យុវជន​សិទ្ធិមនុស្ស​គ្រោង​កោរសក់​ដើម្បី​រម្លឹកខួប​និង​ទាមទារ​យុត្តិធម៌​ជូន​លោកបណ្ឌិត កែម ឡី

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

ក្រុមយុវជនការពារសិទ្ធិមនុស្ស គ្រោងធ្វើពិធីកោរសក់ក្បាល និងសកម្មភាពអហិង្សាផ្សេងទៀត ​ដើម្បី​រម្លឹកខួបនៃការបាញ់ប្រហារទៅលើអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត កែម ឡី កាលពី៦ឆ្នាំមុន និងជាសារជំរុញទៅរាជរដ្ឋាភិបាល​ឱ្យ​ស្វែងរកយុត្តិធម៌ពិតប្រាកដ។

ការលើកឡើងនេះ ក្រោយពេលក្រុមយុវជនទាំងនោះមើលឃើញថា រយៈពេល៦ឆ្នាំនៃការបាញ់សម្លាប់​​លោកបណ្ឌិត កែម ឡី ​រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលនៅតែបរាជ័យក្នុងការផ្ដល់​យុត្តិធម៌ពិតជូនគ្រួសារនិងសាធារណជន បើទោះបីជាមានឃាតករម្នាក់ត្រូវបានចាប់ខ្លួននិងផ្ដន្ទាទោសឱ្យជាប់គុកអស់មួយជីវិតក្នុង​រឿងក្ដីនេះក៏ដោយ។

សមាជិកយុវជនខ្មែរថាវរៈ កញ្ញា ឈឿន ដារ៉ាវី បានលើកឡើងថា កញ្ញា និងសមាជិកម្នាក់ទៀត លោក ស្វាយ សំណាង គ្រោង​កោរសក់នៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ដើម្បីចង់បង្ហាញដល់សាធារណជនផ្សេងទៀតថា រាល់រឿងអយុត្តិធម៌សង្គម រួមទាំងករណីលោកបណ្ឌិត កែម ឡី នេះ នៅតែបន្តកើតមានដោយសារតែប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ និងបង្ហាញពីការឈឺចាប់ ដែលមកទល់ពេលនេះ អាជ្ញាធរមិនទាន់អាចស្វែងរកឃាតករពិតនៅឡើយទេ។

កញ្ញាថា៖ «ចាស៎! ទីមួយ យើងចង់បង្ហាញទៅសាធារណជនថា មិនថារឿង កែម ឡី ឬរឿងអយុត្តិធម៌សង្គមសព្វថ្ងៃ យើងមិនរំពឹងបានយុត្តិធម៌ ដោយសារតែតុលាការមិនឯករាជ្យ»។

សមាជិកខ្មែរថាវរៈមួយរូបទៀត លោក ស្វាយ សំណាង បានឱ្យដឹងថា លោកនឹងកោរសក់នៅថ្ងៃទី១០ ខែកក្កដា ​នៅ «ផ្ទះសាមគ្គី» ដែលជាទីស្នាក់ការរបស់សមាគមបណ្ដាញយុវជនកម្ពុជា។ សកម្មភាពនេះ លោកថា ​ជាសារមួយផ្ញើ​ទៅកាន់រដ្ឋាភិបាល ប្រជាពលរដ្ឋគ្រប់រូប ថាពួកគេនៅ​តែចងចាំវីរភាពរបស់លោកបណ្ឌិត។

លោកថា៖ «ក្នុងគម្រប់ខួប៦ឆ្នាំនេះ របស់លោកបណ្ឌិត កែម ឡី យើងគិតថា វាជាការតស៊ូមតិរបស់យុជន ដែលចង់បង្ហាញទៅរដ្ឋាភិបាលថា ពួកយើងមិនមានបំភ្លេចឈ្មោះលោកបណ្ឌិត កែម ឡី ចោលទេ នៅតែទាមទារភាពយុត្តិធម៌ជូនលោកបណ្ឌិត»។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ បានលើកឡើងថា នៅថ្ងៃទី១០ ខាងមុខនេះ សមាគម​ និងអង្គការផ្សេង​ទៀត រួម​ទាំងសាធារណជនផង នឹងឈរនៅមុខស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ ដើម្បីកាន់ទុក្ខនិងបង្ហាញពីអារម្មណ៍ដែលកំពុងតែរង់ចាំពន្លឺយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី ក៏ដូចជាពលរដ្ឋខ្មែរទាំងអស់គ្នា​។

​យ៉ាងណា ផែនការនេះ លោក​បារម្ភថា អាជ្ញាធរនឹងមិនអនុញ្ញាតឡើយ ទោះបីជា​សកម្មភាពពួកលោកជាសកម្មភាពស្របច្បាប់ក្តី។

លោកថា៖ «ទាំងរដ្ឋាភិបាល ទាំងតុលាការក្ដី ថាការសម្លាប់លោកបណ្ឌិត កែម ឡី ជាអំពើឧក្រិដ្ឋលើការសម្លាប់មនុស្ស។ យើងត្រូវរម្លឹកពីភាពអយុត្តិធម៌ ប៉ុន្តែមន្រ្តីអាជ្ញាធរបែរជារារាំងពួកយើង។ តើនេះជាការបង្ហាញពីការការពារសណ្ដាប់ធ្នាប់ ឬបង្ហាញពីការរឹតត្បិតសេរីភាព?»

លោកបន្តថា បន្ទាប់ពីចូលរួមនៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ​ អង្គការសង្គមស៊ីវិល ​សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ជាដើមនោះ នឹងជួបជុំនៅទីស្នាក់ការសមាគមបណ្ដាញយុវជនកម្ពុជា ដើម្បីធ្វើពិធីសាសនា រួមមានការកោរសក់ ជាដើម។ លោកថា លោកផ្ទាល់ និងអនុប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក យឹម លាងហ៊ី និងអ្នកផ្សេងទៀត ក៏នឹងកោរសក់ព្រមគ្នាផងដែរ។

ចំណែកឯសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ថានឹងចូលរួមជាមួយអង្គការនិងសកម្មជនផ្សេងទៀត ដោយឈរនៅមុខស្ថានីយប្រេងឥន្ធនៈកាល់តិច ដើម្បីកាន់ទុក្ខដោយស្លៀក​ពាក់ពណ៌ស ចងក្រណាត់ខ្មៅ កាន់រូបលោកបណ្ឌិត កែម ឡី ហើយដើរដោយអត់ពាក់ស្បែកជើង​។

កញ្ញាថា៖ «មូលហេតុថា ខ្ញុំស្លៀក​ពាក់ពណ៌សហ្នឹង ដោយសារតែនាងខ្ញុំនៅតែយល់ថា ទោះបីជាបាត់បង់លោកបណ្ឌិត កែម ឡី យូរទៅប៉ុនណា ប៉ុន្តែជាការចងចាំ នៅតែភាពឈឺចាប់សម្រាប់ពលរដ្ឋខ្មែរ ដែលបានបាត់បង់ធនធានមនុស្សដ៏កម្រ បាត់បង់នូវវីរបុរសដែលក្លាហាន ដែលតែងតែលើកយកបញ្ហាសង្គមដែលអាចថាអ្នកដទៃមិនចង់និយាយ»។

វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីសំណាក់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព បាននៅឡើយទេ នៅថ្ងៃអង្គារនេះ។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព បានលើកឡើងថា ដើម្បីរម្លឹកខួបលោកបណ្ឌិត កែម ឡី ខាងស្ថាប័នសិទ្ធិមនុស្សមួយនេះបានរៀបចំកម្មវិធីផ្សេងៗពេញមួយខែ ដើម្បី​​បង្ហាញដល់សាធារណជនឱ្យចងចាំអំពីវីរភាពរបស់លោកផង និងបន្តទាមទារឱ្យអាជ្ញាធរ​ស្វែងរកយុត្តិធម៌ពិតផង​ដែរ។  ​

លោកស្រីបន្តថា មកទល់ពេលនេះ សាធារណជនជាតិនិងអន្តជាតិនៅតែយល់ថា ករណីឃាតកម្មលើអ្នកវិភាគរូបនេះនៅតែមានភាពមន្ទិលសង្ស័យជាច្រើន។

លោកស្រីថា៖ «មានការលើកឡើងទាក់ទងនឹងការជំពាក់បំណុលលើលោក អឿត អាង ហៅ ជួប សម្លាប់ ជាដើមហ្នឹង ដែលគាត់ធ្វើការបាញ់សម្លាប់ដើម្បីធ្វើការសងសឹក។ តែយើងដឹងហើយថា លោកបណ្ឌិត កែម ឡី ជាបុគ្គលបែបណា! គាត់មានសមត្ថភាព ជីវភាពគាត់ក៏មិនខ្វះខាត តែបុគ្គលដែលអះអាងថាលោកបណ្ឌិត កែម ឡី ជំពាក់នោះ ជាបុគ្គលមានជីវភាពក្រខ្សត់ទៅវិញ។ ​ដូច្នេះ យើងមើលឃើញថា រឿងនេះនៅមានមន្ទិលសង្ស័យជាច្រើន»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយផង លោកបណ្ឌិត កែម ឡី ​ត្រូវបានឃាតករបាញ់សម្លាប់នៅកណ្ដាលទីក្រុងភ្នំពេញ ក្នុងស្ដាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កើតឡើងតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពេលលោកបានធ្វើអត្ថាធិប្បាយជុំវិញរបាយការណ៍មួយរបស់អង្គការឃ្លាំមើលអន្តរជាតិ Global Witness ដែលមានឈ្មោះថា «អាណាចក្រអាជីវកម្មត្រកូល ហ៊ុន នៅកម្ពុជា»

របាយការណ៍នោះបានលាតត្រដាងពីការក្ដោបក្ដាប់អាជីវកម្មរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងច្រើននៅកម្ពុជា ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលបញ្ហានេះ លោកបណ្ឌិតយល់ឃើញពេលនោះថា នឹងធ្វើឱ្យមានទំនាស់ផលប្រយោជន៍រវាងជំនួញ និងការដឹកនាំឬ កាន់អំណាច។

អស់រយៈពេលជិត៦ឆ្នាំកន្លងមកនេះ ​មានតែឃាតករម្នាក់ប៉ុណ្ណោះឈ្មោះ អឿត អាង ហៅខ្លួនឯង «ជួប សម្លាប់» ដែលត្រូវបានចាប់ខ្លួន ហើយតុលាការបានផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិត ប៉ុន្តែសម្រាប់គ្រួសារនិងក្រុមអ្នកឃ្លាំមើលនៅតែទទូចឱ្យរដ្ឋាភិបាលវែកមុខអ្នកពាក់ព័ន្ធក្នុងសំណុំរឿងនេះ និងផ្តល់យុត្តិធម៌ពិត ដើម្បីឈានទៅបញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ