សហគមន៍​សង្ឃរុក្ខាវ័ន​គ្រោង​ដាំ​កូនឈើ​៦ពាន់ដើម ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ

សកម្មភាពដាំកូនឈើរបស់សហគមន៍សង្ឃរុក្ខាវ័នកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF)

គណៈកម្មការព្រៃសហគមន៍សង្ឃរុក្ខាវ័ន នឹងរៀបចំពិធីបុណ្យរុក្ខទិវា ក្រោមប្រធានបទ «រួមគ្នាដាំកូនឈើ ដើម្បីជីវិតនិងភពផែនដី» នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២២នេះ នៅក្នុងដែនជម្រកសត្វព្រៃមួយនេះ ដើម្បីជាសារដាស់ស្មារតីឱ្យពលរដ្ឋកាន់តែច្រើននាំគ្នាចូលរួមថែរក្សាព្រៃឈើ។

បើតាមសេចក្ដីជូនដំណឹងរបស់សហគមន៍នេះបានឱ្យដឹងថា នៅក្នុងកម្មពិធីបុណ្យរុក្ខទិវានេះមានការដង្ហែកូនឈើពីទីរួមខេត្តឧត្ដរមានជ័យ ទៅកាន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន និងការដាំកូនឈើសាមគ្គី​ ចំនួន៦ ០០០ដើម លើផ្ទៃដីទំហំ៥ហិកតា ស្ថិតនៅ​ភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ប្រភពដដែល​បន្ថែមថា ​ក្នុងពិធីបុណ្យរុក្ខទិវានេះ​មានការចែករំលែកពីការយល់ដឹងពីជំនឿ បទពិសោធន៍ ចំណេះដឹង កិច្ចការពារ អភិរក្ស បរិស្ថាន ធនធានធម្មជាតិរបស់សាសនាផ្សេងៗ ដែលនឹងមានការចូលរួមពីព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា ​និងជំនឿជនជាតិដើមភាគតិច ព្រមទាំងការចុះល្បាតព្រៃ និងការថតរូបភាពបង្ហាញពីធនធានធម្មជាតិនិងសត្វព្រៃ។

ប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន ព្រះតេជព្រះគុណ​ ថូ ធូរស់​​ មានថេរដីកាប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា ការដាំកូនឈើចំនួន៦ ០០០ដើមថ្ងៃខាងមុខនេះ នឹងមានអ្នកចូលរួម​ជាង១ពាន់នាក់និងអង្គ ដោយមានគ្រប់សាសនាទាំងអស់ចូលរួម ព្រមទាំងអង្គការដៃគូជាច្រើន​ទៀត។ ​ព្រះអង្គបានឱ្យដឹងថា កូនឈើទាំងនេះបានមកពីសប្បុរសជន ការអំពាវនាវរបស់ព្រះអង្គ និងបានពីការស្នើសុំទៅអាជ្ញាធរអ​ប្សរាខេត្តសៀមរាបមួយចំនួនផងដែរ។

ព្រះតេជព្រះគុណ​ ថូ ធូរស់ បានលើកឡើងថា ការដាំកូនឈើនេះ គឺដើម្បីស្ដារព្រៃឈើដែលបានបាត់បង់នាពេលកន្លងទៅ និងជាសារក្រើនរម្លឹកដល់ពលរដ្ឋខ្មែរចូលរួមថែរក្សាព្រៃឈើ ព្រមទាំងជាការបណ្ដុះស្មារតីស្រឡាញ់ព្រៃឈើផងដែរ។

ព្រះអង្គមាន​ថេរដីកាថា៖ «ការដាំកូនឈើនេះ ក្នុងគោលបំណងទី១ ក្នុងការស្ដារព្រៃឈើមានភាពរេចរឹល ជាពិសេសគឺមានការបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាសារមួយសម្រាប់ផ្សព្វផ្សាយឱ្យកុលបុត្រខ្មែរយើងថែរក្សានិងអភិរក្សព្រៃឈើ។ ហើយទី៣ គឺជាការបណ្ដុះនូវស្មារតីរបស់យុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់ធនធានធម្មជាតិ ដាំដើមឈើឡើងវិញ»។

ប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័នអង្គនេះ ក៏បានអំពាវនាវឱ្យមានការចូលរួមពីពលរដ្ឋគ្រប់ទិសទីទាំងអស់​ក្នុងយុទ្ធនាការដាំកូនឈើ ក្រោមប្រធានបទ «យើងរួមគ្នាដាំដើមឈើ ដើម្បីជីវិតនិងភពផែនដី» នេះ ដើម្បីរួមចំណែកក្នុងការថែរក្សាព្រៃឈើទាំងអស់គ្នា។

ព្រះអង្គបន្ដថា៖ «ការធ្វើកិច្ចការងារមួយនេះមិនសំដៅលើសាសនាមួយណាទេ ជាកាតព្វកិច្ចនិងតួនាទីរបស់ប្រជាពលរដ្ឋ ក៏ដូចជាមនុស្សក្នុងពិភពលោក ដែលយើងចូលរួមគ្នាយ៉ាងស្អិតល្មួតក្នុងការថែទាំនិងការថែរក្សាអភិរក្សព្រៃឈើ»។

ព្រៃសហគមន៍សង្ឃរុក្ខាវ័ន មានទំហំសរុប៣០ ២៥៦ហិកតា លាតសន្ធឹងក្នុងស្រុកចំនួន៣ រួមមាន ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ​កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានសម្រេចរក្សាដីព្រៃជាង៣ម៉ឺនហិកតានេះទុកជាដែនជម្រកសត្វព្រៃ ឬជាតំបន់ព្រៃការពារ ដែលមានឈ្មោះថា «សង្ឃរុក្ខាវ័នដែនជម្រកសត្វព្រៃ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ