លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​រថយន្តចង្កូតស្ដាំ​អាច​មិន​ដូរ​ចង្កូត​បាន តែ​ត្រូវ​បង់ពន្ធ

ពលរដ្ឋធ្វើចរាចរណ៍នៅម្ដុំស្ពានជ្រោយចង្វារ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ សម្រេច​អនុញ្ញាតឱ្យម្ចាស់​​រថយន្ត​ចង្កូត​ស្ដាំ អាច​បង់ពន្ធបាន ដោយ​មិន​ចាំបាច់ដូរចង្កូត ប៉ុន្តែការ​អនុញ្ញាតនេះ​សម្រាប់តែរថយន្តចង្កូតស្ដាំដែលធ្វើចរាចរនៅកម្ពុជាប៉ុណ្ណោះ ហើយ​សម្រាប់ការនាំចូលរថយន្ត​ចង្កូតស្ដាំបន្ថែម គឺ​ហាមដាច់ខាត។

ក្នុងកម្មវិធីជួបសំណេះសំណាល​ជាមួយគណៈប្រតិភូកីឡាអាស៊ាន​ប៉ារ៉ាហ្គេម (ASEAN Para Games) នៅថ្ងៃពុធនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កាលពីថ្ងៃម្សិលមិញ មាន​ម្ចាស់រថយន្ត​ចង្កូតស្តាំមួយចំនួនបាននាំគ្នា​តវ៉ានៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ និង​លេខ​៣ ដោយ​ស្នើ​សុំ​បង់ពន្ធ តែ​សុំមិនដូរ​ចង្កូត។ ករណីនេះ លោក​​បញ្ជាក់ថា លោកយល់ស្រប​ជាមួយនឹងសំណើ​របស់​ពួកគេ ដោយ​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ ដែលមិនទាន់បានបង់ពន្ធអាករទាំងអស់ ត្រូវទៅបង់​ពន្ធ ដោយ​មិន​ចាំបាច់ដូរ​ចង្កូត​រថយន្ត។​

លោក​បានថ្លែងថា៖ «អ្នកដែលបានដូរ[ចង្កូត​ស្ដាំ​]ហើយ ដូរឱ្យ​បានចប់ទៅ តែអ្នកដែលមិនទាន់បាន​ដូរ ត្រូវ​​ចូល​មក​បង់​ពន្ធ រួច​ហើយ​ក្រសួងសាធារណការ ត្រូវចេញស្លាក[លេខ]ឱ្យ​គេ […] តាមកន្លងទៅ រថយន្តចង្កូតស្តាំ​មួយចំនួនបានចូលមកធ្វើការកក់ប្រាក់រួចហើយទៅកែចង្កូត ឥលូវ​អ្នក​ដែល​បាន​កក់​ប្រាក់​ហើយ ហើយ​​​ទៅ​ដូរ​ចង្កូត ដោយ​​មិនទាន់បានដូរ មិនចាំបាច់ដូរទេ ប្រសិនបើមិនទាន់​បាន​ដូរ តែ​​ត្រូវ​ចូល​មក​បង់ពន្ធឱ្យ​បាន​ដាច់»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ការអនុញ្ញាតនេះធ្វើឡើងសម្រាប់តែ​រថយន្ត​ចង្កូតស្តាំដែលកំពុងចរាចរលើដងផ្លូវនៅក្នុងប្រទេស​កម្ពុជាប៉ុណ្ណោះ ហើយ​សម្រាប់​រថយន្ត​​ចង្កូត​ស្តាំដែលនាំចូល​ថ្មី គឺហាម​ដាច់ខាត​លើការនាំចូល បើទោះជារថយន្តទាំងនោះមក​ដល់​ព្រំដែនក៏ដោយ។

លោក​គូសបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ សុពលភាពរបស់​វា គឺនៅថ្ងៃទី៦ ខែ៧ ឆ្នាំ​២០២២ ចាប់ពីថ្ងៃស្អែកទៅ! រថយន្តដែលនាំចូល​ថ្មីជាចង្កូត​ស្តាំ មិន​បាច់បង់ពន្ធ មិន​បាច់​ដូរចង្កូត គឺចាប់ទាំងអស់»។

បើតាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រថយន្តចង្កូត​ស្តាំដែល​មិនទាន់បង់ពន្ធមានចំនួនជាង៦ ០០០គ្រឿង ក្នុងនោះបានកែចង្កូតរួចចំនួន​៤ ០០០គ្រឿង និងមិនទាន់កែចង្កូតមានចំនួន​២ ៥០០គ្រឿង។

កាលពីថ្ងៃម្សិលមិញ ក្រុម​អ្នក​បើកបររថយន្ត​​ចង្កូត​ស្តាំ​ប្រមាណ២០០នាក់បាន​ប្រមូល​ផ្ដុំគ្នា​​តវ៉ា ​ដោយ​បិទ​ផ្លូវ​សាធារណៈនៅចំណុច​រង្វង់មូល​កួរស្រូវ​ ក្នុង​ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បី​សុំ​គោលការណ៍​បង់ពន្ធ​ធម្មតា តែ​មិន​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង។

ការតវ៉ារបស់ក្រុមអ្នកបើកបររថយន្តចង្កូតស្តាំនេះ បានធ្វើឡើង​ក្រោយពី​យុទ្ធនាការ​​ប្រមូល​ពន្ធនិង​អាករ​នាំចូល​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស បាន​ផុតកំណត់​នៅ​ថ្ងៃទី៣០ ខែមិថុនា ហើយ​ចាប់ពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានព្រមានថា​​នឹង​​អនុវត្ត​វិធាន​ការ​​បង្ក្រាប​យ៉ាង​ម៉ឺង​ម៉ាត់ ក្នុងករណី​​បង្ក្រាបបាន​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​ ដែលជា​ប្រភេទ​ទំនិញ​ហាមឃាត់​ការនាំ​ចូល នឹងត្រូវ​កម្ទេចចោល ឬ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់​តាម​នីតិវិធី​ជា​ធរមាន។

ម្ចាស់រថយន្តចង្កូតស្ដាំ លោក ផល ប្រុសនិត សាទរចំពោះការសម្រេចរបស់ប្រមុខរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យ​ម្ចាស់រថយន្តចង្កូតស្ដាំមិនបាច់ទៅកែចង្កូតពីស្ដាំទៅឆ្វេង ដោយ​គ្រាន់តែទៅបង់ពន្ធនោះ។ តែយ៉ាងណា លោក​ស្នើ​ដល់​រដ្ឋាភិបាលពន្យារពេល​សម្រាប់ការបង់ពន្ធ ដោយ​សារតែពួកគាត់​មួយចំនួនកំពុង​ជួបបញ្ហាហិរញ្ញវត្ថុ និងត្រូវខ្ចីគេដើម្បីយកទៅបង់ពន្ធ។

លោកថា៖ «វាលឿនពេកបង! បើស្នើទៅធនាគាខ្លាចអត់ទាន់! បើ​គេ​អ្នក​មាន​លុយ អាចទៅបង់ពន្ធបានលឿនៗ តែបើខាង​ប្អូន​ ត្រូវការខ្ចីលុយ អត់អាចបង់ភ្លាមៗបានទេ»។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានលើកឡើងថា ទាក់ទិននឹងការកំណត់​ពេល​​យកពន្ធលើរថយន្តចង្កូតស្ដាំនេះ លោកកំពុងតែពិនិត្យឯកសារ ដើម្បីស្នើទៅកាន់នាយករដ្ឋមន្រ្តី និងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃស្អែក ដើម្បីកំណត់ថ្ងៃឱសាន​វាទ​ជា​ថ្មី។

លោកថា៖ «ខ្ញុំកំពុងពិនិត្យមើលប្រសាសន៍របស់សម្ដេច [ហ៊ុន សែន] ហើយក៏មានរបាយការណ៍ជូនសម្ដេចដែរ ហើយកំពុងរង់ចាំចំណាររបស់សម្ដេច។ ហើយយើងកំពុងពិនិត្យមើលលិខិតស្នាម។ ត្រូវតែមានឱសានវាទ បើអ៊ីចឹងទេ រឿងហ្នឹងអត់ចប់ទេ»។

លោកបញ្ជាក់ដែរថា កន្លងមក អគ្គ​នាយកដ្ឋាន​​គយ និងរដ្ឋាករកម្ពុជា មិនអនុញ្ញាតឱ្យ​មាន​ការនាំចូលរថយន្តចង្កូត​ស្ដាំនោះទេ ប៉ុន្តែ​មានជនខិលខូចមួយចំនួននៅតែអាចនាំចូលរថយន្តប្រភេទនេះចូល​ទឹកដីប្រទេសកម្ពុជាបាន។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្ដិភាព លោក យង់ គិម​អេង បាន​បង្ហាញការគាំទ្រចំពោះវិធានការរបស់​នាយករដ្ឋមន្រ្តី លើការទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្ដាំ និង​ព្រម​អនុញ្ញាតឱ្យម្ចាស់រថយន្តទាំងនោះ​ទៅ​បង់ពន្ធ ​ជំនួសឱ្យការចាប់រថយន្ត។ តែយ៉ាង​ណា ​លោកស្នើឱ្យរដ្ឋាភិបាលទុកពេលវេលាសមរម្យ​បន្ថែម​ទៀតសម្រាប់ម្ចាស់រថយន្ត​ទៅ​បង់ពន្ធ។

លោកថា៖ «ខ្ញុំគិតថា ការឱ្យពួកគាត់បង់​ គឺជាការប្រសើរ ប៉ុន្តែទុកពេលវេលាឱ្យគ្នាបន្តទៀតទៅ ព្រោះថា ប្រជាពលរដ្ឋមិន​ខាត​បង់​ច្រើន ឧបមាថា​ប្រសិន​បើ​មាន​ការដករថយន្ត គឺអាចធ្វើឱ្យមានការខាតបង់​ច្រើន ហើយម្យ៉ាងទៀតរដ្ឋក៏ទទួលបាន​ចំណូល​ដែរ»។

លោក យង់ គិមអេង បន្ថែមថា​ ការដែលនៅតែមានរថយន្តចង្កូតស្ដាំខុសច្បាប់នៅបន្ត​នាំចូលមក​កម្ពុជា​នេះ អាចបណ្តាល​មកពីភាពខ្វះចន្លោះ​របស់មន្រ្តីអាជ្ញាធរពាក់ព័ន្ធ​ និង​អំពើពុករលួយដែល​កើតចេញពីមន្រ្តីនៅ​តាមព្រំដែន ជាដើម ខណៈដែលរថយន្តប្រភេទនេះ​បាន​ធ្វើ​ឱ្យ​មានបញ្ហា​គ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ