CMAC គ្រោង​បោស​សម្អាត​មីន​ឱ្យ​អស់​ពី​ភូមិសាស្ត្រ​ស្រុកភ្នំស្រុក​ត្រឹម​រយៈពេល​មួយ​ខែកក្កដា

គ្រាប់មីន

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា កម្លាំងរបស់ខ្លួននឹងដាក់ពង្រាយដើម្បីបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពីភូមិសាស្ត្រក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ​ឱ្យអស់ត្រឹមរយៈពេលមួយខែកក្កដា ឆ្នាំ២០២២នេះ។  ​

ការអះអាងនេះ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១​ ខែកក្កដា ​ក្នុងឱកាសទិវាមច្ឆជាតិ បានចេញបទបញ្ជាឱ្យ​បោសសម្អាតគ្រាប់មីន និងសំណល់សង្គ្រាមនៅឃុំប៉ោចារ​ និងតំបន់ត្រពាំងថ្ម​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ ឱ្យអស់ក្នុងឆ្នាំ២០២២​។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានឱ្យដឹងលើទំព័រហ្វេសប៊ុកកាលពីម្សិលមិញថា ​ថវិកាជាង១១លានដុល្លារទទួលបានពីម្ចាស់ជំនួយជាតិ​​ សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ថវិកានេះទទួលបានពីសប្បុរសជនជាតិ ក្រោយនាយករដ្ឋមន្ត្រីប្រកាសចលនាកៀរគរ​ឱ្យជួយគាំទ្រដល់ការងារបោសសម្អាតមីននិងគ្រប់មិនទាន់ផ្ទុះ​នៅកម្ពុជា។

មន្រ្តីជាន់ខ្ពស់ស៊ីម៉ាក់រូបនេះបាន​ឱ្យដឹងថា ​ស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យ ​ដាក់ពង្រាយកម្លាំងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដើម្បីរំដោះ​ស្រុកភ្នំស្រុក ទាំងមូលពីការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ត្រឹមរយៈពេលមួយខែកក្កដាប៉ុណ្ណោះ។ ​

ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានផ្ទៃដីចម្ការមីនចំនួន៨កន្លែង ដែលមាន​ផ្ទៃដីសរុបជាង២៥ហិកតា។

​អង្គភាពស៊ីម៉ាក់បានឱ្យដឹងថា​ គិតមកទល់ពេលបច្ចុប្បន្ន អង្គភាពមួយនេះបានរំដោះផ្ទៃចម្ការមីនបានជាង១ ៥០០គីឡូម៉ែតក្រឡា និង​កម្ទេចចោលគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម​ជាង៣លានគ្រាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ