ជនជាតិថៃ​៣រូប​ព្យាយាម​រត់​គេច​ពី​ការ​បង្ខាំង ត្រូវ​បាន​ចោទ​ប្រកាន់​និង​ដាក់​ពន្ធនាគារ​ពី​បទ​លួច​រថយន្ត

កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ចុះសម្រួលចរាចរណ៍នៅលើដងផ្លូវក្នុងភូមិសាស្ត្រខេត្ត ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ)

ជនជាតិថៃចំនួន៣រូបដែលសង្ស័យថាត្រូវបានគេចាប់បង្ខាំងនិងលក់នៅកាស៊ីណូមួយកន្លែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីពួកគេព្យាយាមបើករថយន្តក្រុមហ៊ុនត្រលប់ទៅកាន់ប្រទេសកំណើតវិញ។

បុគ្គលិកជាជន​ជាតិថៃ​ទាំង៣​នាក់នោះ ដំបូងឡើយ​ ត្រូវ​បាន​គេ​ដឹក​ចេញ​ពី​ខេត្ត​កណ្ដាល​ទៅកាន់​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃ​ពុធសប្ដាហ៍​មុន ដោយនៅតាមផ្លូវ ​​ពួក​គេក៏បានឆ្លៀតឱកាសចូលបើក​​រថយន្តដោយខ្លួនឯងដើម្បីរត់គេចខ្លួន ​ខណៈ​អ្នក​បើក​បរ​ឈប់សម្រាក​​បត់​ជើង​តូច។

ទោះជាយ៉ាងណា ពួកគេទាំង៣នាក់នេះ​ត្រូវ​បានសមត្ថកិច្ចដេញតាម និង​ឃាត់​ខ្លួនបាន​នៅក្នុង​ខេត្ត​តាកែវ។

ទាក់ទិននឹងករណីនេះ លោក សុខ សុជា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងកាលពីសប្ដាហ៍មុនថា៖ «ពួកគេទាំងអស់នេះគ្មានលុយមួយរៀលក្នុងខ្លួនទេ ដោយពួកគេមានតែថង់ដាក់សម្លៀកបំពាក់តែប៉ុណ្ណោះ។ ពួកគេក៏គ្មានលិខិតឆ្លងដែនផងដែរ។ ខ្ញុំគិតថា ពួក​គេ​អាចនឹង​ត្រូវ​បាន​ចាញ់បោកមេខ្យល់ ​ហើយ​​ត្រូវ​បាន​គេ​លក់​​»។

ជាមួយគ្នានេះ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ លោក កែវ សុគន្ធា បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ជនជាតិ​ថៃ​ទាំង៣​នាក់នេះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ហើយ។

លោកថា៖ «ព្រះរាជអាជ្ញាបានបើកការសាកសួរកាលពីថ្ងៃសៅរ៍ លើជនជាតិថៃទាំង៣នាក់នេះ បន្ទាប់មកក៏ត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស និងឆ្លងដែនដោយខុសច្បាប់»។

លោកបន្តថា៖ «យើង​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅកាន់​ចៅក្រម ដោយពួកគេទាំងអស់នេះ​ត្រូវ​បាន​បញ្ជូនខ្លួន​ទៅកាន់​ពន្ធនាគារ​រួច​ហើយ»។

យោងតាមអធិការនគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា ជនជាតិថៃទាំង៣នាក់ដែលត្រូវបានចាប់ខ្លួននោះ រួមមាន បុរសអាយុ២០ឆ្នាំមួយរូប មកពីទីក្រុងបាងកក ដែលបានចូលមកកាន់ប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២១, បុរសអាយុ២៧ឆ្នាំ មកពីខេត្តឈុនបុរី ចូលមកកម្ពុជា ក្នុងខែមេសា ឆ្នាំ២០២១ និងស្ត្រីអាយុ២៩ឆ្នាំ មកពីខេត្តសាមុតសាខន ដែលចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។

ទោះជាយ៉ាងណា អធិការនគរបាលរូបនេះបន្ថែមថា រូបលោកមិនស្គាល់ឈ្មោះកាស៊ីណូដែលជាប់ពាក់ព័ន្ធនឹងករណី​នេះឡើយ ដោយគ្រាន់តែដឹងថា ពួកគេធ្វើការតាមអនឡាញ និងមានមេខ្យល់នៅពីក្រោយ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Three Thai Escapees Charged, Jailed Over Car Theft

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ