សមត្ថកិច្ច​ដាក់​របាំង​បិទ​កំណាត់ផ្លូវ​សុធារស រារាំង​ក្រុម​កូដករ​ណាហ្គា​មិន​ឱ្យ​ទៅ​តវ៉ា​នៅ​ក្បែរ​ក្រុមហ៊ុន

កូដករនិងតំណាង​សហជីពប្រមាណ១០០នាក់​ ប្រមូលផ្ដុំចេញទៅធ្វើកូដកម្ម​នៅ​មុខ​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារឱ្យ​​មានដំណោះស្រាយ​វិវាទការងារ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។ (ប៉ា សុខេង)​​

កូដករនិងតំណាង​សហជីពប្រមាណ១០០នាក់​ នៅថ្ងៃអង្គារនេះ បានព្យាយាម​ទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​មុខ​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារឱ្យ​​មានដំណោះស្រាយ​វិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់ដាក់​របាំងបិទកំណាត់ផ្លូវ​​សុធារស ក្បែរសួននាគបាញ់ទឹក មិន​ឱ្យ​ពួកគាត់​ដើរ​​ទៅមុ​ខក្រុមហ៊ុន​​ឡើយ។​​

ក្រុមកូដករណាហ្គាវើលដ៍ បានចេញដំណើរពី​ផ្សារទំនើបអ៊ីអន១ ដោយចងក្រណាត់ខៀវនៅលើក្បាល និងក្នុងដៃមានកាន់បដា ហើយ​ដើរ​​ឆ្ពោះទៅកាន់នាគបាញ់ទឹក ក្បែរទីតាំង​ក្រុមហ៊ុនល្បែងមួយនេះ​ ប៉ុន្តែត្រូវបាន​សមត្ថកិច្ច​រារាំង​។

ក្នុងពេលធ្វើកូដកម្មនៅថ្ងៃនេះ ក្រុមកូដករណាហ្គាបានស្រែកទាមទាររកដំណោះស្រាយ និង​ផ្តល់​ភាព​យុត្តិធម៌ដល់​ពួកគេ ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ​ទាំងអយុត្តិធម៌ និង​ទាមទារឱ្យ​ទម្លាក់ចោល​បទចោទប្រកាន់ទៅលើថ្នាក់ដឹកនាំនិងសមាជិកសហជីពនៅក្នុងក្រុមហ៊ុន​នេះ​ផង​ដែរ។

អ្នកគ្រប់គ្រងកម្មវិធីការ​ងារ ​នៃមជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា វិវាទ​ការ​ងាររបស់កូដករ​ណាហ្គាវើលដ៍ ​បានអូសបន្លាយប្រមាណ​១ឆ្នាំ​មក​​ហើយ នៅតែ​មិនទាន់មានដំណោះស្រាយរហូត​មកដល់ពេលនេះ។ ករណីនេះ លោកថា អង្គការ-សមាគម​ សហព័ន្ធសហជីព សហជីព និងសមាគម ចំនួន៣៧ស្ថាប័ន​​ ដែលធ្វើការផ្នែក​លើកកម្ពស់សិទ្ធិ​មនុស្សនិង​សិទ្ធិ​ការ​​ងារ​ បន្តអំពាវនាវ​ដល់រាជរដ្ឋាភិបាលពន្លឿនការ​ដោះស្រាយ​ដល់កូដករឱ្យឆាប់ ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះ។

លោកថា៖ «យើងអត់ចង់ឃើញឱ្យមានការ​ពន្យារពេល[ដោះស្រាយ​​]ទៀត​ទេ យើងចង់ឱ្យមានដំណោះស្រាយ […] យើងចង់​ឃើញ​ការ​ទាមទារ​ដោយ​សន្តិវិធីក្នុងការរកយុត្តិធម៌របស់ពួកគាត់ ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ​ដោយ​អាជ្ញាធររដ្ឋ»​។

លោក ឃុន ថារ៉ូ ក៏បានអំពាវនាវ​ដល់សមត្ថកិច្ច​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​កូដករ​​ជាស្ត្រីដែល​​ប្រើប្រាស់សិទ្ធិរបស់ពួក​គាត់​ក្នុងការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌នេះផងដែរ។

ប្រធានសហព័ន្ធសហជីពកម្ពុជា​ លោកស្រី យ៉ាង សុភ័ណ្ឌ បានព្រមាន​ថា បើសិនជាមិនមានដំណោះ​ស្រាយ​ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុននេះទេ នោះសមាជិក​សហព័ន្ធសហជីព អង្គការ-សមា​គម និង​សហជីពនៅតាមមូលដ្ឋាន​​ នឹងសម្រេចចូលរួមជាមួយកូដករ ដើម្បីតវ៉ា​ទ្រង់​ទ្រាយ​​ធំ​ ដើម្បីទាមទារឱ្យមានដំណោះស្រាយ។

លោកស្រីថា៖ «បើសិនអាជ្ញាធរ​មិនដោះ​ស្រាយ មិន​ជំរុញទៅក្រុមហ៊ុន​ឱ្យធ្វើការដោះស្រាយ​ទេ វាមិនចំណេញដល់​ពួកគាត់​ទេ វារឹតតែបង្កនូវភាពមិនទុកចិត្តពីមហាជន ពីកូដករ ពីយើងខ្ញុំ​ជា​​សហជីព ព្រោះយើងដឹងហើយថា ការបោះឆ្នោត​ជាតិ​នឹងមកដល់នៅឆ្នាំ២០២៣ខាងមុខ»។

គួរបញ្ជាក់ថា វិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៍ នេះបានកើតឡើងអស់រយៈ​ពេល​ជាង១ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន​១ ៣២៩នាក់ ក្នុងចំណោម​បុគ្គលិក​សរុបជាង​៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូ​វីដ-១៩។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានប្រាប់វីអូឌីក្នុងពេលថ្មីៗនេះ​ថា ការជួប​ចរចាជាង១០​ដង រវាង​តំណាង​កូដករ តំណាង​​​សហជីព និង​​តំណាងក្រុមហ៊ុន ក្រោម​ការ​​សម្រប​​សម្រួល​​របស់​​ក្រសួងការងារ ក្រោយ​កូដករចេញធ្វើកូដកម្មរយៈពេលជាង​​៦ខែមក​នេះ គឺ​ពុំ​មានលទ្ធផល​ជាផ្លែផ្កានៅឡើយ​ ទើប​ពួក​គេ​​សម្រេច​ចិត្ត​រក​ការ​អន្តរាគមន៍​ពីស្ថាប័ន​ពាក់ព័ន្ធនានា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តធ្វើកូដកម្ម​តវ៉ា​ដើម្បីទាមទារកដំណោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ