នាយករដ្ឋមន្ត្រី​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​ជា​វិភាគទាន ដើម្បី​បញ្ចប់​បញ្ហាមីន​នៅ​ឆ្នាំ២០២៥

គ្រាប់មីន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងក្នុងនិងក្រៅប្រទេស ចូលរួម​ជាវិភាគទានក្នុងចល​នា​ជាតិដ៏ធំមួយ ដើម្បីបញ្ចប់​បញ្ហាមីននៅ​កម្ពុជា នៅត្រឹមឆ្នាំ២០២៥។

តាមរយៈសារដែលបានបង្ហោះលើទំព័រហ្វេស​ប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀល​ថ្ងៃ​ពុធនេះ បាន​ឱ្យដឹងថា គិត​មក​ដល់​ពេល​នេះ សប្បុរស​ជន​ដែល​​បាន​ចូល​រួម​សម្រាប់​យុទ្ធនាការ​​បំផ្លាញ​ចោល​គ្រាប់មី​ន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ មានចំនួន​ជាង១៥លាន​ដុល្លារ (១៥ ៦១៤ ៩១០ដុល្លារ) និង​ប្រាក់រៀលចំនួន១៩០ ៨០០ ០០០រៀល។

លោក​បន្តថា៖ «នេះជា​​ចលនា​ជាតិ​ដ៏​ធំ​ ដើម្បី​ឆ្ពោះទៅ​រក​សូន្យ​គ្រាប់​មីន​នៅ​ឆ្នាំ២០២៥ […] ខ្ញុំ​សង្ឃឹមថា ​ជន​រួម​ជាតិ​យើង​ទាំង​ក្នុង​និង​ក្រៅប្រទេស​នឹង​បន្ត​ចូល​រួម​ក្នុង​យុទ្ធនាការ​ ឈាន​ទៅ​បញ្ចប់​សោកនាដ​កម្ម​លើ​ទឹក​ដីដ៏​កំសត់​របស់​យើង​ត្រឹម​ឆ្នាំ២០២៥»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្ហាញ​នូវ​គណនីធនាគារចំនួន៣ ដើម្បីឱ្យ​សប្បុរសជនអាចចូលរួម​ក្នុង​សកម្ម​​ភាពបោសសម្អាតមីននោះផងដែរ ក្នុងនោះរួមមាន ធនាគារ​ ABA ធនាគារអេស៊ីលីដា និងធនាគារ​កាណាឌីយ៉ា

បើតាមរបាយការណ៍របស់អាជ្ញាធរមីនដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ កម្ពុជានៅសល់២២​រាជធានី-ខេត្ត ដែលនៅ​បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់​បញ្ចូល​គ្រាប់​បែក​ចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប៧១៦ ០៣៩ ៧១២​ម៉ែត្រក្រឡា ឬស្មើ៧១ ៦០៣,៩ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ