សហជីព​មួយ​ស្នើ GMAC អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ខេនស្ព័តស៊ូ គោរព​ច្បាប់​សហជីព

កម្មករ-កម្មការិនីប្រមាណ៨ ០០០នាក់ ធ្វើការ​នៅ​ក្រុម​ហ៊ុន​​​ ខេនស្ព័ត​ស៊ូ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាន​តវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ដើម្បី​ទាម​ទារ​​ឱ្យ​ថៅកែ​ដោះស្រាយ​​បញ្ហា​​​ចំនួន៣៥​ចំណុច ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ (សង់ត្រាល់)

សហព័ន្ធ​សហជីព​ឯករាជ្យ (INDEPENT TRADE UNION FEDERTION) ស្នើសមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ឱ្យជួយអន្តរាគមន៍ទៅថៅកែរោងចក្រ​ផលិត​ស្បែក​ជើង ខេនស្ព័តស៊ូ (Can Sports Shoes Cambodia) ស្ថិតនៅ​ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គោរពច្បាប់ស្ដីពីសហជីព។

ក្នុងលិខិតរបស់​សហព័ន្ធសហជីពឯករាជ្យ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ដាក់​ទៅ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំសហជីពឯករាជ្យ​ប្រចាំរោងចក្រ ខេនស្ព័តស៊ូ បានយកលិខិត​កាត់​ប្រាក់​ភាគ​ទាន​​សហជីព​ទៅដាក់នៅរោងចក្រ ដើម្បីកាត់ប្រាក់ភាគទាន​សហជីព ប៉ុន្តែខាងរដ្ឋបាលរោងចក្រមិនទទួលឡើយ។

លិខិតបន្តថា នៅថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២២ សហជីពបានយកលិខិតកាត់ប្រាក់ភាគទានទៅដាក់ម្តងទៀត ហើយ​ខាងរដ្ឋបាលរោងចក្រមិនព្រមទទួលដដែល។ សហជីពចាត់ទុកការព្រងើយកន្តើយ​នេះ​ថា ជា​សកម្មភាព​មិនអនុវត្តតាម​ច្បាប់ស្តីពីការងារ ច្បាប់សហជីព និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

លិខិតដដែលបន្ថែមថា រហូត​មកដល់បច្ចុប្បន្ន​នេះ ថៅកែរោង​ចក្រ​នៅ​តែ​បន្តមិនអនុវត្តច្បាប់ និងមិនព្រមកាត់ប្រាក់ភាគទាន​សមាជិកសហជីពឯករាជ្យ ខណៈ​រោង​ចក្រ​ ខេនស្ព័តស៊ូ ជាសមាជិក​របស់​សមាគម​រោងចក្រកាត់ដេរនៅកម្ពុជា។

លិខិតបន្ថែមថា៖ «ស្នើសុំលោកប្រធានមេត្តាជំរុញឱ្យនាយក​រោងចក្រផលិតស្បែកជើង ខេន ស្ព័ត ស៊ូ អនុវត្ត​តាម​ច្បាប់​ស្តីពីការ​ងារ ច្បាប់ស្តីពីសហជីព ហើយ​កាត់​ប្រាក់​ភាគ​ទាន​ពី​សមាជិកសហជីពដែលកំពុងបម្រើការងារនៅរោងចក្រនេះ និងថតចម្លង​សៀវភៅការងារសម្រាប់ផ្តល់ជូន​ការិយាល័យ​ទំនាក់​ទំនង​អង្គការវិជ្ជាជីវៈ​នៃក្រសួងកាងារ»។

ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត បាន​លើកឡើង​នៅថ្ងៃពុធនេះ​​ ដោយ​ស្នើដល់សមាគមរោងចក្រកាត់ដេរនៅ​កម្ពុ​ជា​ត្រូវតែពន្យល់ និងជំរុញទៅរោងចក្រដែលជាសមាជិករបស់ខ្លួនគោរពច្បាប់របស់កម្ពុជា។

លោកថា៖ «ខ្ញុំបានមើលឃើញថា កន្លងមករោងចក្រ ខេន ស្ព័ត ស៊ូ ហ្នឹងហាក់ប្រងើយកន្តើយ​ក្នុងការអនុវត្តច្បាប់។ អីចឹង​ដោយសារតែរោងចក្រនេះ ជាសមាជិករបស់សមាគមរោងចក្រកាត់ដេរ អីចឹងក្នុងនាមជាសមាជិក​របស់​សមាគម​រោងចក្រកាត់ដេរ សមាគមរោងចក្រកាត់ដេរ គាត់ត្រូវមានតួនាទីជំរុញឱ្យរោងចក្ររបស់​ខ្លួន​អនុវត្តច្បាប់ ឬក៏ពន្យល់អំពីច្បាប់ដែលមានហើយ ហើយត្រូវអនុវត្តបែបម៉េច»។

បុគ្គលិក​ផ្នែក​រដ្ឋបាលនៅរោងចក្រ ខេន ស្ព័ត ស៊ូ ដែលកម្មករប្រាប់ថា ឈ្មោះ សាលី សុំឆ្លើយតប់ពាក់ព័ន្ធករណីនេះភ្លាមទេ ដោយថារងចាំពិភាក្សាជាមួយថ្នាក់លើសិន។

វីអូឌី មិនអាចសុំការបញ្ជាក់ពីអគ្គលេខាធិការ GMAC លោក ខេន លូ និងអង្គលេខាធិការរង GMAC លោក កាំង ម៉ូនីកា បានទេ នៅថ្ងៃពុធនេះ។

កាលពីថ្ងៃទី៣១ ខែឧសភា និង​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ កម្មកររាប់ពាន់នាក់បម្រើការងារនៅរោងចក្រ ខេនស្ព័តស៊ូ (Can Sports Shoes Cambodia) បានផ្ទុះការតវ៉ា ដើម្បីជំរុញឱ្យថៅកែរោងចក្រគោរពច្បាប់ស្តីពីការងារ ច្បាប់សហជីព និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលសម្រេចឱ្យ​ថៅកែរោងចក្រកាត់​ប្រាក់ភាគទានពីសមាជិកសហជីព។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ តំណាងក្រុមហ៊ុន Adidas លោក វីល្លៀម អាឌឺសាន់ អនុប្រធានថ្នាក់សកលកិច្ចការសង្គម និងបរិស្ថាន បានផ្ញើលិខិតមួយទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ឱ្យធ្វើការស៊ើបអង្កេតលើសកម្មភាពរបស់ប៉ូលិសដែលឃាត់ខ្លួនរយៈពេលខ្លី លើតំណាងសហជីព៥នាក់ប្រចាំរោងចក្រ ខេនស្ព័តស៊ូ ជាបន្តបន្ទាប់ ខណៈកម្មកររាប់ពាន់ផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារ។

តំណាងអ្នកបញ្ជាទិញ បន្តថា ដើម្បីជាប្រយោជន៍ដល់ការអនុវត្តតួនាទី និងកាតព្វកិច្ចរបស់រដ្ឋាភិបាលឱ្យបានត្រឹមត្រូវតាមអនុ​សញ្ញា ILO ច្បាប់សហជីព និង​ច្បាប់​ស្តី​ពី​ការ​ងារ​របស់​កម្ពុជា​នោះ ក្រសួងការងារត្រូវធ្វើការស៊ើបអង្កេតលើសកម្មភាពអនុវត្តការងាររបស់ប៉ូលិស និងជូនដំណឹងដោយតម្លាភាពអំពីលទ្ធផលពីការស៊ើបអង្កេតនោះដល់ភាគីរងផលប៉ះពាល់ រួមទាំង​ការពារមិនឱ្យហេតុការណ៍នេះកើតឡើងម្ដងទៀតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ