កម្ពុជា​កែសម្រួលសមាសភាពស្ថាប័ន​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ​ក្រោយ​កម្ទេច​ចោល​ផលិត​ផល​​ខុស​ច្បាប់​ប្រមាណ​១ពាន់​​តោន

ផលិតផលក្លែងក្លាយខុសច្បាប់ ដែលបង្ក្រាប​បាន​នា​ពេល​កន្លង​មក និងត្រូវ​បាន​ គណៈ​កម្មា​ធិ​ការ​ប្រយុទ្ធប្រឆាំងផលិត​ផល​ក្លែង​ក្លាយ​(គ.ប.ផ.ក)​ នាថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩។ (រូបភាព៖ វេបសាយ ក្រសួងមហាផ្ទៃ)

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) កែសម្រួលសមាសភាពដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ផលិតផលក្លែងក្លាយដូចជា សម្ភារៈនិងថ្នាំពេទ្យ ព្រមទាំងផលិតផលទូទៅខុសច្បាប់ជាច្រើនទៀតបន្ទាប់ពីបានរកឃើញនិងកម្ទេចចោលប្រមាណ ១ ០០០តោន។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក មៀច សុផាន់ណា ថ្លែងប្រាប់ VOD នៅថ្ងៃទី៨ ខែកក្កដា នេះថា ដើមចមដែលនាំឱ្យមានការកែសម្រួលសមាសភាពនេះ គឺដោយសារចង់ជំរុញឱ្យមានប្រសិទ្ធភាពការងារនិងគំនិតយោបល់ថ្មីៗមកបញ្ចូលក្នុងចរន្តការងារ បំពេញចំណុចខ្វះខាតរបស់គណៈកម្មាធិការ។

ក្រៅពីនោះ លោកថា តំណាងក្រសួងស្ថាប័នខ្លះដែលជាសមាសភាពចាស់បានចូលនិវត្តន៍ ខ្លះត្រូវបានដំឡើងឋានៈដែលខុសពីតួនាទីនាពេលបច្ចុប្បន្នជាដើម ដូច្នេះ​សមាសភាពការងារក៏ចាំបាច់មានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង ដើម្បីការរីកចម្រើន។

លោក មៀច សុផាន់ណា ថ្លែងថា៖ «ជាទូទៅ ការកែសម្រួលគឺដោយសារសមាសភាពហ្នឹងគឺវាត្រូវតែកែតម្រូវទៅតាមសភាពការណ៍ ព្រោះដូចខ្ញុំថាអ៊ីចឹងអ្នកខ្លះគ្នាចូលនិវត្តន៍អ្នកខ្លះគេដំឡើង[ឋានៈ]ធំជាងហ្នឹងហើយចឹងត្រូវទៅទទួលតួនាទីនិងភារកិច្ចផ្សេងហើយក៏បន្ថែមសមាសភាពដែលយើងខ្វះចន្លោះមិនទាន់មានបំពេញបន្ថែមទៀត។ ចំនួនសមាសភាព ២៨ រូបរបស់គណៈកម្មការនេះមានការកើន ឬថយ បើធៀបនឹងសមាសភាពចាស់ វាមិនមានការកើនឬក៏ថយទេ!គឺរក្សាចំនួនហ្នឹងវាសឹងតែ នៅដដែលក៏វាមានការប្រែប្រួលជាបុគ្គលខ្លះ»។

មន្ត្រីប្រឆាំងផលិតផលក្លែងក្លាយរូបនេះបង្ហាញសុទិដ្ឋិនិយមថា គណៈកម្មាធិការនេះនឹងទទួលយកការរិះគន់ទាំងអស់ មិនថាវិជ្ជមាន ឬអវិជ្ជមាន​ដើម្បីស្ថាបនា ធានាឱ្យសមាសភាពរបស់អង្គភាពនេះបានរួមចំណែកការពារសន្តិសុខ សុខាភិបាល និងសុខុមាលភាពពលរដ្ឋ ដើម្បីផលប្រយោជន៍ជាតិ។

បើតាមមន្ត្រីរដ្ឋាភិបាលរូបនេះ សមាសភាពគណៈកម្មាធិការថ្មីប្រឆាំងផលិតផលក្លែងក្លាយខាងលើនឹងធ្វើការតាមតួនាទីភារកិច្ចដែលរដ្ឋាភិបាលបានដាក់ដូចជាបង្ក្រាបផលិតផលក្លែងក្លាយមានថ្នាំពេទ្យ គ្រឿងឧបករណ៍វេជ្ជសាស្ត្រ ឱសថសាស្ត្រ សម្ភារៈនានាប្រឆាំងជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគជាដើម ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថាការកែសម្រួលសមាសភាពដឹកនាំរបស់ស្ថាប័នប្រឆាំងផលិតផលក្លែងក្លាយតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ។ លោកថា អ្វីដែលសំខាន់គឺការផ្តល់លទ្ធភាពសហការ ជំរុញឱ្យមានការអនុវត្ត ត្រួតពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសបង្កើតយន្តការផ្សេងៗដើម្បីឱ្យស្ថាប័នជំនាញអាចធ្វើការបាន នោះទើបជារឿងដែលកាន់តែចាំបាច់។

ជាក់ស្តែង មន្ត្រីសង្គមស៊ីវិលរូបនេះថា រដ្ឋាភិបាលគួរដាក់បញ្ហាឱសថ និងផលិតផលក្លែងក្លាយនេះ ជាបញ្ហាស្នូល ឱ្យមានការអប់រំ ផ្សព្វផ្សាយ និងបញ្ជាឱ្យស្ថាប័នជំនាញស៊ើបអង្កេតដោយគ្មានអំពើពុករលួយ។

លោកថា ទំនិញក្លែងក្លាយប៉ះពាល់សុខភាពមនុស្ស ប៉ុន្តែកន្លងទៅអាជ្ញាធរចាប់និងបង្ក្រាបបានតែផលិតផល តែជនល្មើសនៅពីក្រោយនោះហាក់មិនបានប្រឈមនឹងទោសទណ្ឌធ្ងន់ធ្ងរដោយតម្លាភាពនោះទេ។

លោកបន្តថា៖ «កន្លងមកយើងតែងតែបានឮអំពីការបង្ក្រាប ប៉ុន្តែជនល្មើស ឬក៏ជនបង្ក ឬក៏ជនដែលនៅពីក្រោយទំនិញ ឬក៏ផលិតផលក្លែងក្លាយនេះ ហាក់បីដូចជាមានការប្រឈមមុខនឹងផ្លូវច្បាប់នៅមានកម្រិត។ ចឹងចាប់តែផលិតផល ចាប់តែទំនិញក្លែងក្លាយហ្នឹង! ប៉ុន្តែ[តាមពិត]ឫសគល់នៃបញ្ហានេះ គឺអ្នកប្រព្រឹត្ត។ ចឹងគេត្រូវរកមធ្យោបាយឱ្យស៊ីជម្រៅបន្ថែមទៀត ដើម្បីបង្ក្រាបអ្នកប្រព្រឹត្ត ទើបជាចំណុចចុងក្រោយនៃការលុបបំបាត់ ឬក៏កាត់បន្ថយនូវទំនិញ ឬក៏ផលិតផលក្លែងក្លាយហ្នឹង»។

ចំណែក នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ការកែសម្រួលសមាសភាព ឬអត់នោះ គឺមិនសូវសំខាន់ទេ តែរឿងសំខាន់ គឺប្រសិទ្ធភាព។ លោកថា រដ្ឋាភិបាលត្រូវឆ្លើយតបនឹងប្រសិទ្ធភាពទប់ស្កាត់ដោយត្រឹមត្រូវតាមច្បាប់ ដោយធានាថាគ្មានការស៊ីសំណូកសូកប៉ាន់ជាថ្នូរនឹងអនុញ្ញាតឱ្យមានការនាំចូលផលិតផលក្លែងក្លាយជាដើម។

មន្ត្រីអង្គការតម្លាភាពរូបនេះថា បញ្ហាឱសថក្លែងក្លាយជាបញ្ហាធំណាស់ ព្រោះវាប៉ះពាល់សុខភាព ខណៈពលរដ្ឋមួយចំនួនធំមិនបានដឹងទេថាថ្នាំណាក្លែងក្លាយ ខូចគុណភាព ឬគ្មានប្រសិទ្ធភាព និងមិនត្រូវនឹងជំងឺរបស់ពួកគេឡើយ។

លោក ពិសី បន្តថា ករណីនេះបើពួកគាត់បានប្រើឱសថ និងសម្ភារៈដែលគ្មានគុណភាពទាំងនោះ ពួកគាត់អាចនឹងប្រតិកម្មថ្នាំ មិនជាសះស្បើយ និងខាតថវិកាថែមទៀត។ លោកថា ជាពិសេសស្ត្រីដែលប្រើប្រាស់ផលិតផលថែរក្សាសម្ផស្សជាដើម អាចងាយនឹងប៉ះពាល់ដល់សុខភាព និងជីវភាពផងដែរ។

លោកថា៖ «ការផ្លាស់ប្តូរសមាសភាពមិនជារឿងសំខាន់ប៉ុន្មានទេ! សំខាន់តើយើងអាចធានាយន្តការនៃការអនុវត្តការងារហ្នឹង ប្រកបទៅដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ដើម្បីឈានទៅដល់ការទប់ស្កាត់ លុបបំបាត់បញ្ហាផលិតផលក្លែងក្លាយហ្នឹង ហើយធានាថាអ្នកពាក់ព័ន្ធទាំងអស់ហ្នឹងមិនធ្វើការស៊ីសំណូក សូកប៉ាន់ ដើម្បីឱ្យអីវ៉ាន់ហ្នឹងចូលមក។ ខ្ញុំគិតថារឿងធំមួយដែលគេដឹងជាទូទៅហ្នឹងគឺ ការបណ្តោយឱ្យនាំចូលបានហ្នឹង គឺដោយសារមានការស៊ីសំណូកសូកប៉ាន់ពីសំណាក់អ្នកពាក់ព័ន្ធ ពីឈ្មួញអីហ្នឹងជាដើម»។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅថ្ងៃទី៨ ខែកក្កដានេះ បានចុះផ្សាយថា រយៈពេល៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ខ្លួនបង្ក្រាបឱសថ ផលិតផលវជ្ជសាស្ត្រក្លែងក្លាយ​អន់គុណភាពនិងផលិតផលទូទៅក្លែងក្លាយខុសច្បាប់និងខូចគុណភាព សរុបចំនួន ៤០៤ករណី ក្នុងនោះទទួលបានការអនុញ្ញាតពីស្ថាប័នតុលាការឱ្យកម្ទេចចោលចំនួន១០លើកនូវរាល់វត្ថុតាងដែលបានដកហូតរឹបអូស សរុបចំនួនប្រមាណ ១,០០០តោន។

ស្ថាប័ននេះ បានជំរុញដល់មន្ត្រីចម្រុះរបស់ខ្លួន សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធបន្តចាត់វិធានការ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឱ្យបានខ្លាំងក្លាបន្ថែមទៀត។

សេចក្តីសម្រេចចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការកែសម្រួលសមាសភាពរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បង្ហាញថា គណៈកម្មាធិការនេះមានសមាសភាព ២៨ រូប មកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករនិងស្ថាប័នពាក់ព័ន្ធប្រមាណ ១០ ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ