មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចតែងតាំងមន្ត្រីជិត១០០នាក់ ជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ ដោយមិនទទួលបានប្រាក់បំណាច់មុខងារ ក្រោមហេតុផលថាដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងស្ថាប័នមួយនេះបន្ថែមទៀត។
យោងតាមអនុក្រឹត្យមួយរបស់រាជរដ្ឋាភិបាលចេញកាលពីថ្ងៃទី១ ខែកក្កដា ដែលទើបផ្សាយកាលព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចតែងតាំង និងផ្តល់ឋានៈដល់មន្រ្តីចំនួន ៣៣នាក់ ជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ មានឋានៈស្មើអគ្គនាយករង ដោយមិនទទួលបានប្រាក់បំណាច់មុខងារ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះបាទ ព្រះនរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈមន្រ្តីចំនួន ៥២នាក់ ជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ ដោយមិនទទួលប្រាក់បំណាច់ផងដែរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូឌីថា មន្ត្រីចំនួន ៨៥រូប ដែលនឹងត្រូវចូលបម្រើការងារដោយស្មគ្រចិត្តនៅក្រសួងនេះ ពួកគេនឹងប្រើប្រាស់នូវជំនាញ និងទេពកោសល្យរបស់ខ្លួនដើម្បីជួយបង្កើនប្រសិទ្ធភាពការងារក្នុងស្ថាប័នយុត្តិធម៌បន្ថែមទៀត។
លោក ជិន ម៉ាលីន ឱ្យដឹងថា ការសម្រេចតែងតាំងមន្ត្រីទីប្រឹក្សាអមក្រសួងយុត្តិធម៌ គឺជាតម្រូវការទៅតាមស្ថាប័ន ដោយមិនបន្ថែមបន្ទុកដល់រដ្ឋឡើយ។ ផ្ទុយទៅវិញ វានឹងកាន់តែបង្កើនប្រសិទ្ធភាពការងារដល់ស្ថាប័ន ហើយក្រសួងរីករាយនឹងស្វាគមន៍មន្ត្រីទាំងនោះផងដែរ។
លោកបន្ថែមថា៖«ការតែងតាំងទីប្រឹក្សាបន្ថែមនេះវា ទៅតាមតម្រូវការជាក់ស្ដែងរបស់ស្ថាប័ននីមួយៗ ហើយការតែងតាំងនេះក៏មិនបន្ថែមបន្ទុកដល់រដ្ឋដែរ ព្រោះអីគេមិនយកយកប្រាក់ខែទេ គឺគេស្មគ្រចិត្តនឹងធ្វើការចូលរួមដោយប្រើប្រាស់ជំនាញទេពកោសល្យ និងចំណេះរបស់គេក្នុងការជួយដល់ស្ថាប័ន។ អាហ្នឹងគឺយើងស្វាគមន៍ ហើយដើម្បីបង្កើននូវប្រសិទ្ធភាពការងាររបស់ស្ថាប័ន។»
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះបញ្ជាក់ថា ក្រសួងមួយនេះជាក្រសួងមួយដែលមានមន្រ្តីតិចជាងគេបំផុត ដោយថា បើគិតមន្រ្តីក្របខណ្ឌ មន្ត្រីក្របខណ្ឌកណ្ដាលរបស់ក្រសួងយុត្តិធម៌ បច្ចុប្បន្នមានចំនួនជាង ៣០០នាក់ ហើយក្រៅពីនេះគឺជាមន្ត្រីដែលបំពេញនៅក្នុងស្ថាប័នតុលាការនីមួយៗ៕