ពលរដ្ឋ​ជាង​១០០នាក់​នៅ​ខេត្តស្វាយរៀង ជំរុញ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគេ

ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ពលរដ្ឋជាង១០០នាក់ នៅភូមិចំនួន​៥ នៃ​ឃុំអំពិល និង​ឃុំ​គគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បាននាំគ្នា​ទៅ​ប្រមូល​ផ្ដុំជាថ្មីទៀត ​នៅ​សាលាឃុំអំពិល ដើម្បីជំរុញទៅអាជ្ញាធរមូលដ្ឋានពន្លឿនការដោះស្រាយវិវាទដីធ្លីដែលអូសបន្លាយជាង១០ឆ្នាំ។ (CCFC)

ពលរដ្ឋជាង១០០នាក់ នៅភូមិចំនួន​៥ នៃ​ឃុំអំពិល និង​ឃុំ​គគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃពុធនេះ បាននាំគ្នា​ទៅ​ប្រមូល​ផ្ដុំជាថ្មីទៀត ​នៅ​សាលាឃុំ និងសាលា​ស្រុក ដើម្បីជំរុញទៅអាជ្ញាធរមូលដ្ឋានពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ ខណៈជម្លោះនោះបានអូសបន្លាយជាង១០ឆ្នាំមក​ហើយ។

តំណាង​ពលរដ្ឋ​នៅឃុំអំពិល អ្នកស្រី ខៀវ​ សារ៉ុន ប្រាប់វីអូឌីថា អ្នកភូមិ​ចំនួន៤៤០គ្រួសារ ដែល​មានដីទំហំជិត​៧០០​ហិកតា ​នៅឃុំ​អំពិល និង​ឃុំគគីរ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន «អិន ខេ វេនឈ័រ (ខេមបូឌា) លីមីធីត» តាំងពីឆ្នាំ​២០១០ រហូត​មកដល់​ឆ្នាំ២០២២នេះ។ អ្នកស្រីបន្តថា កន្លងមក ពលរដ្ឋធ្លាប់​បានដាក់​​ញត្តិ​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន និង​ស្ថាប័ន​រដ្ឋ​ផ្សេងៗ​ទៀតដែរ ប៉ុន្តែនៅតែពុំមានដំណោះស្រាយនៅឡើយ។

តំណាង​ពលរដ្ឋរូបនេះបន្តទៀត​ថា នៅព្រឹកមិញនេះ ពលរដ្ឋ​​ជាង១០០នាក់មកពី​ភូមិ​ចំនួន​៥នៃឃុំទាំងពីរនេះ បាន​នាំ​គ្នាទៅ​សាលាឃុំ​អំពិល និង​សាលាស្រុក​រមាស​ហែក ដើម្បី​សួរ​នាំ​រឿង​ញត្តិដែលពួកគេ​​បានដាក់សុំអន្តរាគមន៍​នាពេលកន្លងមក និង​ជំរុញ​ទៅអាជ្ញាធរ​ទាំង​នោះ​ឱ្យ​​ពន្លឿនការដោះស្រាយជូនពលរដ្ឋ។

អ្នក​ស្រី ខៀវ សារ៉ុន ឱ្យដឹងថា ក្នុង​ការ​ប្រមូលផ្តុំនោះដែរ ពលរដ្ឋបានស្នើដល់មេឃុំ និងអភិបាលស្រុក បំភ្លឺជុំវិញដី៥១​ហិកតា​​របស់​អ្នក​ភូមិ ដែលត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​ធ្វើការអភិវឌ្ឍ ប៉ុន្តែនៅឆ្នាំ២០១៨ អាជ្ញាធរ​បាន​​ចេញបណ្ណ​កម្ម​សិទ្ធិ​​ទៅ​ឱ្យ​ពលរដ្ឋ​ផ្សេង​​ដែល​មិន​ស្គាល់​អត្តសញ្ញាណច្បាស់លាស់ទៅវិញ។

អ្នកស្រីបន្ថែមថា៖ «ឥលូវនេះ​ ប្រជាពលរដ្ឋជួប​បញ្ហាប្រឈម​ អត់មានដីធ្លីសម្រាប់បង្ក​បង្កើនផល នាំគ្នាចំណាក​ស្រុកទៅប្រទេសជិតខាង ជំពាក់បំណុលធនាគារ ហើយពួកខ្ញុំសុំឱ្យអាជ្ញាធរមូលដ្ឋានបំភ្លឺរឿងដីធ្លីពួកខ្ញុំ៥១ហិកតា ដែលក្រុមហ៊ុនបាន​ជួល​បន្ត​ទៅ​ឱ្យអ្នកមានលុយធ្វើបន្តហ្នឹង»

ពលរដ្ឋម្នាក់នៅភូមិត្រពាំងពពេល ឃុំអំពិល លោក ចាន់ ថន និយាយ​ថា ក្នុងរឿងជម្លោះដីធ្លីនេះដែរ​ បាន​ធ្វើឱ្យពលរដ្ឋបាត់​បង់​ដីធ្លី​សម្រាប់​បង្ក​បង្កើន​ផល ពលរ​ដ្ឋរងការគំរាមកំហែង និង​តំណាង​ពលរដ្ឋ​​ជិត​២០នាក់បានជាប់បណ្តឹងនៅតុលាការយ៉ាង​អយុត្តិធម៌​ ជាដើម ក្រោយពីពលរដ្ឋនាំគ្នាតវ៉ាប្រឆាំងក្រុមហ៊ុនមិនឱ្យឈូសឆាយដីធ្លីរបស់ពួកគេ។

លោកបន្ថែមថា៖ «កាលពីអំឡុងឆ្នាំ២០១៦ ប្រជាពលរដ្ឋគាត់កំពុងតវ៉ាខ្លាំង ទៅដេញគ្រឿងចក្រហ្នឹង វាមានកម្លាំងប៉េអឹម កម្លាំង​ប៉ូលិសផ​ង ទាហាន​ផង​ មក​គំរាម​កំហែង ប្រមាថ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ ប្រសិន​បើពួកយើង​ហ៊ាន​តវ៉ា។ និយាយរួមទៅ ពួកយើង​រងការឈឺចាប់ខ្លាំងណាស់ដែរ​ពេលកន្លងមក។ ហើយកន្លងមក តំណាងពលរដ្ឋជិត២០នាក់​ហើយ​ដែល​បានជាប់​បណ្តឹង​នៅ​តុលាការ រហូត​មក​ដល់ពេលនេះមិនទាន់​ចប់ផង»

មេឃុំអំពិល លោក ជា សារ៉ុន សុំមិន​ឆ្លើយតបពាក់ព័ន្ធករណីនេះ ដោយថា លោក​ផុតអាណត្តិ​ជា​មេឃុំ កាលពីថ្ងៃ​ម្សិល​មិញ​នេះ​ហើយ ដោយបង្វែរឱ្យសួរមេឃុំថ្មី លោក គង់ សុខ វិញ។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះពីលោក គង់ សុខ មេឃុំអំពិល ដែលទើបឡើងកាន់តំណែងថ្មី និង​អភិបាលស្រុក​រមាស​ហែក​ លោក សួស ម៉ុល បានទេ​​​ នៅ​ថ្ងៃ​ពុធនេះ។

ប៉ុន្តែ​យ៉ាង​ណា បើ​តាម​តំណាង​ពលរដ្ឋ អាជ្ញាធរឃុំបាន​ប្រាប់ពួកគាត់​ថា ករណី​ជម្លោះដីធ្លី​នេះហួស​ពី​​សមត្ថកិច្ច​ដោះស្រាយ​របស់​​រដ្ឋបាលឃុំ ខណៈ​រដ្ឋបាលស្រុក​​បានសន្យាយកសំណើនិងកង្វល់របស់ពលរដ្ឋដាក់ទៅរដ្ឋបាលខេត្ត ដើម្បីពិចារណាដោះ​ស្រាយ ហើយលទ្ធផលយ៉ាងណានោះនឹងប្រាប់ពលរដ្ឋពេលក្រោយទៀត។

ប្រធាន​សមាគម​​​សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ការពន្យារពេល​មិន​ដោះ​ស្រាយ​បញ្ហាវិវាទដីធ្លីនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​អត្រា​នៃ​ការ​ធ្លាក់​ខ្លួន​ក្រី​ក្រកាន់​តែ​ច្រើន​ ដោយសារ​តែការបាត់បង់មុខរបរ និង​គ្មានដីធ្លីបង្ក​បង្កើនផល។

លោកបន្ថែមថា៖ «បញ្ហាដីធ្លីនេះបានអូសបន្លាយយូរមកហើយ អ៊ីចឹងអាជ្ញាធរ ជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់​ដែល​ទើបជាប់​ឆ្នោត​ថ្មីៗនេះ គួរបង្ហាញស្នាដៃនិងសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយ​បញ្ហា​ដីធ្លីនេះជូនពលរដ្ឋ កុំបន្តទុកបញ្ហាហ្នឹង​រ៉ាំរ៉ៃយូរ​ទៀត ព្រោះថា ពលរដ្ឋបានបោះឆ្នោតផ្តល់​សេចក្ដីទុកចិត្តឱ្យ​ក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងដោះស្រាយបញ្ហាជូនពួកគាត់​ ហើយខ្ញុំគិតថា បើមានឆន្ទៈពិតប្រាកដ វាមិនពិបាកក្នុងការដោះស្រាយនោះទេ»

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ពលរដ្ឋជាង១០០នាក់ តំណាងឱ្យ​​ពលរដ្ឋ​​ចំនួន​៤៤៣​​គ្រួសារ​ រស់នៅឃុំអំពិល ​និងឃុំគគីរ ស្រុករមាស​ហែក ខេត្តស្វាយរៀង បាននាំគ្នាដាក់ញត្តិ​​នៅសាលាឃុំ និងសាលាស្រុក ម្តងរួចមក​ហើយ ដើម្បីឱ្យអាជ្ញាធរ​កាត់ឆ្វៀលដី​ទំហំ៦៧០ហិកតា ពី​ក្រុម​ហ៊ុន​​​​ «អិន​ខេវេនឈ័រ» ឱ្យ​ប្រជាពលរដ្ឋ​កាន់កាប់ដូចដើមវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ