ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦​កក្កដា នៅ​តែ​ជា​ចំណុច​ខ្វែង​គំនិត​គ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ

ទង់គណបក្សហ្វ៊ុនស៊ិនប៉ិច។ (ហ៊ាន រង្សី)

នៅចំថ្ងៃ​ព្រឹត្តិ​ការណ៍ ដោយការផ្ទុះអាវុធកណ្ដាលទីក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ អ្ន​​ក​​ដែល​មានភក្ដីភាព​​ចំ​​ពោះ​គណបក្ស​រាជានិយម​ហ្វ៊ុន​ស៊ិន​ប៉ិច នៅ​តែ​បន្ត​ចាត់​ទុក​​ថា ព្រឹត្តិការណ៍កាលពី២៥​​ឆ្នាំ​​​មុន គឺ​​​​ជា​​​​​ការ​ធ្វើរដ្ឋប្រហារដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទម្លាក់សម្ដេចក្រុមព្រះ​ចេញ​​​ពីអំណាច ក្នុងរដ្ឋាភិបាលចម្រុះកាលណោះ។

ធ្លាប់​ជា​អតីតអ្នកនាំពាក្យគណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ប៉ែន សង្ហា បានបង្ហោះសារ​នៅលើ​​ទំព័រហ្វេស​ប៊ុក​ផ្ទាល់​​ខ្លួន នៅថ្ងៃទី៥ ខែកក្កដានេះ ដោយហៅការផ្ទុះអាវុធកាលពី២៥ឆ្នាំ​​មុន​​នោះ ​​ថាមិនមែនជាព្រឹត្តិការណ៍ថ្ងៃ៥-៦​កក្កដា​ទេ ប៉ុន្តែ​ករណី​នោះជា​អំពើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​​​សុទ្ធ​​សាធ​ ដែលបង្កឡើងដោយជនល្មោភអំណាច។

លើសពីនេះទៀត ប្រភពដដែលក៏លើកឡើងដែរថា អ្នកដែលពលីជីវិត​នៅក្នុងព្រឹត្តិ​​ការណ៍​​រដ្ឋ​​ប្រ​​ហា​​រកាលណោះ គឺមានមន្រ្តីយោធាជាន់ខ្ពស់មួយចំនួន ដែលគាំទ្រគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​​ត្រូ​វ​​​​​បា​​ន​​កម្លាំងដែលស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា បាញ់សម្លាប់ក្រៅប្រព័ន្ធ​តុលាការ​។ បើ​​តាមលោក ប៉ែន សង្ហា ចាត់ទុកអ្នកដែលបានស្លាប់​ក្នុងព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដានោះថា ជា​​អ្នក​ដែល​បាន​បូជា​ជីវិតប្រ​​​ក​​ប​​​ដោយ​​ភាពក្លាហាននិងស្មោះ​ត្រង់ ដើម្បី​បុព្វ​ហេតុ​ជាតិ ការ​​ពារ​លទ្ធិ​ប្រជាធិប​តេយ្យ និងជំរុញឱ្យមានយុត្តិធម៌សង្គម។

ដោយឡែក លោក គឹម សុខ អ្នកវិភាគសង្គមនិងនយោបាយ ឯកភាពថា អំពើរដ្ឋប្រហារនេះ គណបក្សប្រជាជនកម្ពុជាមិនមានជាប់ពាក់ព័ន្ធមែន ប៉ុន្តែអ្នកដែលបញ្ជា​​ឱ្យមានការរំ​​លោភ​​អំ​ណា​​ចដោយការបង្ហូរឈាមកាលណោះ គឺលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក គឹម សុខ ចោទ​​​ប្រកាន់​​​ថា ប្រសិនបើលោកនាយករដ្ឋមន្រ្តី មិនចង់ក្ដោបអំណាចតែម្នាក់ឯង ដោយផាត់​​ស​ម្ដេច​​​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ចេញពីសហនាយករដ្ឋមន្រ្តីទេ ម្ល៉េះអំពើរដ្ឋប្រហារបង្ហូរឈាមនឹង​​​មិន​កើត​​ឡើងទេ។

លោកបន្តថា៖ «ថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ពិតជាមិនមែនជារដ្ឋប្រហាររបស់គណបក្ស​​ប្រជាជន​​កម្ពុជា​​​មែន ប៉ុន្តែនេះ​គឺជារដ្ឋប្រហាររបស់លោក ហ៊ុន សែន ដណ្តើមអំណាចពី​​នាយករដ្ឋមន្រ្តីទី១​​ ព្រះ​​អង្គម្ចាស់ នរោត្តម រណឫទ្ធិ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច។ ដែលថាជារដ្ឋប្រហាររបស់លោក ហ៊ុន សែន ពីព្រោះលោក ហ៊ុន សែន ខ្លួនឯងបាន​ប្រើកម្លាំង​ឯក​ជន​ផ្ទាល់​ខ្លួន ដើម្បី​ដណ្តើម​អំណាច មិនមានការចូលរួមពីមេទ័ពសំខាន់ៗនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹក​​នាំគណបក្ស​​ប្រជា​ជនកម្ពុជាឯទៀតទេ»។

បន្ថែមពីលើនេះ លោក គឹម សុខ ក៏បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយ​​ចោទ​​ប្រ​​​​កាន់​ថា ដោយសារអំពើរដ្ឋប្រហារថ្ងៃ ៥-៦ កក្កដា ឆ្នាំ១៩៩៧ នេះហើយបានធ្វើឱ្យដែនសមុទ្រ​​ខ្មែរត្រូវធ្លាក់ទៅប្រទេសជិតខាងកម្ពុជាអស់ជាច្រើនគីឡូមែត្រការ៉េ។​​ ជាការឆក់ឱកាសពីកា​​រប្រ​​ទា​ញ​​​​​ប្រទង់គ្នាដោយជម្លោះផ្ទៃក្នុងកម្ពុជានេះ ប្រទេសវៀតណាមយកបានដែនសមុទ្រខ្មែរចំនួន៣ម៉ឺន​​គី​ឡូ​​​​ម៉ែត្រការ៉េ ខណៈដែលប្រទេសថៃយកបានចំនួន៣ម៉ឺនគីឡូម៉ែត្រការ៉េដែរ។

បើតាមលោក គឹម សុខ លោកនាយករដ្ឋមន្រ្តីធ្លាប់ឡើងតវ៉ាជាមួយប្រទេសថៃអំពីដែនសមុទ្រខ្មែរដែលបាត់ដោយជម្លោះយោធាខ្មែរនិងខ្មែរនេះ ប៉ុន្តែលោក ហ៊ុន សែន មិនហ៊ានទៅ​​តវ៉ាជាមួយប្រទេស​​វៀ​ត​​​​​ណាមម្តងណានោះឡើយ។

វីអូឌី មិនអាចស្នើសុំការប្រតិកម្ម​ជុំវិញរឿងនេះពីលោក សុខ ឥសាន អ្នកនាំពាក្យគណ​​បក្ស​​ប្រជា​​ជន​​កម្ពុជា បានទេ នៅថ្ងៃអង្គារនេះ។

យ៉ាងនេះក្តី សម្រាប់លោក ភុន ភាព ដែលគេស្គាល់ថាជាកម្លាំងខ្មែរក្រហម ហើយក្រោយមក​​បាន​​ចុះចូល​​ជា​​មួយ​​គ​ណ​​​​បក្ស​​ប្រជាជនកម្ពុជាកាលណោះ អះអាងនៅកាលណោះថា តាមពិតទៅ អំពើ​​បង្ហូរឈាម​​គ្នា​​នេះ គឺសម្តេច​​ក្រុម​​​ព្រះ នរោត្តម រណឫទ្ធិ ទេជាអ្នកបង្កហេតុឡើង។ បើតាមលោក ភុន ភាព ដើម​​ឡើយ ​​ខ្លួនគេផ្ទាល់ ត្រូវបានកម្លាំងរបស់លោក ញឹក ប៊ុនឆៃ អូសទាញមកទេ ដើម្បីផ្តួលរំលំកម្លាំង​​យោ​ធារបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២។ ប៉ុន្តែដោយមើលឃើញពីអំពើព្រៃផ្សៃរបស់គ​ណ​បក្សហ្វ៊ុនស៊ិនប៉ិច ទើបរូបគេនិងមនុស្សដទៃទៀតសម្រេចជួយជ្រោមជ្រែងកម្លាំងយោធា​​ដែល​​គាំទ្រ​​គណបក្សប្រ​​ជា​​ជន​​​​​​កម្ពុជាវិញ។

លោកបន្តថា៖ «ទិសដៅតែមួយទេ ខ្ញុំប្រាប់អស់លោក គឺខ្មែរក្រហម និងហ្វ៊ុនស៊ិនប៉ិច គឺតែមួយទេ។​​ អ៊ី​​ចឹងបានចង់ជម្រាបអស់លោកថា កម្លាំងពួកខ្ញុំគេឱ្យនៅឈរជើងនៅបន្ទាយតាំងក្រសាំង គឺការគាបសង្កត់របស់គេ គឺគេអត់ឱ្យចេញពីបន្ទាយ គឺគេឱ្យត្រៀមតែប្រយុទ្ធ។ ដូច្នេះ​​ នេះជាការបំបិទ​​សិទ្ធិ​សេរីភាព ដូច្នេះបើមានការជិះជាន់ចលនាតស៊ូនៅក្នុងអង្គភាពរបស់ខ្ញុំ មិនអាចឱ្យគាបសង្កត់​​បាន​​ទេ​​​។​ កម្លាំងរបស់ពួកខ្ញុំ គឺជាកម្លាំងផ្តាច់ខ្លួន កម្លាំងពួកខ្ញុំមិនមែនមក​​ចូលគណបក្ស​​ណា​​ទេ។ កម្លាំង​​កង​​ទ័ព គឺជាកម្លាំងអព្យាក្រឹត្យ។ ខ្ញុំផ្តាច់ខ្លួនហើយ ខ្ញុំដើរគ្រប់ខេត្ត»។

លោក ញឹក ប៊ុនឆៃ បានប្រាប់អ្នកកាសែតក្រោយរដ្ឋប្រហារបានបញ្ចប់ទៅថា ដើមហេតុដែលនាំ​​ឱ្យ​​ផ្ទុះអាវុធនៅទីក្រុងភ្នំពេញ និងកន្លែងផ្សេងទៀតនេះ ដោយសារភាគីនីមួយៗមិនទុកចិត្តគ្នា​​។​​ លោក​​បញ្ជាក់ថា មានហេតុផលមួយចំនួនដែលនាំឱ្យរដ្ឋាភិបាលចម្រុះពេលនោះចាប់ផ្តើមសង្ស័យ រហូត​ឈានដល់ការផ្ទុះអាវុធឡើង គឺដោយសារបញ្ហាការធ្វើឱ្យ​​មានតុល្យភាពអំណាច​​រៀ​ង​​ៗ​​​​ខ្លួននៅក្នុង​​រដ្ឋាភិបាលចម្រុះ​​។ ជាអគ្គសេនាធិការរងទី១ នៃកងយោធពលខេមរភូមិន្ទនៅ​​ពេល​​​នោះ លោក ញឹក ប៊ុន​ឆៃ អះ​​អាង​ថា គណបក្សហ្វ៊ុនស៊ិនប៉ិច មិនបាននាំកម្លាំងខ្មែរក្រហមចូលទីក្រុងភ្នំពេញ ដូច​​ការ​​ចោ​ទ​​​ប្រ​​កាន់​​ទេ ហើយគណបក្សរាជានិយមក៏មិនបានធ្វើរដ្ឋប្រហារដើម្បីអំណាចដែរ។

លោកបន្តថា៖ «ខ្លួនខ្ញុំផ្ទាល់ ខ្ញុំអត់ដែលបានទៅយកកម្លាំងខ្មែរក្រហមចូល​​មកភ្នំពេញម្នាក់ណាក៏​​មា​ន​​​​​​ដែរ​​​។ ​មានការ​បន្ថែមកម្លាំងខ្លះតិចតួច ដែលយកមកពីកងទ័ពជាតិសី​ហនុនិយមរបស់ហ្វ៊ុនស៊ិន​​​ប៉ិច​​​​នោះ​​​មកខ្លះ ដោយសារថាកងអង្គរក្សសម្តេចក្រុមព្រះនៅពេលនោះ មិនមានអ្នកដែលធ្លាប់​​ប្រ​យុទ្ធ​​​ទេ សុទ្ធតែអ្នកធ្លាប់នៅការិយាល័យភាគច្រើនដែលបានមកធ្វើការនៅភ្នំពេញ»។

បើតាមលោក ញឹក ប៊ុនឆៃ មានហេតុផលខ្លះដែលនាំឱ្យគណបក្សរាជានិយមត្រូវ​​សម្រេច​​ចិត្ត​​ធ្វើ​​តុល្យ​​ភាព​​អំណាច ក្នុងពេលដែលយោធានៅក្នុងកងយោធពលខេមរភូមិន្ទ គណបក្សប្រជា​​ជនក​​ម្ពុ​​ជា មានចំនួន១២ម៉ឺនាក់ ខណៈដែលបក្សហ៊្វុនស៊ិនប៉ិច មានតែជាង២ម៉ឺន៤ពាន់នាក់។

នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បង្ហាញថា នៅក្នុងព្រឹត្តិការណ៍​​បង្ហូរ​ឈាមកាល២៥ឆ្នាំមុននោះ គឺមានជនរងគ្រោះរាប់រយនាក់បានស្លាប់ ដោយការប្រយុទ្ធគ្នា​​។ ដោយ​​ឡែក មានមន្រ្តីគណបក្សនយោបាយដែលស្មោះស្ម័គ្រនឹងគណបក្សរាជានិយមហ្វ៊ុន​ស៊ិនប៉ិច ប្រមាណ ៦​០​នាក់ផ្សេងទៀត ត្រូវ​​បានគេសម្លាប់ក្រៅប្រព័ន្ធតុលាការ។ របាយការណ៍បន្ថែមថា ជនរងគ្រោះ​ភាគច្រើន​​ គឺជា​មន្ត្រី​ជាន់​ខ្ពស់​និងជា​​យោធា​​ដែលមានភក្តីភាពចំពោះ​​គណបក្ស​រាជា​និយម​​​ ដូច​ជា ​លោកឧត្ដម​សេនីយ៍​​ ​ហូ សុខ, ​ក្រូច យឿម,​ ជា ឫទ្ធី ,ឈុត ​លី, សេង ហុង,​ ចៅ សម្បត្តិ និង​ ម៉ែន ប៊ុនថន​ ជាដើម​។

បើទោះបែបណា សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាលណោះជានា​​យករដ្ឋ​​មន្រ្តី​​ទី​​២ ចោទប្រកាន់ថា អំពើប្រយុទ្ធគ្នានេះ គឺសម្តេចក្រុមព្រះ​​មានផែនការត្រឹមត្រូវ ដោយសារមុន​​ហេ​​តុ​​​​​កា​​​​រ​​ណ៍​​កើតឡើង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចេញចេញពីកម្ពុជាមុន១ថ្ងៃ នៃ​​ព្រឹ​​ត្តិ​​​​​​កា​រ​​ណ៍​​​​​​​ផ្ទុះឡើង ខណៈដែលរូបលោកសុំច្បាប់ទៅវិស្សមកាលនៅក្រៅប្រទេសចំនួន៥ថ្ងៃរួច​​ទៅ​​ហើយ​​។

លោកបន្តថា៖ «អ្វីដែលខ្ញុំសូមបញ្ជាក់នៅទីនេះ រណឫទ្ធិ បានរត់ចេញពីប្រទេសក្នុងពេល​​ដែលខ្ញុំ​​អត់​​​នៅក្នុងប្រទេស។ ខ្ញុំកំពុងតែសម្រាកបានជួបជុំកូនប្រពន្ធរបស់ខ្ញុំមកពីញូវយ៉ក មកពីបារាំង មក​​​ពីសិង្ហ​​បរុី ទៅសុំសម្រាក។ ខ្ញុំសុំច្បាប់ រណឫទ្ធិ ៥ថ្ងៃ។ ខ្ញុំចេញដំណើរពីថ្ងៃទី១ ហើយខ្ញុំ​​គ្រោង​​ត្រ​​លប់​នៅថ្ងៃទី៦។ អ៊ីចឹងជាទម្លាប់ធម្មតា​ នាយកទាំងពីរ បើនិយាយទៅ នាយករដ្ឋមន្រ្តី​១ទៀត​​ត្រូវ​​​ចាត់ការទាំងអស់។ ពេលហ្នឹងសិទ្ធិអំណាច គឺស្ថិតនៅក្នុងដៃ រណឫទ្ធិទាំងអស់ ទាំងផ្នែករដ្ឋ និង​​ផ្នែកកងទ័ព»។

ផ្ទុយទៅវិញ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្រ្តីទី១ កាលដែលទ្រង់មិន​​ទាន់​​យាង​​សោ​យទិវង្គត ធ្លាប់​​លើ​​ក​​ឡើងថា អ្នកដែលធ្វើរដ្ឋប្រហារនៅពេលនោះមិនមែនជា​ទ្រង់ទេ គឺគណ​​បក្ស​​ប្រជា​​ជន​​កម្ពុ​ជាដែលចង់ដណ្តើមអំណាចតែម្នាក់ឯង។

សម្រាប់ក្រុមគ្រួសារលោក ហូ សុខ ធ្លាប់អះអាងថា ពួកគេទន្ទឹងរង់ចាំយុត្តិធម៌អស់រយៈ​​ពេល​​ច្រើ​ន​​​​ឆ្នាំមកហើយ ប៉ុន្តែការរង់ចាំនេះនៅតែមិនទាន់មានតម្រុយដដែល។ ចំណែកគណបក្សហ្វ៊ុន​​ស៊ិន​​ប៉ិច ដែលជាតួអង្គសំខាន់ក្នុងរឿងនេះ មិនដែលបានទាមទាររកយុត្តិធម៌ចំពោះអ្នក​​ដែល​​​ពលី​កម្មក្នុង​​ព្រឹត្តិ​​ការណ៍ថ្ងៃ ៥-៦ កក្កដានេះដែរ។ គេសង្កេតឃើញថា គណបក្សសង្រ្គោះជាតិ នៅមុន​​តុ​លាការកំពូលរំលាយ តែងធ្វើពិធីរម្លឹកខួបចំពោះអ្នកស្លាប់ដោយការបង្ហូរឈាមនេះជាទៀង​​ទាត់។ ប៉ុន្តែ​​សម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍រម្លឹកខួបនេះ ទំនងជាមិនមានបក្សនយោ​​​បាយណា​មួយហ៊ាន​​​​ប្រារព្ធទៀតនោះទេ។

អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុនណា យល់ឃើញថា ដើម្បីកុំឱ្យ​​ប្រវត្តិ​​សា​ស្រ្ត​​​​​ដ៏សោកសៅនេះកើតឡើងជាថ្មីទៀត គ្រប់អ្នកនយោបាយគួរចាត់ទុកព្រឹត្តិការណ៍នោះ​​ជា​​​មេ​​រៀន​​​​ដ៏ជូរចត់ ហើយកត្តានេះក៏ទុកជាបទពិសោធន៍មួយគួរចៀសវាង កុំឱ្យ​​វិនាសកម្មបែបនេះកើត​​មាន​​ជា​ថ្មី​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ