កម្ពុជា​ទទួល​វ៉ាក់សាំង Pfizer ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី​ជិត​២០ម៉ឺន​ដូស​បន្ថែម

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា លោក Pablo Kang បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់កុមារ ចំនួន ១៩៦,៨០០ដូស នៃចំនួនដែលនឹងប្រគល់សរុប ៤៨២,៤០០ដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលកម្ពុជាបាន​ទទួលជំនួយ​​​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ​ប្រភេទ Pfizer ចំនួន​ជិត២០ម៉ឺនដូស​ពីប្រទេស​​​អូស្ត្រាលី ដែលការផ្ដល់ជំនួយនេះសម្រាប់ការចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។   

ការ​ប្រគល់និង​ទទួលវ៉ាក់សាំងនេះមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា នៅព្រឹកថ្ងៃសុក្រ​ ទី៨ ខែកក្កដា ឆ្នាំ២០២២នេះ​។

តាមរយៈសារនៅលើ​ទំព័រហ្វេស​ប៊ុករបស់​​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យ​ដឹងថា​ ការផ្តល់ជំនួយ​ជា​វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ប្រទេសអូស្ត្រាលី​ ​ចំនួន១៩៦ ៨០០ដូស​ នៃចំនួន៤៨២ ៤០០ដូសដែលនឹងផ្ដល់ជូនកម្ពុជានេះ ជាជំនួយ​​បន្ថែមទៅលើជំនួយ​វ៉ាក់សាំង​ Pfizer-BioNtech ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត សរុប១៣៣គ្រឿង និងបរិក្ខារផ្សេងៗទៀត និងជាផ្នែកមួយនៃជំនួយអូស្ត្រាលីដែល​មាន​ថវិកា​ចំនួន៣៥,៧លានដុល្លារអូស្រ្តាលី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពនិង​សមភាពនៅកម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា គិត​​មកដល់ពេលនេះ កម្ពុជា​បានបញ្ជាទិញនិងទទួលជំនួយ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីបណ្តាប្រទេស​នានា​ សរុបជិត៥៣លានដូស ក្នុងនោះ​មានផ្ទុកនៅ​ក្នុងឃ្លាំងប្រមាណ២០លានដូស ខណៈប្រមាណ២០លានដូសទៀតដែលជាជំនួយនិងការបញ្ជាទិញ នៅ​​មិនទាន់​បានដឹកមកដល់កម្ពុជានៅឡើយ​។

លោកក៏បានបញ្ជាក់ដែរ​ថា រដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់​ខ្ពស់​ក្នុងការទប់ស្កាត់​ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩​នេះ បើទោះបីជាកម្ពុជាទទួលបានជោគជ័យខ្ពស់លើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ហើយ​ការងារ​អាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់​ថា គិតត្រឹមថ្ងៃទី០៧ ខែកក្កដា កម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋ​ជាង៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប ក្នុងនោះចាក់ជូនកុមារអាយុចាប់ពី៣ឆ្នាំឡើង ដល់ក្រោម៥ឆ្នាំ បានជាង៧០ភាគរយ, កុមារអាយុ៥ឆ្នាំ បានជាង១៣៥ភាគរយ, កុមារអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ បានជាង១០៩ភាគរយ, កុមារ និងយុវវ័យ​ អាយុ១២ឆ្នាំ ដល់១៨ឆ្នាំ បានជាង១០០ភាគរយ និងអាយុ១៨ឆ្នាំឡើង បានជាង១០៣ភាគរយ។ ក្រៅតែពី​ដូស​មូលដ្ឋាន ពេលនេះកម្ពុជាបានឈានដល់ចាក់ដូសជំរុញទី៥ផងដែរ។ ក្នុង​នោះដូសជំរុញទី៣ ចាក់បានជាង១០លាន​នាក់, ដូសជំរុញទី៤ ចាក់បានជិត៣លាននាក់, ដូសជំរុញទី៥ បានជាង៣៤ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ