ជនជាតិដើម​ភាគតិច​ជាង​១០០គ្រួសារ​នៅ​ខេត្តកំពង់ធំ ស្នើ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ដី​ជាង​១ ០០០​ហិកតា

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ចំនួន១០៤គ្រួសារ នៅ​ភូមិ​ងន ឃុំ​ងន ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ស្នើអាជ្ញាធរខេត្តឱ្យជួយដោះស្រាយដីធ្លីជាង​១ ០០០ហិកតា ក្រោយ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុ​​មហ៊ុន​​ដំណាំ​​កៅស៊ូ «សមុ្បត្តិ ផ្លេធីណឹម (SAMBATH PLANTINUM Co.,LTD) ជាង១០ឆ្នាំ។ (ផ្ដល់ឱ្យ)

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ចំនួន១០៤គ្រួសារ នៅ​ភូមិ​ងន ឃុំ​ងន ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ស្នើអាជ្ញាធរខេត្តឱ្យជួយដោះស្រាយដីធ្លីជាង​១ ០០០ហិកតា ក្រោយ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុ​​មហ៊ុន​​ដំណាំ​​កៅស៊ូ «សមុ្បត្តិ ផ្លេធីណឹម (SAMBATH PLANTINUM Co.,LTD) ជាង១០ឆ្នាំ។

ក្នុងញត្តិចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដាក់ទៅរដ្ឋបាលខេត្តកំពង់ធំ ដែលវីអូឌីទើបទទួលបាននៅថ្ងៃព្រហស្បតិ៍​នេះបាន​ឱ្យដឹង​ថា ជនជាតិដើមភាគតិចកួយ កំពុងប្រឈមការបាត់បង់ដីធ្លី ដែលធ្លាប់កាន់កា​ប់និង​ប្រើប្រាស់អាស្រ័យផលតាមបែប​ទំនៀម​ទម្លាប់​ប្រពៃណី និងបានគ្រប់គ្រងជាសមូហភាពតាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ។

ញត្តិបន្តថា ក្រោយ​ពី​ក្រុម​ហ៊ុន​ដំណាំ​កៅស៊ូ «សមុ្បត្តិ ផ្លេធីណឹម» ទទួលបានសិទ្ធិវិនិយោគលើដីនៅតំបន់​ជនជាតិដើមភាគតិច​​រស់​នៅនិង​អាស្រ័យផលកាលពីឆ្នាំ២០១០មក គឺបង្កបាន​ជា​ជម្លោះដី​ធ្លី​រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ រហូតមកដល់បច្ចុប្បន្ន​នេះ ដោយ​ក្រុមហ៊ុន​បាន​ដាក់​គ្រឿង​ចក្រ​ធ្វើ​សកម្មភាពឈូសឆាយដីព្រៃសហគមន៍​អស់រាប់រយហិកតា រួមទាំងផលដំណាំ​របស់ជនជាតិដើមភាគតិចផង​ដែរ។

បើតាមញត្តិ ក្នុងរឿងជម្លោះដីធ្លីនេះ កម្លាំងអាជ្ញាធរប្រដាប់ដោយ​អាវុធ​​​ដែល​ការពារផលប្រយោជន៍ឱ្យ​​ក្រុមហ៊ុន បាន​គំរាម​កំហែង​ ​ជេរ​ប្រមាថ ប្រើ​ហិង្សាលើ​អ្នក​ភូមិ​រហូតមានរបួសស្នាម និងចាប់យកត្រាក់ទ័រ​របស់​ពលរដ្ឋ ខណៈពួ​ក​គេចុះបង្កបង្កើនផល​ក្នុង​ដី​សហគមន៍ និងប្ដឹងតំណាងពលរដ្ឋម្នាក់ទៅតុលាការផងដែរ។

ក្រុម​ជនជាតិដើមភាគតិច បានស្នើដល់រដ្ឋបាលខេត្តកំពង់ធំ កំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់​រវាងដីសុំចុះបញ្ជីជាកម្មសិទ្ធិ​សមូហភាព​របស់ជនជាតិដើមភាគតិចកួយ នៅភូមិងន និង​ដីក្រុមហ៊ុនឯកជន រួមទាំងដីឯកជនផ្សេងទៀត ដែលកំពុងមាន​វិវាទផងដែរ។ មួយទៀត​នោះ ពួកគាត់​ក៏បាន​ស្នើសុំអន្តរាគមន៍ដោះស្រាយករណីក្រុមហ៊ុនប្ដឹងតំណាង​ជនជាតិដើមភាគ​តិច អ្នកស្រី ហេង សាភេន ទៅតុលាការផងដែរ។

តំណាង​ជនជាតិដើមភាគតិចកួយ​នៅភូមិងន អ្នកស្រី ហេង សាភេន ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍​នេះ​ថា អ្នកស្រីមានការឈឺចាប់​ជា​ខ្លាំង ដោយ​សារ​ក្រុមហ៊ុនបានរំលោភយកដីធ្លីពលរដ្ឋ​ហើយ និង​បាន​ប្តឹង​អ្នកស្រីជាតំណាងទៅតុលាការយ៉ាងអយុត្តិ​ធម៌​ថែម​ទៀត។

អ្នកស្រីបន្ថែមថា៖ «នៅឆ្នាំ២០១៨ ក្រុមហ៊ុនបានយកបង្គោលព្រំមកបោះលើដីជនជាតិដើមភាគតិច មាន​ចម្ការ​ចន្ទីរ​ ចម្ការវិល​ជុំ​ជាដើម​ហ្នឹង ហើយយើងបានមានបញ្ហារហូត។ ពេលយើងទៅកាប់​ចម្ការ​ នៅក្នុងនោះមានកម្លាំងប៉េអឹម កម្លាំងសន្តិសុខក្រុមហ៊ុន មកចាប់យើង។ រហូតមកដល់ថ្មីៗនេះ ខ្ញុំបានទៅភ្ជួរលើដីស្រែខ្ញុំ ហើយក្រុមហ៊ុនបានឱ្យនគរបាលខេត្តកំពង់ធំ​មកចាប់​អាត្រាក់​កូន​ខ្ញុំ និងចាប់ដាក់ពន្ធនាគារទៀត ដោយគ្រាន់តែធ្វើលើដីយើងសោះ»

តំណាង​ជន​ជាតិដើមភាគតិចម្នាក់ទៀត​ លោក ខៀវ លីម និយាយ​ថា ប្រជាពលរដ្ឋកំពុងរង​ការភ័យខ្លាចពីការចាប់ខ្លួន និងបារម្ភពីការបាត់បង់ដីអាស្រ័យផល ខណៈពួកគាត់បានប្រើប្រាស់ដី​នោះ​​តាមបែបប្រពៃណីជនជាតិដើមភាគតិចជាង៤០ឆ្នាំមកហើយ។ លោក​បន្តថា ដីព្រៃ​ដែល​កំពុង​មាន​ជម្លោះនោះ ជនជាតិដើមភាគតិចកួយ​​បាន​អាស្រ័យផល​ដោយ​ធ្វើចម្ការ​វិល​ជុំ ដាំ​ស្រូវ សណ្ដែក ពោត រកវល្លិ ជ័រ និង​អនុផលព្រៃឈើផ្សេងទៀត ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយយក​ស្ទើរបាត់បង់ទៅហើយ។

លោកបន្ថែមថា៖ «ពីគាត់កាប់ចម្ការវិលជុំ គាត់ដាំស្រូវ គាត់ដងជ័រ ដល់ពេលគេបង្កើតក្រុមហ៊ុន គេបំផ្លាញដើមឈើជ័រ វល្លិរបស់​គាត់​អស់​ ដោយនៅសល់តែចម្ការវិលជុំទេ។ ដល់ឥលូវនេះ ​ក្រុមហ៊ុនយកចម្ការវិលជុំគាត់ទៀត ដោយនៅសល់តិចតួច។ អ៊ីចឹង​ខ្ញុំសូមអំពាវនាវដល់ប្រមុខរដ្ឋាភិបាល និងអាជ្ញាធរ ដោះស្រាយដោយកំណត់​ព្រំឱ្យបានច្បាស់លាស់រវាងដីអាស្រ័យផល​របស់ជនជាតិដើមភាគតិច និងដីរបស់ក្រុមហ៊ុន ដើម្បីកុំឱ្យពួកគាត់បន្តរងទុក្ខលំបាកទៀត»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានទេ នៅថ្ងៃព្រហស្បតិ៍​នេះ។

ចំណែកអភិបាលស្រុកសណ្ដាន់​ លោក អ៊ុត វណ្ណរ៉ា មានប្រសាសន៍ថា រដ្ឋបាលស្រុកក៏ធ្លាប់បានទទួលបណ្ដឹងពីពលរដ្ឋឱ្យ​ជួយ​​ដោះ​ស្រាយ​ដែរ ប៉ុន្តែដោយសារពលរដ្ឋដាក់ទៅខេត្តហើយ ហើយ​លោករង់ចាំបញ្ជាពីថ្នាក់លើ ដើម្បីធ្វើកិច្ចការងារនេះ។

លោកបន្ថែមថា៖ «ខ្ញុំនៅតែបន្តសម្របសម្រួលដោះស្រាយរឿងនេះជូនពលរដ្ឋដដែល ព្រោះគាត់បានដាក់បណ្ដឹងទៅថ្នាក់ខេត្ត និងកន្លែងផ្សេងទៀតច្រើនដែរ»

កាលពី​ឆ្នាំ២០០៩ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ​ ស្តីពី នីតិវិធី​នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមាន​គោលដៅកំណត់គោលការណ៍នីតិវិធី និងយន្តការសម្រាប់ការ​ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជា​កម្មសិទ្ធិ​សមូហភាព។ អនុក្រឹត្យនេះក៏​មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការ​កាន់​កាប់​ដីធ្លី​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដើម្បីធានាសុវត្ថិភាព​នៃការកាន់កាប់ដីធ្លី និង​ការពារសិទ្ធិសមូហភាព ដោយរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀម​ទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។

មាត្រា៦ នៃអនុក្រឹត្យនេះ បានបញ្ជាក់ថា ដី​ដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិជាសមូហភាពរបស់​សហគមន៍ជនជាតិដើមភាគតិច រួមមាន ដី​លំនៅឋាន ដី​ដែល​សហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់​ក្នុង​ការ​ដូរ​វេន​ដំណាំ ដីព្រៃអារក្ស និងដីកប់ខ្មោច ជាដើម។

របាយការណ៍នៅឆ្នាំ២០២២ ស្តីពី​ស្ថានភាពសហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បាន​ឱ្យដឹងថា ជនជាតិដើមភាគតិចកួយចំនួន១០៤គ្រួសារ បានរស់អាស្រ័យផលតាមរបៀបប្រពៃណីលើដី​ព្រៃឈើស​ហគមន៍​​​ជនជាតិដើមភាគតិចកួយ​ តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ។

របាយ​ការណ៍​ដដែលបន្តថា សហគមន៍​ជន​ជាតិដើម​ភាគ​តិច​កួយ បានចុះបញ្ជីទទួលស្គាល់ស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិច ដោយ​ក្រសួងអភិវឌ្ឍន៍ជនបទ ​នៅឆ្នាំ២០១៦ និង​ក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៧ ដោយសហគមន៍​នេះមានផ្ទៃដី​ជាង១ ០០០ហិកតា ហើយពេលនេះ ​ក្រុមហ៊ុនបានឈូសឆាយអស់ប្រហែល​៧០០ហិកតាទៅហើយ។

បើតាមផែនទីសម្គាល់​ទីតាំងរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០១១ ក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម ជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម និងដំណាំកៅស៊ូ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល​លើផ្ទៃដីទំហំ២ ៤៩៦ហិកតា ស្ថិតនៅ​ដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្ត្រឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ដោយឡែក កាលពីថ្ងៃទី១​៣ ខែសីហា ឆ្នាំ២០២១ មន្ទីរររៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ខេត្តកំពង់ធំ បានចេញលិខិតមួយឱ្យ​ក្រុម​​ហ៊ុន សម្បត្តិ ផ្លេធីណឹម និងក្រុមហ៊ុន ទេពីអាត្រូ បញ្ឈប់សកម្មភាពបោះបង្គោលព្រំ ឈូស​ឆាយ​ផល​ដំណាំ និង​ដកបង្គោល​ព្រំ​ចេញ​ពី​ដី​សហគមន៍ ព្រមទាំងសងសំណងផលដំណាំដែលក្រុមហ៊ុនបានឈូសឆាយបំផ្លាញចោលជូនពលរដ្ឋផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ