អាជ្ញាធរ​ខេត្តក្រចេះ​បដិសេធ​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​ជិត​៣០០គ្រួសារ

ប្រជាពលរដ្ឋជិត៣០០គ្រួសារដែលមានវិវាទដីធ្លី នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុក​សំបូរ នាំគ្នាតវ៉ាសុំដំណោះស្រាយពីអាជ្ញាធរខេត្ត ពាក់ព័ន្ធនឹងក្រុមហ៊ុន «ស៊ីអេចភិប៊ឺ ឌីវេឡុបមេន»។ (ផ្ដល់ឱ្យ)

អាជ្ញាធរខេត្តក្រចេះ បដិសេធដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋជិត៣០០គ្រួសារ នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុក​សំបូរ ក្រោមហេតុ​ផល​ថា ពលរដ្ឋទាំងនោះទៅអាស្រ័យលើដីរបស់ក្រុមហ៊ុនដោយខុសច្បាប់។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ពលរដ្ឋ​ចំនួន២៩១គ្រួសារ បានដាក់សំណើមួយទៅសាលាខេត្តក្រចេះ ដើម្បី​ស្នើសុំ​កាត់​ឆ្វៀល​ដី​ទំហំ១ ៩១៥ហិកតារបស់ពួកគេចេញពីដីរបស់ក្រុមហ៊ុន «ស៊ីអេចភិប៊ឺ ឌីវេឡុបមេន» ស្ថិតនៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងលិខិតឆ្លើយតប​ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាល​ខេត្តក្រចេះ បានបដិសេធដោះស្រាយជូនពលរដ្ឋទាំង២៩១គ្រួសារ​នោះ ក្រោមហេតុផលថា ពលរដ្ឋ​ចូល​ទៅអាស្រ័យលើដីរបស់ក្រុមហ៊ុនតាមការញុះញង់របស់មេខ្យល់ដោយខុសច្បាប់។

រដ្ឋបាល​ខេត្ត​ក្រចេះ បានលើកឡើងថា មុខឆ្នាំ២០០៨ ទីតាំងកំពុងមានជម្លោះនោះមានដីទំហំ១២ ២០០,២៩ហិកតា ហើយថា មុន​រដ្ឋាភិបាលប្រគល់សិទ្ធិវិនិយោគជាដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន «ស៊ីអេចភិប៊ឺ ឌីវេឡុបមេន» ធ្វើការអភិវឌ្ឍ គឺក្រុម​ការងារចម្រុះថ្នាក់ជាតិ-ថ្នាក់ខេត្ត បាន​ចុះ​ដោះស្រាយដោយកាត់ឆ្វៀលផលប៉ះពាល់ជូនពលរដ្ឋ៨ ៦៨៦​ហិកតា និងក្រោយ​មក​បាន​កាត់​ឆ្វៀលជូនពលរដ្ឋ៧ ៥០៤,៩៧ហិកតាទៀត។

រដ្ឋបាលខេត្តក្រចេះ បន្ត​ថា ​ដីនៅ​សល់​​ប្រមាណ២ ៦៨៦,៨៦ហិកតា ទុកឱ្យក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍឈូស​ឆាយ​ដាំ​ដុះ និងកាយ​ដីក្រវាត់ធ្វើព្រំដី ដើម្បីចុះបញ្ជីដីរដ្ឋ ហើយអាជ្ញាធរខេត្តមិនអាចកាត់ឆ្វៀលជូនពលរដ្ឋ២៩១គ្រួសារ​ទៀតបាន​ទេ។

បើ​តាម​លិខិត ​រដ្ឋបាលខេត្ត​បាន​ចោទ​ប្រជា​ពលរដ្ឋ​ថាចូលទៅទន្ទ្រានយកដីរដ្ឋនិងដីក្រុមហ៊ុន​តាមការញុះញង់របស់មេខ្យល់ ហើយបានព្រមានចាត់វិធានការច្បាប់ចំពោះមេខ្យល់ផងដែរ។

រដ្ឋបាលខេត្តក្រចេះ បញ្ជាក់ទៀត​ថា ប្រសិនបើ​ប្រជាពលរដ្ឋក្រីក្រ​ខ្វះខាត​ដីធ្លីសម្រាប់បង្កបង្កើនផលឬធ្វើកសិកម្ម​ពិតប្រាកដ​មែន​ អាចដាក់ពាក្យស្នើសុំដីសម្បទានសង្គម​កិច្ច​ពី​រដ្ឋបាន និងចៀសវាងស្តាប់តាមមេខ្យល់ចូលទន្ទ្រានយកដីរដ្ឋ និងដីក្រុមហ៊ុនដោយខុសច្បាប់។

តំណាងពលរដ្ឋម្នាក់ដែលសុំមិនប្រាប់ឈ្មោះដោយបារម្ភពីសុវត្ថិ​​ភាព បាន​បង្ហាញ​ការ​ខក​ចិត្តចំពោះអាជ្ញាធរ​ខេត្ត ដែលមិន​ព្រម​ដោះ​ស្រាយ​រឿង​ដីធ្លីជូនពលរដ្ឋ និង​កាប់​បំផ្លាញ​ដំណាំ រួមទាំងផ្ទះសម្បែងពលរដ្ឋ ដែលគាត់​អះ​អា​ងថាបានទៅរស់នៅនិងអាស្រ័យផលតាំងពីឆ្នាំ២០១២។

លោកបន្ថែមថា៖ «កាប់ដំណាំគ្នាចោល រុះរើផ្ទះពលរដ្ឋចោល ហើយដំណាំប្រជាពលរដ្ឋធំប៉ុនៗភ្លៅៗអស់ហើយ មានផ្លែ មានផ្កា កាប់បោះគ្នាចោលអស់ សួរថាតើពលរដ្ឋមានការឈឺចាប់អត់? តើសន្តិភាពនៅកន្លែងណា?»

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីស្នងការនគរបាលខេត្តក្រចេះ លោក លន់ សុផាត និងអភិបាលស្រុក​សំបូរ លោក​ សូម សារិត បានទេនៅថ្ងៃព្រហស្បតិ៍នេះ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន មិនទាន់ទទួលបានព័ត៌មានច្បាស់​លាស់​ជុំវិញ​ជម្លោះ​ដី​ធ្លី​នេះទេ ប៉ុន្តែលោកទទូច​ដល់​អាជ្ញាធរនិងពលរដ្ឋត្រូវសម្របសម្រួលគ្នាដោះស្រាយដោយ​​សន្តិវិធី និង​ចៀសវាងកើតមានអំ​ពើហិ​ង្សាផ្សេ​ងៗ និងការចាប់ខ្លួនពលរដ្ឋ។

លោកបន្ថែមថា៖ «អាជ្ញាធរត្រូវរកមធ្យោបាយក្នុងការដោះស្រាយ ហើយប្រជាពលរដ្ឋហ្នឹងគាត់ត្រូវតែទទួលយកការដោះស្រាយទទួលយកនូវការពន្យល់ពីអាជ្ញាធរពីហេតុផលមួយចំនួន ក៏ដូចជាបញ្ហាផ្លូវច្បាប់ថាតើជាម្ចាស់កម្មសិទ្ធិយើងត្រូវមានអីខ្លះ។ អ៊ីចឹង​ទាំង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋទាល់តែគាត់យល់ពីគ្នាទៅវិញទៅមក អ៊ីចឹង​​ខ្ញុំគិតថាបញ្ហាហ្នឹងត្រូវបានដោះស្រាយដោយមិនប្រឈមមុខដាក់គ្នាទេ»៕


កែតម្រូវ៖ «រដ្ឋបាល​ខេត្ត​ក្រចេះ បានលើកឡើងថា មុខឆ្នាំ២០០៨ ទីតាំងកំពុងមានជម្លោះនោះមានដីទំហំ២ ២០០,២៩ហិកតា…» ទៅជា «រដ្ឋបាល​ខេត្ត​ក្រចេះ បានលើកឡើងថា មុខឆ្នាំ២០០៨ ទីតាំងកំពុងមានជម្លោះនោះមានដីទំហំ១២ ២០០,២៩ហិកតា…»

សម្គាល់៖ អត្ថបទនេះធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ម៉ោង៥និង៤៥នាទីល្ងាច

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ