តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិចិន​ម្នា​ក់​ពី​បទ​ឃាតកម្ម​លើ​ជនជាតិចិន​ដូចគ្នា​រឿង​បំណុល

រូបភាពកាស៊ីណូ​ម៉ុក​បាយ ក្រុង​បាវិត ខេត្តស្វាយរៀង ដែលត្រូវបានបង្ហោះលើហ្វេសប៊ុកផេករបស់កាស៊ីណូ។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្វាយរៀង លោក ទេព ផល្លា បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ជនជាតិចិនមួយរូបដែលជាប់ពាក់ព័ន្ធ​ករណីឃាតកម្មលើជនជាតិចិនដូចគ្នាដោយសារបញ្ហាបំណុល ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។

បុរស​ជនជាតិ​ចិន​មួយរូប​ត្រូវ​បានគេ​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍​ ដោយសាររឿង​ជំពាក់​បំណុល​ជាង៣ ០០០​ដុល្លារ​ នៅ​កាស៊ីណូ​ម៉ុក​បាយ ក្រុង​បាវិត ខេត្តស្វាយរៀង។ នេះបើតាមការឱ្យដឹងពីមន្រ្តីនគរបាលសង្កាត់មួយរូប។

លោក ឈិន ឈាង នាយប៉ុស្តិ៍នគរបាលសង្កាត់បាវិត ក្រុងបាវិត ថ្លែងថា ជនរងគ្រោះឈ្មោះ Gong Jiangyong អាយុ៣៨ឆ្នាំ ត្រូវបានសម្លាប់ដោយអ្នកផ្គត់ផ្គង់គ្រឿងសំណង់មួយរូបឈ្មោះ Zhu Jun Sheng អាយុ៣២ឆ្នាំ ដោយសារតែជនរងគ្រោះជំពាក់បំណុលជាង៣ ០០០ដុល្លារ។

លោក ឈិន ឈាង បន្ថែមថា៖ «មន្រ្តីសមត្ថកិច្ចរបស់យើងចំនួន៥នាក់បានចុះទៅកាន់ទីតាំងកើតហេតុនោះ ប៉ុន្តែមានតែ២រូបប៉ុណ្ណោះដែលអាចចូលទៅក្នុងបរិវេណអាគារនោះបាន»។

ទាក់ទិន​ករណីនេះ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន និងស្នងការរង លោក កុយ សុភាព បានបដិសេធអត្ថាធិប្បាយលើបញ្ហានេះ ខណៈអធិការនគរបាល​ក្រុង​បាវិត​ លោក ​ឯម សុវណ្ណារិទ្ធ​ បាន​បដិសេធ​ថា មិន​មាន​ករណី​បែប​នេះ​កើតឡើងឡើយ។

ទីតាំងកាស៊ីណូដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម​លើជនជាតិចិននេះ គ្រប់គ្រងដោយបុគ្គលចំនួន៥រូបដែលមានដើមកំណើតមកពីប្រទេសមីយ៉ាន់ម៉ា ខណៈពួកគេទាំងអស់នោះសុទ្ធសឹងតែមានសញ្ជាតិខ្មែរ។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក U Wang Young ក៏ធ្លាប់មានប្រវត្តិបរិច្ចាគថវិកាក្នុងទំហំរាប់ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ផងដែរ។ នេះបើយោងតាមអត្ថបទព័ត៌មានរបស់រដ្ឋាភិបាល។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនានាបង្ហាញថា ទីតាំងកាស៊ីណូ​ម៉ុក​បាយនេះ កាលពីពេលកន្លងទៅ ក៏ធ្លាប់កើតមានករណីឧក្រិដ្ឋកម្មជាច្រើនផងដែរ ដែលក្នុងនោះរួមមាន ករណីជនជាតិវៀតណាមចំនួន១៣នាក់ ដែលត្រូវបានគេរកឃើញថា ត្រូវបានបង្ខាំងកាលពីខែតុលាដោយសារជំពាក់បំណុលកាស៊ីណូ។ ជាមួយគ្នានេះ ករណីបុគ្គលិក​វៀតណាម​ម្នាក់ក៏​ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​កាល​ពី​ខែ​មេសា នៅក្នុងទីតាំងដដែលនេះផងដែរ។

យោងតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន ផូស ញូ (Post News) កាស៊ីណូនេះ កាលពីឆ្នាំ២០១៩ ក៏ធ្លាប់មានករណីជួយសង្រ្គោះជនជាតិចិនចំនួន៥៣នាក់ចេញពីបរិវេណទីតាំងនេះផងដែរ ខណៈនៅក្នុងចន្លោះឆ្នាំ២០១៧ និង២០១៩ ហិង្សាចំនួន៣ករណីក៏ត្រូវបានរាយការណ៍ចេញពីទីតាំងនេះផងដែរ។

ទាក់ទិនទីតាំង​ក្រុងបាវិត​វិញ បុរសជាជនជាតិវៀតណាមមួយរូប កាលពីពេលថ្មីៗនេះ ក៏បានប្រទះឃើញស្លាប់ បន្ទាប់ពីធ្លាក់ពីលើជាន់ទី៨ នៃកាស៊ីណូក្នុងក្រុងមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា គឺលោក កុក អាន។

​ករណីដាច់ដោយឡែកផ្សេងទៀត បុរសជាជនជាតិវៀតណាមម្នាក់ទៀតក៏ត្រូវបានប្រទះឃើញស្លាប់នៅកាស៊ីណូក្នុងទីក្រុងបាវិតមួយកន្លែង គ្រប់គ្រងដោយបុគ្គលមួយរូបដែលត្រូវបានគេស្គាល់ថាមានទំនាក់ទំនងស្និទ្ធស្នាលនឹងលោក ហ៊ុន តូ ខណៈមានជនជាតិឥណ្ឌូនេស៊ី ២២នាក់ផ្សេងទៀតក៏ត្រូវបានជួយសង្គ្រោះចេញពីទីតាំងមួយចំនួនក្នុងតំបន់ផងដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Murder at Bavet Moc Bai Casino: Commune Police

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ