលិស​អាំងទែ​ប៉ូល ដើម្បី​ស្វែង​​រក​ចាប់​ខ្លួន​មេខ្លោងដែល​ជា​ឧក្រិដ្ឋជន​គ្រឿង​ញៀននាំចូល​សារ​ធាតុគីមី​ផ្សំជាង​៣០០​តោនមក​កម្ពុជា ដើម្បី​​​​​​កែ​ច្នៃនិង​​ផលិត​​ជាគ្រឿងញៀនដោយខុសច្បាប់កាលពីឆ្នាំ២០២១។

អគ្គស្នង​ការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ មានប្រសាសន៍នៅថ្ងៃចន្ទនេះថា កាល​ពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២ សមត្ថកិច្ច​ចាប់​បាន​សារធាតុ​គីមី​ជាង៣០០​តោនសម្រាប់​យក​មក​ផ្សំ​ធ្វើជា​គ្រឿងញៀន។ ប៉ុន្តែ​លោក​ថា ក្រោយពីសមត្ថកិច្ចរឹបអូសបានសារធាតុ​គីមី​ជាង​៣០០តោន​នោះ រហូត​មកដល់ថ្ងៃទី៧ ខែកក្កដានេះ សមត្ថកិច្ចនៅតែមិនទាន់ចាប់មេខ្លោងយក​មកអនុវត្តទោសតាមច្បាប់នៅឡើយ។

ទោះជាបែបនេះក្ដី លោក ម៉ក់ ជីតូ បញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានសហការជាមួយសមាជិកប៉ូលិសអាំងទែប៉ូលដែលមាននៅតាម​បណ្ដាប្រទេសជាង១០០ ដើម្បីស្វែងរកចាប់ខ្លួនមេខ្លោងដែលជាឧក្រិដ្ឋជនគ្រឿងញៀននោះផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងដាក់ឱ្យខាងប៉ូលិសអាំងទែប៉ូលជាង១០០ប្រទេស យើងដាក់ជិត១ឆ្នាំ ឱ្យ​ជួយ​​តាម​ចាប់​ហើយ ហើយមេខ្លោងគ្រឿងញៀននោះភាគច្រើនជាជនជាតិចិនតៃវ៉ាន់ តែឥលូវអត់ទាន់មានចម្លើយ​អ្វី​ទេ»។

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភខ្លាចអន្តរជាតិដាក់ធនាគារជាតិនៃកម្ពុជាក្នុងបញ្ជីខ្មៅ ជាហេតុធ្វើឱ្យ​ប្រឈមហានិភ័យធំធេងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ប្រសិនបើសមត្ថកិច្ចមិនស្រាវជ្រាវឱ្យដល់ឫសគល់ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះទេ។

ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា បញ្ហា​គ្រឿងញៀននេះជាបញ្ហាមួយដែលផ្សារភ្ជាប់នឹងការអនុវត្តគោលការណ៍របស់អង្គការសហប្រជាជាតិ ទាក់ទង​ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម​ និងសម្អាតប្រាក់ ទប់ស្កាត់កុំឱ្យមានការរីកសាយអាវុធប្រល័យផងដែរ ស្របពេលដែលកម្ពុជាក៏ជាប្រទេសហត្ថលេខីក្នុងការប្រយុទ្ធប្រឆាំងអំពើទាំង​នេះ។ ​

លោកថា បទល្មើសគ្រឿងញៀនជាបទល្មើសមួយដែលក្រុមឧក្រិដ្ឋជនស្រូបយកប្រាក់កម្រៃនិងធនធានជាច្រើន ដើម្បីយកទៅបម្រើលើកិច្ចការផ្សេងៗទៀត ក្នុងនោះអាចយកទៅពង្រីកអាវុធមហាប្រល័យ ​ខណៈបច្ចុប្បន្នកម្ពុជាត្រូវបានអន្តរជាតិដាក់ក្នុងបញ្ជីប្រផេះ ពាក់ព័ន្ធ​រឿងហិរញ្ញវត្ថុនៅធនាគារ។

លោក ស ខេង បញ្ជាក់ថា រឿងហិរញ្ញវត្ថុនេះជាដើមចមដែលធ្វើឱ្យអន្តរជាតិដាក់កម្ពុជាក្នុងបញ្ជីប្រផេះរហូតដល់បច្ចុប្បន្ន។ លោកបន្តថា ប្រសិនបើ​​កម្ពុជាមិនអាចដោះស្រាយបញ្ហានៃការលាងលុយកខ្វក់បានទេ ​អន្តរជាតិនឹងដាក់ធនាគារជាតិនៃកម្ពុជាក្នុងបញ្ជីខ្មៅ ដែលធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍មួយនេះប្រឈមហានិភ័យធំ សម្រាប់ផ្នែកសេដ្ឋកិច្ចនិងនយោបាយជាក់ជាមិនខាន។

ករណីនេះ លោកស្នើទៅសមត្ថកិច្ចស្រាវជ្រាវឱ្យដល់ឫសគល់នៃម្ចាស់ក្រុមហ៊ុន ដែលសមត្ថកិច្ចបានបង្រ្កាប និងរឹបអូសគ្រឿងញៀនបាន​។

លេខាធិការដ្ឋាន​​បោស​​សម្អាត​លុយ​កខ្វក់​អន្តរជាតិ (Financial Action Task Force-FATF) កន្លង​មក​​ បាន​ដាក់​​ប្រទេស​​កម្ពុជា និងប្រទេស​៩ទៀត ​​ចូល​ក្នុង​បញ្ជី​ប្រផេះ​របស់​​ខ្លួន សម្រាប់​តាមដាន​ការ​លាង​លុយ​កខ្វក់​ពី​លំហូរ​ហិរញ្ញវត្ថុ វិនិយោគ និង​ពាណិជ្ជកម្ម​ ចេញ​​និង​ចូល​ក្នុង​ប្រទេស​នេះ​ ខណៈ​​​​បច្ចុប្បន្ន​ ប្រទេស​ចំនួន​​២​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ ​រួមមាន ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ