UN បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​និង​ឃុំខ្លួន​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN) សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់និង​ឃុំខ្លួន​លើ​សកម្មជន​ព្រៃ​ឈើ​ លោក ឆន ផល្លា ដោយចាត់ទុកសកម្មភាពនេះ​ថា ជាការគំរាមកំហែង និង​រំលោភលើសិទ្ធិអ្នកការពារសិទ្ធិមនុស្ស​ផ្នែក​បរិស្ថាន។

តាម​រយៈ​ការ​ចុះ​ផ្សាយ​លើ​ទំព័រហ្វេស​ប៊ុក​របស់​ការិយាល័យ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សនៃ​អង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅ​​​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ២០២២នេះ UN លើកឡើងថា លោក ឆន ផល្លា ជា​សកម្មជនការពារ​ព្រៃឈើ និងធនធានធម្មជាតិ បាន​ចំណាយ​ពេល​ជាង​១០ឆ្នាំ ក្នុង​ការ​ចង​ក្រង​ឯកសារពាក់ព័ន្ធនឹងការបំផ្លាញបរិស្ថាន និង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹងអាជ្ញាធរ​ដែល​ខក​ខាន​មិន​បាន​បំពេញកាតព្វកិច្ចការពារដីធ្លី ជាដើម។

UN បន្ត​ថា ទោះបី​ជា​ប្រឈម​មុខ​នឹង​អំពើហិង្សានិងការរើសអើងក៏ដោយ លោក ឆន ផល្លា នៅតែបន្តតស៊ូមតិ ដើម្បីការពារសិទ្ធិ​ដីធ្លីរបស់ជនជាតិដើមភាគតិច និងការ​ពារព្រៃឈើនៅក្នុងខេត្តរតនគិរី និង​ខេត្ត​មណ្ឌលគិរី ប៉ុន្តែកាលពីខែវិច្ឆិកា ឆ្នាំ២០២១ លោក ឆន ផល្លា ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៥ឆ្នាំ ក្រោម​ច្បាប់​ស្តី​ពី​ព្រៃ​ឈើ បន្ទាប់ពីលោក​បដិសេធ​ក្នុងការដកពាក្យបណ្ដឹងប្រឆាំងមន្ត្រីចំនួន៧រូប។

បើ​តាម UN ការកំណត់គោលដៅលើជនជាតិដើមភាគតិច និងអ្នកការពារសិទ្ធិមនុស្ស តាមរយៈការគំរាមកំហែង ការបំភិតបំភ័យ និងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ គឺជាការព្រួយបារម្ភមួយ ដែល UN ចាត់ទុកករណីនេះថា ជាការសងសឹកដោយផ្ទាល់ចំពោះសកម្មភាពស្របច្បាប់និងដោយសន្តិភាព​របស់ពួកគេ។

កាលពីខែឧសភា ឆ្នាំ​២០២២ អ្នក​ជំនាញ​អង្គ​ការ​សហ​ប្រជាជាតិចំនួន​​៥រូប​ បាន​ដាក់​លិខិត​រួម​គ្នា​មួយទៅរដ្ឋាភិបាលកម្ពុជាឱ្យ​ផ្ដល់​នូវ​មូល​ដ្ឋាន​អង្គ​ហេតុ និង​អង្គ​ច្បាប់ឱ្យ​​បាន​ច្បាស់​លាស់​ ដែលឈានទៅដល់ការឃុំខ្លួនលោក ឆន ផល្លា រួមទាំងផ្តល់ព័ត៌​មាន​អំពី​លទ្ធ​ផល​នៃការ​ស៊ើប​អង្កេត​លើ​ការ​វាយ​ប្រហារ និង​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​លោក ឆន ផល្លា ផង​ដែរ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះ​កា​រចោទ​ប្រកាន់ ការ​ឃុំ​ខ្លួន និងការ​​បៀត​បៀន​លោក ឆន  ផល្លា ដោយអគ្គស្នងការ​នគរបាល​ជាតិ និងការខកខានក្នុងការធានាសិទ្ធិក្នុងការកាត់ក្តីដោយយុត្តិធម៌ និងមានពេល​វេលា​គ្រប់គ្រាន់ សម្រាប់ការរៀបចំការការពារក្តី រួមទាំងការខកខាន​ក្នុង​ការ​ស៊ើប​អង្កេត​ពេញ​លេញ និង​កាត់​ទោស​ជនល្មើស​នៃ​ការ​វាយ​ប្រហារ​ដោយ​ហិង្សាលើ​លោក ផល្លា ដែលបណ្ដាលឱ្យគាត់រងរបួសធ្ងន់ធ្ងរផងដែរ។

ក្រុមអ្នកជំនាញសិទ្ធិមនុស្ស បន្តថា ដំណើរការរបស់តុលាការប្រឆាំងលោក ឆន ផល្លា ហាក់ជា​ចេតនាក្នុងគោលបំណងរឹតបន្តឹង​ការងារដោយសន្តិវិធី និងស្របច្បាប់ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិសមូហភាពក្នុង​ការ​រស់នៅដោយ​សេរី​ភាព សន្តិ​ភាព និងសន្តិសុខ ជាពិសេស​ការ​កំណត់​គោល​ដៅ​លើ​ជន​ជាតិ​ដើម​ភាគ​តិច និងអ្នកការពារសិទ្ធិមនុស្ស។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សចាត់ទុកការចោទប្រកាន់និងការឃុំខ្លួនលោក ឆន ផល្លា ថាជាការប្រមាថដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកការពារបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្សជនជាតិដើមភាគតិច រួមទាំងប្រមាថដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកការពារសិទ្ធិមនុស្ស និងអង្គការសិទ្ធិមនុស្សផ្សេងទៀត។

ក្នុងលិខិតឆ្លើយតបចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​នោះ គឺ​មិន​ឆ្លុះបញ្ចាំងពីការពិត និងទិដ្ឋភាព​ច្បាប់​នៃ​ប្រទេសកម្ពុជានោះទេ។ លិខិតបន្ត​ថា ការចោទប្រកាន់និងការឃុំខ្លួនលោក ឆន ផល្លា គឺមានភស្តុ​តាងគ្រប់គ្រាន់​សម្រាប់ការដាក់បន្ទុក។

អ្នកស្រី ខាំ សាឡុង ភរិយារបស់លោក ឆន ផល្លា មានប្រសាសន៍នៅថ្ងៃទី០៥ ខែកក្កដានេះ​​ថា ពេលនេះ ស្វាមីរបស់អ្នកស្រីកំពុងមានបញ្ហាសុខភាពដោយកើតជំងឺលើស​ឈាម និងជំងឺទឹកនោមផ្អែម ខណៈជីវភាពគ្រួសារក៏កំពុងធ្លាក់ចុះជាខ្លាំងផងដែរ ដោយសារគ្មានអ្នកជួយរកស៊ីចិញ្ចឹម។ អ្នកស្រីបន្តថា សាលា​ឧទ្ធរណ៍​ខេត្តត្បូង​ឃ្មុំ​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​ស្វាមី​របស់​អ្នកស្រី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនយល់ពីតុលាការសាលាដំបូងខេត្តរតនគិរីទេ កាត់​​ក្តីឱ្យស្វាមីខ្ញុំជាប់ពន្ធនាគារ៥ឆ្នាំ ខណៈ​ដែល​គាត់ជាអ្នកការពារធនធានធម្មជាតិ និងការពារដីរបស់រដ្ឋ បែរជាគាត់ខុស។ ចំណែកអ្នកលក់ឬ​បំផ្លាញ​​​ដី​ព្រៃ​របស់​រដ្ឋ បែរជាត្រូវវិញ។ អ៊ីចឹងខ្ញុំសុំឱ្យតុលាការឧទ្ធរណ៍​ហ្នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើគាត់​ ព្រោះគាត់មនុស្សល្អ គ្មានកំហុសអីនោះទេ កុំឱ្យគាត់ជាប់គុកជាប់ច្រវាក់ទៀត កុំឱ្យគាត់ចោលកូនចោលចៅ។ រាល់ថ្ងៃ ខ្ញុំពិបាកខ្លាំងណាស់ អត់លុយអត់កាក់ ណាមួយកូនៗនៅតូចៗទៀត។ ខ្ញុំរស់ពឹងតែប្តីទេ ពេលអត់ប្តី​ ពិបាកណាស់ កូនៗគ្មានបានទៅរៀន​ទៅ​សូត្រ​ទេ»។

លោក ឆន ផល្លា ជាសកម្មជនការពារ​ព្រៃឈើ និងធនធានធម្មជាតិ ជាង១០ឆ្នាំមកហើយ នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បច្ចុប្បន្ន សកម្មជនការពារព្រៃឈើរូបនេះត្រូវបានឃុំខ្លួន​នៅពន្ធនាគារ​ខេត្តរតនគិរី ​រយៈពេល​ជាង៨​ខែមកហើយ ក្រោមបទចោទថា «កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» តាមបញ្ញត្តិមាត្រា៩៧ ចំនុច៦ នៃ​ច្បាប់ស្ដីពីព្រៃឈើ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ អង្គការ​​សង្គម​ស៊ីវិល​ សហជីព និង​សហគមន៍​ ចំនួន១១៣ស្ថាប័ន បាន​ចេញ​សេច​ក្តីថ្លែង​ការណ៍​មួយ​ ដោយ​ស្នើ​ដល់​តុលាការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ទម្លាក់ចោលបទ​ចោទ​ប្រកាន់​លើ​លោក ឆន ផល្លា ព្រម​ទាំង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខ​ខណ្ឌ ដោយថា ការឃុំខ្លួននិងចោទប្រកាន់លោក ឆន ផល្លា ធ្វើឡើងទាំងអយុត្តិធម៌ និងពុំមានភស្តុតាង​រឹងមាំ​​ក្នុងកា​រ​​ដាក់​បន្ទុកទាល់​តែសោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ