ធនាគារពិភពលោក (World Bank) ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក ធ្វើឱ្យប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅកម្ពុជា នឹងជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ បើទោះបីជាសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ក្រោយពីជួបវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក្ដី។
ក្នុងរបាយការណ៍របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាដែលបានផ្សព្វផ្សាយ បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា ការនាំចូលប្រេងចម្រាញ់របស់កម្ពុជាមានចំនួន ៦,២ភាគរយ នៃ GDP ឆ្នាំ២០២១ ដែលធំជាងការនាំចូលរបស់ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីបូពា៌និងប៉ាស៊ីហ្វិក។
របាយការណ៍ដដែលបញ្ជាក់ថា សន្ទុះសេដ្ឋកិច្ចងើបឡើងវិញ ស្របពេលការឡើងថ្លៃប្រេងឥន្ធនៈនិងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងធ្វើឱ្យអតិផរណាកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ អាចជួបបញ្ហាធ្ងន់ធ្ងរជាងគេពីវិបត្តិប្រេងឡើងថ្លៃពេលនេះ។
ក្នុងរបាយការណ៍ធនាគារពិភពលោក បានដកស្រង់សម្ដីរបស់នាយិកាគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) និយាយថា យុទ្ធសាស្ត្ររស់នៅជាមួយកូវីដ-១៩ បានបង្កលក្ខណៈឱ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្ដារស្ថានភាពឡើងវិញ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។
លោកស្រីបន្ថែមថា៖ «ការឡើងថ្លៃប្រេងឥន្ធនៈនិងថ្លៃស្បៀងអាហារលើពិភពលោក ដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែនកំពុងតែថែមទម្ងន់នៃការលំបាកថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឱ្យការកាត់បន្ថយភាពក្រីក្រថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់ក្នុងការជួយគ្រួសារក្រីក្រ ក្នុងការឆ្លងកាត់ការលំបាកក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត»។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានទេ នៅថ្ងៃចន្ទម្សិលមិញនេះ។ ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃអង្គារនេះ។
យោងតាមតារាងតម្លៃប្រេងឥន្ធនៈតាមបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងមួយចំនួនដូចជា កាល់តិច (Caltex) តូតាល់ (Total) និង ភីធីធី (PTT) ក្នុងរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បង្ហាញថា តម្លៃប្រេងម៉ាស៊ូត ៦ ២០០រៀលក្នុងមួយលីត្រ ប្រេងឥន្ធនៈធម្មតាតម្លៃ ៥ ៨០០រៀលក្នុងមួយលីត្រ និងប្រេងឥន្ធនៈស៊ូពែតម្លៃ ៦ ៤០០រៀល ទៅ៦ ៤៥០រៀល ក្នុងមួយលីត្រ។

ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលមិនជួយដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងអ្នករងគ្រោះផ្ទាល់ ដូចការលើកឡើងក្នុងរបាយការណ៍របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជានោះទេ នឹងធ្វើឱ្យពួកគេកាន់តែជួយបញ្ហាប្រឈមក្នុងជីវភាពគ្រួសារបន្ថែមទៀត។
លោកបានថ្លែងថា៖ «គេសិក្សាទៅលើផលប៉ះពាល់ រដ្ឋាភិបាលអាចធ្វើគោលនយោបាយជំនួយឧបត្ថម្ភ ដើម្បីឧបត្ថម្ភទៅដល់គ្រួសារដែលមានជីវភាពងាយរងគ្រោះ ជាពិសេសក្រុមដែលមានចំណូលទាប ហើយនិងអ្នកដែលមានចំណូលថេរហើយទាប ដែលគាត់នឹងងាយរងគ្រោះ។ អ៊ីចឹងរដ្ឋាភិបាលអាចមានជាគោលនយោបាយជំនួយឧបត្ថម្ភ»។
លោកបន្ថែមថា៖ «បញ្ហាវិបត្តិស្បៀង បញ្ហាវិបត្តិម្ហូបអាហារ និងបញ្ហាវិបត្តិប្រេង ដែលធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងការខ្វះខាត។ ដំណោះស្រាយ គឺមានតែរដ្ឋាភិបាលជំរុញឱ្យមានស្បៀងអាហារផលិតក្នុងស្រុកឱ្យបានច្រើនជាងការនាំចូល»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ផ្ដល់ជាអនុសាសន៍បន្ថែមថា ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋរងផលប៉ះពាល់នេះ កម្ពុជាមិនត្រូវពឹងផ្អែកការនាំចេញសម្លៀកបំពាក់ទៅអឺរ៉ុបតែមួយមុខនោះទេ គឺត្រូវត្រៀមរៀបចំយុទ្ធសាស្ត្រផលិតអង្ករ និងរៀបចំធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េ ជាដើម។
លោក ម៉ោង គឿន ដែលអះអាងថាជាអ្នកប្រកបមុខរបររត់ផាសអេប ឬហៅថា ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា នៅពេលដែលសាំង ហ្គាស និងស្បៀងអាហារឡើងថ្លៃ ធ្វើឱ្យពួកគាត់ពិបាករកចំណូលជួយទ្រទ្រង់ជីវភាពគ្រួសារ ដោយសារចំណូលរកបានតិច តែចំណាយកាន់តែច្រើន។
លោកបញ្ជាក់ថា បើរដ្ឋាភិបាលមិនជួយរកដំណោះស្រាយវិបត្តិប្រេងឥន្ធនៈនិងស្បៀងអាហារឡើងថ្លៃនេះបានទេ នឹងធ្វើឱ្យគាត់ រួមទាំងអ្នកដែលងាយរងគ្រោះ ឬអ្នករងគ្រោះផ្ទាល់ ជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារកាន់តែធ្ងន់ធ្ងរ ខណៈគាត់ភាគច្រើនលើសលុបក៏ជំពាក់បំណុលធនាគារផងដែរ ។
លោកបញ្ជាក់ថា៖ «ធម្មតា ទំនិញឡើងថ្លៃ សាំង និងជី ហ្គាស ហើយប្រាក់ចំណូលរបស់យើងធ្លាក់ចុះ វាធ្វើឱ្យប៉ះពាល់មួយចំនួនធំ ដោយសារពលរដ្ឋភាគច្រើនគាត់មកតាមខេត្ត មករាជធានី ដើម្បីប្រកបមុខរបរផ្សេងៗ ហើយជួបបញ្ហាទំនិញឡើងថ្លៃ ហើយសាំងឡើងថ្លៃ ធ្វើឱ្យពួកគាត់ជួបបញ្ហាហ្នឹងខ្លាំង»។
លោកបន្ថែមថា៖ «ពួកយើងប្រកបរបរប្រចាំថ្ងៃ សុទ្ធតែអ្នកជាប់បំណុលធនាគារ។ ដល់អ៊ីចឹងយើងយកមកដោះទាល់ធនាគារចង់អស់បាត់ហើយ ដល់វិបត្តិសេដ្ឋកិច្ចកើតឡើងទៀត កាន់តែធ្វើឱ្យពួកយើងកាន់តែលំបាកបន្ថែមទៀត»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវជួយរកដំណោះស្រាយកុំឱ្យប្រេងឥន្ធនៈឡើងថ្លៃបន្ថែមទៀត និងកាត់បន្ថយអំពើពុករលួយ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះផ្ទាល់ ដែលអាចកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលចង់បាន។
លោកបន្តថា បើរដ្ឋាភិបាលមិនជួយដោះស្រាយបញ្ហាប្រឈមទាំងនោះទេ នឹងធ្វើឱ្យពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រកាន់តែជួបបញ្ហាវិបត្តិសេដ្ឋកិច្ចគ្រួសារ នាំឱ្យពលរដ្ឋក្រីក្រស្ថិតនៅក្រោមបន្ទាត់ក្រហម ជាដើម។
លោកមានប្រសាសន៍ថា៖ «បើសិនជាមិនមានដំណោះស្រាយជាក់លាក់ទេ វាប៉ះពាល់ដល់ស្ថានភាពក្រីក្ររបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរៗទៅ ហើយមនុស្សដែលរស់នៅក្រោមបន្ទាត់ក្រីក្រកាន់តែមានច្រើន។ អត្រាពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសកាន់តែច្រើនៗទៅ ហើយអាចមានបញ្ហាវិបត្តិសង្គម កើតមានចោលលួច ប្លន់ និងបញ្ហាអសន្តិសុខផ្សេងៗទៀតនៅក្នុងសង្គម»។

កាលពីឆ្នាំ២០១៤ កម្ពុជាមានអត្រានៃភាពក្រីក្រជាង ១៣ភាគរយ (១៣,៥%) ក្នុងនោះ រដ្ឋាភិបាលមានគោលនយោបាយកាត់បន្ថយអត្រាភាពក្រីក្រនេះចំនួន ១% ក្នុងមួយឆ្នាំ ប៉ុន្តែក្រោយកំណត់ខ្សែបន្ទាត់នៃភាពក្រីក្រជាថ្មី កាលពីចុងឆ្នាំ២០២១ ក្រសួងផែនការបង្ហាញរបាយការណ៍ថ្មីថា ភាគរយនៃជនក្រីក្រសម្រាប់ឆ្នាំ២០១៩-២០២០ មានការកើនឡើងដល់ជិត ១៨ភាគរយ (១៧,៨%)។
បើតាមរបាយការណ៍នោះបញ្ជាក់ថា អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញមានជាង ៤ភាគរយ (៤,២% ) តំបន់ទីប្រជុំជនផ្សេងទៀតជាង ១២ភាគរយ (១២,៦%) និងអត្រាភាពក្រីក្រនៅតំបន់ជនបទជិត ២៣ភាគរយ (២២,៨%)។
ពាក់ព័ន្ធភាពក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជានេះដែរ អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានលើកឡើងថា គ្រួសារងាយរងគ្រោះជាច្រើនដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងគ្រោះទឹកជំនន់ផង បានកាត់បន្ថយរបបអាហារប្រចាំថ្ងៃរបស់ពួកគាត់ ខណៈគ្រួសារខ្លះលក់ទ្រព្យសម្បត្តិ និងខ្ចីបំណុលគេកាន់តែច្រើន ដើម្បីយកមកដោះស្រាយជីវភាពដែលជាតម្រូវការចាំបាច់របស់ពួកគេ៕