សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង តម្កល់​សាលក្រម​ដែល​ផ្ដន្ទាទោស​ឱ្យ​អ្នកសារព័ត៌មាន​ម្នាក់​ជាប់​ពន្ធនាគារ​២ឆ្នាំ

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានមួយរូបប្រចាំខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក កៅ ពិសិដ្ឋ)

ចៅក្រមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង សម្រេចតម្កល់​សាលក្រមរបស់​សាលាដំបូង​ខេត្តបាត់ដំបង​ ដែលផ្ដន្ទាទោស​អ្នកសារព័ត៌មាន​ម្នាក់ឈ្មោះ កៅ ពិសិដ្ឋ​ ឱ្យជាប់ពន្ធនាគារ​២ឆ្នាំ ទុកជាបានការ ខណៈ​​អ្នកសារព័ត៌មានរូបនោះបាន​សរសេរអត្ថបទរិះគន់​រឿង​វ៉ាក់សាំងកូវីដ-១៩។

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មាន​របស់គេហទំព័រ www.srbreakingnews.com ត្រូវបាន​សមត្ថកិច្ច​ខេត្តបាត់ដំបង ចាប់ខ្លួន​កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ​ក្រោយ​ពី​​អ្នក​សារព័ត៌មាន​រូបនោះបាន​បង្ហោះ​សារ​នៅតាម​​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដោយ​រិះគន់​រដ្ឋាភិបាល​​អំពី​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ-១៩​ និងសុំ​ឱ្យ​​សហ​គមន៍​អន្តរ​ជាតិ​​ចាត់​វិធានការ​លើ​​រដ្ឋាភិបាល​កម្ពុជា​​ ដូចជាការ​​ផ្ដាច់​ជំនួយ​ជាដើម​។ 

លោក នួន ផានិត មេធាវីការពារក្ដីឱ្យ​លោក កៅ ពិសិដ្ឋ បានឱ្យដឹងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២​នេះថា ចៅក្រមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃអង្គារ បាន​សម្រេច​តម្តល់សាល​​ក្រម​សាលាដំបូងខេត្តបាត់ដំបង ទុកជាបាន​ការ។

លោកបន្តថា ​សាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បាន​​​​ផ្ដន្ទា​​ទោស​​​​លោក កៅ ពិសិដ្ឋ ​ឱ្យ​ជាប់ពន្ធនា​គារ​​ចំនួន២ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​៣លាន​​រៀល ក្រោម​ការ​​ចោទ​ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នៃក្រមព្រហ្មទណ្ឌ និងបទ «រារាំងដល់ការ​អនុវត្តវិធានការ» នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។

លោកមេធាវី នួន ផានិត ចាត់ទុក​ការសម្រេចរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ថាជាការផ្ដន្ទាទោស​ដែលមានលក្ខណៈធ្ងន់​ធ្ងរ​ ខណៈ​កូនក្ដីរបស់លោកបានឆ្លើយគ្រប់ដំណាក់កាល និងមាន​ការសហការជាមួយមន្រ្តីគ្រប់លំដាប់ថ្នាក់។

លោកថា៖ «ខ្ញុំយល់ឃើញថា សាលដីកាឬសាលក្រមនេះ សម្រេចដាក់ពន្ធនាគារ​ដល់​លោក កៅ ពិសិដ្ឋ នេះ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ។ ហើយគោលបំណងរបស់គាត់ប្ដឹងឧទ្ធរណ៍ ដើម្បីបន្ទូរបន្ថយទោស​ទៅដល់គាត់​ជាអប្បបរមា ដែលគាត់ជាប់ឃុំប៉ុណ្ណឹង»។

ចំណែក នាយក​ប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ (ខេមបូចា) លោក ណុប វី យល់ឃើញថា តុលា​ការ​​​គួរយក​ច្បាប់​ស្តីពីរបបសារព័ត៌មាន ជាជាងការប្រើច្បាប់​ព្រហ្មទណ្ឌ ឬច្បាប់ស្តីពីវិធានការ​ទប់ស្កាត់ការឆ្លងរាល​ដាល​ជំងឺកូវីដ-១៩ មក​ផ្តន្ទាទោស​ទៅ​លើ​អ្នកសារព័ត៌មាន ព្រោះការ​ធ្វើបែបនេះនឹង​ធ្វើឱ្យប៉ះពាល់ជាអវិជ្ជមាន​ចំពោះការបំពេញ​ភារកិច្ច​របស់​អ្នកសារព័ត៌មាន។

លោកថា៖ «វាជាចំណុចខ្វះខាតរបស់ប្រព័ន្ធច្បាប់ផងដែរ ព្រោះយើងដឹងហើយថា រាល់សកម្មភាព រាល់បទល្មើសរបស់អ្នកសារព័ត៌មានហ្នឹង ត្រូវតែយកច្បាប់ស្តីពី​របបសារព័ត៌មាន​ យកមកប្រើប្រាស់។ ការដែលមិនយកច្បាប់របបសារព័ត៌មានមកប្រើប្រាស់​ចំពោះបទល្មើសដែលកើតឡើងចំពោះអ្នកសារព័ត៌មាននោះ គឺជាចេតនាដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកសារព័ត៌មានផងដែរ»។

ទោះជាយ៉ាងណា អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្ត​បាត់ដំបង លោកស្រី ទៀង សំបូរ បានលើក​ឡើងថា រាល់​ការប្រកាសសាលក្រម គឺជាឆន្ទានុសិទ្ធិរបស់តុលាការ​​។ លោកស្រីបន្តថា អ្នកសារព័ត៌មានរូបនោះបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមិនអាចយកច្បាប់ស្តីពីរបបសារព័ត៌មាន​មកប្រើ​ប្រាស់​បានទេ។​

លោកស្រីបន្តថា៖ «ទោះបីជាគាត់អ្នកកាសែត តែគាត់បានល្មើសច្បាប់ព្រហ្មទណ្ឌ ច្បាប់អ្នក​កាសែតផ្សេង! តែបើគាត់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ គឺបទព្រហ្មទណ្ឌហើយ»។

កាលពី​ថ្ងៃទី​​២១ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​សារព័ត៌មានគ្មានព្រំដែន បាន​ចេញសេចក្តីថ្លែងការណ៍​​មួយ ដោយ​​ទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែង​​​លោក កៅ ពិសិដ្ឋ ជាបន្ទាន់ និងឥតលក្ខ​ខណ្ឌ ដោយកាលណោះ ​​អង្គការ​អន្តរជាតិ​មួយនេះថា​ រដ្ឋាភិបាល​កម្ពុជាកំពុងប្រើលេស​ទប់ស្កាត់​ជំងឺកូវីដ-១៩ ទៅបំបិទសំឡេង​អ្នករិះគន់តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ